ប៉ូលិស​​​​​​មិន​ទាន់​បាន​​ចាប់​ខ្លួន​​លោក ហ៊ាង គឹមស្រឿន និង​លោក ថុល សុផាន់​ណា​ ​នៅ​ឡើយ​ទេ

ប៉ូលិស​អះអាង​ថា មិន​ទាន់​ចាប់​ខ្លួន​អនុប្រធាន​គណបក្ស​មហា​សាមគ្គី​ជាតិ​ខ្មែរ លោក ហ៊ាង គឹមស្រឿន និង​យុវជន​ម្នាក់​ទៀត​របស់​គណបក្ស​មួយ​នេះ តាម​បណ្ដឹង​របស់​ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ លោក​ពេជ្រ ស្រស់​ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២១ មេសា។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ យល់​ថា អ្នក​ទាំង២ ពុំ​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​អ្វី​ឡើយ ព្រោះ​ជា​ការ​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ។

អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល ជាតិ​ លោក​ ឆាយ គឹមខឿន​ ប្រាប់​អាស៊ី​សេរី​​យ៉ាង​ខ្លី​ថា លោក​មិន​ទាន់​ឃើញ​មាន​ឈ្មោះ ហ៊ាង គឹមស្រឿន និង ថុល សុផាន់ណា ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ឡើយ​ទេ ​គិត​ត្រឹម​រសៀល​ថ្ងៃ​ទី២១ ខែ​មេសា។

ទាក់ទង​នឹង​បញ្ហា​នេះ​ អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​អាដហុក (Adhoc) លោក ស៊ឹង សែន​ករុណា ​មាន​ប្រសាសន៍​ថា តុលាការ​មិន​គួរ​ចាត់​វិធានការ​​អ្នក​ដែល​រិះគន់​បុគ្គល​សាធារណៈ​​នោះ​ឡើយ ពីព្រោះ​​សង្គម​ប្រជាធិបតេយ្យ​បាន​ផ្ដល់​សិទ្ធិ​សេរីភាព​ដល់​ប្រជាពលរដ្ឋ ដើម្បី​បញ្ចេញ​មតិយោបល់​​លើ​បញ្ហា​ណា​មួយ​ដែល​ពួកគេ​មិន​ពេញ​ចិត្ត​ និង​ដោយ​ពុំ​មាន​ការ​ដោះស្រាយ​​សមស្រប​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​នោះ៖ «ជា​ធម្មតា​ជៀស​អត់​ផុត​ទេ​នៅ​ក្នុង​សង្គម​ហ្នឹង គឺ​វា​មាន​អ្នក​ដែល​គាត់​មិន​ពេញ​ចិត្ត​អីចឹង​ហើយ​ពីព្រោះ​​ប្រជាធិបតេយ្យ​វា​មិន​អាច​មនុស្ស​ជាង ១៥លាន​នាក់ ទៅ​សម​ស្រប​ទៅ​តាម​មនុស្ស​មួយ​ក្រុម ឬ​មួយ​ផ្នែក​ណា​មួយ​អីចឹង​ទេ។អីចឹង​ជៀស​មិន​ផុត​ពី​ការ​រិះគន់​ទេ ហើយ​ការ​រិះគន់​ទាំង​អស់​នេះ​មិន​មែន​មាន​ន័យ​ថា​ទៅ​រិះគន់​អង្គ ព្រះមហាក្សត្រ ឬ​ធ្វើ​ឱ្យ​ប៉ះពាល់​អង្គ​ព្រះមហាក្សត្រ​អី​ទេ គឺ​រិះគន់​ទៅ​លើ​បុគ្គល​ដែល​មាន​តួនាទី ដែល​មាន​ការ​ផ្ដល់​រាជ​សិទ្ធិ​មក​ឱ្យ​ហើយ​មិន​បំពេញ​តួនាទី​ហ្នឹង​ឱ្យ​បាន​ត្រឹមត្រូវ​អី​ជា​ដើម​ហ្នឹង​គឺ​វា​មិន​មាន​អី​ខុស​ទាស់​ទេ »

លោក ហ៊ាង គឹមស្រឿន គឺ​ជា​អនុប្រធាន​គណបក្ស​មហា​សាមគ្គី​ជាតិ​ខ្មែរ ចំណែក​លោក ថុល សុផាន់ណា គឺ​ជា​យុវជន​របស់​គណបក្ស​មហាសាមគ្គី​ជាតិ​ខ្មែរ។ លោក​ទាំង​ពីរ​តែង​ឈឺ​ឆ្អាល​រឿង​​សង្គម​ជាតិ ជា​ពិសេស​តែងតែ​បញ្ចេញមតិ​លើ​បណ្ដាញ​សង្គម​រិះ​គន់​​បញ្ហា​ព្រំដែន​កម្ពុជា​និង​វៀតណាម។

អាស៊ី​សេរី មិន​ទាន់​អាច​ទាក់ទង​លោក ហ៊ាង គឹមស្រឿន និង​លោក ថុល សុផាន់ណា បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២១ មេសា ប៉ុន្តែ​លោក ហ៊ាង គឹមស្រឿន បាន​ប្រាប់​អាស៊ី​សេរី កាល​ពី​ល្ងាច​ថ្ងៃ​ទី២0 មេសា​ថា លោក​ទាំង២ នាក់​កំពុង​លាក់​ខ្លួន​នៅ​ទី​សុវត្ថិភាព ក្រោយ​ពី​ដឹង​ថា តុលាការ​ចេញ​ដីកា​តាម​ចាប់​ខ្លួន។

កាល​ពី​ថ្ងៃទី២០ ​ខែ​មេសា ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក កូយ សៅ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួនលោក ហ៊ាង គឹមស្រឿន និង​លោក ថុល សុផាន់ណា តាម​បណ្ដឹង​របស់​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ និង​អំពើ​ប្រមាថ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី៩ និង​ទី១០ ​តុលា ឆ្នាំ២០១៩។

ការ​ប្ដឹង​ចោទ​ប្រកាន់​បែប​នេះ ដោយសារ​តែ​កាល​ពី​ថ្ងៃទី៩ តុលា ឆ្នាំ២០១៩​ លោក ហ៊ាង គឹមស្រឿន បាន​បង្ហោះ​សារ​រិះគន់​លើ​បណ្ដេញ​ហ្វេសប៊ុក​របស់​លោក​ថា ការ​ដែល​លោក​នាយករដ្ឋមន្ត្រី​អនុញ្ញាត​ឱ្យ​ប្រធាន​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​​លោក វ៉ា គឹមហុង ចូល​បំភ្លឺ​ជូន​ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​អំពី​រឿង​ការ​ចុះ​ហត្ថលេខា ​ទទួល​ស្គាល់​ការ​បោះ​បង្គោល​ព្រំដែន​រវាង កម្ពុជា-វៀតណាម កាល​ពី​ថ្ងៃ​ទី១០ ខែ​តុលា ឆ្នាំ២០១៩ នោះ គឺ​ជា​ការ​​បំភ្លឺ​ដើម្បី​បង្គ្រប់​កិច្ច និង​ជា​ក្រុម​អាយ៉ង ដោយ​ពុំបាន​ផល​វិជ្ជមាន​ណា​មួយ​ដល់​ប្រទេស​ជាតិ​​ពិត​ប្រាកដ​នោះ​​ឡើយ។ លោក​សរសេរ​បន្ត​ថា « ការ​បំភ្លឺ​របស់​លោក វ៉ា គឹមហុង គ្រាន់តែ​ជា​ការ​រៀប​ចំ​ឈុត​ឆាក​ដែល​បាន​រៀប​ចំ​ដោយ​រាជរដ្ឋាភិបាល​ឯក​បក្ស ដើម្បី​រៀប​ចំ​​ឱ្យ​មាន ​មន្ត្រី​ជើង​មិន​ជាប់​ដី ក្បាល​មិន​ជាប់​មេឃ នៃ​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ ដើម្បី​បំពេញ​បន្ថែម​បំភ្លៃ​ប្រវត្តិសាស្ត្រ​ជាតិ និង​អន្តរជាតិ​ប៉ុណ្ណោះ »

កាល​ពី​ថ្ងៃ​ទី៥ ខែ​តុលា ឆ្នាំ២០១៩ លោក ហ៊ុន សែន បាន​ចុះហត្ថលេខា​លើ​ឯកសារ​ច្បាប់​ចំនួន២​ ទាក់ទង​នឹង​បញ្ហា​ព្រំដែន​ រួមមាន (១) សន្ធិសញ្ញា​បំពេញ​បន្ថែម​លើ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ១៩៨៥​ និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ២០០៥​ រវាង​កម្ពុជា​ និង​វៀតណាម​ និង​ (២) ពិធីសារ​ខណ្ឌសីមា​ និង​បោះ​បង្គោល​ព្រំដែន​គោក​ រវាង​កម្ពុជា​ និង​វៀតណាម​ ដែល​ភាគី​ទាំងពីរ​បញ្ជាក់​ជាថ្មី​នូវ​ការ​ព្រមព្រៀង​រឿង​ព្រំដែន​នេះ​ និង​ទទួលស្គាល់​ពី​វឌ្ឍនភាព​នៃ​ខណ្ឌសីមា​ និង​ការ​បោះ​បង្គោល​ព្រំដែន​គោក​ ដែល​សម្រេច​បាន​មក​ដល់​បច្ចុប្បន្ន​ ប្រមាណ​ ៨៤%។ ក្រោយពី​របប​ក្រុងភ្នំពេញ​ និង​រដ្ឋាភិបាល​វៀតណាម​ ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ការ​បោះ​បង្គោល​ព្រំដែន​នេះ​ បាន​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ យុវជន និង​អ្នក​នយោបាយ​មួយ​ចំនួន​​រិះគន់​យ៉ាង​ខ្លាំង​ថា ជា​ការ​ធ្វើ​ឲ្យ​បាត់បង់​ទឹកដី។

មន្ត្រី​សង្គម​ស៊ីវិល​លោក ស៊ឹង សែន​ករុណា ចាត់​ទុក​ការ​រិះគន់​នេះ​ថា គឺ​ជា​ការ​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ​ដោយ​ស្រប​ច្បាប់​ ហើយ​ប្រសិន​បើ​តុលាការ​ចាត់​វិធាន​លើ​រឿង​នេះ​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​ដទៃ​​ភ័យខ្លាច​និង​មិន​ហ៊ាន​សម្ដែង​រិះគន់​ដល់​មន្ត្រី​ទាំង​ឡាយ​ដែល​អសកម្ម​ការងារ​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។