គ្រួសារ​បារម្ភ​ពី​បញ្ហា​សុខភាព​របស់​​លោក ថាច់ សេដ្ឋា នៅ​ក្នុង​ពន្ធនាគារ

0:00 / 0:00

គ្រួសារ និង​មេធាវី​ព្រួយបារម្ភ​អំពី​បញ្ហាសុខភាព​របស់ លោក ថាច់ សេដ្ឋា កាន់តែ​ធ្ងន់ធ្ងរ ឬ​ប្រឈម​គ្រោះថ្នាក់​ដល់​ជីវិត​នៅក្នុង​ពន្ធនាគារ បើ​គ្មាន​ការព្យាបាល​ជំងឺ​ពី​គ្រូពេទ្យជំនាញ​ទាន់​ពេល​នោះទេ។ មន្រ្តី​សង្គមស៊ីវិល​យល់​ថា រដ្ឋាភិបាល​គួរតែ​ដោះស្រាយ​វិបត្តិនយោបាយ និង​ប្រគល់​សេរីភាព​ជូន​មេដឹកនាំ​បក្សជំទាស់​រូប​នេះ​ឡើងវិញ។

គ្រួសារ​ខ្លោចចិត្ត​អាណិត​លោក ថាច់ សេដ្ឋា ជាប់​ពន្ធនាគារ​ដោយ​អយុត្តិធម៌​ហើយ ថែមទាំង​ធ្លាក់​ខ្លួន​ឈឺ​រងទុក្ខលំបាក​នៅក្នុង​ពន្ធនាគារ ដោយ​គ្មាន​ការពិនិត្យ​ព្យាបាល​ត្រឹមត្រូវ​ថែមទៀត។

ប្រពន្ធ​អនុប្រធាន​គណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា គឺ​លោកស្រី ថាច់ សុខបូរ៉ានី ប្រាប់​វិទ្យុអាស៊ីសេរី​ថា គ្រួសារ​លោកស្រី​បាន​នាំគ្នា​ទៅ​ពន្ធនាគារ​សួរសុខទុក្ខ​លោក ថាច់ សេដ្ឋា ដែល​កំពុង​មាន​សុខភាព​ទ្រុឌទ្រោម ស្លេកស្លាំង​ជាង​លើកមុនៗ។ លោកស្រីឱ្យដឹង​ថា​បញ្ហានេះ​ ដោយសារ​ស្ថានភាព​ជំងឺ​ឡើង​ជាតិ​អាស៊ីដ ជំងឺ​លើស​ជាតិស្ករ ជំងឺ​លើឈាម និង​ជំងឺបេះដូង​ជាដើម​បាន​ធ្វើទុក្ខ​បណ្តាល​ឱ្យ​ប្តីលោកស្រី​ឈឺចាប់ និង​ហើម​ជើង​រហូត​ដើរ​អូសជើង ខណៈ​មន្រ្តី​ពន្ធនាគារ​ព្រៃស​ក៏​លួច​ប្រាប់​ដំណឹង​នេះ​ដែរ។ លោកស្រី​ចាត់ទុក​ការបន្តឃុំខ្លួន​​ប្តីលោកស្រី ​ដែលមិន​មាន​កំហុស​ឱ្យ​រស់នៅ​រងទុក្ខ​លំបាក និង​ព្រាត់​ពី​ប្រពន្ធកូន​ដូច្នេះ ជា​រឿងអយុត្តិធម៌ និង​ឈឺចាប់​បំផុត ហើយ​លោកស្រី​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​ប្តី ដើម្បី​ឱ្យ​គាត់​មាន​សេរីភាព​ទៅ​ព្យាបាល​ជំងឺ និង​ធ្វើនយោបាយ​ឡើងវិញ។

