ប្រមុខរដ្ឋាភិបាលកម្ពុជា លើកឡើងថា អាជ្ញាធរគ្មានវិធានការបិទជើងហោះហើរពីចិន ដើម្បីការពារវីរុសកូរ៉ូណានោះទេ ដោយលោកអះអាងថា វិធានការនេះគឺស្មើនឹងសម្លាប់សេដ្ឋកិច្ចកម្ពុជា និងកាត់បន្ថយទំនាក់ទំនងជាមួយចិន។ មន្ត្រីសង្គមស៊ីវិលយល់ថា រដ្ឋាភិបាល គួរតែចែកឱ្យដាច់ រវាង ទំនាក់ទំនងអន្តរជាតិជាមួយនឹងផលប៉ះពាល់នៃជំងឺឆ្លង ព្រោះក្នុងករណីវីរុសថ្មីនេះ ឆ្លងដល់ពលរដ្ឋកម្ពុជា គឺនឹងប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាដូចគ្នា ហើយថែមទាំងពិបាកទប់ស្កាត់ទៀតផង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៣០ មករាថា លោកមិន ទទួលយកសំណើរបស់ប្រជាពលរដ្ឋកម្ពុជា ដែលស្នើសុំឱ្យបិទជើងហោះហើរពីប្រទេសចិននោះទេ ទោះបីជាជំងឺឆ្លងផ្លូវដង្ហើមបង្កដោយវីរុស កូរ៉ូណាមានប្រភពពីប្រទេសចិន កំពុងរាតត្បាតស្ទើរពេញពិភពលោកក្ដី។ លោក ហ៊ុន សែន បញ្ជាក់ថា លោកមិនខ្វល់រដ្ឋាភិបាលប្រទេសផ្សេងៗគិតយ៉ាងម៉េចនោះទេ ប៉ុន្តែសម្រាប់រដ្ឋាភិបាលរបស់ លោក គឺគ្មានវិធានការបិទជើងហោះហើរពីប្រទេសចិន និងគ្មានវិធានការជម្លៀសពលរដ្ឋ និងនិស្សិតខ្មែរឡើយ។ លោកថា ជំហរបែបនេះគឺដើម្បីរក្សាកំណើនសេដ្ឋកិច្ច និងទំនាក់ទំនងល្អជាមួយប្រទេសមហាអំណាចកុម្មុយនិស្តចិន។ មេដឹកនាំដែលចាត់ទុករបបក្រុងប៉េកាំង ជាសម្ពន្ធមិត្តចាក់ទឹកមិនលិចរូបនេះ ក៏សម្ដែងការសោកស្ដាយចំពោះនិស្សិតខ្មែរ មួយចំនួនដែលនាំគ្នាចាកចេញ ពីប្រទេសចិន មិនព្រមនៅរួមសុខទុក្ខជាមួយប្រជាជនចិន ដែលកំពុងមានបញ្ហាវីរុសកូរ៉ូណានោះផងដែរ៖ «អត់មានតម្រូវការទាក់ទិននឹងការបញ្ឈប់ជើងហោះហើរដែលជាផ្នែកមួយនៃការសម្លាប់សេដ្ឋកិច្ចខ្មែរ និងជាផ្នែកមួយនៃការកាត់បន្ថយទំនាក់ទំនងរវាងកម្ពុជា - ចិន អត់មានតម្រូវការនៃការជម្លៀសនិស្សិតខ្មែរ អ្នកការទូតខ្មែរ កុងស៊ុលខ្មែរនៅតាមទីកន្លែងនានាក្នុងប្រទេសចិន មកកាន់កម្ពុជាទេ ដោយយើងទុកនៅទីនោះ ដែលជាការរួមសុខរួមទុក្ខជាមួយគ្នា ជាការដោះស្រាយបញ្ហា ហើយប្រសិនបើបានជាជ្រុលជម្លៀសហើយមិនចាំបាច់សុំអាហារូបករណ៍ចិនទៀតទេ។ ខ្ញុំមិនដឹងថា ចិនគិតម៉េចទេ ប៉ុន្តែបើខ្ញុំជាចិនខ្ញុំមិនឱ្យទៀតទេ»។
