អភិបាលរងក្រុងឡូវែល អ្នកវិភាគ និងមន្ត្រីបក្សប្រឆាំងថា ការណ៍ដែលរបបលោក ហ៊ុន សែន ចំណាយលុយរាប់សែនដុល្លារ ជួលសមាជិកព្រឹទ្ធសភាជនជាតិអាមេរិកកម្រិតថ្នាក់រដ្ឋម្នាក់ គឺដើម្បីបំប៉ោងព័ត៌មាន ឱ្យភាន់ច្រឡំ អំពីស្ថានភាពពិតនៅស្រុកខ្មែរតែប៉ុណ្ណោះ ព្រោះអ្នកនយោបាយអាមេរិករូបនោះ គ្មានឥទ្ធិពលអ្វី នៅកម្រិតទំនាក់ទំនងអន្តរជាតិនោះឡើយ។
ពលរដ្ឋខ្មែរអាមេរិក និងជាអភិបាលរងក្រុងឡូវែល រដ្ឋម៉ាសាឈូសេត លោក នួន វាសនា ភ្ញាក់ផ្អើលដែលរបបលោក ហ៊ុន សែន ចំណាយលុយកន្លះលានដុល្លារមួយឆ្នាំ ដើម្បីជួលសមាជិកព្រឹទ្ធសភាថ្នាក់ក្រោមជាតិមួយរូប នៅរដ្ឋវ៉ាស៊ីនតោន (Washington State) គឺលោក ដាហ្គ អេរ៉ិចសិន (Doug Ericksen) ដែលជាការចាយវាយមិនចំណេញដល់ជាតិខ្មែរទេ តែចំណេញរបបនេះ ក្នុងការបំភ្លៃព័ត៌មាន អំពីទំនាក់ទំនងរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក៖ «រដ្ឋាភិបាលខ្មែរក៏បានចំណេញ យករឿងនេះជាការឃោសនា ទៅឱ្យប្រជាពលរដ្ឋខ្មែរ គិតថា មានសមាជិកព្រឹទ្ធសភាជាតិ របស់សហរដ្ឋអាមេរិកហ្នឹង ដែលថាខ្លួនអាចទិញបាន យកទៅបម្រើគោលជំហររបស់ខ្លួនហ្នឹង»។
កុំថាឡើយពលរដ្ឋទូទៅ សូម្បីតែមន្ត្រីជាន់ខ្ពស់ស្ថាប័នព័ត៌មាន ដែលជាឧបករណ៍ឃោសនាឱ្យរបបលោក ហ៊ុន សែន មួយចំនួន រួមទាំងមន្ត្រីនាំពាក្យ នៃគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសានផង ក៏លោកយល់ខុស អំពីតួនាទីរបស់សមាជិកព្រឹទ្ធសភាថ្នាក់រដ្ឋ និងសមាជិកសភាថ្នាក់ជាតិរបស់អាមេរិកនេះដែរ៖ «សមាជិកព្រឹទ្ធសភាអាមេរិកនៅតាមរដ្ឋ មិនថាតូចមិនថាធំទេ គឺមានពីរនាក់ៗ គ្រប់រដ្ឋទាំងអស់ គឺសរុបមកគឺ ១០០នាក់។ ក៏ប៉ុន្តែ នៅក្នុងការផ្សាយដែលមានលម្អៀងខាងនយោបាយ គេថា លោក ដាហ្គ អេរ៉ិចសិន ដែលជាព្រឹទ្ធសមាជិកសភាប្រចាំរដ្ឋវ៉ាស៊ីនតោន ថា ឋានៈស្មើនឹងចៅហ្វាយស្រុកទៅវិញ។ ខ្ញុំមិនយល់»។
