សាច់ញាតិសកម្មជនគណបក្សប្រឆាំងដែលកំពុងជាប់ក្នុងពន្ធនាគារខេត្តពោធិ៍សាត់ គ្រោងប្រមូលផ្ដុំគ្នាតវ៉ានៅមុខសាលាដំបូងខេត្ត ដើម្បីទាមទារតុលាការឱ្យដោះលែងអ្នកទោសនយោបាយទាំងនោះឱ្យមានសេរីភាពឡើងវិញ។ ពួកគាត់អះអាងថា តុលាការបានចាប់ឪពុក និងប្ដីរបស់ពួកគាត់ដាក់គុកអស់ជាច្រើនខែដោយអយុត្តិធម៌។
ប្រពន្ធសកម្មជនគណបក្សសង្គ្រោះជាតិឃុំប្រមោយ ស្រុកវាលវែងលោក ឡុង ខន គឺលោកស្រី ឌី រិន ថ្លែងនៅថ្ងៃទី១៧ ធ្នូថា តុលាការមិនទាន់ដោះលែងប្ដីរបស់លោកស្រីនៅឡើយទេ ក្រោយពីចាប់ដាក់គុកដោយអយុត្តិធម៌អស់ជាច្រើនខែមកហើយ។ លោកស្រីអះអាងថា ប្ដីរបស់លោកស្រីមិនបានប្រព្រឹត្តខុសច្បាប់នោះទេ ដូច្នេះតុលាការត្រូវតែដោះលែងលោក ឡុង ខន ឱ្យមានសេរីភាពវិញជាបន្ទាន់។
លោកស្រី ឌី រិន បញ្ជាក់ថា ពួកគាត់នឹងប្រមូលគ្នាទៅតវ៉ានៅមុខសាលាដំបូងខេត្តពោធិ៍សាត់ក្នុងពេលឆាប់ៗ ខាងមុខ ដើម្បីទាមទារឱ្យតុលាការដោះលែងប្ដីឱ្យមានសេរីភាពវិញ៖ «គេចាប់ហ្នឹងខ្ញុំមិនបានទៅធ្វើបុណ្យម្ដាយខ្ញុំទេ រវល់ទៅមើលគេចាប់ប្ដី។ គេចោទនេះវាអយុត្តិធម៌ណាស់ប្ដីខ្ញុំមិនដែលកាន់កាំបិតកាន់ពូថៅអីទៅកាប់ព្រៃទេ។ គ្រាន់តែថា ប្ដីខ្ញុំជាសកម្មជនគណបក្សសង្គ្រោះជាតិ ដែលគេរំលាយហើយនៅតែចាប់ប្ដីខ្ញុំទៀត » ។
រីឯកូនស្រីអនុប្រធានគណបក្សសង្គ្រោះជាតិស្រុកវាលវែង លោក ទួត សំអាត គឺលោកស្រី ទួត ស្រីរ័ត្ន ថ្លែងថា ពួកគាត់ឈឺចាប់ណាស់ ដែលតុលាការចាប់ឪពុករបស់លោកស្រីដាក់គុកដោយគ្មានកំហុសបែបនេះ។ លោកស្រីបន្តថា ឪពុករបស់លោកស្រីអាយុ ៧០ឆ្នាំ កំពុង ធ្លាក់ខ្លួនឈឺធ្ងន់នៅក្នុងពន្ធនាគារ ហើយអាចប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត ប្រសិនបើតុលាការមិនបានដោះលែងឱ្យនៅក្រៅ ដើម្បីព្យាបាលជំងឺឱ្យបានទាន់ពេលនោះ៖ «និយាយរួមទៅខ្ញុំគិតថាទោសនយោបាយតែមួយមុខគត់ ព្រោះអីប៉ាខ្ញុំអត់ដែលកាប់ព្រៃឈើអីផង។ ប៉ុន្តែតុលាការចោទប្រកាន់ផ្លូវផ្សេង ដើម្បីឃុំខ្លួនពួកគាត់បានយូរតាមដែលខ្ញុំមើលសាច់រឿងក្ដីនេះទៅ។ បើតាមសម្ដីមេធាវីប្រាប់ខ្ញុំថា តុលាការទាមទារឃុំខ្លួនគាត់រហូតដល់ ១៨ខែឯណោះព្រោះអីគេចោទពីបទឧក្រិដ្ឋ » ។
លោកស្រីបន្តថា កាលពីចុងខែវិច្ឆិកាកន្លងទៅ ពួកគាត់បានដាក់ពាក្យស្នើសុំទៅតុលាការឱ្យដោះលែងឪពុកគាត់ឱ្យនៅក្រៅឃុំដែរ ប៉ុន្តែតុលាការបានបដិសេធចំពោះការស្នើសុំនេះ ដោយតុលាការប្រាប់លោកស្រីថា សំណុំរឿងនេះ គឺជាបទល្មើសព្រៃឈើ ដែលជនជាប់ឃុំត្រូវទទួលទោសតាមច្បាប់មិនអាចអនុគ្រោះបានឡើយ។
