គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) ទាមទារឱ្យព្រឹទ្ធសភារបបក្រុងភ្នំពេញ ពន្យារពេលអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩ ទាក់ទងនឹងរឿងព្រំដែនជាមួយប្រទេសវៀតណាម។ ការអំពាវនាវនេះ ធ្វើឡើងក្រោយពេលរដ្ឋសភាទើបតែបានសម្រេចផ្តល់សច្ចាប័នលើសន្ធិសញ្ញាថ្មីនេះ ហើយរដ្ឋសភានឹងបញ្ជូនបន្តមកព្រឹទ្ធសភាដើម្បីអនុម័ត។
គណបក្សប្រជាធិបតេយ្យមូលដ្ឋានលើកឡើងក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃទី៥ វិច្ឆិកាថា គណបក្សនេះសោកស្តាយជាខ្លាំងដែលរដ្ឋសភាបានអនុម័តសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩ នៅក្នុងពេលដែលកម្ពុជាមិនទាន់មានឯកភាពជាតិពិតប្រាកដ។ គណបក្សនេះអំពាវនាវដល់ព្រឹទ្ធសភា កុំទាន់អាលអនុម័តសេចក្តីព្រាងច្បាប់នេះ។
អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋានលោក ឡឹក សុធារ បញ្ជាក់បន្ថែមប្រាប់អាស៊ីសេរីថា គណបក្សប្រជាជនកម្ពុជាគឺជាអ្នកទទួលខុសត្រូវទាំងស្រុង ចំពោះមុខប្រវត្តិសាស្ត្រ និងការស្តីបន្ទោសពីពលរដ្ឋខ្មែរជំនាន់ក្រោយ ប្រសិនបើសន្ធិសញ្ញាបំពេញបន្ថែមនេះត្រូវបានផ្តល់សច្ចាប័ន និងទទួលស្គាល់ជាផ្លូវការមែននោះ។ លោកបញ្ជាក់ថា ការទទួលស្គាល់សន្ធិសញ្ញាព្រំដែនដែលប៉ះពាល់ដល់បូរណភាពទឹកដី និងអធិបតេយ្យជាតិ នឹងបង្កើតការឈឺចាប់ដក់ជាប់ក្នុងដូងចិត្តពលរដ្ឋខ្មែរម្ចាស់ប្រទេស៖ «យើងមិនមែនរាំងខ្ទប់សន្ធិសញ្ញានេះមិនឱ្យចេញនោះទេ វាមិនមែនជាអ្វីដែលយើងចង់បានទេ។ អ្វីដែលយើងចង់បាន គឺសន្ធិសញ្ញាមួយដែលកម្ពុជាមិនបាត់បង់អធិបតេយ្យភាព មិនបាត់បង់ដែនដី រួមទាំងមានការបង្រួបបង្រួម សន្តិភាពជាក់លាក់នៅផ្ទៃក្នុងផងដែរ»។
រដ្ឋសភាឯកបក្សបានអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩ កាលពីថ្ងៃទី៤ វិច្ឆិកា បន្ទាប់ពីគណៈរដ្ឋមន្ត្រីរបបក្រុងភ្នំពេញបានអនុម័តយល់ព្រមកាលពីថ្ងៃទី១១ តុលាកន្លងទៅ។ គណៈរដ្ឋមន្ត្រីរបបក្រុងភ្នំពេញបានអនុម័តសេចក្តីព្រាងច្បាប់នេះ ត្រឹមរយៈពេល ១សប្តាហ៍ បន្ទាប់ពីលោក ហ៊ុន សែន បានចុះហត្ថលេខាជាមួយភាគីវៀតណាម នៅទីក្រុងហាណូយ។
អ្នកនាំពាក្យ និងជាសមាជិកព្រឹទ្ធសភា លោក ម៉ម ប៊ុននាង ថ្លែងថា ព្រឹទ្ធសភាមិនទាន់ទទួលបានសេចក្តីព្រាងច្បាប់នេះនៅឡើយទេ នៅថ្ងៃទី៥ វិច្ឆិកា ក៏ប៉ុន្តែលោកថា ព្រឹទ្ធសភានឹងអនុវត្តតាមនីតិវិធីនៅពេលទទួលបានសេចក្តីព្រាងច្បាប់នេះ។ លោកអះអាងថា ព្រឹទ្ធសភាផ្អែកលើមូលដ្ឋានរដ្ឋធម្មនុញ្ញក្នុងការពិនិត្យសេចក្តីព្រាងច្បាប់ទាំងឡាយ ដូច្នេះលោកថា ប្រសិនបើសេចក្តីព្រាងច្បាប់នេះមិនស្របនឹងរដ្ឋធម្មនុញ្ញ នោះព្រឹទ្ធសភានឹងបង្វែរច្បាប់នេះជូនរដ្ឋសភា ឬរដ្ឋាភិបាលឱ្យកែប្រែវិញ៖ «យើងនឹងបង្វែរច្បាប់ហ្នឹងជូនទៅរដ្ឋសភា ក្រសួង ឬរាជរដ្ឋាភិបាលដែលស្នើច្បាប់ហ្នឹង យើងបង្វិលឱ្យកែឡើងវិញនៅលើចំណុចណាមួយដែលមិនស្រប តែបើស្រប អាហ្នឹងគឺយើងអនុវត្តតាមនីតិវិធី»។
ទោះជាមានការអះអាងបែបនេះក្តី ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាប្រចាំប្រទេសន័រវេស (Norway) លោក ម៉ែន ណាត ជឿជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩ នេះ នឹងត្រូវបានអនុម័ត និងចូលជាធរមានដោយគ្មានឧបសគ្គឡើយ ព្រោះអំណាចរដ្ឋទាំងអស់ស្ថិតក្នុងដៃគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន។ លោកថ្កោលទោសរបបលោក ហ៊ុន សែន ដែលផ្តល់សច្ចាប័នលើសន្ធិសញ្ញាព្រំដែនថ្មីនេះ ព្រោះលោកថា សន្ធិសញ្ញានេះក៏ដូចជាសន្ធិសញ្ញាព្រំដែនមុនៗ ដែរ គឺធ្វើឱ្យកម្ពុជាបាត់បង់ទឹកដីទៅប្រទេសវៀតណាម៖ «សន្ធិសញ្ញា ឬឯកសារទាំងអស់ហ្នឹង យើងអត់ទទួលស្គាល់ទេ ព្រោះអាហ្នឹងវាផ្ទុយនឹងរដ្ឋធម្មនុញ្ញមាត្រា២ មាត្រា៥៥ របស់កម្ពុជា ហើយវាផ្ទុយទៅនឹងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសចំណុច ២ឃ។ អ៊ីចឹងបាននៅលើមូលដ្ឋានច្បាប់ យើងប្រឆាំងជំទាស់រហូតមកហ្នឹង»។
សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩ គឺជាការរួមបញ្ចូលគ្នានៃសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥។
របបលោក ហ៊ុន សែន អះអាងថា សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩ នេះ គឺជាឯកសារផ្លូវច្បាប់ដែលទទួលស្គាល់ការបោះបង្គោលព្រំដែន៨៤% ជាមួយប្រទេសវៀតណាម។ របបនេះអះអាងទៀតថា សន្ធិសញ្ញានេះ គឺជាឯកសារគ្រឹះការពារបូរណភាពទឹកដីកម្ពុជា ដែលមានខ្សែព្រំដែនមិនប្រែប្រួល ថែរក្សាបាននូវព្រំដែនសុខសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីភាពសុខសាន្តរបស់ពលរដ្ឋកម្ពុជា។
ទោះជាយ៉ាងណា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ដែលត្រូវរបបក្រុងភ្នំពេញចាប់ដាក់ពន្ធនាគារដោយសាររិះគន់រឿងព្រំដែន អះអាងថា សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ ធ្វើឡើងក្នុងពេលដែលកម្ពុជាស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាម ដូច្នេះសន្ធិសញ្ញានេះ និងសន្ធិសញ្ញាបំពេញបន្ថែមផ្សេងទៀត ដែលរបបក្រុងភ្នំពេញបានចុះហត្ថលេខាជាមួយភាគីវៀតណាមរហូតមកដល់ពេលនេះ សុទ្ធសឹងតែជាសន្ធិសញ្ញាខុសច្បាប់ ប្រាសចាករដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ លោកសង្កត់ធ្ងន់ថា ការផ្តល់សច្ចាប័នលើសន្ធិសញ្ញានេះ គឺជាការកាត់ទឹកដីខ្មែរឱ្យវៀតណាមតាមសំណើលោក ហ៊ុន សែន ដែលត្រូវវៀតណាមលើកបន្តុបឱ្យកាន់អំណាចចាប់ពីដើមទស្សវត្សរ៍ទី៨០ មក៖ «ខ្មែរយើងជាអ្នកខាត ហើយយួនជាអ្នកចំណេញ ហើយយើងឃើញថា បោះបង្គោលកន្លងមកធ្លាប់ឃើញប្រជាពលរដ្ឋយួនស្រែកយំបាត់ដីស្រែចម្ការទេ ? អត់ទេ ! មានតែពលរដ្ឋខ្មែរទេ ដែលស្រែកយំបាត់ដីស្រែចម្ការនៅពេលបោះបង្គោល ដូច្នេះមានន័យថា ការបោះបង្គោលហ្នឹង គឺដើម្បីកាត់ដីឱ្យយួនទេ មិនមានការបោះបង្គោលឱ្យបានត្រឹមត្រូវអ្វីទេ»។
របបលោក ហ៊ុន សែន បានយកសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ជាមូលដ្ឋានក្នុងការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម។ គិតត្រឹមខែកក្កដា ឆ្នាំ២០១៩ របបក្រុងភ្នំពេញសម្រេចបានការបោះបង្គោលព្រំដែនគោកជាមួយភាគីវៀតណាម បាន ៣១៥បង្គោល ស្មើនឹង៨៤% នៃបង្គោលព្រំដែនសរុប ៣៧៥បង្គោល។
ទោះជាយ៉ាងណា លទ្ធផលនេះមិនទទួលបានការសាទរពីអ្នកឃ្លាំមើលបញ្ហាព្រំដែន និងប្រជាពលរដ្ឋនៅមូលដ្ឋាននោះឡើយ ដោយពួកគេអះអាងថា ការបោះបង្គោលព្រំដែននេះ បានធ្វើឱ្យកម្ពុជាបាត់បង់ទឹកដីនៅតាមព្រំដែនទៅប្រទេសវៀតណាម។
គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បញ្ជាក់ជំហរប្រហាក់ប្រហែលគ្នាថា ប្រសិនបើគណបក្សទាំងពីរជាប់ឆ្នោតដឹកនាំរដ្ឋាភិបាល ពួកគេនឹងសើរើមើលឡើងវិញរាល់សន្ធិសញ្ញាព្រំដែនជាមួយប្រទេសជិតខាង ដែលប៉ះពាល់ដល់បូរណភាពទឹកដី និងអធិបតេយ្យជាតិខ្មែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។