លោក ហ៊ុន សែន លើកឡើងដែរថា ជំងឺដែលប្រទេសកម្ពុជា កំពុងជួបប្រទះបច្ចុប្បន្ននេះ គឺមិនមែនជាជំងឺរលាកសួត ដែលបង្កឡើងដោយវីរុសកូរ៉ូណាថ្មីនោះទេ ប៉ុន្តែគឺជាជំងឺភ័យខ្លាចជ្រុលហួសហេតុរបស់ប្រជាពលរដ្ឋ ហើយលោកថែមទាំងគំរាមបណ្ដេញអ្នកសារព័ត៌មានណាដែលពាក់ម៉ាស់ ចេញពីកន្លែងដែលលោកកំពុងថ្លែងសុន្ទរកថានោះទៀតផង៖ « បើសិនជាមានអ្នកពាក់ម៉ាស់ ខ្ញុំដេញចេញ អត់ឱ្យនៅទីនេះទេ ឱ្យហ្អែងទៅស៊ីជាមួយម៉ាស់ទៅ នៅជាមួយម៉ាស់ទៅ។ ខ្លាមិនខ្លាចទៅខ្លាចអាចម៍ខ្លា អត់ទាន់ងាប់ម្នាក់ផង ខ្មែរអត់ទាន់មានឆ្លងម្នាក់ផង»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ចេញប្រតិកម្មបែបនេះ ជាការឆ្លើយតបនឹងសំណើរបស់ប្រជាពលរដ្ឋកម្ពុជាមួយចំនួន ដែលបានស្នើសុំឱ្យរដ្ឋាភិបាលផ្អាកជើងហោះហើរពីប្រទេសចិន បណ្ដោះអាសន្នដោយបារម្ភថា ការអនុញ្ញាតឱ្យជនជាតិចិនចូលមកកម្ពុជាច្រើនក្នុង ពេលនេះ គឺមានហានិភ័យខ្ពស់ក្នុងការនាំមេរោគកូរ៉ូណាមកកម្ពុជា។
ទោះជាយ៉ាងណា ក្រោយលោក ហ៊ុន សែន ប្រកាសបែបនេះ ប្រជាពលរដ្ឋមួយចំនួន បានបង្ហោះសារឌឺដងនៅលើបណ្ដាញសង្គមហ្វេសប៊ុកដោយសរសេរថា ការបិទជើងហោះហើរមួយរយៈ មិនប៉ះពាល់សេដ្ឋកិច្ចនិងទំនាក់ទំនងជាមួយចិនធ្ងន់ធ្ងរអ្វីទេ ប៉ុន្តែដើម្បីសុខទុក្ខរបស់ពលរដ្ឋ។ អ្នកខ្លះទៀត រិះគន់ថា ប្រសិនបើគ្រាន់តែបិទជើងហោះហើរពីចិន ខ្លាចប៉ះពាល់ដល់សេដ្ឋកិច្ចទៅហើយ ចុះហេតុអ្វីលោក ហ៊ុន សែន មិនខ្វល់ខ្វាយចំពោះការបាត់បង់ប្រព័ន្ធអនុគ្រោះព័ន្ធ EBA របស់សហភាពអឺរ៉ុប និងប្រព័ន្ធ GSP របស់អាមេរិក ដែលផ្ដល់ប្រយោជន៍ធំធេងសម្រាប់សេដ្ឋកិច្ច កម្ពុជាទៅវិញ។
