ប៉ូលិស​ខេត្ត​បន្ទាយមានជ័យ​​បិទ​​ប្រកាស​​​តាម​​ចាប់​​​ថ្នាក់​​ដឹក​​នាំ​​បក្ស​​ប្រឆាំង​​ជាង ​២០​នាក់​​តាម​​ផ្លូវ​​​ជាប់​​ព្រំដែន​​​ថៃ

0:00 / 0:00

0:00 / 0:00

ប្រជា​ពលរដ្ឋ​នៅ​តំបន់​ព្រំដែន​កម្ពុជា​-ថៃ​ក្នុង​ខេត្ត​បន្ទាយមានជ័យ អះអាង​ថា​ ប៉ូលិស​ខេត្ត​នេះ ​បាន​បិទ​ខិត្តប័ណ្ណ​​តាម​ដង​ផ្លូវ​​ក្នុង​ក្រុង​ប៉ោយប៉ែត​ប្រកាស​ចាប់ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រឆាំង​ជាង​២០​នាក់​ ដែល​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ ប្រសិន​បើ​ពួកគេ​មក​ដល់​កម្ពុជា​។ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត ថ្លែង​ថា ថ្វី​ត្បិត​តែ​សមត្ថកិច្ច​បិទ​ខិត្តប័ណ្ណ​គំរាមកំហែង​ដល់​មន្ត្រី​បក្ស​ប្រឆាំង​យ៉ាង​នេះ​ក្ដី​ ក៏​ពួកគេ​នៅ​តែ​ត្រៀម​ខ្លួន​ទៅ​ទទួល​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នៅ​ថ្ងៃ​ទី​៩​វិច្ឆិកា​ខាង​មុខ​ ដោយ​មិន​រាថយ​ឡើយ​។

ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ក្រុង​ប៉ោយប៉ែត លើក​ឡើង​ស្រដៀង​គ្នា​ថា​ ស្រប​ពេល​ដែល​កៀក​ថ្ងៃ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ វិល​ចូល​ស្រុក​ ​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​​បង្កើន​ការ​គំរាមកំហែង​​សកម្មជនបក្ស​ប្រឆាំង​កាន់​តែ​​ខ្លាំង​ ជាពិសេស​នៅ​តំបន់​ព្រំដែន​​ខេត្ត​បន្ទាយមានជ័យ​តែ​ម្ដង​។

ប្រជាពលរដ្ឋ​រស់​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ ដើម្បី​ការពារ​សុវត្ថិភាព​ថ្លែង​នៅ​ថ្ងៃ​ទី​៤វិច្ឆិកា​ថា ប៉ូលិស​ខេត្ត​បន្ទាយមានជ័យ ​ដើរ​បិទ​ខិត្តប័ណ្ណ​​ព្រោងព្រាត​តាម​ដើម​ឈើលើ​​ចិញ្ចើម​ផ្លូវ​ក្នុង​ក្រុង​នេះ​ ប្រកាស​ចាប់​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាង​២០​នាក់​​។ពលរដ្ឋ​រូប​នេះ បន្ថែម​ថា ខិត្តប័ណ្ណ​នេះ​មិន​សូវ​មាន​ការ​ចាប់​អារម្មណ៍​ពី​ប្រជាពលរដ្ឋ​នោះ​ទេ ពីព្រោះ​ពួកគាត់​យល់​ច្បាស់​​អំពី​ស្ថានការណ៍​នយោបាយ​សព្វ​ថ្ងៃ​។លោក​ស្រី​ ចាត់​ទុក​ខិត្តប័ណ្ណ​របស់​ប៉ូលិស​នេះ​ថា​គំរាមកំហែង​ដល់​មន្ត្រី​បក្ស​ប្រឆាំង​ធ្វើ​ឱ្យ​ភ័យ​ខ្លាច​ ដើម្បី​ទប់​ស្កាត់​ពួកគាត់​ហ៊ាន​វិល​ចូល​ស្រុក​នៅ​ពេល​ខាង​មុខ​៖ «ការ​ដឹង​នាំ​រយៈ​ពេល​កន្លង​មក​មិន​មាន​ភាព​រីក​ចំរើន ពុករលួយ បក្សពួកនិយម ហើយ​ពលរដ្ឋ​នៅ​តែ​ក្រ ហើយ​កាន់​តែ​ក្រី​ទៅ រីឯ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​ដែល​អាច​ឱ្យ​ប្រទេស​រួច​ផុត​ពី​របប​ផ្ដាច់ការ​បាន។ដូច្នេះ​ខ្ញុំ​តាំង​ចិត្ត​សុំ​ផ្លាស់​ប្ដូរ​ផ្ដួល​រលំ​របប​នេះ ហើយ​ចូល​រួម​ថ្ងៃ​ទី​៩​វិច្ឆិកា​ទាំង​អស់​គ្នា​។​ ទោះ​បី​ជា​ចំណាយ​ពេល​ច្រើន​ថ្ងៃ​ទៅ​មុខ​ទៀត​ក៏​ដោយ​ដាច់​ខាង​ខ្ញុំ​ត្រូវ​តែ​ទៅ​ចូល​រួម​ ដើម្បី​ឱ្យ​បាន​មនុស្ស​ច្រើន​ »

