របប​ភ្នំពេញ​​បង្ហាញ​ការ​ហ្វឹកហ្វឺន​កងកម្លាំង​សម្រាប់​ត្រៀម​បង្ក្រាប​ដំណើរ​និវត្ត​របស់​មេ​បក្ស​ប្រឆាំង

ដោយ ខែ សុណង
2019-10-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សិក្ខាកាម​ជា​ទាហាន ចូលរួមសិក្ខាសាលា​នៃ​ការ​ពារ​ទិសដៅ នៅ​ថ្ងៃ​ទី២៤ ខែ​តុលា ឆ្នាំ​២០១៩។
សិក្ខាកាម​ជា​ទាហាន ចូលរួមសិក្ខាសាលា​នៃ​ការ​ពារ​ទិសដៅ នៅ​ថ្ងៃ​ទី២៤ ខែ​តុលា ឆ្នាំ​២០១៩។
Photo: RFA

របប​ក្រុង​ភ្នំពេញ បាន​ចាប់ផ្ដើម​បង្ហាញ​រូបភាព​ការ​ហ្វឹកហ្វឺន​កងកម្លាំង​ប្រដាប់​អាវុធ សម្រាប់​ត្រៀម​បង្ក្រាប​អ្នក​អម​ដំណើរ និង​ហែហម មេដឹកនាំ​បក្ស​ប្រឆាំង​វិល​ចូល​កម្ពុជា នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ខាងមុខនេះ​។ អ្នកគាំទ្រ​បក្ស​ប្រឆាំង​ប្រាប់​ថា នេះ​ជា​ការ​បង្ហាញ​រូបភាព​សាហាវ​ឃោរឃៅ និង​ជា​ការ​បន្លាច​ពលរដ្ឋ។

ស្នងការ​នគរបាល​ចំនួន ២​ខេត្ត គឺ​ខេត្ត​បាត់ដំបង និង​ខេត្ត​មណ្ឌលគិរី បាន​បើក​ការ​ហ្វឹកហ្វឺន និង​ជំនាញ​យុទ្ធវិធី​បង្ក្រាប​បាតុកម្ម ដើម្បី​បំពាក់បំប៉ន​កងកម្លាំង​នគរបាល​ច្រើន​នាក់។

គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ស្រង់​សំដី​ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី លោក ឡោ សុខា ថា ការ​ហ្វឹកហ្វឺន​នេះ គឺ​រៀន​លំហាត់​របៀប និង​ជំនាញ​យុទ្ធវិធី​ប្រឆាំង​បាតុកម្ម​។ វគ្គ​ហ្វឹកហ្វឺន​នេះ ត្រូវ​បាន​បើក​ជា​បន្តបន្ទាប់ ដើម្បី​ក្រើនរំលឹក​ដល់​កងកម្លាំង​កុំ​ឱ្យ​ភ្លេច​។ ចំណែក​នៅ​ខេត្ត​បាត់ដំបង​វិញ អាជ្ញាធរ​ក៏បាន​លើកឡើង​ថា ការ​បើក​វគ្គ​ហ្វឹកហ្វឺន​បង្ក្រាប​បាតុកម្ម​នេះ គឺ​ដើម្បី​អនុវត្ត​តាម​បទបញ្ជា​របស់​អគ្គស្នងការ​នគរបាល​ជាតិ និង​ក្រសួង​មហាផ្ទៃ ក្នុង​ន័យ​ជួយ​ពង្រឹង​សមត្ថភាព​ក្នុង​ពេល​ចេញ​ប្រតិបត្តិ​ការ​ថែរក្សា​សន្តិសុខ និង​សណ្ដាប់ធ្នាប់។

