រដ្ឋមន្ត្រី៖ រដ្ឋាភិបាល​កំពុង​រៀបចំ​ក្រុម​ការងារ​គ្រប់គ្រង​ចំណូល​លក់​សំបុត្រ​តំបន់​អង្គរ

0:00 / 0:00

រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឲ្យ​ដឹង​ថា នៅ​ពេល​នេះ​រដ្ឋាភិបាល​កំពុង​រៀបចំ​នីតិវិធី​ដើម្បី​គ្រប់គ្រង​ចំណូល​លក់​សំបុត្រ​ឲ្យ​ភ្ញៀវទេសចរ​ចូល​ទស្សនា​តំបន់​អង្គរ​ឲ្យ​បាន​ម៉ត់ចត់។ ដូច​គ្នា​នេះ​ដែរ មន្ត្រី​បក្ស​ប្រឆាំង​ក៏​ចង់​ឃើញ​ការ​គ្រប់គ្រង​នោះ ធ្វើ​ឡើង​ដោយ​តម្លាភាព និង​គ្មាន​ការ​លួចបន្លំ ឬ​អំពើ​ពុករលួយ។

ការ​រៀបចំ​នីតិវិធី និង​ក្របខ័ណ្ឌ​ច្បាប់​នានា ដើម្បី​រដ្ឋ​អាច​គ្រប់គ្រង​ការ​លក់​សំបុត្រ​នៅ​តំបន់​អង្គរ​ដោយ​រដ្ឋាភិបាល​នៅ​ដើម​ឆ្នាំ​២០១៦ ខាង​មុខ ស្ថិត​ក្នុង​ដំណើការ​នៃ​ការ​ពិភាក្សា​គ្នា​នៅ​ឡើយ។

មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា ចំណូល​ដែល​បាន​ពី​ការ​លក់​សំបុត្រ​នឹង​ហូរ​ចូល​ទៅ​ថវិកា​ជាតិ​ទាំង​អស់។

រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន ឲ្យ​អ្នក​កាសែត​ដឹង​កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា បន្ទាប់ពី​បញ្ចប់​ជំនួប​ជាមួយ​អន្តរ​គណៈកម្មការ​របស់​រដ្ឋ​សភា​ថា រដ្ឋាភិបាល​ចាត់​តាំង​ឲ្យ​ក្រសួង​ទេសចរណ៍​គ្រប់គ្រង​ផ្នែក​គ្រិះស្ថាន និង​ក្រសួង​សេដ្ឋកិច្ច គ្រប់គ្រង​ចំណូល-​ចំណាយ។

លោក​រដ្ឋមន្ត្រី​អះអាង​ថា នៅ​ពេល​នេះ រដ្ឋាភិបាល​កម្ពុជា មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​គ្រប់គ្រង​លើ​ការ​លក់​សំបុត្រ​ចូល​ទស្សនា​តំបន់​អង្គរ៖ «ខ្ញុំ​យល់​ថា យើង​មាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​ធ្វើ​ការងារ​នេះ ពី​មុន​មក​យើង​ឃើញ​ថា ចំណូល​មាន​ការ​បែងចែក​ឲ្យ​ទៅ​ក្រុមហ៊ុន ឥឡូវ​រដ្ឋាភិបាល​ទទួល​បាន​ទាំង​អស់​ប្រើប្រាស់​ជា​ប្រយោជន៍​រួម»

ការ​អះអាង​បែប​នេះ បន្ទាប់​ពី​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន សម្រេច​លុប​ចោល​កិច្ច​ព្រមព្រៀង​ទទួល​សិទ្ធិ​លក់​សំបុត្រ​ចូល​ទស្សនា​តំបន់​អង្គរ​ជាមួយ​ក្រុមហ៊ុន សុខា អូតែល (Sokha Hotel) នៅ​ខែ​មករា ឆ្នាំ​២០១៦ ខាង​មុខ​នេះ។ ដំណឹង​នេះ​ធ្វើ​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង​សប្បាយចិត្ត ព្រោះ​គណបក្ស​នេះ​បាន​ព្យាយាម​តស៊ូ​មតិ​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​នេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ មាន​ប្រសាសន៍​ថា ការ​ដែល​ក្រសួង​រៀបចំ​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ដោយ​ខ្លួន​ឯង​បែប​នេះ នឹង​ធ្វើ​ឲ្យ​ចំណូល​ចូល​រដ្ឋ​ដោយ​មិន​បាច់​ឆ្លង​កាត់​តាម​រយៈ​ក្រុមហ៊ុន​របស់​លោក សុខ គង់ ដូច​មុន​ទៀត​ឡើយ។ លោក​បន្ត​ថា ចំណូល​បាន​ពី​ការ​លក់​សំបុត្រ​កន្លង​មក មិន​បាន​ដាក់​បញ្ចូល​ទៅ​ថវិកា​ជាតិ​ទេ ដែល​ជា​ការ​បែងចែក​គ្មាន​ទិសដៅ​ត្រឹមត្រូវ៖ «យើង​ឃើញ​ថា ទីមួយ​ថវិកា​ទទួល​បាន​មិន​បាច់​បង់​ទៅ​ក្រុមហ៊ុន សុខា ឲ្យ​គេ​ចំណេញ​រាប់​សិប​លាន មួយ​ទៀត រដ្ឋាភិបាល​គ្រប់គ្រាន់​រដ្ឋ​សភា​អាច​តាមដាន»

