ស្ថាបនិក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ថា​ ជំនួប​ជាមួយ​លោក កឹម សុខា មិន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ទេ

ដោយ សុជីវី
2021-04-07
Share
ស្ថាបនិក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ថា​ ជំនួប​ជាមួយ​លោក កឹម សុខា មិន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ទេ (ឆ្វេង) លោក យ៉ង សាំងកុមារ អ្នក​ជំនាញ​កសិកម្ម និង​ជា​ស្ថាបនិក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ និង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។
រូប៖ ហ្វេសប៊ុកលោក​ទាំង​ពីរ

អ្នក​ជំនាញ​កសិកម្ម និង​ជា​ស្ថាបនិក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​លោក យ៉ង សាំង​កុមារ​អះអាង​ថា​ជំនួប​រវាង​រូប​លោក ជាមួយ​លោក កឹម សុខា ប្រធាន​គណបក្ស​ប្រឆាំង​នោះ​មិន​បាន​និយាយ​ដល់​រឿង​នយោបាយ​ឡើយ ដ្បិត​លោក​ដឹង​ថា​ជា​រឿង​ផ្ទុយ​ពី​បម្រាម​របស់​តុលាការ។ ការ​លើក​ឡើង​នេះ​បន្ទាប់​ពី​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ព្រមាន​ថា​អាច​នឹង​មាន​វិធានការ​ផ្លូវច្បាប់​ប្រសិន​បើ ​អ្វី​ដែល​ប្រធាន​គណបក្ស​ប្រឆាំង​ធ្វើ​បាន​ល្មើស ​នឹង​បម្រាម​របស់​តុលាការ។ អ្នកវិភាគ​ថា​គណបក្ស​កាន់អំណាច​ទំនង​ជា​កំពុង​បារម្ភ​ពី​ការ​រួប​រួម​កម្លាំង​គ្នា​រវាង​លោក កឹម សុខា និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ប៉ុន្តែ​យក​លេស​រឿង​បម្រាម​តុលាការ​ទៅ​វិញ។

សមាជិក​គណៈកម្មការ​នាយក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​មើល​មិន​ឃើញ​ថា ​ជំនួប​រវាង​រូបលោក នឹង​លោក កឹម សុខា ថា ជា​ទង្វើ​ខុសឆ្គង ឬ​រំលោភ​ទៅ​លើ​បម្រាម​តុលាការ​ឡើយ គឺ​គ្រាន់​តែ​ជា​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ធម្មតា​ក្នុង​ការងារ​សង្គម និង​ជា​អ្នកមាន​ទំនាក់​ទំនង​ល្អ​ជាមួយ​គ្នា​តាំង​ពី​ដើម​រៀង​មក៖ «រវាង​គាត់ និង​ខ្ញុំ​ហ្នឹង យើង​អត់​បាន​ជជែក​គ្នា​ច្រើន​រឿង​នយោបាយ​ រឿង​អី​ទេ ដោយសារ​យើង​ដឹង​ថា គាត់​ជាប់​ក្នុង​បម្រាម ក្នុង​ការ​ធ្វើ​នយោបាយ​អីចឹង​ណាស់។ ទោះ​បី​ខ្ញុំ​ខំ​ព្យាយាម លើក​ប្រធានបទ​ហ្នឹង​និយាយ ក៏​គាត់​ព្យាយាម​មិន​និយាយ មិន​ឆ្លើយ​នឹង​សំណួរ​របស់​ខ្ញុំ​ដែរ»

អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច​លោក សុខ ឥសាន បាន​ដាក់​សារ​ក្នុង​បណ្ដាញ​សង្គម​តេឡេក្រាម (Telegram) កាល​ពី​ថ្ងៃ​ទី៤ ខែ​មេសា ដោយ​ព្រមាន​ថា ​បើ​លោក កឹម សុខា នៅតែ​ព្រហើន​ផ្គើន​អនុវត្ត​នយោបាយ​ប្រឆាំង​ខុសច្បាប់​ទៀត​ ការ​ចាត់​វិធានការ​ផ្លូវច្បាប់​នៅ​តែ​មាន។ ប្រតិកម្ម​របស់​លោក សុខ ឥសាន​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មេធាវី​លោក កឹម សុខា គឺ​លោក ចាន់ ចេន បាន​បង្ហោះ​សារ លើ​ហ្វេសប៊ុក កាល​ពី​ថ្ងៃ​ទី៣០ ខែមីនា ដោយ​ភ្ជាប់​រូប​ថត​លោក កឹម សុខា និង​លោក យ៉ង សាំងកុមារ ដោយ​សរសេរ​ថា «ឈាម​រត់​រក​ឈាម កូន​កសិករ​រត់​រក​កសិករ។ អ្នក​ប្រជាធិបតេយ្យ​ពិត​ប្រាក​ដដែល​ស្មោះ​ត្រង់​នឹង​ជាតិ​ដូច​គ្នា​គឺ​នៅ​បន្ត​រួម​សុខ រួម​ទុក្ខ​ជា​មួយ​គ្នា មិន​រត់​ចោល​គ្នា ទោះ​បី​ស្ថានភាព​លំបាក ឬ​គ្រា​មាន​អាសន្ន អន់​ក្រ​យ៉ាង​ណា​ក៏​ដោយ»។ លោក សុខ ឥសាន ចាត់​ទុក​ពាក្យ​ឈាម​រត់​រក​ឈាម ស្មើ​នឹង​ថា ការ​បញ្ចូល​គ្នា​គណបក្ស និង​គណបក្ស ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក។ លោក សុខ ឥសាន ថែម​ទាំង​ចោទ​ប្រកាន់​ជំនួស​ព្រះរាជអាជ្ញា ឬ​តុលាការ​ថា ​សារ​របស់​មេធាវី​លោក កឹម សុខា នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) ​អាច​ជា​ពិរុទ្ធភាព​សម្រាប់​ដាក់​បន្ទុក​លោក កឹម សុខា។