ការមិនយល់នេះ ធ្វើឱ្យការផ្សព្វផ្សាយព័ត៌មាន ពីប្រភពរបបលោក ហ៊ុន សែន បង្កើតឱ្យមានភាពភាន់ច្រឡំ ដែលអាចចំណេញដល់របបលោក ហ៊ុន សែន ក្នុងការបង្កើតចិត្តសាស្ត្រនយោបាយ។ អ្នកវិភាគសង្គម និងនយោបាយ លោក គឹម សុខ ចាត់ទុកការប្រវេប្រវាជួលអ្នកនយោបាយកម្រិតទាប ដែលគ្មានឥទ្ធិពលក្នុងទំនាក់ទំនងអន្តរជាតិបែបនេះ ថាជាការបង្ហាញអំពីផ្លូវទាល់ច្រករបស់របបលោក ហ៊ុន សែន ដែលកំពុងរងសម្ពាធកាន់តែខ្លាំង និងកាន់តែខិតកៀកទៅរកការផ្ដាច់ការអនុគ្រោះពន្ធផង៖ «ការធ្វើបែបហ្នឹង គឺជាទុច្ចរិតនយោបាយសម្បើមណាស់ ដែលមិនអាចទទួលយកបានទេ ពីព្រោះរឿងនេះ គឺជាការចាយលុយជាតិ ៥០ម៉ឺនដុល្លារនៅក្នុងមួយឆ្នាំ ច្រើនណាស់ ក្នុងខណៈពេលដែលប្រជាពលរដ្ឋអត់ទាំងភ្លើងប្រើប្រាស់ផង អត់ទាំងទឹកធ្វើស្រែផង ប្រជាពលរដ្ឋនៅតែមានការលំបាក គ្រប់បែបយ៉ាងទាំងអស់ ក៏ប៉ុន្តែ គាត់យកលុយ ៥០ម៉ឺនដុល្លាររបស់ជាតិក្នុងមួយឆ្នាំ ទៅចាយ ដើម្បីបម្រើគំនិតមហិច្ឆតានយោបាយរបស់គាត់ បំភាន់ប្រជារាស្ត្រឯង។ យកលុយជាតិ ទៅចាយដើម្បីបំភាន់ប្រជារាស្ត្រឯង»។
របបលោក ហ៊ុន សែន ជួលសមាជិកព្រឹទ្ធសភាថ្នាក់រដ្ឋរបស់អាមេរិក ពីខាងគណបក្សសាធារណៈ នៅរដ្ឋវ៉ាស៊ីនតោន លោក ដាហ្គ អេរ៉ិចសិន ដើម្បីពិគ្រោះយោបល់ និងជាភ្នាក់ងារបញ្ចុះបញ្ចូលមួយរូប ដើម្បីរបបក្រុងភ្នំពេញ។
លោក ដាហ្គ អេរ៉ិចសិន ស៊ីឈ្នួលឱ្យរបបលោក ហ៊ុន សែន នេះ ក្នុងនាមក្រុមហ៊ុនមួយរបស់លោកឈ្មោះ ផែករិម ប្រ៊ិចជឹះស៍ (PacRim Bridges) ដែលគិតថ្លៃ ៥០ម៉ឺន (៥០០.០០០) ដុល្លារក្នុងមួយឆ្នាំ ឬ ជាង ៤ម៉ឺនដុល្លារ (៤១.៦៦៦ ដុល្លារ) ក្នុងមួយខែ។
មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា គឺលោក សុខ ឥសាន ពីដំបូងប្រកែកថា របបនេះ មិនបានជួលសមាជិកព្រឹទ្ធសភាអាមេរិកថ្នាក់រដ្ឋរូបនេះទេ និងបានចោទប្រព័ន្ធផ្សព្វផ្សាយ ដែលផ្សាយរឿងនេះ ថាលាបពណ៌អាក្រក់ឱ្យរបបលោក ហ៊ុន សែន។ លោក សុខ ឥសាន បានសរសេរនៅក្នុងប្រព័ន្ធ Telegram យ៉ាងខ្លីថា ព័ត៌មាននេះ អាចជាការនិយាយបន្តុះបង្អាប់ ចំពោះអ្វីដែលពាក់ព័ន្ធនឹងគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា។
ប៉ុន្តែក្រោយមក លោកព្រមទទួលស្គាល់ថា របបនេះ ពិតជាបានជួលមន្ត្រីអាមេរិករូបនេះមែន ហើយគ្មានអ្វីខុសទាស់នោះដែរ។ លោក សុខ ឥសាន ថាការមើលឃើញតែកំហុសរដ្ឋាភិបាល ប៉ុន្តែ មិនមើលឃើញកំហុសគណបក្សប្រឆាំង ដែលជួលក្រុមហ៊ុនបរទេសមួយដែរ គឺមិនយុត្តិធម៌ទេ៖ «ខ្ញុំយល់ថា ការពឹងពាក់បរទេសណាក៏ដោយ ឱ្យតែការពារផលប្រយោជន៍របស់ប្រទេសកម្ពុជា