អាស៊ីសេរី មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ពី​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន បានទេ នៅ​ថ្ងៃ​ទី​២៤ តុលា ដោយ​អ្នក​លើក​ទូរស័ព្ទ​ប្រាប់​ថា លោក​និយាយ​មិនកើត ដោយសារ​ឈឺ​ក និង​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​។ ចំណែក​អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន ទូរស័ព្ទ​រោទ៍​គ្មាន​អ្នក​ទទួល។ ប៉ុន្តែ លោក នេត សាវឿន ប្រាប់​សារព័ត៌មាន​ក្នុងស្រុក (​ភ្នំពេញ​ប៉ុស្តិ៍​) ថា ស្នងការដ្ឋាន​នគរបាល​ខេត្ត​នីមួយៗ ត្រូវតែ​ហ្វឹកហ្វឺន​ពី​លំហាត់​របៀប និង​ជំនាញ​យុទ្ធវិធី​ប្រឆាំង​បាតុកម្ម ដល់​មន្ត្រី​នគរបាល ដើម្បី​ជួយ​ពង្រឹង​សមត្ថភាព និង​ថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម​។ លោក​ថា ការ​ហ្វឹកហ្វឺន​នេះ​ជា​ផ្នែក​មួយ​ដើម្បី​ត្រៀម​ទប់ស្កាត់ និង​បង្ក្រាប​ទៅលើ​ក្រុម​ទាំងឡាយ​ណា ដែល​បង្ក​ឱ្យ​មាន​ភាព​អសន្តិសុខ និង​មាន​បំណង​ធ្វើ​រដ្ឋប្រហារ​ផ្ដួល​រំល​រដ្ឋាភិបាល។

របប​ក្រុងភ្នំពេញ តែងតែ​បំផុស​កងកម្លាំង និង​ពលរដ្ឋ​ថា ដំណើរ​វិល​ចូល​ស្រុក​របស់​មេដឹកនាំ​គណបក្សប្រឆាំង លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ជា​ការ​ធ្វើ​រដ្ឋ​ប្រហារ មានបំណង​ចង់​ផ្ដួល​របប​ក្រុងភ្នំពេញ​។ តែ​ទាំង​លោក សម រង្ស៊ី និង​អ្នកគាំទ្រ​បក្ស​ប្រឆាំង​អះអាង​ថា ដំណើរ​វិលត្រឡប់ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា មាន​បំណង​​ចង់​​ដោះស្រាយ​បញ្ហា​ជាតិ និង​វិបត្តិ​នយោបាយ​។​

ប្រធាន​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ប្រទេស​ថៃ លោក លី រតនៈរស្មី យល់ថា ការ​បង្គាប់​ឱ្យ​កង​កម្លាំង​ហ្វឹកហ្វឺន​វិធីសាស្ត្រ​បង្ក្រាប​អ្នកគាំទ្រ​បក្ស​ប្រឆាំង នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ជា​រូបភាព​បង្ហាញ​ពី ភាព​ឃោរឃៅ របស់​របប​ក្រុងភ្នំពេញ។ លោក​បន្ត​ថា នេះ​ជា​ទង្វើ​បង្ហាញ​ប្រាប់​ពលរដ្ឋ​ថា របប​ក្រុង​ភ្នំពេញ កាន់តែ​ផ្ដាច់ការ។ មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ អះអាង​ថា ពលករ​ក្រៅ​ប្រទេស និង​ពលរដ្ឋ​នៅ​ក្នុង​ស្រុក នឹង​មិន​ខ្លាច​ការ​កំញើញ​នេះ​ទេ នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា​។

លោក លី រតនៈរស្មី បន្ថែម​ទៀត​ថា ក្រៅពី​ការ​បង្ហាញ​រូបភាព​កងកម្លាំង​របប​ក្រុងភ្នំពេញ បាន​ប្រើប្រាស់​វិធីសាស្ត្រ​ច្រើន​ទៀត ដើម្បី​បង្អាក់​ដំណើរ លោក សម រង្ស៊ី មិន​ឱ្យ​វិល​ចូល​ស្រុក ដូចជា ការ​ប្រើ​ឱ្យ​ក្មេងៗ មនុស្ស​ជំនិត ជេរ ប្រមាថ ត្មះតិះដៀល និង​សុំ​ភ្នាល់​ដាក់​លុយ ជាមួយ​លោក សម រង្ស៊ី ជាដើម។ លោក​បន្ត​ថា មក​ដល់​ពេល​នេះ អាជ្ញាធរ​ភូមិ ឃុំ បាន​ធ្វើ​ខិត្តប័ណ្ណ ចែក​ឱ្យ​ពលរដ្ឋ ដោយ​សរសេរ​បន្លាច​អ្នកភូមិ​ថា ការ​ទៅ​ទទួល​លោក សម រង្ស៊ី ត្រូវ​មានទោស​។ ឯ​អាជ្ញាធរ​មូលដ្ឋាន​ខ្លះ​ទៀត ហៅ​ពលរដ្ឋ​ទៅ​បំភិតបំភ័យ ពី​ដំណើរ​វិល​ចូល​ស្រុក​របស់ លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា​។​

