អតីតថ្នាក់ដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិច សង្ស័យថា ការគ្រោងលក់ទីស្នាក់ការគណបក្សមួយទៀត នៅខេត្តព្រះសីហនុ មានភាពមិនប្រក្រតី ទើបគណបក្សគ្មានការកោះហៅសមាជិកប្រជុំពិភាក្សា។ អ្នកវិភាគថា ការលក់ស្នាក់ការបក្សហ្វ៊ុនស៊ិនប៉ិចជាបន្តបន្ទាប់ ដោយសារ ភាពទន់ខ្សោយរបស់បក្ស និងភាពគ្មានទឹកចិត្ត ធ្វើនយោបាយ។
អតីតថ្នាក់ដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិច សង្ស័យថា គម្រោងលក់ទីស្នាក់ការបក្សនៅតាមខេត្ត ជាបន្តបន្ទាប់អាចមានភាពមិនប្រក្រតី ព្រោះខាងគណបក្សហ្វ៊ុនស៊ិនប៉ិច មិនបានកោះប្រជុំសមាជិកបក្ស ពិភាក្សា និងមិនបង្ហាញព័ត៌មាននៃការលក់ ឬដោះដូរទីតាំងបក្ស។
អតីតអ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន ប្រាប់អាស៊ីសេរី ថា លោក មិនបានដឹងថា ទីស្នាក់ការគណបក្សនៅ តាមខេត្តត្រូវដាក់លក់ជាបន្តបន្ទាប់ទេ គឺដឹងតាមរយៈសារព័ត៌មានដែរទេ។ លោកថា ប្រធានស្ដីទីគណបក្សហ្វ៊ុនស៊ិនប៉ិច មិនបានកោះប្រជុំផ្ទៃក្នុងបក្សទេ ពីការលក់ ឬដោះដូរទីតាំងស្នាក់ការបក្សនៅខេត្តមណ្ឌលគិរី កំពង់ឆ្នាំង និងនៅខេត្តព្រះសីហនុ។
មន្ត្រីបក្សហ្វ៊ុនស៊ិនប៉ិច ដែលរងការបណ្ដេញចេញពីបក្សរូបនេះ បញ្ជាក់ថា មន្ត្រីក្នុងបក្សមួយចំនួនទៀត ក៏មិនដឹងដែរ។ លោក ញ៉េប ប៊ុនជិន មិនគាំទ្រទេ ចំពោះការលក់ស្នាក់ការបក្ស នៅតាមខេត្តជាបន្តបន្ទាប់បែបនេះ៖ « ច្បាប់របស់គណបក្ស គេហៅថាធម្មនុញ្ញបក្សនោះ យើងត្រូវធ្វើអ្វី ត្រូវសួរគ្នា។ ពិគ្រោះគ្នាហើយ យើងយកមកជជែកថា បើចាំបាច់ត្រូវតែលក់ ឧទាហរណ៍ថា ត្រូវតែលក់ហើយ អ៊ីចឹងយើងលក់ហ្នឹង យើងដោះដូរដោយរបៀបម្ដេច ? វាទៅទីណា ? ហើយការលក់ហ្នឹង លក់យកទៅធ្វើអ្វី ? អាហ្នឹងជាការជជែកមួយ ដើម្បីឲ្យសមាជិកសមាជិកា។ មិនមែនមានន័យថា គណបក្សហ្វ៊ុនស៊ិនប៉ិច ចុះ ចុះអត់មានសំឡេងហើយ ចេះតែនាំគ្នាលក់ចែកគ្នាហ្នឹង វាដូចជាគ្មានទិសដៅឲ្យសមាជិកសមាជិកយើងនៅខាងក្រោមហ្នឹង មានជំនឿទុកចិត្ត » ។
ប្រតិកម្មរបស់អតីតថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចនេះ ធ្វើឡើងក្រោយពេលមន្ត្រីគណបក្សហ្វ៊ុនស៊ិនប៉ិច ទម្លាយជាបន្តបន្ទាប់តាមសារព័ត៌មាន ថា គណបក្សហ្វ៊ុនស៊ិនប៉ិច មានបំណងលក់ស្នាក់ការបក្សនៅតាមខេត្ត។
គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចុះផ្សាយ ថ្ងៃទី២៧ សីហា ថា មន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិចម្នាក់ សុំមិនបញ្ចេញឈ្មោះ ប្រាប់កាសែតថា គណបក្សគ្រោងដាក់ទីស្នាក់ការគណបក្សហ៊្វុនស៊ិនប៉ិច ១កន្លែងទៀត នៅខេត្តព្រះសីហនុលក់ បន្ទាប់ពីស្នាក់ការបក្សនៅខេត្តមណ្ឌលគិរី និងកំពង់ឆ្នាំង ប្រកាសលក់ក្នុងតម្លៃជិត ១លានដុល្លារសហរដ្ឋអាមេរិក។
