អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ អំពាវនាវ​ឲ្យ​ដោះ​លែង​ស​កម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​អស់​ ខណៈ​មន្ត្រី​រដ្ឋាភិបាល​បដិសេធ

អាជ្ញាធរ​កម្ពុជា​ច្រាន​ចោល​ការ​អំពាវនាវ​របស់​អង្គការ​លើក​លែង​ទោស​អន្តរជាតិ (Amnesty International) ឲ្យ​អាជ្ញាធរ​ដោះ​លែង​ជា​បន្ទាន់ និង​ទម្លាក់​ចោល​បទ​ចោទ​មក​លើស​កម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​ ដែល​​បាន​ធ្វើ​ឡើង​​ក្រោម​ហេតុផល​នយោបាយ។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ និង​ជា​អនុប្រធាន​គណៈកម្មាធិការ​ជាតិ​សិទ្ធិមនុស្ស​កម្ពុជា​ ប្រាប់​អាស៊ី​សេរី​តាម​ប្រព័ន្ធ WhatsApp នៅ​ថ្ងៃ​ទី៥ វិច្ឆិកា អះអាង​ថា ការ​អំពាវនាវ​របស់​អង្គការ​លើក​លែង​ទោស​អន្តរជាតិ (Amnesty International) នេះ ពុំ​បាន​ធ្វើ​ឡើង​ផ្អែក​តាម​ច្បាប់​ជា​ធរមាន​នៅ​កម្ពុជា​នោះ​ទេ៖ «ចំពោះ​សមត្ថកិច្ច គឺ​ថា វិធានការ​ច្បាប់​នេះ គឺ​ជា​យន្តការ​នៃ​ការ​អនុវត្ត​ច្បាប់ ដោយសារ​អ្នក​ទាំង​អស់​នោះ​បាន​ប្រព្រឹត្តិ​ល្មើស​ទៅ​នឹង​បញ្ញត្តិ​នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា។ សកម្មភាព​របស់​អ្នក​ទាំង​នោះ​មិន​មែន​ជា​ការ​អនុវត្ត​សិទ្ធិ​សេរីភាព ផ្នែក​នយោបាយ​តាម​ផ្លូវ​ច្បាប់ និង​តាម​បែប​ប្រជាធិបតេយ្យ​នោះ​ទេ។ ក៏​ប៉ុន្តែ​ជា​ការ​ប្រព្រឹតិ្ត​បទ​ល្មើស ដែល​មាន​បញ្ញត្តិ​ក្នុង​ច្បាប់។ សមត្ថកិច្ច​មាន​មូលដ្ឋាន មាន​ភស្តុតាង និង​មាន​សក្ខីកម្ម​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​ការ​ចោទ​ប្រកាន់»

អង្គការលើ​កលែងទោស​អន្តរជាតិ (Amnesty International) កាល​ពី​ថ្ងៃ​ទី៥ វិច្ឆិកា ហៅ​បទ​ចោទ​ប្រកាន់​មក​លើស​កម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ​ចាប់​តាំង​ពី​ខែ​សីហា​មក​ថា ធ្វើ​ឡើង​ក្រោម​ហេតុផល​នយោបាយ។

ក្នុង​សេចក្តី​ថ្លែងការណ៍​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី៥ វិច្ឆិកា អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ ទាមទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ ត្រូវ​ធានា​ថា​ រាល់​បុគ្គល​គ្រប់រូប​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​អនុវត្ត​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ និង​ការ​ប្រមូល​ផ្តុំ​របស់​ពួកគេ​ ស្របតាម​ច្បាប់​កំពូល​រដ្ឋធម្មនុញ្ញ​ និង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ។

អង្គការ​លើក​លែង​ទោស​អន្តរជាតិ ក៏​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ តាម​ដាន​ឲ្យ​បាន​ដិត​ដល់​ ចំពោះ​ការ​ធ្លាក់​ចុះ​ដុនដាប​យ៉ាង​ឆាប់​រហ័ស​នៃ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ អង្គការ​នេះ​ ផ្តល់​អនុសាសន៍​ថា​ រដ្ឋ​ពាក់ព័ន្ធ​ទាំង​អស់​ គួរ​ចូលរួម​លើក​កម្ពស់​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ចំពោះ​ពលរដ្ឋ​កម្ពុជា​ទាំង​អស់​ ស្រប​តាម​កាតព្វកិច្ច​របស់​រដ្ឋ​ពាក់ព័ន្ធ​ នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ ឆ្នាំ១៩៩១​ ដែល​បាន​ផ្តល់​តួនាទី​ជា​ប្រវត្តិសាស្ត្រ​ដល់​អង្គការ​សហប្រជាជាតិ​ និង​សហគមន៍​អន្តរជាតិ​ ឲ្យ​ជួយ​គាំទ្រ​ដល់​ការ​ទទួល​បាន​សន្តិភាព​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

បើ​តាម​អង្គការ​លើក​លែង​ទោស​អន្តរជាតិ គិត​ចាប់​ពី​ខែ​សីហា ឆ្នាំ២០១៩ មក​ទល់​ពេល​នេះ​មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាងហោចណាស់​ ៤១នាក់​ ត្រូវ​បាន​របប​នេះ​ចាប់​ដាក់​ពន្ធនាគារ​ ហើយ​យ៉ាង​ហោច​ណាស់ ៨៨នាក់​ផ្សេង​ទៀត រង​ការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​បទ «រួម​គំនិត​ក្បត់» ដោយសារ​តែ​ពួកគេ​បញ្ចេញ​មតិ​គាំទ្រ​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​លោក​ សម​ រង្ស៊ី​ វិល​ចូល​ស្រុក​វិញ។ ប៉ុន្តែ បើ​ផ្អែក​តាម​តួលេខ​ចុង​ក្រោយ ដែល​អាស៊ី​សេរី​ប្រមូល​បាន គតិ​ត្រឹម​ថ្ងៃ​ទី៥ ខែ​វិច្ឆិកា ចាប់​តាំង​ពី​របប​ក្រុង​ភ្នំពេញ​បង្កើន​យុទ្ធនាការ​កម្ចាត់​សំឡេង​ប្រឆាំង​មក យ៉ាង​ហោច​ណាស់​មាន​សកម្មជន​គណបក្ស​ប្រឆាំង និង​អ្នក​ហ៊ាន​និយាយ​រិះគន់​របប​ក្រុង​ភ្នំពេញ សរុប ៧៥នាក់ ហើយ​ត្រូវ​របប​លោក ហ៊ុន សែន ចាប់​ខ្លួន និង ១៩៩នាក់​ផ្សេង​ទៀត ត្រូវបានរបបនេះ ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន កោះហៅ​មក​សាកសួរ​ដោយ​អាជ្ញាធរ និង​មន្ត្រី​តុលាការ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។