និង ប្រជាជន ជាងអំពើដែលទៅពឹងបរទេស ឱ្យបំផ្លាញផលប្រយោជន៍ជាតិកម្ពុជា និងប្រជាជនកម្ពុជា។ យើងពឹងពាក់របៀបជួលក៏បានដែរ។ ចុះបើបក្សប្រឆាំង ពួកឧទ្ទាមក្រៅច្បាប់ ទៅជួលរាប់សិបម៉ឺនដុល្លារ ជួលជនជាតិអាមេរិកាំងណានោះ ដើម្បីធ្វើផែនការផ្ដួលរំលំរដ្ឋាភិបាល ឬ បំផ្លាញផលប្រយោជន៍កម្ពុជា សូមឱ្យលោកចាប់អារម្មណ៍រឿងហ្នឹងផង»។
គណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៨ បានជួលក្រុមហ៊ុនដែលមានមូលដ្ឋាននៅអាមេរិកមួយឈ្មោះ ប៊ើលិនរ៉ូសិន (BerlinRosen) នូវទឹកប្រាក់ ២៥០,០០០ ដុល្លារ ដែលនៅក្នុងកិច្ចសន្យា បានចែងថាដើម្បីធ្វើជាភ្នាក់ងារផ្នែកទំនាក់ទំនងសាធារណៈ និងប្រឹក្សាយោបល់ផ្នែកទំនាក់ទំនងសាធារណៈ និង សកម្មភាពនយោបាយ ប៉ុន្តែ មិនមែនជួយកិច្ចការបញ្ចុះបញ្ចូលណាមួយនោះទេ។ទោះជាយ៉ាងនេះក្តី ប្រាក់ដែលគណបក្សប្រឆាំង យកមកប្រើសម្រាប់ជួលក្រុមហ៊ុនឯកជននៅអាមេរិកនេះ គឺជាប្រាក់បានពីការបរិច្ចាគ មិនមែនជាថវិកាជាតិដូចអ្វីដែលរបបលោក ហ៊ុន សែន ចាយវាយនោះទេ។ អនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ បដិសេធការចោទប្រកាន់របស់លោក សុខ ឥសាន ដែលចោទថា គណបក្សនេះជួលក្រុមហ៊ុនឯកជន ដើម្បីផ្តិលរំលំរដ្ឋាភិបាល៖ «អត់ទាល់តែសោះ ! ខ្ញុំសូមបដិសេធជាដាច់អហង្ការ ! ក្រុមហ៊ុនដែលយើងខ្ញុំបានទៅជួលនោះ អត់មានធ្វើសេវា ហៅថាឡប់ប៊ី (lobby) ( បញ្ចុះបញ្ចូល ) ចូលក្នុងរដ្ឋាភិបាលអាមេរិកនោះទេ។ អត់ជាដាច់ខាត។ យើងខ្ញុំជួលក្នុងរឿងសេវាជួយបច្ចេកទេស ក្នុងការធ្វើឱ្យមានគុណភាព ដាក់ធ្វើវីដេអូ និងផ្សព្វផ្សាយព័ត៌មានប៉ុណ្ណោះ»។
ទោះបីរបបលោក ហ៊ុន សែន អះអាងថា មិនឱនក្បាលចំពោះបរទេស រួមទាំងសហរដ្ឋអាមេរិកផង ដែលកំពុងដាក់សម្ពាធខ្លាំងលើរបបនេះ ឱ្យស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញក៏ដោយ ក៏លោកនៅតែឆ្លៀតបញ្ជូនមន្ត្រីរបបលោក និងលោកខ្លួនឯង ក្នុងការស្វះស្វែងរកការចរចាជាមួយភាគីបរទេស ដើម្បីបញ្ចៀសទណ្ឌកម្មនេះ។ ជាមួយគ្នាផងដែរ របបលោក ហ៊ុន សែន ក៏បានប្រវេប្រវាជួលមន្ត្រីបរទេស ក្នុងស្ថានភាពដែលកំពុងរងសម្ពាធនេះ។