លោក ថាច់ សេដ្ឋា៖ «សូម​ឱ្យ​តុលាការ​ដោះលែង​គាត់​ឱ្យ​មានសេរីភាព​មកវិញ​មក ដើម្បី​ឱ្យ​ប្តី​របស់ខ្ញុំ​បាន​ទៅ​ព្យាបាល​ជំងឺ​បេះដូង បច្ចុប្បន្ន​មិន​ថា បេះដូង រាងកាយរបស់គាត់​ទ្រុឌទ្រោម គាត់​ចាស់ គាត់​នៅក្នុង​ហ្នឹង​យូរ​ណាស់​ហើយ នៅ​ពន្ធនាគារ​អាប់​អួរ ដោះលែង​គាត់​ឱ្យ​មាន​សេរីភាព​វិញ​មក ខ្ញុំ​នៅក្នុង​ពន្ធនាគារ​ ពេល​ឃើញប្តីខ្ញុំ​ចេញ​មក​ជួប​ម្តងៗ​កាត់​ស្គម​ជាង​មុន មិន​ស្រស់ស្រាយ ខ្ញុំ​អាណិត​គាត់​ណាស់»។

ទោះយ៉ាងណា លោកស្រី ថាច់ សុខបូរ៉ានី កោត​សរសើរ​ទឹកចិត្តប្ដី​របស់​លោកស្រីនៅតែ​មាន​ស្មារតី​រឹងមាំ ដោយ​មិន​ផ្លាស់ប្ដូរ​ជំហរ​នយោបាយ​ឡើយ ទោះបីជា​គាត់ជាប់​ពន្ធនាគារ​ទាំង​អយុត្តិធម៌​ក៏ដោយ។

ចំណែក​មេធាវីការពារក្ដី​ឱ្យ​លោក ថាច់ សេដ្ឋា គឺ​លោក សឺន ជុំជួន ប្រាប់​វិទ្យុអាស៊ីសេរី​ថា បីសប្តាហ៍​មុន​លោក ថាច់ សេដ្ឋា បាន​ប្រាប់​លោក​អំពី​បញ្ហា​សុខភាព​របស់​គាត់​នៅក្នុង​ពន្ធនាគារ​ដែរ។ លោកថា​អ្វី​ដែល​​លោក​បារម្ភ​ខ្លាំង គឺ​ស្ថានភាព​ជំងឺបេះដូង​របស់​លោក ថាច់ សេដ្ឋា អាច​ប្រែប្រួល ឬ​ប្រឈម​គ្រោះថ្នាក់​គ្រប់ពេល បើក​គ្មាន​ការព្យាបាល​ថែទាំ​ឱ្យ​ត្រឹមត្រូវ​ទេ​នោះ។ លោក សឺន ជុំជួន ថាសំណុំរឿង​របស់​លោក ថាច់ សេដ្ឋា បាន​ចូល​ជា​ស្ថាពរ​ហើយ មក​ទល់​ពេលនេះ ប៉ុន្តែ​លោក​នឹង​ទៅជួប​កូនក្តី​នៅ​ពន្ធនាគារ ដើម្បី​ពិភាក្សា​ផ្លូវច្បាប់ ពិនិត្យ​មើលស្ថានភាព​ជំងឺ​នៅ​សប្តាហ៍​ក្រោយ ដើម្បី​រៀបចំ​ឯកសារ​ដាក់​ទៅ​ស្ថាប័ន​ពាក់ព័ន្ធស្នើ​ជួយ​អន្តរាគមន៍​ដោះលែង​គាត់​ឱ្យ​មាន​សេរីភាព​វិញ។

លោក សឺន ជុំជួន៖ «កន្លងមក​គាត់​ផ្តាំ​ឱ្យ​ទៅ​ជួប​ដែរ ហើយ​ខ្ញុំ​នឹង​ទៅ​សប្តាហ៍​ក្រោយ ខ្ញុំ​ក៏​មាន​ការព្រួយបារម្ភ​ដែរ​ថា គាត់​ខ្វះ​ការថែទាំ​សុខភាព​ឱ្យ​បាន​ត្រឹមត្រូវ​ អាច​ធ្វើ​ឱ្យ​ជំងឺ​របស់​គាត់​ហ្នឹង​មាន​ការប្រែប្រួល​ច្រើន»។