អាស៊ីសេរី​នៅ​មិន​ទាន់​អាច​សុំ​ការ​ពន្យល់​បន្ថែម​ពី លោក សុខ ឥសាន និង​ពី​មេធាវី​របស់​លោក កឹម សុខា គឺ លោក ចាន់ ចេន បាន​ទេ​កាលពី​យប់​ថ្ងៃ​ទី៤ ខែមេសា។

អ្នក​សិទ្ធិមនុស្ស និង​អ្នក​សិក្សា​ការ​អភិវឌ្ឍ​មើល​ឃើញ​ថា អ្វី​ដែល​មេធាវី​លោក កឹម សុខា គឺ​ជា​សិទ្ធិ​សេរីភាព​ការ​បញ្ចេញ​មតិ មិន​គួរ​ត្រូវ​ចាត់ទុកថា​ជា​ការ​ល្មើស​បម្រាម​តុលាការ​នោះ​ទេ។

អ្នក​សិក្សា​ការ​អភិវឌ្ឍ​លោក បណ្ឌិត សេង សារី លើកឡើង​ថា គណបក្ស​កាន់អំណាច​អាច​មើល​ឃើញ​ពី​ចរន្ត​នៃ​ការ​ត្រូវរ៉ូវ​គ្នា​រវាង​គណបក្ស​នយោបាយ​ណាមួយ​ជា​មួយ​លោក កឹម សុខា ប៉ុន្តែ​ចរន្ត​នោះ​ក៏​ត្រូវ​គណបក្ស​កាន់​អំណាច​មើល​ឃើញ​ថា​ ពុំ​មាន​ការ​គំរាម​កំហែង​ដល់​បក្ស​ខ្លួន​ដែរ៖ «មិន​គួរ​អ្នកនាំពាក្យ​ជា​អ្នក​ក្រើន​រម្លឹក​ទេ​ ព្រោះ​អា​ហ្នឹង​វា​អាច​បង្ហាញ​ពី​ការ​បំពាន​ទៅ​ដល់​កិច្ចការ​តុលាការ ហ្នឹង​ទី១។ ទី២ វា​អាច​ជា​កលល្បិច​នៅ​ក្នុង​ការ​ជា​នយោបាយ​ ជា​យុទ្ធសាស្ត្រ​រុញ​ទូក​បណ្ដោយ​ទឹក មានន័យ​ថា​រុញ​អោយ​លោក កឹម សុខា បញ្ឆោត​អោយ​ លោក កឹម សុខា ធ្វើ​ហាក់​ដូចជា កម្លាំង​របស់​លោក កឹម សុខា ហ្នឹង​ពេល​បូក​ជាមួយ​នឹង GDP (គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន) ពិត​ជា​គំរាម​កំហែង​ដល់​គណបក្ស​កាន់​អំណាច​មែន។​ អ៊ីចឹង​ធ្វើ​អោយ​លោក កឹម សុខា ជាមួយ​នឹង​ GDP អាច​រួម​គ្នា​មែន ហើយ​វា​ជា​យុទ្ធសាស្រ្ត​រុញ​ទូក​បណ្ដោយ​ទឹក​។ ព្រោះ​អ្វី​ដែល​ជា​គោល​បំណង​របស់​គណបក្ស​កាន់​អំណាច​នៅ​ពេល​កន្លង​មក​គឺ​អ្វី ដែល​គាត់​បារម្ភ​គឺ ការ​រួម​គ្នា​រវាង​ លោក កឹម​សុខា និង​​លោក សម រង្ស៊ី»