លោក ហ៊ុន សែន កំពុងខិតខំផ្ដល់តម្លៃខ្ពស់ ដល់សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ ដែលមានឋានៈត្រឹមចៅហ្វាយស្រុកមួយរូបនេះ ស្របពេលដែលលោកចាត់ទុកមន្ត្រីប្រតិភូសហភាពអឺរ៉ុប ដែលចុះទៅស្រុកខ្មែរ កាលពីខែមីនា ដើម្បីជាផ្នែកមួយនៃនីតិវិធីព្យួរការអនុគ្រោះពន្ធ EBA ថាជាមន្ត្រីតូចតាច មិនសមនឹងលោកជួប។
លោក ហ៊ុន សែន រងការរិះគន់ថា ចំណាយថវិកាខ្ជះខ្ជាយ និងឥតប្រយោជន៍ ស្របពេលលោក ដាហ្គ អេរ៉ិកសិន ត្រឹមតែជា ជាសមាជិកព្រឹទ្ធសភាថ្នាក់រដ្ឋ (State Senator) មួយរូប ដែលគ្មានតួនាទីអ្វីក្នុងកិច្ចការទំនាក់ទំនងអន្តរជាតិ រវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិកទាល់តែសោះ។ លោកមិនមែនសមាជិកសភាថ្នាក់ជាតិ (US senator) ទេ។
រដ្ឋនីមួយៗ មានសមាជិកព្រឹទ្ធសភាថ្នាក់រដ្ឋ តិចឬច្រើន ទៅតាមរបាយប្រជាជន។ គ្រាន់តែរដ្ឋវ៉ាស៊ីនតោន ស្តេតមួយ ដែលលោករស់នៅ មានសមាជិកព្រឹទ្ធសភាថ្នាក់រដ្ឋ ៤៩ នាក់ ដែលម្នាក់តំណាងឱ្យស្រុកមួយ។ ជារួមសមាជិកព្រឹទ្ធសភាថ្នាក់រដ្ឋម្នាក់ តំណាងពលរដ្ឋប្រមាណជាង ១សែននាក់ ប៉ុណ្ណោះ ក្នុងរដ្ឋនោះ។ ចំណែកឯសមាជិកព្រឹទ្ធសភាថ្នាក់ជាតិ (US Senator) ឯណោះវិញ ទើបមានតួនាទីតំណាងឱ្យរដ្ឋនីមួយៗ នៅកម្រិតជាតិ គឺត្រូវធ្វើការនៅវិមានរដ្ឋសភា នៅរដ្ឋធានីវ៉ាស៊ីនតោន។ រដ្ឋនីមួយៗមានសមាជិកព្រឹទ្ធសភាពីររូបប៉ុណ្ណោះ ដើម្បីតំណាងនៅថ្នាក់ជាតិនោះ។ ព្រឹទ្ធសភាជាតិរបស់អាមេរិក មានសមាជិកទាំងអស់ ១០០នាក់ តំណាងឱ្យរដ្ឋទាំង ៥០ នៅទូទាំងសហរដ្ឋអាមេរិក។ លោក ដាហ្គ អេរ៉ិកសិន មិនស្ថិតក្នុងចំណោមអ្នកទាំង ១០០ នាក់នោះទេ ព្រោះលោកមានឋានៈត្រឹមតែជាសមាជិកព្រឹទ្ធសភាថ្នាក់ក្រោមជាតិប៉ុណ្ណោះ។ តួនាទីលោក ដាហ្គ អេរ៉ិកសិន គឺប្រហាក់ប្រហែលតួនាទីតំណាងសង្កាត់ ឬ State Representative បន្តិចបន្តួចប៉ុណ្ណោះ។ បើប្រៀបធៀបលោក ដាហ្គ អេរ៉ិកសិន ទៅនឹងពលរដ្ឋខ្មែរអាមេរិក ដែលជាប់ជាតំណាងសង្កាត់មួយ នៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត លោក មុំ រ៉ាឌី នោះ គឺពួកគាត់ មានឋានៈកម្រិតប្រហាក់ប្រហែលគ្នា ដែលគ្មានតួនាទីកម្រិតទំនាក់ទំនងអន្តរជាតិ អ្វីនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