ពលរដ្ឋដដែលបន្ថែម​ថា​ ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​ភាគច្រើន​មិន​ពេញ​ចិត្ត​នឹង​ប៉ូលិស​ដែល​​បិទ​ខិត្តប័ណ្ណ​តាម​ចាប់​ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង​នោះ​ទេ​ ប៉ុន្តែពួក​​គាត់​ចេះតែ​នាំ​គ្នា​ខាំមាត់សង្កត់ចិត្ត​រង់ចាំ​ថ្ងៃ​ទី​៩​វិច្ឆិកា​មក​ដល់​ ដើម្បី​នាំ​គ្នា​ទៅ​អម​ដំណើរ​លោក សម រង្ស៊ី ធ្វើ​មាតុភូមិនិវត្តន៍ចូលប្រទេសវិញ។​

ប្រជាពលរដ្ឋ​នៅ​តំបន់​ព្រំដែន​ក្រុង​ប៉ោយប៉ែត​ម្នាក់​ទៀត ថ្លែង​មិន​សុំ​ឱ្យ​បញ្ចេញ​ឈ្មោះ​និង​សំឡេង ឱ្យ​ដឹង​ថា ​ប៉ូលិស​ដើរ​បិទ​ប្រកាស​ចាប់​ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង​នៅ​តាម​ដង​ផ្លូវ​ដែល​មាន​មនុស្ស​ឆ្លងកាត់​ច្រើន​ជា​ពិសេស​នៅ​ព្រំដែន​ប្រទល់​ថៃ​​ក្នុង​ភូមិ​ក្បាលស្ពាន​មួយ​សង្កាត់​ប៉ោយប៉ែត​។លោក​បន្ត​ថា ប្រជាពលរដ្ឋ​ភាព​ច្រើន​មើល​មិន​ឃើញ​ទោសកំហុស​របស់​មន្ត្រី​បក្ស​ប្រឆាំង​ដែល​ត្រូវ​ប្រកាស​ចាប់​ខ្លួន​នោះ​ទេ។

ពលរដ្ឋ​ថ្លែង​ថា ក្រៅ​ពី​ការ​តាម​ចាប់​ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង​ទាំង​នេះ​ហើយ អាជ្ញាធរ​បាន​បន្ថែម​ការ​រឹត​បន្តឹង​នៅ​ព្រំដែន​កាន់តែ​ខ្លាំង ដោយ​អាជ្ញាធរ​បាន​ដាក់​បន្លា​លួស ព័ទ្ធ​នៅ​ផ្លូវ​រថភ្លើង​ព្រំដែន​កម្ពុជា​ថៃ​ក្រុង​ប៉ោយប៉ែត ដើម្បី​រារាំង​មិន​ឱ្យ​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ឆ្លង​ដែន​ពី​ប្រទេស​ថៃ​ចូល​ទៅ​កម្ពុជា​បាន​ស្រួល។ពួកគាត់​បន្ត​ទៀត​ថា ចាប់​តាំង​ពី​ថ្ងៃ​ទី​៣​វិច្ឆិកា​មក​ អាជ្ញាធរ​បាន​បន្ថែម​កងទ័ព​ប្រមាណ​៥០០​នាក់​តាម​ផ្លូវ​ជាតិ​លេខ​៥​ពី​ព្រំដែន​ថៃ​រហូត​ដល់​សង្កាត់​និមិត្ត​ក្រុង​ប៉ោយប៉ែត​។