ទោះយ៉ាងណា លោក លី រតនៈរស្មី ប្រាប់​ថា ពលរដ្ឋ​នឹង​មិន​ខ្លាច​ការ​គំរាម​ទាំង​នោះ​ឡើយ ព្រោះ​ពួកគេ បាន​ដឹង​ពី​ទង្វើ​ដឹកនាំ​បែប​ផ្ដាច់ការ របស់ លោក ហ៊ុន សែន។ លោក​អះអាង​ថា គិត​ត្រឹម​ថ្ងៃ​ទី​២៤ តុលា ពលករ នៅ​ប្រទេស​ថៃ ជាង ២០​ម៉ឺន​នាក់ នឹង​អម​ដំណើរ លោក សម រង្ស៊ី ត្រលប់​ទៅវិញ​។ ចំណែក​ពលករ នៅ​ប្រទេស​ផ្សេងទៀត នឹង​ធ្វើ​ដំណើរ​ចូល​ប្រទេស​ថៃ និង​ប្រទេស​ក្បែរ​កម្ពុជា​ផ្សេងទៀត ដើម្បី​ត្រៀម វិល​ចូល​កម្ពុជា នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា​។ លោក​អះអាង​ទៀត​ថា មកដល់ពេលនេះ មាន​ពលករ​ខ្លះ បាន​ចូល​ទៅដល់​កម្ពុជា​ហើយ ដើម្បី​ត្រៀម​ទទួល លោក សម រង្ស៊ី ពី​ក្នុង​ប្រទេស​កម្ពុជា៖ «បើ​និយាយ​ពី​បញ្ហា​ខ្លាច ខ្ញុំ​គិត​ថា បងប្អូន​មួយ​ចំនួន គាត់​មានការ​ព្រួយបារម្ភ បាន​ន័យថា ការ​ខ្លាច​តិចតួច​។ តែ​បងប្អូន ដែល​យល់​អំពី​ស្ថានភាព ដែល​យល់​អំពី​ទង្វើ ឬក៏​ការដឹកនាំ​របស់ លោក ហ៊ុន សែន បាន​ន័យ​ថា ពួក​យើង​ទាំងអស់​គ្នា បើសិនជា​នៅ​ក្នុង​ប្រទេស​ថៃ​នេះ យើង​មិន​ខ្លាច​ទេ ហើយ​យើង​បាន​ត្រៀមលក្ខណៈ​គ្រប់សព្វ​បែបយ៉ាង​ទាំង​អស់ហើយ ហើយ​យើង​ទៅ​នេះ មិនមែន​ទៅ​ផ្ដួល​រំលំ លោក ហ៊ុន សែន ទេ​។ តែ​សំខាន់ សូម​ឱ្យ លោក ហ៊ុន សែន គាត់​ទទួលខុសត្រូវ ហើយ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​សន្ធិសញ្ញា​ក្រុង​ប៉ារីស នៅ​ហ្សឺណែវ ឆ្នាំ​១៩៩១ ហើយ​ឱ្យ លោក ហ៊ុន សែន ហ្នឹង គាត់​គោរព​នូវ​លទ្ធិប្រជាធិបតេយ្យ»

ពាក់ព័ន្ធ​ការហ្វឹកហ្វឺន​កងកម្លាំង ដើម្បី​ត្រៀម​បង្ក្រាប​ក្រុម​អ្នកគាំទ្រ​បក្ស​ប្រឆាំង ដែល​របប​ក្រុងភ្នំពេញ ចាត់ទុកជា​ការ​ធ្វើ​រដ្ឋ​ប្រហារ​នេះ មន្ត្រី​សង្គម​ស៊ីវិល មិន​ចង់​ឃើញ​មានការ​ប្រើប្រាស់​កងកម្លាំង​បង្ក្រាប​លើ​ជនជាតិ​ខ្មែរ​ដូចគ្នា​ឡើយ​។ អ្នក​សម្របសម្រួល និង​អង្កេត នៃ​អង្គការ​ខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស យល់​ថា ប្រសិនបើ​កើតមាន​ករណី​កងកម្លាំង​បង្ក្រាប​លើ​អ្នកគាំទ្រ​បក្ស​ប្រឆាំង​មែន ពលរដ្ឋ​ជា​អ្នក​រង​ទុក្ខសោក ដូច​ករណី បង្ក្រាប​កម្មករ​លើ​ផ្លូវ​វេងស្រេង កាល​ឆ្នាំ​២០១៣ ដែល​បង្ក​ឱ្យ​មាន​អ្នករបួស​ច្រើន​នាក់ និង​អ្នកខ្លះ​បន្ត​ការ​បាត់​ខ្លួន។

