លោក ហៃ វណ្ណា បាត់​ខ្លួន​ប្អូនប្រុស​ម្នាក់ ក្រោយ​លោក ហ៊ុន សែន គំរាម​ធ្វើបាប

ដោយ ច័ន្ទ ដារ៉ូ
2024.08.17
លោក ហៃ វណ្ណា បាត់​ខ្លួន​ប្អូនប្រុស​ម្នាក់ ក្រោយ​លោក ហ៊ុន សែន គំរាម​ធ្វើបាប ប្អូនប្រុស​លោក ហៃ វណ្ណា គឺលោក ហៃ វណ្ណនិត ដែលត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១៦ សីហា ២០២៤។
រូប៖ ហ្វេសប៊ុក ហៃ វណ្ណា

អាជ្ញាធរ​របស់​លោក ហ៊ុន សែន ចាប់ខ្លួន​ប្អូន​របស់​លោក ហៃ វណ្ណា ឈ្មោះ ហៃ វណ្ណនិត នៅ​ច្រកព្រំដែន​ប៉ោយប៉ែត​កាលពី​រសៀល​ថ្ងៃទី​១៦ ខែសីហា។ លោក ហៃ វណ្ណា បារម្ភ​អំពី​សុវត្ថិភាព និង​សុខទុក្ខ​ប្អូនប្រុស​ជា​ខ្លាំង ដោយ​មក​ដល់​ពេល​នេះ លោក​ពុំ​ទាន់​បានដឹង​ដំណឹង​ផ្លូវការ​ណាមួយ​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​រឿង​ឃាត់ខ្លួន​នោះ​នៅឡើយ​ទេ​។ អ្នកឃ្លាំមើល​ចាត់ទុក​ករណីនេះ​ថា​ទង្វើ​ខឹង​គោ​វាយ​រទេះ ដើម្បី​ធ្វើ​ទុក្ខបុកម្នេញ បំបាក់ស្មារតី​ចំពោះ​អ្នក​ដែល​ហ៊ាន​ប្រឆាំង​ការដឹកនាំ​របស់​រដ្ឋាភិបាល។

សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ ហៃ វណ្ណា ចាត់ទុក​ទង្វើ​របស់​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ដែល​ចាប់​ប្អូនប្រុស​មិនបាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​នយោបាយ​ជាមួយ​លោក ទៅ​ធ្វើ​ជា​ចំណាប់ខ្មាំង​បែបនេះ​ថា ជា​រឿង​អមនុស្សធម៌ និង​ជា​ទង្វើ​ស្មោកគ្រោក​ដែល​ជន​ផ្ដាច់ការ​តែងតែ​យក​គ្រួសារ​អ្នកមាន​និន្នាការ​ផ្ទុយ​មក​ដាក់​សម្ពាធ​គ្រប់​រូបភាព តែ​យ៉ាងណា​លោក​មិន​ចុះ​ញ៉ម​នឹង​គ្រួសារ​ត្រកូល​ហ៊ុន​នោះ​ទេ​។ លោក​អះអាង​ថា លោក​បាន​រាយការណ៍​បញ្ហា​នេះ​ទៅ​ប្រាប់​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ និង​អន្តរជាតិ រួម​ទាំង​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន​ដើម្បី​ជួយ​ឃ្លាំមើល និង​ការពារ​សុវត្ថិភាព​ប្អូនប្រុស។

លោក ហៃ វណ្ណា៖ «ក្នុងនាម​យើង​ជា​មនុស្ស​ពេញវ័យ​ដើមទ្រូង​៥​ហត្ថ ត្រូវ​ប្រកួត​ប្រជែង​គ្នា​តាម​សមត្ថភាព​ដែល​ខ្លួន​មាន ដោយ​មិន​គួរ​យក​កម្លាំង​ប្រដាប់​អាវុធ ឬ​អាជ្ញាធរ​គាបសង្កត់​គូភាគី​ណាមួយ​នោះ​ទេ តែ​វា​ជា​រឿង​មួយ​ដែល​ជន​ផ្ដាច់ការ​តែងតែ​ធ្វើ អ៊ីចឹង​ខ្ញុំ​អត់​មាន​អ្វី​តក់​ស្លុត ឬ​ភ័យខ្លាច ឬ​ព្រួយបារម្ភ​អ្វី​ទេ ទោះបី​មានការ​ចាប់ខ្លួន​បែបនេះ​ហើយក៏​ខ្ញុំ​ប្រាប់​ទៅ​លោក ហ៊ុន សែន លោក ហ៊ុន ម៉ា​ណែ​ត ថា​ខ្ញុំ​មិន​រាថយ​ក្នុង​ការ​ធ្វើ​សកម្មភាព​ប្រឆាំង​គ្រួសារ​លោក ហ៊ុន សែន ទេ​បាទ»