​រីឯ​អ្នក​នាំ​ពាក្យ​អាជ្ញាធរ​អប្សរា អ្នកស្រី ចៅ ស៊ុន កិរិយា ប្រាប់​ថា អាជ្ញាធរ​អប្សរា​គ្រប់គ្រង​លើ​ការ​លក់​សំបុត្រ សកម្មភាព​លក់​សំបុត្រ​គឺ​ក្រុមហ៊ុន សុខា អូតែល ជា​អ្នក​អនុវត្ត។ ប៉ុន្តែ​អ្នកស្រី​ថា កន្លង​មក​ចំណូល​បាន​ពី​ការ​លក់​សំបុត្រ​ក្រុមហ៊ុន​ជា​អ្នក​គ្រប់គ្រង ហើយ​បង់​ជូន​រដ្ឋ​ខ្លួន​ឯង ដោយ​មិន​បាន​ឆ្លង​កាត់​អាជ្ញាធរ​អប្សរា​ឡើយ។ ប៉ុន្តែ​អ្នកស្រី​បញ្ជាក់​ថា ក្នុង​ករណី​អាជ្ញាធរ​អប្សរា​ត្រូវ​ការ​ថវិកា​ជួសជុល ឬ​ថែរក្សា​ប្រាសាទ ត្រូវ​ដាក់​សំណើ​ទៅ​ថ្នាក់​ជាតិ។

អ្នក​នាំ​ពាក្យ​អាជ្ញាធរ​អប្សរា​ដដែល​បន្ត​ថា ក្រុមហ៊ុន សុខា អូតែល ចាប់​ផ្តើម​លក់​សំបុត្រ​ចូល​ទស្សនា​តំបន់​អង្គរ​នៅ​ឆ្នាំ​១៩៩៩។

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​អ្នក​ឧកញ៉ា សុខ គង់ ប្រធាន​ក្រុមហ៊ុន សុខា អូតែល បាន​ទេ នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ដោយ​ទូរស័ព្ទ​រោទ៍​ជា​ច្រើន​គ្មាន​អ្នក​លើក។

​លោក សុន ឆ័យ រិះគន់​ថា ​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល និង​ក្រុម​របស់​លោក សុខ គង់ ក្នុង​ការ​លក់​សំបុត្រ​ទៅ​ទស្សនា​តំបន់​អង្គរ​មាន​ភាព​អាថ៌​កំបាំង​ច្រើន ព្រោះ​ចំណូល-​ចំណាយ​មិន​ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ ហើយ​ការ​បង្វិល​លុយ​នោះ​ទៀតសោត មាន​ការ​លាក់​លៀម​ច្រើន៖ «ការ​ប្រមូល​លុយ​កន្លង​មក​គ្មាន​តម្លាភាព​ត្រឹមត្រូវ យើង​មាន​ប្រព័ន្ធ អាយ.ធី ច្រើន​ណាស់ ដើម្បី​គ្រប់គ្រង»

ផ្ទុយ​ទៅ​វិញ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន កាល​ពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ថ្លែង​បែប​ចំអក​ទៅ​គណបក្ស​ប្រឆាំង​ថា រដ្ឋាភិបាល​សម្រេច​ដក​សិទ្ធិ​លក់​សំបុត្រ​ទស្សនា​តំបន់​អង្គរ ពី​ក្រុមហ៊ុន​របស់​លោក សុខ គង់ ដូច​នេះ ដើម្បី​បញ្ចប់​នូវ​ការ​លាប​ពណ៌​របស់​គណបក្ស​ប្រឆាំង​ថា តំបន់​អង្គរ មិន​មែន​គ្រប់គ្រង​ដោយ​ជនជាតិ​ខ្មែរ។ ប៉ុន្តែ​ទោះ​យ៉ាង​ណា​ក្តី តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ អះអាង​ថា រដ្ឋាភិបាល​បាន​បាត់បង់​ថវិកា​ប្រមាណ ៦០​លាន​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ ខណៈ​ដែល​ការ​លក់​សំបុត្រ​ចូល​ទស្សនា​តំបន់​អង្គរ ត្រូវ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន សុខា អូតែល របស់​ឧកញ៉ា សុខ គង់ កន្លង​មក​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។