របបក្រុងភ្នំពេញគ្រោងបំបែកខេត្តខ្លះ ដើម្បីបង្កើតខេត្តបន្ថែមចំនួន ២ខេត្តទៀត។ អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍន៍សង្គម មើលឃើញថា ការបំបែកខេត្តថ្មីបន្ថែមទៀត ជាការចែកតំណែងគ្នា នៅថ្នាក់ក្រោមជាតិ ក្រោយពេលមេដឹកនាំរបបក្រុងភ្នំពេញ ប្រកាសកាត់បន្ថយក្បាលម៉ាស៊ីននៅគណៈរដ្ឋមន្ត្រី។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថា ការបំបែកខេត្ត ដោយសារចង់ថែរក្សាសន្ដិសុខសណ្ដាប់ធ្នាប់ល្អ និងដើម្បីងាយស្រួលគ្រប់គ្រងរដ្ឋបាលដែនដី ឯអ្នកឃ្លាំមើលសង្គមវិញ យល់ថា របបក្រុងភ្នំពេញ គួរទម្លាក់កញ្ចប់ថវិកា ឲ្យច្រើន ដល់មូលដ្ឋាន តាមឃុំសង្កាត់ ជាជាងជម្រើសបង្កើតខេត្តបន្ថែម។
អ្នកសិក្សាស្រាវជា្រវការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី មើលឃើញថា ស្ថានភាពបច្ចុប្បន្ន មិនទាន់ដល់ពេល ដែលកម្ពុជាគួរបំបែកខេត្តបន្ថែមទៀតទេ។ លោកបណ្ឌិត ផ្ដល់យោបល់ឲ្យរបបក្រុងភ្នំពេញ គួរយកថវិកាដែលចង់បំបែកខេត្តថ្មី យកទៅពង្រឹងប្រព័ន្ធ ដែលមានស្រាប់ឲ្យដំណើរការល្អ តាមរយៈការបន្ថែមថវិកាឲ្យមន្ត្រីរាជការ និងការផ្ដល់កញ្ចប់ថវិកា ឲ្យបានច្រើនដល់ក្រុមប្រឹក្សាឃុំសង្កាត់ ដើម្បីយកទៅអភិវឌ្ឍមូលដ្ឋានដោយផ្ទាល់៖ « គួរតែសន្សំថវិការទុកបង្កើនប្រាក់ខែអោយទៅ មន្ត្រីរាជការ ធ្វើឲ្យមន្ត្រីរាជការបានហូបចុកគ្រប់គ្រាន់ទៅ ហើយមួយវិញទៀត គួរបង្កើនលុយទៅក្រុមប្រឹក្សាឃុំ សង្កាត់ដើម្បីឲ្យក្រុមប្រឹក្សាមានលុយក្នុងការអភិវឌ្ឍឃុំសង្កាត់នៅតាមមូលដ្ឋាន។ ថវិការ គួរតែផ្តល់ទៅតាមរាជធានីខេត្តគួរតែទម្លាក់ទៅដើម្បី កុំឲ្យមានការរាំងស្ទះ តែមិនអញ្ចឹងទេ រដ្ឋាភិបាលដើរតែខ្ចីលុយគេឥឡូវហើយមិនកើតនោះទេ » ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃទី២៧ សីហា បានស្នើសុំគោលការណ៍អនុញ្ញាតទៅលោក ហ៊ុន សែន មេដឹកនាំរបបក្រុងភ្នំពេញ ដើម្បីសិក្សាពីលទ្ធភាពបង្កើតខេត្តថ្មីបន្ថែមចំនួន ២ទៀត។ ខេត្តថ្មីទាំង ២ ដែលរបបក្រុងភ្នំពេញគ្រោងបង្កើត គឺខេត្តថ្មីមួយ ត្រូវបំបែកពីខេត្តកណ្ដាល និងខេត្តថ្មីមួយទៀត ត្រូវបំបែកស្រុកកោះញែក ខេត្តមណ្ឌលគិរី និងស្រុកលំផាត់ ខេត្តរតនៈគិរី ស្របពេលបច្ចុប្បន្នដែលកម្ពុជាមានខេត្ត និងរាជធានី ចំនួន ២៥។
លោក ស ខេង អះអាងប្រាប់ លោក ហ៊ុន សែន ថា ផ្អែកតាមការពិនិត្យលើស្ថានភាពភូមិសាស្ត្រ និងស្ថានភាពប្រជាសាស្ត្រ ស្ថានភាពចំពោះមុខ គួរតែមានការសិក្សាលទ្ធភាពក្នុងការរៀបចំខេត្តថ្មីបន្ថែម ២ទៀត ដើម្បីជួយលើកកម្ពស់ប្រសិទ្ធិភាព នៃការគ្រប់គ្រងរដ្ឋបាល ការថែរក្សាសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍនៅមូលដ្ឋាន និងការផ្ដល់សេវាសាធារណៈជូនពលរដ្ឋ។
ប៉ុន្ដែ លោកបណ្ឌិត មាស នី យល់ថា ប្រសិទ្ធិភាពការងារ មិនមែនស្ថិតលើការបំបែក និងបង្កើតខេត្តថ្មីទេ ព្រោះបើចង់ឲ្យការងារមានប្រសិទ្ធិភាព របបនេះគួរសន្សំលុយ ដើម្បីបន្ថែមប្រាក់ខែមន្ត្រីរាជការ និងទម្លាក់ថវិកាឲ្យបានច្រើនដល់មូលដ្ឋាន ដើម្បីក្រុមប្រឹក្សាឃុំសង្កាត់ អាចមានលទ្ធភាពអភិវឌ្ឍភូមិឃុំរបស់ពួកគេ មានប្រសិទ្ធិភាពជាងមុន។