ទាក់ទង​រឿង​នេះ អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ នៃ​ក្រសួង​មហាផ្ទៃ​លោក ឃៀង សុណាឌីន អះអាង​ថា លោក ថាច់ សេដ្ឋា ពុំ​មាន​ស្ថានភាព​ជំងឺបេះដូង​ធ្វើទុក្ខ​បណ្តាល​ឱ្យ​ហើមជើង​ដូច​ការលើកឡើង​របស់​គ្រួសារនោះ​ទេ។ ប៉ុន្តែ​លោក​បញ្ជាក់​ថា ជំងឺបេះដូង និង​ជំងឺ​លើសឈាម​របស់​គាត់​​បាន​កើត​មាន​តាំង​ពី​មុន​ពេល​ជាប់ឃុំ ដោយ​បច្ចុប្បន្ន​គាត់​បន្ត​លេបថ្នាំ​ដែល​គ្រួសារ​ផ្តល់​ឱ្យ​ជាប្រចាំ ព្រមទាំង​ទទួលបាន​សេវាសុខភាព​ពី​គ្រូពេទ្យ​ក្នុង​ពន្ធនាគារ និង​អង្គការលីកាដូ​ផង​ដែរ។

លោក ឃៀង សុណាឌីន៖ «ខ្ញុំ​ចង់​ស្នើឱ្យ​គ្រួសារ សាច់ញាតិ​របស់​លោក ថាច់ សេដ្ឋា នេះ​ ធ្វើ​ការទំនាក់ទំនង ​មក​អង្គភាព គឺ​មណ្ឌលអប់រំ​កែប្រែ​ទី១ ដើម្បី​ស្នើសុំ​ ការ​បញ្ជាក់ ​ពី​មន្រ្តីជំនាញ​របស់​មណ្ឌលអប់រំ​កែប្រែទី១ ទៅលើ​ស្ថានភាព​សុខភាព ជៀសវាង​ទទួល​ព័ត៌មាន​ណាមួយ​មិន​ផ្លូវការ ហើយ​យក​ទៅ​ផ្សព្វផ្សាយ​ទៅ​មិន​ត្រឹមត្រូវ​ធ្វើ​ឱ្យ​មាន​ការយល់ច្រឡំ​ពី​សាធារណជន​ទូទៅ»។

លោក ថាច់ សេដ្ឋា វ័យ៧០ឆ្នាំ មាន​ដើមកំណើត​ខ្មែរក្រោម ត្រូវបាន​អាជ្ញាធរ​ក្រុងភ្នំពេញ​ចាប់ខ្លួន កាល​ពី​ថ្ងៃ​ទី១៦ ខែ​មករា ឆ្នាំ២០២៣ ក្នុងពេល​រដ្ឋាភិបាល​របស់ត្រកូល​’’ហ៊ុន’’បើក​យុទ្ធនាការ​រារាំង និង​កម្ទេច​គណបក្សប្រឆាំង នៅមុន​ការបោះឆ្នោត​មួយ​ដែល​លោក ហ៊ុន សែន និង​ក្រុម​មេដឹកនាំ​កំពូលៗ​របស់​បក្សប្រជាជនកម្ពុជា ត្រៀម​ផ្ទេរ​អំណាច​ជា​ប្រព័ន្ធ​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​របស់​ពួកគេ។

តុលាការ​គ្រប់​ជាន់ថ្នាក់​បាន​ផ្តន្ទាទោស​លោក ថាច់ សេដ្ឋា នៅក្នុង​សំណុំ​រឿង​ចេញ​សែក​អត់លុយ ឱ្យ​ជាប់​ពន្ធនាគារ​១៨ខែ។ ចំណែក​សំណុំរឿង​ញុះញង់​មួយ​ទៀត​ តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​៣ឆ្នាំ ទាក់ទង​លោក​និយាយ​ពី​ប្រវត្តិ​គណបក្សប្រជាជនកម្ពុជា ស្តូប​មិត្តភាព​កម្ពុជា​វៀតណាម និង​ប្រវត្តិ​៧មករា​នៅក្នុង​វេទិកា​ជាមួយ​អ្នកគាំទ្រ​នៅក្រៅ​ប្រទេស​កាល​ខែមករា ឆ្នាំ​២០២៣។

នាយក​ទទួល​បន្ទុក​កិច្ចការទូទៅ នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត មានប្រសាសន៍​ថា​ បើសិន​ពន្ធនាគារ​មិន​មាន​ពេទ្យ​ជំនាញក្នុ​ង​ការព្យាបាល​ជំងឺបេះដូង​នោះ​គួរបញ្ជូន​លោក ថាច់ សេដ្ឋា ទៅ​​ព្យាបាល​​នៅ​មន្ទីរពេទ្យ​ឯកទេសខាងក្រៅ​ពន្ធនាគារ ដើម្បី​បង្ហោញ​ការយកចិត្ត​ចំពោះ​ជនជាប់ឃុំ។ ក្រៅពីនេះ លោក អំ សំអាត បញ្ជាក់​ថា ការដោះលែង​លោក ថាច់ សេដ្ឋា និង​អ្នកទោសមសិការ​ដទៃទៀត​ឱ្យ​មាន​សេរីភាពវិញ​នឹង​ផ្តល់​ផលចំណេញ​ដល់​ជាតិ ពីព្រោះ​សហគមន៍​ជាតិ និង​អន្តរជាតិ​នៅតែ​ចាត់ទុកសំណុំរឿងទាំ​ងនោះ​ពាក់ព័ន្ធ​រឿងនយោបាយ ហើយ​បន្ត​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះស្រាយ​វិបត្តិនយោបាយ ដើម្បី​បើក​លំហសេរីភាព និង​ប្រជាធិបតេយ្យ​ឡើងវិញ។

លោក អំ សំអាត៖ «បើសិន​ជា​មាន​ការលើកលែង​ទោស​ណាមួយ​ចំពោះ​លោក ថាច់ សេដ្ឋា ទៅលើ​បញ្ហា​សុខភាព និង​ការព្យាបាល​អី ក៏​អាច​ជួយ​បង្ហាញ​ឆន្ទៈ​ក្នុង​ការលើក​កម្ពស់​ទៅលើ​លំហ​សេរីភាព​នយោបាយ​ផងដែរ​បាទ»។

រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​ លោក ប្រាក់ សុខុន បាន​ប្ដេជ្ញាចិត្ត​លើក​កម្ពស់​នីតិរដ្ឋ និង​លំហប្រជាធិបតេយ្យ ចំពោះ​មុខ​ឯកអគ្គរដ្ឋទូត​សហភាពអឺរ៉ុប​ប្រចាំ​កម្ពុជា លោក អ៊ីហ្គោរ៍ ទ្រីសម៉ាន (Igor Driesmans) នៅក្នុង​ជំនួប​ទ្វេភាគី កាល​ពី​ថ្ងៃ ទី២ ខែ​មករា។

ការប្ដេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​ការបរទេស​នេះ ក្រោយ​ពេល​សភាសហភាព​អឺរ៉ុប កាល​ពី​ថ្ងៃទី២៨ ខែ​វិច្ឆិកា ឆ្នាំ២០២៤ បាន​ចេញ​សេចក្តី​សម្រេច​មួយ​ដោយ​ជំរុញ​ឱ្យ​រដ្ឋសមាជិក​អឺរ៉ុប និង​សហគមន៍​អន្តរជាតិ ចាត់​វិធានការ​ដាក់ទណ្ឌកម្ម​ឱ្យ​មាន​ប្រសិទ្ធភាព​លើ​ក្រុមមនុស្ស​ទាំងឡាយណា ដែល​ទទួល​ខុសត្រូវ​លើ​ការរឹតត្បិត​ផ្នែក​នយោបាយ និង​ដាក់សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា រហូត​ទាល់តែ​អ្នកទោសនយោបាយ​ទាំងអស់​ត្រូវបាន​ដោះលែង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។