លោក ហៃ វណ្ណា ឱ្យ​ដឹង​ថា គ្រួសារ​របស់​លោក​បានសម្រេច​ចិត្ត​ចាក​ចេញពី​ប្រទេស​កម្ពុជា​មកដល់​ប្រទេស​ជប៉ុន​ដោយ​បង្ខំ​កាលពី​ថ្ងៃ​ទី៥ ខែសីហា បន្ទាប់ពី​ទទួល​សារ​គំរាមកំហែង​របស់​លោក ហ៊ុន សែន​។ ចំណែក​ប្អូនប្រុស​លោក​ឈ្មោះ ហៃ វណ្ណនិត បានសម្រេច​បន្ត​រស់នៅ​ក្នុង​ប្រទេស​ធ្វើជា​មន្ត្រីជាន់ខ្ពស់​នៃ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ​ដើម្បី​ត្រៀមខ្លួន​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​បណ្ឌិត​នៅ​អាមេរិក។ ប៉ុន្តែ​ដោយសារ​លោក ហ៊ុន សែន បាន​គំរាម​លើ​រូបលោក ជា​សាធារណៈ​រឿង​ប្រឆាំង​កិច្ច​សហប្រតិបត្តិការ​CLV ​ម្តង​ទៀត ក៏​មាន​ប៉ូលិស​ស្លៀកពាក់​ឯកសណ្ឋាន និង​ស៊ីវិល​ជាច្រើន​នាក់​កាលពី​ថ្ងៃទី​១៣ ខែ​សីហា បាន​កាន់​បញ្ជី​ឈ្មោះ​សួររក​គ្រួសារ​របស់​លោក​ដល់​ផ្ទះ​នៅ​រាជធានី​ភ្នំពេញ ដែល​ធ្វើ​ឱ្យ​ប្អូនប្រុស​របស់​លោក​ព្រួយបារម្ភ​ពី​សុវត្ថិភាព ហើយក៏​បានសម្រេច​ចិត្ត​ចាក​ចេញទៅ​ប្រទេស​ថៃ​តែ​ត្រូវ​អាជ្ញាធរ​លោក ហ៊ុន សែន ចាប់ខ្លួន​នៅ​ច្រកព្រំដែន​ប៉ោយប៉ែត។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​លោក ខៀវ សុភ័ក បដិសេធ​ឆ្លើយ​សំណួរ​របស់​វិទ្យុ​អាស៊ីសេរី​ដោយ​លោក​រុញ​ឱ្យទៅ​សួរ​លោក ឆាយ គឹម ខឿន វិញ​។ ចំណែក​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​លោក ឆាយ គឹម​ខឿន មិន​អាច​សុំ​ការ​ឆ្លើយ​តប​ទាក់ទង​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃទី​១៧ ខែ​សីហា។

កាល​ពី​ថ្ងៃទី​២៣ ខែកក្កដា ប្រធាន​ព្រឹទ្ធសភា និង​ជា​មេ​បក្ស​កាន់អំណាច ហើយ​ជា​ឪពុក​របស់​នាយករដ្ឋមន្ត្រី គឺ​លោក ហ៊ុន សែន បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ​ចំពោះ​លោក ហៃ វណ្ណា ដែល​ចូល​ទៅ​បញ្ចេញមតិ ឬ​ខម​មិន​(Comment) ​នៅក្នុង​ហ្វេសប៊ុក (Facebook) ​របស់​លោក ហ៊ុន សែន អំពី​ការ​ព្រួយ​បារម្ភ​រឿង​ដាក់បញ្ចូល​ខេត្ត​របស់​ខ្មែរ​ចំនួន​៤ ដែល​ស្ថិតនៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​ដើម្បី​អភិវឌ្ឍន៍​រួមគ្នា​ជាមួយ​វៀតណាម​(Vietnam) និង​ឡាវ (Lao)​។ លោក ហ៊ុន សែន គំរាម​ថា ទោះបីជា​លោក ហៃ វណ្ណា កំពុង​រស់នៅ​ប្រទេស​ជប៉ុន​ក្តី ក៏​លោក​មាន​ក្រុម​គ្រួសារ​កំពុង​រស់នៅ​ក្នុង​ស្រុក​ខ្មែរ​ដែរ ដូច្នេះ​កុំ​ព្រហើន​។ បន្ថែម​ពី​នេះ លោក ហ៊ុន សែន ក៏​បញ្ជា​ឲ្យ​អាជ្ញាធរ​ត្រូវ​ស្វែងរក​ក្រុម​គ្រួសារ​របស់​លោក ហៃ វណ្ណា និង​អ្នក​រិះគន់​នៅ​ក្រៅ​ប្រទេស​ផ្សេងទៀត​។

លោក ហ៊ុន សែន​​៖ «ឈ្មោះ ហៃ វណ្ណា នៅឯ​ជប៉ុន​បាន​ចូល​មក​និយាយ​ពី​រឿង​កាត់​ដី​បួន​ខេត្ត​ឱ្យ​គេ កាត់​ដី​បួន​ខេត្ត​ឱ្យ​គេ បានជា​ខ្ញុំ​ករុណា​ខ្ញុំ​ខ្ជិល​តមាត់​ប្លុក​វា​(Block Facebook) ចោល​ទៅ ប៉ុន្តែ​អ្នកឯង​មិន​ត្រូវ​ភាន់ច្រឡំ​ទេ​ណា៎ អ្នកឯង​ក៏​មាន​ក្រុម​គ្រួសារ​នៅ​ស្រុក​ខ្មែរ​ណា សូម​អ្នកឯង​ត្រូវ​ចងចាំ»

បន្ទាប់ពី​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ជាពិសេស​នៅ​ប្រទេស​ជប៉ុន​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​នឹង​កិច្ច​សហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍​គគ្រឹកគគ្រេង​នោះ ឪពុក​និង​កូន​គឺ​លោក ហ៊ុន សែន លោក ម៉ា​ណែ​ត ហាក់​ដេក​មិន​លក់​បក​មិន​ល្ហើយ ក៏បាន​ព្រួត​គ្នា​ចោទ​ថា ក្រុមប្រឆាំង​នៅ​ពីក្រោយ​បាតុកម្ម​ទាំងនោះ​។ ក្រៅ​ពី់​ឪពុក​គំរាម​ចាប់​ពលរដ្ឋ​ដាក់គុក​ហើយ​នោះ ចំណែក​កូន​គឺ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏​មិន​ណ​យ​ដែរ កាលពី​ថ្ងៃទី​១៥ ខែសីហា លោក​និយាយ​ថា​លោក ហៃ វណ្ណា និង​ពលរដ្ឋ​មួយចំនួន​ប្រើប្រាស់​ទឹកដី​ប្រទេស​ជប៉ុន​ញុះញង់​ឱ្យ​ពលរដ្ឋ​នៅក្នុង​ប្រទេស ប្រមូល​ប្រ​ផ្តុំ​ធ្វើបាតុកម្ម​ផ្ដួលរំលំ​រដ្ឋាភិបាល​របស់​លោក។

លោក ហ៊ុន ម៉ាណែត៖ «ហើយ​អ្នក​ដែល​ស្រែក​ខ្លាំង​ជាង​គេ​គឺ​នៅ​ជប៉ុន ខ្លួនឯង​ទើប​យក​ធានា​យក​ទាំង​ឪពុកម្ដាយ​យក​ទៅ​នៅ ដឹក​តាម​យន្តហោះ​ចេញ​ហើយ ទៅ​ឱ្យ​គេ​មក​ដុត បំផុស​អ្នក​ផ្សេង​ឱ្យ​ប្រឈម​ជាមួយ​រដ្ឋអំណាច»