កាសែតភ្នំពេញប៉ុស្តិ៍ចុះផ្សាយទៀតថា ប្រធានស្ដីទីបក្ស គឺព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ និងព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី បានបញ្ជាមន្ត្រីក្នុងបក្សម្នាក់ ឈ្មោះ ហេង ហាក់លីម សម្របសម្រួលការលក់ដូរស្នាក់ការបក្សនៅខេត្តព្រះសីហនុ និងបានជួលមេធាវី ឲ្យរៀបចំឯកសារតាមផ្លូវច្បាប់។ មន្ត្រីក្នុងបក្សហ្វ៊ុនស៊ិនប៉ិច ដែលទម្លាយព័ត៌មាននោះ ប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថា ការលក់ស្នាក់ការបក្សតាមខេត្ត ក្នុងបំណងចង់រំលាយគណបក្សហ៊្វុនស៊ិនប៉ិចចោល មិនមែនយកលុយ ទៅព្យាបាលព្រះរាជសុខភាព ទ្រង់នរោត្តម រណឫទ្ធិ ទេ។ មន្ត្រី ដដែលបន្តថា បច្ចុប្បន្នគណបក្សហ្វ៊ុនស៊ិនប៉ិច កំពុងស៊ើបសួរអ្នកកាន់កាប់ប្លង់ស្នាក់ការបក្សនៅតាមខេត្ត ដើម្បីដកហូត និងល្បួងឲ្យលក់ស្នាក់ការបក្សតាមខេត្តទាំងនោះ ជាបន្តបន្ទាប់។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច លោក ណុប សុធារិទ្ធិ បានទេ នៅថ្ងៃទី២៧ សីហា ទូរស័ព្ទច្រើនដង តែលោក មិនទទួល។
អ្នកវិភាគនយោបាយ និងជាអតីតសមាជិកជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិច លោក គឹម សុខ មើលឃើញថា ការលក់ស្នាក់ការបក្សតាមខេត្តជាបន្តបន្ទាប់បែបនេះ ទោះក្រោមរូបភាពយកទៅព្យាបាលព្រះរាជសុខភាព ឬយកទៅទ្រទ្រង់សកម្មភាពបក្ស គឺសុទ្ធតែធ្វើឲ្យប៉ះពាល់ដល់អនាគតបក្សនេះ ចុះទន់ខ្សោយជាងសព្វថ្ងៃ ហើយពិបាកស្ដារឡើងវិញ ឬអាចបាត់ឈ្មោះគណបក្ស ក៏ថាបាន៖ « គ្រាន់តែយើងឮតែពាក្យថា លក់ទីស្នាក់ការហ្នឹង វាជាសញ្ញាដ៏អាក្រក់ ដល់អនាគតគណបក្សរួចទៅហើយ។ មិនចាំបាច់និយាយអ្វីច្រើនទេ ហើយមិនមែនសុខៗ ចេះតែលក់ទេ គេមិនដែលលក់ទីស្នាក់ការសំខាន់ៗ របស់បក្ស មានន័យថា ជាមូលដ្ឋានធំរបស់បក្ស នៅក្នុងមូលដ្ឋានតស៊ូនយោបាយទេ។ ការលក់នេះ ច្បាស់ជាចេញពីទឹកចិត្ត ដែលចុះទន់ខ្សោយស្មារតី ដែលអន់ទាំងមិនមានផែនការនយោបាយតស៊ូច្បាស់លាស់។ តែខ្ញុំមិនចោទប្រកាន់ថា លក់ដើម្បីចែកលុយគ្នា ឬលក់ក្នុងផែនការអ្វីទេ តែការលក់បែបនេះ វាកើតឡើងដោយសារជំហរដែលគ្មានគោលនយោបាយតទៅមុខ » ។
គណបក្សហ្វ៊ុនស៊ិនប៉ិច ធ្លាប់មានប្រវត្តិចម្រូងចម្រាស ប្រះឆាគ្នា ដោយសារការលក់ទីស្នាក់ការកណ្ដាលរបស់គណបក្ស នៅគល់ស្ពានជ្រោយចង្វា កាលពីឆ្នាំ២០០៥ ម្ដងហើយ។ ការលក់ស្នាក់ការគណបក្សហ្វ៊ុនស៊ិនប៉ិច កាលណោះ បណ្ដាលឲ្យគណបក្សបែកបាក់គ្នាជាពីរក្រុម មកដល់សព្វថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។