បន្ថែមលើនេះទៀត អ្នកនាំពាក្យសាលាដំបូងខេត្តពោធិ៍សាត់លោក ហេង ដូនីន ប្រាប់អាស៊ីសេរីយ៉ាងខ្លីថា សំណុំរឿងនេះមិនមែនជារឿងនយោបាយទេ ប៉ុន្តែជាបទល្មើសបរិស្ថាន ហើយលោកថា តុលាការកំពុងតែដំណើរការលើរឿងក្ដីនេះ៖ «ចាប់មិនដែលចាប់រឿងគណបក្សសង្គ្រោះជាតិផង ចាប់មានតែបទល្មើសបរិស្ថាន។ខាងតុលាការកំពុងតែចាត់ការរឿងហ្នឹងបាទ !» ។
ផ្ទុយពីការលើកឡើងរបស់មន្ត្រីតុលាការនេះ មន្ត្រីស៊ើបអង្កេតអង្គការ លីកាដូ (Licadho) ខេត្តពោធិ៍សាត់ លោក កែម គីមស្រ៊ន់ មានប្រសាសន៍ថា ការចាប់ខ្លួនសកម្មជនបក្សប្រឆាំងនេះ ជារឿងនយោបាយ ដោយសារពួកគាត់ជាមន្ត្រីបក្សសង្គ្រោះជាតិ ស្រុកវាលវែង ដែលតែងដើរធ្វើសកម្មភាពនយោបាយនៅតាមព្រំដែនកម្ពុជាថៃ ក្នុងស្រុកវាលវែង។ លោកបន្តថា កន្លងមកលោកបានចុះស៊ើបអង្កេតដល់ទីកន្លែងនៅតំបន់នោះ គឺរកមិនឃើញព្រៃឈើ ដែលពួកគាត់បានកាប់ទន្ទ្រានយកដីនោះទេ។ លោកបញ្ជាក់ថា គម្រោងជួបជុំគ្នារបស់សាច់ញាតិជនជាប់ឃុំ គឺសិទ្ធិសេរីភាពការសម្ដែងមតិរបស់ប្រជាពលរដ្ឋដោយស្របច្បាប់៖ «អ៊ីចឹងយើងយល់ឃើញថា ល្មមដល់ពេលដោះលែងពួកគាត់វិញហើយ ហើយអ្នកដែលធ្លាប់ខឹងគាត់ដោយសារតែពួកគាត់មិនព្រមចុះចូលគណបក្សនយោបាយរបស់ខ្លួនហ្នឹងល្មមឈប់ខឹងគាត់ទៅ។ ការឃុំខ្លួនក៏ល្មមដល់ពេលកំណត់ហើយ ហើយកន្លងមករដ្ឋាភិបាលក៏បានប្រកាសឱ្យដោះលែងអ្នកទោសនយោបាយដែរ ទោះបីថាចោទប្រកាន់រឿងកាប់រុករានព្រៃ ប៉ុន្តែបើយើងមើលប្រវត្តិរបស់សកម្មជនបក្សប្រឆាំងទាំងនោះ គឺពួកគាត់អត់មានដីកន្លែងចោទប្រកាន់នោះទេ»។
សាច់ញាតិជនជាប់ឃុំទទូចឱ្យរបបក្រុងភ្នំពេញដោះលែង។ សមត្ថកិច្ចបានចាប់សកម្មជនគណបក្សសង្គ្រោះជាតិស្រុកវាលវែង ខេត្តពោធិ៍សាត់ចំនួន ៧នាក់ ដាក់ពន្ធនាគារជាបន្តបន្ទាប់ កាលពីខែឧសភាកន្លងទៅ។ ក្នុងនោះមានអនុប្រធានគណបក្សស្រុកវាលវែង គឺលោក ទួន សំអាត ជំទប់ទី២ ឃុំអូរសោម លោក ប្រាក់ រិន សកម្មជនគណបក្សប្រឆាំងឃុំប្រមោយ លោក ចាន់ សុផល និងអ្នកដទៃទៀតជាសមាជិកក្រុមប្រឹក្សាឃុំ និងជាសកម្មជនគណបក្សស្រុកវាលវែង ដោយចោទប្រកាន់ពីបទទន្ទ្រានព្រៃយកដីធ្វើជាកម្មសិទ្ធិខុសច្បាប់ដូចគ្នា។ ចំណែកឯសកម្មជនគណបក្សប្រឆាំងស្រុកវាលវែងជាច្រើននាក់ទៀត បានរត់គេចខ្លួននៅទីសុវត្ថិភាព មិនទាន់ត្រឡប់ទៅផ្ទះវិញនៅឡើយទេ ព្រោះខ្លាចអាជ្ញាធរចាប់ដាក់គុកបន្ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។