មេឃុំស្រែគជាប់ឆ្នោត កូតាគណបក្សសង្គ្រោះជាតិ ដែលចាប់យកមុខរបបរើសខ្យងចិញ្ចឹមជីវិតត្អូញត្អែរថា មន្ត្រីអាវុធហត្ថខេត្តស្ទឹងត្រែង យាមនៅច្រកចូលភូមិស្រែគថ្មី នៅតែរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋ ដោយហាមឈ្មួញមិនឱ្យបើករថយន្តចូលទិញខ្យងនៅតំបន់នោះ ជាហេតុធ្វើឱ្យរាំងស្ទះមុខរបបចិញ្ចឹមជីវិតពលរដ្ឋ។ លោកចាត់ទុកបញ្ហានេះ ជាអំពើអមនុស្សធម៌ និងរើសអើងនិន្នាការនយោបាយផ្ទុយពីច្បាប់។
ពលរដ្ឋរស់នៅឃុំស្រែគ (ថ្មី) និងមេឃុំស្រែគជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ ឱ្យដឹងនៅថ្ងៃទី២៦ សីហាថា ជាង ៣ឆ្នាំមកហើយដែលក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ និងអាជ្ញាធរខេត្តស្ទឹងត្រែង នៅតែបន្តដាក់ប៉ុស្តិ៍ត្រួតពិនិត្យ ចំនួន ៣កន្លែងលើផ្លូវសាធារណៈរបស់រដ្ឋដោយមានមន្ត្រីអាវុធហត្ថយាមយ៉ាងតឹងរ៉ឹងមិនឱ្យអ្នកខាងក្រៅចេញចូលតំបន់នោះដោយសេរីឡើយ។
មេឃុំស្រែគរជាប់ឆ្នោតកូតាគណបក្សសង្គ្រោះជាតិ លោក សៀក មេគង្គ ឱ្យដឹងថា រយៈពេលជាង ២ខែមកហើយ សមត្ថកិច្ចប្រចាំការនៅច្រកចូលឃុំស្រែគ (ថ្មី) បានហាមមិនឱ្យអ្នកទិញខ្យង បើករថយន្តចូលទៅដឹកខ្យងរបស់លោក។ លោកចាត់ទុកទង្វើនេះថា ជាចេតនាធ្វើទុក្ខបុកម្នេញរូបលោក និងពលរដ្ឋនៅតំបន់នោះ៖ «កងរាជអាវុធហត្ថ រាល់ថ្ងៃក្នុងវារី ( វារី ទំនប់វារីអគ្គិសនីសេសានក្រោមពីរ ) មិនត្រឹមឡានម៉ូយខ្យងទេ ឡានបងប្អូនមកពីភ្នំពេញ មកលេងប្អូនខាងខ្ញុំមិនឲ្យចូលដែរ ទោះអន្តរាគមន៍ដល់ណា ក៏មិនឲ្យចូលដែរ។ សំណូមពរឲ្យកងរាជអាវុធហត្ថទាំងអស់នៅខេត្តស្ទឹងត្រែង គួរតែពិចារណាឡើងវិញ។ ខ្ញុំក៏ក្លាយជាពលរដ្ឋសាមញ្ញក៏រើសអើងដល់ថ្នាក់ហ្នឹង ឲ្យខ្ញុំរស់របៀបណា បើធ្វើអ៊ីចឹង ? ក្រោយពីរំលាយហើយ ខ្ញុំរកមុខរបបអាជីពតែខ្យងហ្នឹង » ។
មន្ត្រីគណបក្សប្រឆាំងរូបនេះ បន្ថែមទៀតថា លោកបានសុំកិច្ចអន្តរាគមន៍ទៅអាជ្ញាធរស្រុកសេសាន ឱ្យជួយដោះស្រាយបញ្ហានេះដែរ តែអាជ្ញាធរពាក់ព័ន្ធមិនអើពើនោះទេ។ លោក សៀក មេគង្គ បានបង្ខំចិត្តរើសខ្យង និងលក់ខ្យងចិញ្ចឹមជីវិត ក្រោយពីរបបក្រុងភ្នំពេញរំលាយគណបក្សប្រឆាំង និងដកតំណែងលោក។ លោកថា ក្នុងមួយថ្ងៃ គ្រួសារលោកអាចប្រមូលខ្យងបានជាង ១០០គីឡូក្រាម ហើយក្នុងមួយគីឡូក្រាម អាចលក់បាន ៨.៥០០រៀល៖ « អីក៏រើសអើងហួសហេតុម្ល៉េះ ឡានរបស់មេប៉ុស្តិ៍វាមានម៉ូយរៀងខ្លួន។ ម៉ូយមេប៉ុស្តិ៍ចូលបាន ម៉ូយមេឃុំថ្មីចូលបាន ដោយឡែកម៉ូយខ្ញុំចូលមិនបានទិញខ្យង។ មិនមែនទិញរបស់រឹងទេ តែលើសពី ២៤ម៉ោង ទន់ជ្រាយខាតច្រើនណាស់។ វាប៉ះពាល់ជីវភាពយើង ធ្វើឲ្យខ្យងស្អុយបាត់បង់ការចំណេញ » ។