សម្រាប់​សមាជិក​គណៈកម្មការ​នាយក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក យ៉ង សាំងកុមារ វិញ អះអាង​ថា​ គណបក្ស​របស់​លោក​នៅ​តែ​ប្រកាន់​ជំហរ​រួបរួម​ជាមួយ​អ្នក​និយម​ប្រជាធិបតេយ្យ ប៉ុន្តែ​ក៏​ត្រូវ​តែ​អនុវត្ត​តាម​ច្បាប់ បើ​ទោះ​បី​ជា​គណបក្ស​លោក មិន​ពេញចិត្ត​នឹង​ច្បាប់ ដែល​បង្កើត​ឡើង​នា​ពេល​កន្លង​មក​ក៏ដោយ៖ «មក​ដល់​ពេល​នេះ ម៉ោង​នេះ​វា​អត់​ទាន់​មាន​ការ​ជជែក​គ្នា​អំពី​រឿង​ហ្នឹង​ទេ ព្រោះ​គាត់​អត់​ចង់​ជជែក ហើយ​ខ្ញុំ​ក៏​យល់​ពី​គាត់ ដោយសារ​គាត់​នៅ​ក្នុង​ជាប់​បម្រាម​ហ្នឹង។ ទី២ បើ​ទៅ​ថ្ងៃ​មុខ​ទៅ​គាត់​នៅ​ជាប់​បម្រាម​ហ្នឹង គាត់​អត់​មាន​សេរីភាព​នយោបាយ​អី​ក៏​យើង​មិន​ទៅ​ព្យាយាម​ផ្សារ​ភ្ជាប់​អី​ជាមួយ​គាត់​ដែរ កុំ​ឱ្យ​ប៉ះពាល់​ដល់​គណបក្សប្រជាធិបតេយ្យ​មូលដ្ឋាន ព្រោះ​យើង​ត្រូវ​គោរព​តាម​ច្បាប់ ទោះបី​យើង​មិន​ពេញ​ចិត្ត​យ៉ាង​ណា​ក៏​ដោយ ក៏​យើង​ត្រូវ​តែ​គោរព​តាម។ ​ទី៣​នៅ​ពេល​គាត់​មាន​សេរីភាព​នយោបាយ​ឡើង​វិញ យើង​រីករាយ​ស្វាគមន៍​នឹង​ជជែក​ជាមួយ​គាត់​ក្នុង​រូបភាព​សហការ ប៉ុន្តែ​រឿង​ពិត​យ៉ាង​ម៉េច​យើង​នៅ​អត់​ទាន់​ដឹង​ទេ»

សមត្ថកិច្ច​បាន​ចាប់ខ្លួន លោក កឹម សុខា ដោយ​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ កាល​ពី​ឆ្នាំ២០១៧ ហើយ​សិទ្ធិ​ធ្វើ​នយោបាយ​នយោបាយ​របស់​លោក​ត្រូវ​បាន​ដក​ហូត និង​បន្ទាប់​មក​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក ត្រូវ​បាន​លោក ហ៊ុន សែន បង្គាប់​ឱ្យ​តុលាការ​កំពូល​រម្លាយ​ចោល។ ប៉ុន្តែ​កាលពី​ឆ្នាំ២០១៩ តុលាការ​បាន​បន្ធូរបន្ថយ​ការ​ត្រួត​ពិនិត្យ​ខ្លះ​ដោយ​អនុញ្ញាត​ឱ្យ​លោក​អាច​ធ្វើ​ដំណើរ​ក្នុង​ប្រទេស ប៉ុន្តែ​ហាម​ធ្វើ​នយោបាយ និង​ចេញ​ក្រៅ​ប្រទេស។

អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​លោក ឯម សុវណ្ណារ៉ា មើល​ឃើញ​ថា ពិត​ណាស់​គណបក្ស​កាន់​អំណាច​មិន​ចង់​ឃើញ​លោក កឹម សុខា ការ​ធ្វើ​សកម្មភាព ឬ​បង្ហាញ​សារ​នយោបាយ​អ្វី​ទេ។ ទោះ​យ៉ាង​ណា​លោក​យល់​ថា ក្នុង​នាម​លោក កឹម សុខា ជា​អ្នក​នយោបាយ​ជាន់​ខ្ពស់​មួយ​រូប​មិន​ត្រូវ​ដាក់​ខ្លួន​តាម​ការ​រៀបចំ​របស់​គណបក្ស​កាន់​អំណាច​នោះ​ទេ។ លោក​ថា មេ​បក្ស​ប្រឆាំង គួរ​តែ​បន្ត​ធ្វើ​សកម្មភាព និង​បង្ហាញ​សារ​របស់​ខ្លួន​ទៅ​អ្នក​គាំទ្រ​បន្ត​ទៀត។ លោក​ថា លោក កឹម សុខា មិន​គួរ​បារម្ភ​ពី​ការ​ព្រមាន​ណា​មួយ​របស់​គណបក្ស​កាន់​អំណាច​ទេ ព្រោះ​ពេល​នេះ លោក​គ្មាន​អ្វី​ត្រូវ​ខ្លាច​បាត់​បង់​អ្វី​ទៀត​នោះ​ទេ ខណៈ​លោក កឹម សុខា បាន​បាត់​បង់​អាជីព​នយោបាយ​រួច​ទៅ​ហើយ​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល