សហមេធាវីការពារក្តីរបស់ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា បារម្ភអំពីការបន្តអូសបន្លាយពេលវេលាសវនាការកាន់តែយូរ ក្រោយតុលាការបានលើកពេលសវនាការជាថ្មី ដោយសារតំណាងអយ្យការម្នាក់ក្នុងសំណុំរឿងនេះ ឆ្លងជំងឺកូវីដ-១៩។
សហមេធាវីម្នាក់ក្នុងចំណោមក្រុមមេធាវីបួនរូបរបស់លោក កឹម សុខា គឺអ្នកស្រី ម៉េង សុភារី ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៧ ខែមីនាថា សវនាការលើរឿងក្ដីលោក កឹម សុខា នៅពេលនេះ គឺបើកធ្វើតែមួយសប្តាហ៍តែមួយដង និងធ្វើតែមួយព្រឹកប៉ុណ្ណោះ។ ឥឡូវ សវនាការដ៏តិចតួចស្ដួចស្ដើងស្រាប់នេះ ត្រូវលើកពេលជាហូរហែទៅទៀត ដោយសារតែសមាជិកនៃភាគីក្នុងរឿងក្តីណាម្នាក់ឆ្លងជំងឺកូវីដ-១៩។ អ្នកស្រីថា ការរំពឹងចង់ឃើញកិច្ចដំណើរការនីតិវិធីនៅតុលាការប្រព្រឹត្តទៅលឿន តែបែរជាយឺតទៅវិញ ដោយសារតែរឿងនេះ។ ជាសំណូមពរ អ្នកស្រីថា ក្នុងករណីសមាជិកណាម្នាក់នៃភាគីក្នុងរឿងក្ដី ឆ្លងជំងឺកូវីដ-១៩ តុលាការគួរលៃលករកមធ្យោបាយ ឲ្យមានអ្នកជំនួសក្នុងករណីបែបនេះ ដើម្បីកុំឲ្យរាំងស្ទះដល់នីតិវិធី៖ «ខ្ញុំគិតថា តុលាការគួរតែអាចធ្វើការចាត់តាំងតំណាងអយ្យការផ្សេង ដើម្បីធ្វើការជំនួសអយ្យការដែលមានបញ្ហា ព្រោះអយ្យការមិនចាំបាច់មានច្រើនគ្នានោះទេ អយ្យការមានតែម្នាក់ គឺដំណើរការនីតិវិធីបានហើយ»។
សវនាការលើសំណុំរឿងលោក កឹម សុខា ត្រូវអាក់ខាននៅសប្ដាហ៍នេះ ដោយត្រូវលើកពេលទៅថ្ងៃទី១៦ ខែ មីនា សប្ដាហ៍ក្រោយវិញ ដោយសារតែតំណាងអយ្យការលោក ប្លង់ សុផល ឆ្លងជំងឺកូវីដ-១៩ កាលពីថ្ងៃទី៤ ខែ មីនា។ សេចក្ដីជូនដំណឹងរបស់សាលាដំបូងក្រុងភ្នំពេញ នៅថ្ងៃទី៧ ខែមីនាថា ការលើកពេលនេះ គឺធ្វើឡើងដើម្បីការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ សេចក្ដីជូនដំណឹងដដែល បញ្ជាក់ថា តំណាងអយ្យការចំនួនពីររូបទៀត គឺលោក ឆាយ ហុង និងលោកស្រី សុង ឆវ័ន្ត ដែលជាតំណាងអយ្យការក្នុងសំណុំរឿងលោក កឹម សុខា នេះ ជាអ្នកប៉ះពាល់ផ្ទាល់ជាមួយលោក ប្លង់ សុផល។
កាលពីដើមខែកុម្ភៈ តុលាការបានលើកពេលសវនាការនេះម្ដងដែរ ដោយសារតែកាលណោះសមាជិកម្នាក់ក្នុងក្រុមមេធាវីរបស់រដ្ឋាភិបាល បានឆ្លងជំងឺកូវីដ-១៩។ កន្លងមកតុលាការបានផ្អាកដំណើរការក្តីនេះជាងមួយឆ្នាំ ដោយសារតែមូលហេតុនៃការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍។
សំណុំរឿងលោក កឹម សុខា ដែលរងការចោទប្រកាន់ថា ក្បត់ជាតិ ដោយត្រូវរ៉ូវគ្នាជាមួយរដ្ឋបរទេស ដើម្បីផ្ដួលរំលំរដ្ឋាភិបាលនេះ រងការរិះគន់ថា ជាសំណុំរឿងនយោបាយ និងបានបន្តបន្ធូរបន្លាយពេលជាង ៤ឆ្នាំមកហើយ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់អារកាត់ជំនួសតុលាការថា រឿងក្ដីនេះ ទាល់តែឆ្នាំ២០២៤ ទើបចប់៕