អភិបាល​ខេត្តបន្ទាយមានជ័យ​លោក​ អ៊ុំ រាត្រី​ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ៖ «អធ្យាស្រ័យ​ខ្ញុំ​កំពុង​ប្រជុំ»។

ចំណែក​អគ្គស្នងការ​នគរបាលជាតិ​លោក​ នៀត សាវឿន​ប្រាប់​អាស៊ីសេរីថា​ អ្នក​ដែល​មាន​ឈ្មោះ​ប្រកាស​នឹង​ត្រូវ​ចាប់ខ្លួន​ទាំង​អស់។

សំឡេង«ជា​គោលការណ៍​ឲ្យតែមាន​ដីកា​តាម​ចាប់​នគរបាល​យុត្តិធម៌ត្រូវចាប់អោយ​តែ​មានដីកា។អញ្ចឹងបើមានដីកា​គេ​ប្រកាស​តាមចាប់​ចង់ដឹងចាំ​មើលចូល​សិន​ប៉ុន្មាន​នាក់​បាន​ដឹងហើយ»។

ខិត្តប័ណ្ណ​ដែល​ប៉ូលិស​ដើរ​បិទ​នោះ​មាន​សរសេរ​អក្សរ​ក្រហម​ធំៗ​ថា ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ប្រកាស​តាម​ចាប់​ខ្លួន​ក្រុម​ឧទ្ទាម ​ក្បត់ជាតិ។ប៉ូលិស​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ ប្រសិន​បើ​ឃើញក្រុម​​មន្ត្រី​​បក្ស​សង្គ្រោះជាតិ​​ទាំងនោះ ​សូម​រាយការណ៍​ទៅ​នគរបាល​ដែល​នៅ​ជិត​ផ្ទះ។មន្ត្រី​បក្ស​ប្រឆាំង​ដែលមាន​ឈ្មោះ​​ប្រកាស​ចាប់​ខ្លួន​ក្នុង​ខិត្តប័ណ្ណ​នេះ​ សរុប​មាន​ចំនួន​២១​នាក់​ក្នុង​នោះ​រួម​មាន ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី អ្នក​ស្រី មួរ សុខហួ លោក អេង ឆៃអៀង លោក អ៊ុំ សំអាន លោក ហៃ វណ្ណា លោក អ៊ីសា ឧស្មាន លោក នុត រំដួល និង ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ក្រុង​សិរីសោភ័ណ លោក ឃ្លាំង ប៊ុន​ឡាយ​ជាដើម។

លោក ឃ្លាំង ប៊ុនឡាយ ប្រាប់​អាស៊ី​សេរី​ថា ខិត្តប័ណ្ណ​នេះ​ជា​ល្បិច​បោកបញ្ឆោត​របស់​អាជ្ញាធរ​​របប​ក្រុង​ភ្នំពេញ ដើម្បី​ទប់ស្កាត់​រូប​លោក​និង​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រឆាំង​ដទៃ​ទៀត មិន​ឱ្យ​វិល​ចូល​ស្រុក​នៅ​ថ្ងៃ​ទី​៩​វិច្ឆិកា ខាង​មុខ​។លោក​បញ្ជាក់​ថា ថ្វីត្បិត​តែ​អាជ្ញាធរ​គំរាមកំហែង​ពួក​លោក​យ៉ាង​នេះ​ក្ដី ​ក៏​លោក​នៅ​តែ​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ​ ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​ជា​មួយ​ថ្នាក់​ដឹក​នាំ​ដទៃ​គណបក្ស​ប្រឆាំង​ ដោយ​មិន​មាន​ការ​រាថយ​ឡើយ​៖ «បើ​សិន​ជា​យើង​នៅ​អោប​ដៃ​រង់ចាំ​ទទួល​នូវ​លទ្ធផល​ដែល​គេ​ធ្វើ​បាប​យើង​ទាំង​អយុត្តិធម៌​អីចឹង​ខ្ញុំ​គិត​ថា​ ពលរដ្ឋ​ខ្មែរ​នឹង​រង​អយុត្តិធម៌​ត​កូន​ចៅ​។ដូច្នេះ​ក្នុង​នាម​ជា​អ្នក​ដែល​ស្រលាញ់​ប្រជាធិបតេយ្យ​ ស្រលាញ់​សិទ្ធិ​សេរីភាព​យើង​ត្រូវ​តែ​ ក្រោយ​ឡើង​ទាំង​អស់​គ្នា​ដើម្បី​តតាំង​អំពើ​ទាំង​នេះ​។បើ​ទោះ​បី​ជា​មាន​បញ្ហា​អ្វី​កើត​ឡើង​មក​លើ​ខ្ញុំ​ក៏​ខ្ញុំ​នៅ​តែ​ធ្វើ​ដែរ​ »