ទាក់ទង​រឿង​នេះ​ដែរ អ្នកឃ្លាំមើល​សិទ្ធិ​មនុស្សលោក ស៊ឹង សែនករុណា មានប្រសាសន៍ថា​ការ​ធ្វើទុក្ខបុកម្នេញ ឬ​ការ​ចាប់ខ្លួន​គ្រួសារ​ដោយសារ​សកម្មភាព​របស់​លោក ហៃ វណ្ណា ធ្វើ​ឱ្យ​រដ្ឋាភិបាល​មិន​ពេញចិត្ត​នោះ​គឺជា​រឿង​អយុត្តិធម៌​បំផុត​។ លោក​សង្កេត​ឃើញ​ថា ទង្វើ​ខឹង​គោ​វាយ​រទេះ​បែបនេះ គឺ​ដើម្បី​គំរាមកំហែង បំបាក់ស្មារតី បំបិទមាត់​កុំឱ្យ​ប្រជាពលរដ្ឋ​និយាយ ឬ​ងើប​តវ៉ា​ធ្វើ​សកម្មភាព​ទាមទារ​ដោយ​សន្តិវិធី​ដើម្បី​ទាមទារ​បញ្ហា​ព្រំដែន និង​បញ្ហា​ផ្សេងទៀត​នៅក្នុង​សង្គម។

លោក សឹង សែនករុណា៖ «ការ​ចាប់ខ្លួន​នេះ​ជា​រឿង​ធ្វើទុក្ខបុកម្នេញ ហើយ​ជា​ការ​គំរាមកំហែង បំបាក់ស្មារតី​ទៅលើ​អ្នក​ហ៊ាន​រិះគន់ អ្នក​ហ៊ាន​តតាំង​ជាមួយ​រដ្ឋាភិបាល​ដែល​តែងតែ​ធ្វើបាប​ទៅលើ​សកម្មជន​ទាំងនោះ ហើយ​វា​ជា​រូបភាព​មួយ​ដែល​យើង​កម្រ​នឹង​ឃើញ​នៅ​ប្រទេស​ប្រជាធិបតេយ្យ​ទៅ​ធ្វើ​អំពើ​បែប​ហ្នឹង​ដូច​កម្ពុជា វា​ជា​អំពើ​មួយ​ដែល​គេ​មិន​គួរ​ធ្វើ​នោះ​ទេ»

ទោះបី​រដ្ឋធម្មនុញ្ញ​មាត្រា​៣១ ចែងថា​ប្រជាពលរដ្ឋ​ខ្មែរ មាន​សិទ្ធិ​សេរីភាព និង​ករណីយកិច្ច​ដូចគ្នា​ទាំងអស់ ដោយ​ឥត​ប្រកាន់ពូជសាសន៍ ពណ៌​សម្បុរ ភេទ ភាសា ជំនឿ​សាសនា និន្នាការ​នយោបាយ​ក្តី តែ​លោក ហ៊ុន សែន តែងតែ​ប្រើ​អំណាច​ដើរ​ហួស​បន្ទាត់​នៃ​ច្បាប់​ជាតិ​និង​អន្តរជាតិ​។ ជាក់ស្តែង កន្លងមក​អ្នកតស៊ូ​នៅ​ក្រៅ​ប្រទេស​រិះគន់ ឬ​ចេញ​ធ្វើបាតុកម្ម​ប្រឆាំង​អំណាច​គ្រួសារ​ត្រកូល​ហ៊ុន​ម្តងៗ លោក ហ៊ុន សែន តែងតែ​ខឹង​ច្រលោត​បញ្ជា​ឱ្យ​សមត្ថកិច្ច​ស្វែងរក​សាច់ញាតិ ឬ​ឪពុកម្ដាយ​របស់​អ្នក​ទាំងនោះ ដើម្បី​យក​មក​ព្រមាន ឬ​បង្គាប់​ឱ្យ​និយាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​ការ​ចង់​បាន​របស់​លោក។

លោក ហៃ វណ្ណា បញ្ជាក់​ថា ប្អូនប្រុស​របស់​លោក​ជា​មន្ត្រីរាជការ​សាធារណៈ​ខិតខំ​ធ្វើ​ការបម្រើ​ប្រយោជន៍​ដល់​សង្គម និង​ទទួល​បាន​ការគោរព​ ​ដូច្នេះ​លោក​ស្នើ​ដល់​សមត្ថកិច្ច​ដោះលែង​ប្អូនប្រុស​ជា​បន្ត​បន្ទាន់ ដោយ​ឥត​លក្ខខណ្ឌ ហើយ​បើសិន​រដ្ឋាភិបាល ហ៊ុន ម៉ាណែត មាន​បញ្ហា​អ្វី​ត្រូវ​ដោះស្រាយ​ជាមួយ​លោក​នៅ​ប្រទេស​ជប៉ុន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។