ឈ្មួញទិញខ្យង លោក ស្រុន ទូច ត្អូញត្អែរថា មន្ត្រីអាវុធហត្ថយាមនៅច្រកចូលភូមិស្រែគថ្មី បានរារាំងលោកមិនឱ្យបើករថយន្តចូលទៅតំបន់នោះ ជាច្រើនថ្ងៃមកហើយធ្វើឱ្យលោកខកខាន ដឹកជញ្ជូនខ្យង ទៅលក់នៅប្រទេសថៃឱ្យបានទាន់ពេលវេលា៖ «ប៉ះពាល់ខ្លាំងណាស់បងអើយ អីវ៉ាន់ហ្នឹង ខ្ញុំដាក់ឲ្យគេទិញនៅនោះ ១០លានជាង អត់ឲ្យខ្ញុំចូលទៅយក ខកអីវ៉ាន់គេនៅទីនោះ។ ព្រោះអ្នកធ្វើអីវ៉ាន់នៅនោះ ខ្យងមួយគីឡូ ៧ ទៅ ៨ពាន់ហើយ ខ្ញុំទៅយកម្ដងមួយតោន ចូលទៅយកអត់បាន។ ឥឡូវខ្ញុំមកវិញ។ ខ្ញុំឈប់ឡាន គេសួរទៅណា ? ខ្ញុំប្រាប់ថា ខ្ញុំចូលទៅទិញខ្យង អត់ឲ្យចូលទេ។ ខ្ញុំថា ចាំពេលណាឲ្យចូលបាន ? តែឡានគេចូលបាន។ ឡានគេសាំងយ៉ុង (SsangYong) ចូលនិយាយតិចចូលទៅបាត់ » ។
តំណាងក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរលោក អ៊ុំ រ៉េត បដិសេធមិនអធិប្បាយរឿងនេះដោយលោកថា កំពុងជាប់រវល់នៅថ្ងៃទី២៦ សីហា៖ «ខ្ញុំជាប់ប្រជុំតិច » ។
ចំណែកមេឃុំស្រែគរថ្មី ដែលរបបក្រុងភ្នំពេញលើកបន្តុប លោក ហ្វឿន ជឿន និងអភិបាលស្រុកសេសាន លោក សុវណ្ណ ពិសេដ្ឋ មិនលើកទូរស័ព្ទនៅថ្ងៃដដែលនេះ។
រីឯអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី និយាយយ៉ាងខ្លីថា សូមឱ្យពលរដ្ឋជួបបញ្ហានេះ ទូរស័ព្ទទៅលោកផ្ទាល់ថា តើមន្ត្រីអាវុធហត្ថរូបណា រឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋ?៖ « សុំឲ្យគាត់តេ ទៅគាត់ផ្ទាល់។ អ៊ីចឹងខ្ញុំនឹងសួរនាំតើអាវុធហត្ថមួយណា ដែលមិនឲ្យចូលទៅភូមិ និងឃុំគេ ? » ។
នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ចាត់ទុកការហាមឃាត់ និងរារាំង ពលរដ្ឋលើផ្លូវសាធារណៈជាទង្វើខុសច្បាប់ និងប៉ះពាល់សិទ្ធិមនុស្សធ្ងន់ធ្ងរ។ លោកថា ការរកមធ្យោបាយធ្វើបាបមនុស្សគ្មានកំហុស ជាទង្វើធ្វើឱ្យប៉ះពាល់កិត្តិយសអាជ្ញាធរមូលដ្ឋានខ្លួនឯង និងសេដ្ឋកិច្ចប្រជាជន៖ «ទង្វើបែបនេះ វាធ្វើឲ្យបែកបាក់ជាតិកាន់តែខ្លាំង ការរឹតត្បិតខុសច្បាប់ទាំងឡាយណា លើការដើរហើររបស់ពលរដ្ឋ និងអ្នកធ្វើកិច្ចការងារសង្គម។ យើងសង្ស័យថា នៅតំបន់នោះ វាអាចមានបទល្មើសធំៗ កើតឡើងដូចជា បទល្មើសព្រៃឈើ និងផ្សេងៗ ទៀត។ យើងសង្ស័យថា ទង្វើបែបនេះអាជ្ញាធរព្យាយាមបិទបាំង ប្រើប្រាស់រូបភាពផ្សេងៗ » ។
នេះពុំមែនជាលើកទីមួយទេ ដែលសមត្ថកិច្ចយាមច្រកចូលឃុំស្រែគ (ថ្មី) ក្នុងខេត្តស្ទឹងត្រែង រឹតត្បិតពលរដ្ឋ និងអ្នកខាងក្រៅ មិនឱ្យចេញចូលតំបន់នោះ។ កាលពីចុងខែសីហា ឆ្នាំ២០១៨ កន្លងទៅ សមត្ថកិច្ចបានរារាំងក្រុមយុវជន មិនឱ្យដឹកជញ្ជូនអំណោយមនុស្សធម៌តាមរថយន្ត ឆ្លងកាត់ភូមិសាស្ត្រឃុំស្រែគថ្មី យកទៅចែកជូនពលរដ្ឋទៅឃុំតាឡាត ដែលរងគ្រោះដោយទឹកជំនន់ បើទោះបីជាក្រុមយុវជនបានព្យាយាមពន្យល់ប្រាប់ពីហេតុផលយ៉ាងណាក្ដី។ រីឯអង្គការដៃគូអភិវឌ្ឍន៍មួយចំនួនមានបំណងជួយអភិវឌ្ឍឃុំស្រែគ ដូចជាទឹកស្អាត និងអនាម័យ សុខភាព ក៏ត្រូវមន្ត្រីអាវុធហត្ថរារាំងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។