ចំណែក ​លោក ​អ៊ីសា អូស្មាន ​​ភ្ញាក់ផ្អើល​នៅ​ពេល​លឺ​ដំណឹង​ថា​ឈ្មោះ​ និង​រូបថត​របស់​លោក​មាន​នៅ​ក្នុង​សេចក្ដី​ប្រកាស​តាម​ចាប់​ខ្លួន​នៅ​តាម​ព្រំដែន​ខែត្រ​បន្ទាយមានជ័យ​នោះ​។លោក​បញ្ជាក់​ថា​ឥលូវ​នេះ​លោក​នៅ​ខែត្រ​ត្បូងឃ្មុំ ​ដែល​លោក​បាន​ទៅ​សួរ​សុខទុក្ខ​ម្ដាយ​ចាស់​ជរា​នៅ​ឯ​ស្រុក​កំណើត​ ស្រាប់​តែ​ទទួល​ដំណឹង​​ពី​ការ​តាម​ចាប់​ខ្លួន​លោក​ទៅ​វិញ​។ លោក​បញ្ជាក់​ថា​លោក​បាន​​លាលែង​ពី​គណបក្ស​សង្រ្គោះ​ជាតិ​ប្រមាណ​ជាង​១ឆ្នាំ​ហើយ​គឺ​លោក​មិន​ចង់​ពាក់ព័ន្ធ​និង​រឿង​នយោបាយ​អ្វី​ទៀត​ទេ​គឺ​លោក​ចង់​ធ្វើ​ប្រជាពលរដ្ឋ​សាមញ្ញ​ហើយ​កំពុង​ទំនុកបម្រុង​សិស្សានុសិស្ស​ក្រីក្រ​ឯ​ស្រុក​កំណើត​ក្នុង​ស្រុក​ក្រូច​ឆ្មារ​ឲ្យ​រៀន​ភាសា​អង់គ្លេស​និង​កំព្យួទ័រ​។

«ខ្ញុំ​ចេះ​តែ​ងឿង​ឆ្ងល់​ហើយ​មិន​អស់ចិត្ត​ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មាន​ឈ្មោះ​ក្នុង​បញ្ជី។​ខ្ញុំ​បាន​ប្រកាស​ហើយ​កាល​ពី​ខែមេសា​ឆ្នាំ​ហ្នឹង​​ ថា​ខ្ញុំ​បាន​លាលែង​ចេញ​ពី​នយោបាយទាំង​ស្រុង​ទោះបីថា​គណបក្ស​ណា​ក៏​ខ្ញុំ​មិន​បាន​ចូលរួម​តទៅទៀតដែរ​ដោយសារ​កត្តាសុខភាពរបស់​ខ្ញុំ​ផ្ទាល់ ក្រុម​គ្រួសារ​របស់​ខ្ញុំហើយនឹង​ក្មេងៗ​ ប្អូនៗដែល​កំពុងរស់នៅ​រៀនសូត្រ​តាម​ការ​ទំនប់បំរ៉ុងរបស់​ខ្ញុំ​ ខាងផ្នែក​ភាសា​អង់គ្លេស​និងកុំព្យូទ័រ»

​​អ្នក​សម្រប​សម្រួល ​និង​អង្កេត​​អង្គការ​ ខុមហ្វ្រែល (comfrel) លោក កន សាវាង្ស យល់​ថា​ ការ​ដាក់​កម្លាំង​និង​ការ​ប្រកាស​តាម​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​នេះ​ គឺ​ជា​យុទ្ធសាស្ត្រ​បំភិតបំភ័យ​​សកម្មជន​បក្ស​ប្រឆាំង​និង​អ្នក​គាំទ្រ ដើម្បី​រារាំង​កុំ​ឱ្យ​ពួកគេ​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ។ ទោះ​ជា​យ៉ាង​ណា​លោក​អះអាង​ថា យុទ្ធសាស្ត្រ​នេះ​មិន​បាន​ប្រយោជន៍​ដល់​សង្គម​ជាតិ​ឡើយ ផ្ទុយ​ទៅ​វិញ​កាន់​តែ​ធ្វើ​ឱ្យ​ហិនហោច​ថវិកា​ជាតិ និង​បង្ក​​ជម្លោះ​ខ្មែរ​គ្នា​ឯង៖ «ប្រហែល​ជា​គាត់​ព្រួយបារម្ភ​ស្ថានភាព​ផ្សេងៗ​ ទៀត​ ដែល​មិន​អាច​កំណត់​ទុក​​ជា​មុន​បាន​ ជា​ពិសេស​ក្រែង​លោ​មាន​កម្លាំង​មហាជន​ទៅ​អម​ដំណើរ​លោក​ សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​ បាន​ដាក់​កម្លាំង​ច្រើន​បែប​នេះ​។ព្រោះ​ខ្ញុំ​គិត​ថា​ បើ​សិន​​ជា​សកម្មជន​តែ​ប៉ុន្មាន​នាក់​នោះ​ មិន​បាច់​ដាក់​ប៉ូលិស​ដ៏​ច្រើន​បែប​នេះ​ទេ​ មាន​ប៉ូលិស​តែ​៥​នាក់​ក៏​ចាប់​បាន​ហើយ​ »

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​នៅ​តែ​ទទូច​ឱ្យ​ដល់​មេ​ដឹក​នាំ​គណបក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង ត្រូវ​រ៉ូវ​គ្នា​ឡើង​វិញ​ ដើម្បី​កុំ​ឱ្យ​មាន​ការ​ប៉ះទង្គិច​បង្ហូរឈាមដាក់គ្នា​កើត​ឡើង​នៅ​ពេល​ខាង​មុខ​ ​ដែលនាំ​ឱ្យ​ខាត​បង់​ដល់​សេដ្ឋកិច្ច​ជាតិ ជាពិសេស​ធ្វើ​ឱ្យ​កម្មករ​រោង​ចក្រ​អត់​ការងារ​ធ្វើ​ដោយ​សារ​សហភាព​អឺរ៉ុប​ និង​សហរដ្ឋអាមេរិក​ផ្ដាច់​ការ​អនុគ្រោះ​ពន្ធ EBA និង​ GSP។

ពលរដ្ឋ​នៅ​តំបន់​ព្រំដែន​ក្រុង​ប៉ោយប៉ែត អះអាង​ថា ប្រជាពលរដ្ឋ​នៅ​ព្រំដែន​ប្រទេស​ថៃ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ភាគ​ច្រើន​អន្ទះសា​រង់ចាំ​ទៅ​ទទួល​លោក សម រង្ស៊ី វិល​ចូល​មាតុប្រទេស ដើម្បី​ផ្លាស់​របប​ដឹក​នាំ​សព្វថ្ងៃ​​ឱ្យ​ទៅ​ជា​សង្គម​ស៊ីវិល័យ ​មាន​ប្រជាធិបតេយ្យ​ពេញលេញ មាន​យុត្តិធម៌ និង​​រីក​ចំរើន​ជឿនលឿន​ដូច​ប្រទេស​ប្រជាធិបតេយ្យ​លោក​ខាង​លិច៕


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។