លោក​បន្ត​ថា ការប្រើប្រាស់​កងកម្លាំង​ក្នុង​ស្ថានភាព​វិវាទ​នយោបាយ​បែបនេះ មិនមែន​ជា​ដំណោះស្រាយ​ទេ ខណៈ​ប្រទេស​កម្ពុជា មិន​ត្រូវ​បាន​ប្រកាស​ដាក់​ក្នុង​ភាព​មាន​អាសន្ន​ទេ ដូច្នេះ នេះ​ជា​ជម្លោះ​អ្នកនយោបាយ មិនមែន​ជា​សង្គ្រាម​ឡើយ​។ តំណាង​សង្គម​ស៊ីវិល​រូប​នេះ​យល់ថា កងកម្លាំងប្រដាប់អាវុធ គឺ​ប្រើ​សម្រាប់​​ប្រទេស​មាន​សង្គ្រាម​ប៉ុណ្ណោះ ដូច្នេះ លោក​ចង់​ឃើញ​មានការ​ចរចា​រវាង​អ្នក​នយោបាយ ជា​ជាង​ការ​ប្រឈម​មុខ​ដាក់គ្នា​៖ «អ៊ីចឹង មិន​គួរ​ណា​ប្រើ​ប្រាស់​​កម្លាំង​ទេ បើសិនជា​អាច​ជៀស​បាន គឺ​សំណូមពរ​ថា គួរតែ​ជជែក​គ្នា ដោយ​សន្តិវិធី​។ បើសិនជា​មានការ​ប្រើប្រាស់​មែន វា​ជា​សញ្ញា​មួយ នៃ​ការ​គ្រោះថ្នាក់​សម្រាប់​​សង្គម​យើង ហើយ​ខ្ញុំ​ជា​អ្នក​ដែល​ធ្វើ​កិច្ច​ការងារ​សង្គម ហើយ​ជា​អ្នក​ដែល​តាមដាន ខ្ញុំ​សំណូមពរ​ថា មិន​គួរ​ណា មានការ​ប្រើប្រាស់​កងកម្លាំង​ទេ​។ អ៊ីចឹង សំណូមពរ​ថា ដល់​អ្នកនយោបាយ​ទាំងអស់ គួរតែ​ជជែក​គ្នា គួរតែ​ពិនិត្យ​មើល ហើយ​កង​កម្លាំង​ក៏​គួរ​ធ្វើការ​ដោយ​រក្សា​សន្តិសុខ​សម្រាប់​ប្រជាពលរដ្ឋ​។ វា​ជា​ចំណុច​មួយ​ល្អ សម្រាប់​ប្រជាពលរដ្ឋ​យើង»

ទោះយ៉ាងណា អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ លោក ផៃ ស៊ីផាន បញ្ជាក់​ថា ក្នុង​ករណី​រដ្ឋាភិបាល​យល់​ឃើញ​ថា មាន​សកម្មភាព​រដ្ឋប្រហារ ក្នុង​ដំណើរ​វិល​ត្រឡប់​​របស់​​លោក សម រង្ស៊ី រដ្ឋាភិបាល​នឹង​បើក​យុទ្ធនាការ​បង្ក្រាប ឬ​កម្ទេច​។ លោក​អំពាវនាវ​កុំ​ឱ្យ​ពលករ និង​ពលរដ្ឋ ចូលរួម​សកម្មភាព ជាមួយ លោក សម រង្ស៊ី​។ ប៉ុន្តែ ក្រុម​តំណាងរាស្ត្រ​សហរដ្ឋអាមេរិក បាន​ព្រមាន​របប​ក្រុងភ្នំពេញ​ថា នឹង​រង​ទណ្ឌកម្ម​ធ្ងន់ធ្ងរ បើ​ហ៊ាន​ចាប់ខ្លួន បង្ក្រាប និង​បាញ់​សម្លាប់​ក្រុម​អ្នក​និយម​ប្រជាធិបតេយ្យ ពេល​លោក សម រង្ស៊ី វិល​ចូល​ប្រទេស​កម្ពុជា ថ្ងៃ​ទី​៩ វិច្ឆិកា​។ គិត​ត្រឹម​ថ្ងៃ​ទី២៤ តុលា នៅ​សល់​ ១៦​ថ្ងៃ​ទៀត ដល់​ថ្ងៃ​កំណត់ លោក សម រង្ស៊ី សន្យា​វិល​ចូល​ប្រទេស​កម្ពុជា​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល