ភរិយារបស់សកម្មជនបក្សប្រឆាំងខេត្តព្រះសីហនុ សង្ឃឹមថា សាលាឧទ្ធរណ៍ នឹងដោះលែង លោក ម៉ៃ ហុងស្រៀង ឲ្យមានសេរីភាពវិញ នៅថ្ងៃទី៩ ធ្នូខាងមុខនេះ។ អតីតអ្នកទោសនយោបាយជាប់ឃុំជាមួយលោក ម៉ៃ ហុងស្រៀង និងអ្នកឃ្លាំមើលសិទ្ធិមនុស្ស ជំរុញឲ្យអាជ្ញាធរខិតខំអនុវត្តបទបញ្ជាមេដឹកនាំរបបក្រុងភ្នំពេញ ឲ្យដោះលែងអ្នកទោសនយោបាយឲ្យអស់។
ភរិយារបស់ លោក ម៉ៃ ហុងស្រៀង គឺអ្នកស្រី គា ស៊ីសុគន្ធី សង្ឃឹមមុតមាំថា សាលាឧទ្ធរណ៍នឹងផ្ដល់សេរីភាពឲ្យលោក ម៉ៃ ហុងស្រៀង នៅសវនាការថ្ងៃទី៩ ធ្នូ ខាងមុខនេះ។ អ្នកស្រីថា ភរិយា និងកូនតូចៗ នឹកលោក ម៉ៃ ហុងស្រៀង ណាស់ ដូច្នេះស្នើសុំសាលាឧទ្ធរណ៍ដោះលែង លោក ម៉ៃ ហុងស្រៀង ឲ្យនៅក្រៅឃុំ ដូចអតីតអ្នកទោសនយោបាយផ្សេងទៀត៖ «នៅថ្ងៃទី៩ ហ្នឹង គឺខាងតុលាការហ្នឹង ហៅគាត់ឡើង ដែលគេចោទប្រកាន់គាត់ពីបទរើសអើង ញុះញង់ អ្វីអ៊ីចឹង។ ចា ! ខ្ញុំសង្ឃឹមថ្ងៃទី៩ ខែធ្នូខាងមុខនេះ ស្វាមីខ្ញុំត្រូវបានលោកតុលាការដោះលែងឲ្យមានសេរីភាពវិញ ព្រោះសម្ដេចលោកបានប្រាប់ថា ឲ្យដោះលែង។ ប៉ុន្តែកន្លងមកនេះ គឺរយៈពេលយូរដែរហើយ ពុំទាន់ឃើញមានការដោះលែងអ៊ីចឹងណា។ ខ្ញុំសង្ឃឹមថា ថ្ងៃ០៩ ខែធ្នូនេះ នឹងមាន ( ការដោះលែង ) ឡើងវិញ»។
លោក ម៉ៃ ហុងស្រៀង ជាសកម្មជនបក្សប្រឆាំងប្រចាំក្រុងព្រះសីហនុ។ លោកត្រូវបានសមត្ថកិច្ចឡោមព័ទ្ធ និងដេញចាប់ខ្លួន នៅខេត្តព្រះសីហនុ ហើយចាប់ខ្លួនបាននៅខណ្ឌពោធិ៍សែនជ័យជាយរាជធានីភ្នំពេញ កាលពីចុងខែកក្កដា។ មុនដំបូង សមត្ថកិច្ចនៃរបបក្រុងភ្នំពេញ បានចោទលោក ម៉ៃ ហុងស្រៀង ថា បានត្រឡប់ពីប្រទេសថៃ ចូលក្នុងប្រទេសកម្ពុជាវិញ ដើម្បីកៀរគរសកម្មជនឲ្យគាំទ្រដំណើរមាតុភូមិនិវត្តន៍របស់ លោក សម រង្ស៊ី នៅថ្ងៃទី៩ ខែវិច្ឆិកា។
បន្ទាប់មក ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក រៀល សុភិន្ទ សម្រេចចោទប្រកាន់ពីបទជេរប្រមាថរបបក្រុងភ្នំពេញ និងញុះញង់តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក (facebook)។ ចៅក្រមសាលាដំបូង បានកាត់ទោសឲ្យសកម្មជនបក្សប្រឆាំងរូបនេះ ជាប់ពន្ធនាគារ១៨ខែ តែលោក ម៉ៃ ហុងស្រៀង មិនពេញចិត្តនឹងការសម្រេចក្ដីរបស់តុលាការជាន់ទាបនេះទេ ទើបបន្តប្ដឹងឡើងឧទ្ធរណ៍។
បក្សប្រឆាំង និងសង្គមស៊ីវិល ហៅករណី លោក ម៉ៃ ហុងស្រៀង ថា ជាករណីនយោបាយ។ កាលពីថ្ងៃទី១៤ វិច្ឆិកា មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បានបង្គាប់ឲ្យអាជ្ញាធរមានសមត្ថកិច្ច ត្រូវប្រញាប់ប្រញាល់ធ្វើការជាមួយតុលាការ ដើម្បីដោះលែងអ្នកទោសនយោបាយនៃគណបក្សប្រឆាំង។ ប៉ុន្តែជាងកន្លះខែ ទើបមានសកម្មជនបក្សប្រឆាំង ចំនួន ៧៦នាក់ ត្រូវបានដោះលែងបណ្ដោះអាសន្ន។ ចំណែកសកម្មជនជាង ២០នាក់ផ្សេងទៀត មិនទាន់ត្រូវបានដោះលែងទេ។
លោក ម៉ៃ ហុងស្រៀង ជាសកម្មជនបក្សប្រឆាំងម្នាក់ ក្នុងចំណោមសកម្មជនបក្សប្រឆាំងផ្សេងទៀត ដែលមិនទាន់ទទួលបានការដោះលែង ខណៈមេធាវីការពារក្ដីឲ្យលោក គឺលោកមេធាវី កែត ឃី ធ្លាប់ប្រាប់ថា បានដាក់លិខិតស្នើសុំនៅក្រៅឃុំឲ្យកូនក្ដី តាំងពីយូរមកហើយ។
អតីតអ្នកទោសនយោបាយម្នាក់ ដែលធ្លាប់ជាប់ឃុំក្នុងបន្ទប់ជាមួយ លោក ម៉ៃ ហុងស្រៀង នៃពន្ធនាគារព្រៃស ឬ ម១ លោក គង់ រ៉ៃយ៉ា ឲ្យដឹងថា អ្នកជាប់ឃុំពាក់ព័ន្ធនឹងករណីនយោបាយទាំងអស់ សុទ្ធតែរំពឹងថា នឹងត្រូវបានគេដោះលែងឆាប់ៗ។ យុវជន កែម ឡី និយម រូបនេះ សង្ឃឹមថា សាលាឧទ្ធរណ៍នឹងដោះលែង លោក ម៉ៃ ហុងស្រៀង នៅថ្ងៃទី៩ ធ្នូនេះ ហើយក៏សង្ឃឹមថា អ្នកជាប់ឃុំពាក់ព័ន្ធរឿងនយោបាយផ្សេងទៀត ក៏នឹងត្រូវបានគេដោះលែងផងដែរ៖ «ករណីនយោបាយ ដូចជាអ្នក៧៥នាក់ផ្សេងទៀតដែរ ហើយយើងឃើញថា បទល្មើសដែលគាត់ប្រព្រឹត្តិហ្នឹង ក៏មិនមានការប៉ះពាល់ដល់សង្គមអ្វីធ្ងន់ធ្ងរ ដូចការចោទប្រកាន់ដែរ។ អ៊ីចឹងហើយ ខ្ញុំសង្ឃឹមថា តុលាការនឹងដោះលែងរូបគាត់។ ជាទូទៅជនជាប់ឃុំទាំងអស់ហ្នឹង មិនមាននរណាចង់នៅក្នុងពន្ធនាគារទេ។ គាត់តែងតែចង់បានការដោះលែងឲ្យមានសេរីភាពឡើងវិញ ហើយចំពោះការដោះលែងទាំងអស់នោះ នៅក្នុងលក្ខណៈមួយ ដែលគេហៅថា ពេញលេញ ដោយសេចក្ដីថ្លៃថ្នូរ ហើយយើងមិនត្រូវការ គាត់ដូរដោះអ្វីផ្សេងៗ ធ្វើឲ្យអាប់ឱនកិត្តិយសរបស់គាត់ទេ ហើយសម្រាប់ជនជាប់ឃុំផ្សេងទៀត ក៏អ្វីអ៊ីចឹងដែរ»។
តំណាងក្រុមមេធាវី ការពារក្ដីឲ្យអ្នកទោសនយោបាយ នៃគណបក្សប្រឆាំង លោកមេធាវី សំ សុគង់ ធ្លាប់ឲ្យដឹងថា សកម្មជន និងអ្នកគាំទ្របក្សប្រឆាំងនៅសល់ជាង ២០នាក់ទៀត នៅតាមពន្ធនាគារទូទាំងប្រទេស មិនទាន់បាននៅក្រៅឃុំបណ្ដោះអាសន្នទេ។ អ្នកទាំងនោះ ខ្លះរងបទចោទញុះញង់ ខ្លះរងបទជេរប្រមាថ និងខ្លះទៀត រងបទចោទរួមគំនិតក្បត់។ លោក ថា ក្នុងចំណោមអ្នកជាប់ឃុំជាង ២០នាក់នោះ មានកូនក្ដីរបស់ក្រុមលោកតែជាង ១០នាក់ទេ ហើយពួកគេមិនទាន់ទទួលបានការដោះលែង ដោយសារអ្នកខ្លះ កំពុងប្ដឹងឡើងឧទ្ធរណ៍ និងអ្នកខ្លះ សំណុំរឿងចេញផុតពីដៃចៅក្រមស៊ើបសួរ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា សង្កេតឃើញថា ការចាប់ខ្លួនលោក ម៉ៃ ហុងស្រៀង កន្លងមក មិនមែនជាការអនុវត្តច្បាប់ទេ តែជារឿងនយោបាយ។ ដូច្នេះ សាលាឧទ្ធរណ៍គួរពិចារណាដោះលែង និងទម្លាក់បទចោទប្រកាន់ លើសកម្មជនបក្សប្រឆាំងរូបនេះ។ តំណាងអ្នកឃ្លាំមើលរូបនេះ ក៏ទាមទារតុលាការឱ្យទម្លាក់បទចោទលើអតីតអ្នកជាប់ឃុំពាក់ព័ន្ធករណីនយោបាយទាំងអស់ ទើបជារឿងប្រសើរ និងមិនរងការរិះគន់បន្តទៀត៖ « យើងដឹងហើយថា បញ្ហារឿងជម្លោះនយោបាយហ្នឹង វាមិនមែនជារឿងនៃការអនុវត្តច្បាប់អ្វីទេ ដែលយើងបានលើកឡើងនៅពេលកន្លងមកហ្នឹង។ អ៊ីចឹង ហើយ យើងឃើញថា ដើម្បីបន្ធូរបន្ថយនូវស្ថានភាពតានតឹងផ្នែកនយោបាយ យើងឃើញថា មានការដោះលែងជាបន្តបន្ទាប់ដែរ ហើយក្នុងហ្នឹង ក៏គួរតែគិតគូរអំពីសេរីភាពរបស់ លោក ម៉ៃ ហុងស្រៀង ដែរ ព្រោះគាត់ក៏ដោយសារ តែបញ្ហារឿងជម្លោះនយោបាយ ទើបបានជាគាត់ជាប់ពន្ធនាគារ ក្នុងរឿងនយោបាយហ្នឹង។ អ៊ីចឹង វាជាពេលមួយ ដែលយើងគិតថា ក្រុមគ្រួសារសង្ឃឹមហ្នឹង ក៏ដូចជា អ្នកផ្សេងទៀត ដែលគាត់បានលើកឡើងហ្នឹង ក៏ហាក់ដូចជាមិនខុសពីករណី លោក គង់ រ៉ៃយ៉ា ឬ សួង នាគព័ន្ធ អ្វីដែរ។ អ៊ីចឹង យើងក៏សង្ឃឹមថា តុលាការធ្វើការដោះលែងគាត់ឲ្យមានសេរីភាពដែរ»។
គិតត្រឹមដើមខែធ្នូនេះ តុលាការរបបក្រុងភ្នំពេញ បានដោះលែងអ្នកទោសនយោបាយនៃគណបក្សប្រឆាំង ចំនួន ៧៦នាក់ហើយ តែមិនទាន់ទម្លាក់បទចោទប្រកាន់នៅឡើយទេ។ ពួកគេ ទាមទារឲ្យតុលាការទម្លាក់បទចោទ ដើម្បីទទួលបានសេរីភាពពេញលេញមកវិញ។ សម្រាប់ក្រុមអតីតអ្នកទោសនយោបាយទាំងនោះ នៅតែអះអាងថា ពួកគាត់គ្មានកំហុស ដូចការចោទប្រកាន់របស់តុលាការរបបក្រុងភ្នំពេញឡើយ។ ពួកគាត់អះអាងទៀតថា មិនបានតក់ស្លុតឡើយ ហើយនៅតែបន្តគាំទ្រគណបក្សប្រឆាំងដដែល គ្រាន់តែមិនអាចបង្ហាញសកម្មភាព ឬបញ្ចេញមតិជាចំហបាន៕
(លោក ម៉ៃ ហុងស្រៀង សកម្មជនបក្សប្រឆាំងខេត្តព្រះសីហនុ និងអ្នកស្រី គា ស៊ីសុគន្ធី ជាប្រពន្ធ)
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។