រដ្ឋាភិបាលត្រៀមកម្លាំងទប់ស្កាត់មិនឲ្យលោក សម រង្ស៊ី វិលចូលស្រុក
2016.10.21

រដ្ឋាភិបាលកម្ពុជា ត្រៀមកងកម្លាំងដើម្បីទប់ស្កាត់មិនឲ្យលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ វិលចូលស្រុកវិញបានជាដាច់ខាត ប៉ុន្តែរដ្ឋាភិបាលមិនបានបញ្ជាឲ្យនគរបាលចាប់ខ្លួនលោក សម រង្ស៊ី ទេ។
លិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីដែលត្រូវបានបង្ហាញជាសាធារណៈ នៅថ្ងៃទី២១ ខែតុលា បញ្ជាក់ថា យោងតាមចំណាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើទៅអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្ថាប័នពាក់ព័ន្ធនានា និងជាពិសេសជាមួយលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលឲ្យប្រើគ្រប់មធ្យោបាយមិនឲ្យលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ វិលចូលស្រុកបានទេ។
លិខិតដដែលបង្គាប់ឲ្យគ្រប់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ដែលធ្វើប្រតិបត្តិការមកកម្ពុជា មិនឲ្យលោក សម រង្ស៊ី ឡើងលើយន្តហោះមកកម្ពុជា ទេ និងត្រូវផ្ដល់របាយការណ៍ទៀងទាត់ក្នុងករណីលោក សម រង្សី ទិញសំបុត្រមកកម្ពុជា។ ក្នុងករណីលោក សម រង្ស៊ី ធ្វើដំណើរមកកម្ពុជា តាមយន្តហោះណាមួយ យន្តហោះនោះត្រូវបង្វែរទិសដៅទៅអាកាសយានដ្ឋានដើមវិញ ដោយមិនអនុញ្ញាតឲ្យចុះចតនោះទេ។
ក្នុងករណីលោក សម រង្ស៊ី នៅតែអាចចុះដល់អាកាសយានដ្ឋានណាមួយនៅកម្ពុជា បាន ក៏មិនត្រូវឲ្យចាកចេញពីយន្តហោះឡើយ និងត្រូវត្រឡប់ទៅអាកាសយានដ្ឋានដើមវិញ។ ក្នុងករណីលោក សម រង្ស៊ី ចាកចេញពីយន្តហោះ នគរបាលអន្តោប្រវេសន៍ត្រូវចាត់វិធានការផ្លូវច្បាប់កុំឲ្យចូលកម្ពុជា បាន និងត្រូវចាត់វិធានការផ្សេងៗតាមការចាំបាច់។
អគ្គនាយករង និងជាអ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ លោក កែវ វណ្ណថន បញ្ជាក់ថា លោកទទួលបានលិខិតពីទីស្ដីការគណៈរដ្ឋមន្ត្រីដែលមានខ្លឹមបែបនេះ កាលពីថ្ងៃទី១៨ ខែតុលា។
ការបង្ហាញវិធានការរបស់រដ្ឋាភិបាលបែបនេះ ក្រោយពេលលោក សម រង្ស៊ី អះអាងថា នឹងវិលចូលស្រុកដើរចូលគុក ប្រសិនបើមានការដោះលែងមន្ត្រីបក្សប្រឆាំង និងអ្នកសិទ្ធិមនុស្សប្រមាណ ៣០នាក់។
សូមស្ដាប់ការបកស្រាយរបស់លោក សម រង្ស៊ី ឆ្លើយតបទៅនឹងចំណាត់ការរបស់រដ្ឋាភិបាលនេះតាមការសាកសួររបស់លោក ជុន ច័ន្ទបុត្រ៖