បណ្ឌិត មាស នី សង្កេតឃើញថា គម្រោងបង្កើតខេត្តថ្មីទាំងពីរនេះ កើតឡើងក្រោយពីរបបក្រុងភ្នំពេញប្រកាសថា នឹងកាត់បន្ថយក្បាលម៉ាស៊ីនអាណត្តិថ្មី នៅគណៈរដ្ឋមន្ត្រី ដូច្នេះក៏កើតមានតម្រុយបំបែកស្រុកខេត្តខ្លះ ដើម្បីបង្កើតខេត្តថ្មីតែម្ដង។ បណ្ឌិត មាស នី ផ្ដល់យោបល់ថា បើការបង្កើតខេត្តថ្មី សម្រាប់តែបង្កើតតំណែងឲ្យទៅបក្ខពួកខ្លួន កម្ពុជានឹងមិនអាចដើរទៅមុខរួចទេ៖ «ស្ថាប័នដែលបង្កើតឡើងនេះមិនមែនមានន័យថា វាអត់ប្រយោជន៍នោះទេ ប៉ុន្តែអ្វីដែលគេឃើញបង្កើត ដើម្បីផ្តល់ ចែកតំណែងឲ្យគ្នាទៅវិញទៅមក គេហៅថា ការចែកតំណែងឲ្យគ្នា»។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីចាំផ្ទះ លោក ផៃ ស៊ីផាន ឲ្យដឹងថា សំណើសុំឲ្យមានការសិក្សាពីលទ្ធភាពបង្កើតខេត្តបន្ថែមចំនួន ២ របស់លោក ស ខេង ត្រូវបានទទួលការឯកភាពពីលោក ហ៊ុន សែន រួចហើយ៖ «តាមអ្វីដែលសម្តេចបានថ្លែងនោះ សម្តេចបានសម្រេចឲ្យបង្កើតខេត្តថ្មីចំនួនពីរហើយបាទ»។
លោក ស ខេង បញ្ជាក់ក្នុងលិខិតថា ក្នុងករណី លោក ហ៊ុន សែន ឯកភាពគោលការណ៍គម្រោងបង្កើតខេត្តថ្មីទាំង ២នេះ ក្រសួងមហាផ្ទៃនឹងចាត់តាំងមន្ត្រីបច្ចេកទេសឲ្យសហការជាមួយក្រសួង និងអាជ្ញាធរពាក់ព័ន្ធចុះទៅសិក្សាភ្លាម ដើម្បីរាយការណ៍សុំយោបល់ជាបន្ដបន្ទាប់ពីលោក ហ៊ុន សែន។
អគ្គនាយករដ្ឋបាលនៃក្រសួងមហាផ្ទៃ លោក ប្រាក់ សំអឿន ត្រូវបានសារព័ត៌មានក្នុងស្រុកស្រង់សម្ដីចុះផ្សាយថា ការបង្កើតខេត្តថ្មីចំនួន ២ទៀត នឹងត្រូវធ្វើឲ្យបាន នៅដើមឆ្នាំ២០១៩ ដើម្បីទុកពេលវេលាសម្រាប់របបក្រុងភ្នំពេញកំណត់ចំនួនអាសនៈក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលត្រូវបោះឆ្នោតអាណត្តិទី៣ នៅខែឧសភា ឆ្នាំ២០១៩។
អ្នកឃ្លាំមើល និងជានាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ហៅការបង្កើតខេត្តថ្មី នាំឲ្យខាតបង់ថវិកាជាតិ។ សង្គមស៊ីវិលរូបនេះបន្ដថា ការពង្រឹងសេវាជូនប្រជាពលរដ្ឋ គឺត្រូវផ្ទេរមុខងារឲ្យបានពេញលេញ និងធនធានទៅថ្នាក់ក្រោម គឺនៅថ្នាក់ក្រុង ស្រុក ខណ្ឌ និងឃុំសង្កាត់៖ «បើស្រុកនឹងមានការឆ្ងាយពីខេត្តគួរតែបង្កើនមន្ត្រី ឲ្យបានច្រើនដាក់បម្រើជូនប្រជាពលរដ្ឋ ជាក់ស្តែងការបង្កើតថ្មី គឺគេអាចចាត់ទុកថា ជាការចែកតំណែងគ្នាអង្គុយហ្នឹង » ។
សង្គមស៊ីវិល និងអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមមើលឃើញស្រដៀងគ្នាថា ការបង្កើតខេត្តថ្មីៗ នៅពេលកន្លងមក ដូចជា ខេត្តត្បូងឃ្មុំ ឬខេត្តកែបជាដើម មិនសូវបានបម្រើផលប្រយោជន៍ពលរដ្ឋខុសគ្នាពីពេលមិនទាន់បំបែកខេត្តប៉ុន្មានទេ ប៉ុន្ដែនៅពេលបង្កើតខេត្តថ្មីម្ដងៗ បានធ្វើឲ្យមន្ត្រីបក្សកាន់អំណាចខ្លះ ប្រជែងគ្នាដាក់បក្ខពួកខ្លួន ឬសូកលុយដណ្ដើមតំណែងគ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