និស្សិតមួយរូបដែលទើបតែមកដល់ប្រទេសកម្ពុជា គឺលោក សោម ពេជ្រដូល្លា ថ្លែងថា លោកសុំមិនឆ្លើយតបច្រើនចំពោះការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីឡើយ ប៉ុន្តែលោកគ្រាន់តែ បញ្ជាក់ថា ប្រសិនបើបន្តស្នាក់នៅប្រទេសចិន គឺពិតជាល្អជាងមកកម្ពុជាមែន ព្រោះសាលា និងរដ្ឋាភិបាលចិន មានការយកចិត្តទុកដាក់ ខ្ពស់ចំពោះសុវត្ថិភាពនិងសុខភាពរបស់ពលរដ្ឋគ្រប់រូប មិនថាជនបរទេសនោះទេ។ ម្យ៉ាងវិញទៀត និស្សិតរូបនេះ យល់ថា ការដែលរដ្ឋាភិបាលកម្ពុជា លើកឡើងថា ចង់ឱ្យពលរដ្ឋខ្មែររួមសុខទុក្ខជាមួយប្រជាជនចិននោះ ប្រហែលអាចដោយសារតែរដ្ឋាភិបាលគ្មានលទ្ធភាពជម្លៀសពលរដ្ឋនិងនិស្សិតចេញពីតំបន់ប្រឈម ក្នុងប្រទេសចិនដូចប្រទេសគេជឿនលឿន៖ «បើយើងនិយាយប្រៀបធៀបជាមួយបរទេសដែលមានភាពជឿនលឿនជាងប្រទេសយើង បើនិយាយពីស្ថានភាពប្រទេសយើងនិងប្រទេសគេគឺខុសគ្នា ដូច្នេះ មិនអាចនិយាយរឿងប្រៀបធៀបដែលយើងអាចទៅយកបានទេ ព្រោះការទៅយក គឺយើងត្រូវទំនាក់ទំនងទៅដល់រដ្ឋាភិបាលគេ ( ចិន )»។
ជំងឺរលាកផ្លូវដង្ហើមដែលបង្កដោយវីរុសកូរ៉ូណាថ្មីនេះ បានផ្ទុះឡើងនៅទីក្រុងវូហាន ខេត្តហ៊ូបេ (Hubei) ប្រទេសចិន ចាប់តាំងពីចុងខែធ្នូ ឆ្នាំ២០១៩។ គិតត្រឹមល្ងាចថ្ងៃទី៣០ ខែមករា វីរុសកូរ៉ូណាថ្មីនេះ បានសម្លាប់មនុស្សនៅក្នុងប្រទេសចិនជាង ១៧០នាក់ និងបានឆ្លងទៅមនុស្សជិត ៨ពាន់នាក់។
សហរដ្ឋអាមេរិក ជប៉ុន អង់គ្លេស និងសិង្ហបុរី រួមទាំងប្រទេសមួយចំនួនទៀត បានជម្លៀសពលរដ្ឋរបស់ខ្លួនចេញ ពីតំបន់ផ្ទុះវីរុសដ៏កាចសាហាវមួយនេះ និងថែមទាំងរឹតបន្តឹង និងកាត់បន្ថយជើងហោះហើរពីប្រទេសចិនផងដែរ។ ដោយឡែក រដ្ឋាភិបាលកម្ពុជាវិញ គ្មានផែនការជម្លៀសពលរដ្ឋ និងនិស្សិតរបស់ខ្លួនចេញពីតំបន់ដែលផ្ទុះមេរោគកូរ៉ូណានោះឡើយ ហើយដោយសារហេតុផលនេះហើយទើបក្រុមនិស្សិតកម្ពុជាមួយចំនួន ដែលកំពុងសិក្សានៅប្រទេសចិន បានសម្រេចទិញសំបុត្រយន្តហោះដោយខ្លួនឯងមកកម្ពុជាវិញ ដើម្បីគេចចេញពីជំងឺឆ្លងមួយនេះ ប៉ុន្តែក៏មានការអនុញ្ញាតពីសាលារបស់ពួកគេដែរ។
នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រី មិនគួរប្រើភាសាបែបនយោបាយឡើយ ព្រោះមិនមែនតែពលរដ្ឋកម្ពុជានោះ ទេ ពោលគឺពិភពលោកទាំងមូលរួមទាំងចិននិងប្រទេសជឿនលឿនផ្នែកសុខាភិបាល សុទ្ធតែមាន ការព្រួយបារម្ភកម្រិតខ្ពស់ជុំវិញការចម្លងវីរុសកូរ៉ូណាពីអ្នកដំណើរជនជាតិចិននេះដែរ។ លោកទទួល ស្គាល់ថា ការបិទជើងហោះហើរពីប្រទេសចិន គឺអាចមានផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាផ្នែកខ្លះ ប៉ុន្តែប្រសិនបើមានករណីជនជាតិចិន នាំវីរុសកូរ៉ូណាថ្មីមកចម្លងដល់ប្រជាពលរដ្ឋខ្មែរជាយថាហេតុនោះ គឺនឹងបណ្ដាលឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចដូចគ្នា និងថែមទាំងប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋថែមទៀតផង។ មន្ត្រីសង្គមស៊ីវិលរូបនេះ មើលឃើញដែរថា ការជួយជម្លៀសនិស្សិតនិងពលរដ្ឋខ្មែរចេញ ពីទីក្រុងវូហានដែលផ្ទុះមេរោគថ្មីនេះ គឺមិនអាចនាំភាពល្អក់កករដល់ទំនាក់ទំនងកម្ពុជា-ចិនឡើយ៖ «ចំណុចទី២ រឿងពលរដ្ឋនិងនិស្សិតខ្មែរនៅទីក្រុងវូហាននេះ ខ្ញុំគិតថា ពួកគេស្ថិតនៅទីនោះមិនមែន ជាក្រុមជួយសង្គ្រោះ ឬក្រុមដែលមានប្រព័ន្ធការពារ សុវត្ថិភាព ក្នុងទម្រង់ឬមួយក៏ជាគ្រូពេទ្យអីទេ ខ្ញុំគិតថា ពួកគេនៅទីនោះ ប្រឈមខ្លាំងនឹងហានិភ័យនៃការឆ្លងមេរោគថ្មីនេះ ដូច្នេះការជម្លៀស ពួកគេចេញ វានឹងមិនមានផលប៉ះពាល់នៃចំណង មិត្តភាពកម្ពុជា - ចិននោះទេ ខណៈប្រទេសផ្សេង គេក៏មានចំណងទាក់ទងជាមួយចិនដែរ ប៉ុន្តែគេនៅតែស្ទុះស្ទាប្រយ័ត្នប្រយែងហើយនឹងរកមធ្យោបាយដើម្បីជម្លៀសពលរដ្ឋរបស់គេចេញពី ទីកន្លែងដែរមានមេរោគឆ្លងដ៏កាចសាហាវនោះ»។
គិតត្រឹមល្ងាចថ្ងៃទី៣០ ខែមករា នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលឱ្យដឹងថា កម្ពុជាមិនទាន់រកឃើញករណីឆ្លងថ្មីទៀតនោះទេ។ ចំណែកអ្នកផ្ទុកមេរោគកូរ៉ូណា ដែលជាជនជាតិចិនម្នាក់នោះ គឺបន្តមានសុខភាពល្អ គ្មានរោគសញ្ញាផ្លូវដង្ហើមទៀតទេ ហើយអ្នកប៉ះពាល់ និងអ្នកជិះយន្តហោះជាមួយអ្នកជំងឺ សរុបទាំងអស់ប្រមាណ ១០០នាក់ ក៏ពុំទាន់មានអ្នកចេញរោគសញ្ញាអ្វីនៅឡើយដែរ។ ក្រុមគ្រូពេទ្យកម្ពុជា នឹងបន្តតាមដានសុខភាព ពួកគេជារៀងរាល់ថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។