លោក ហ៊ុន ម៉ាណែត អះអាងថា កម្ពុជាមិនលម្អៀងទៅរកចិនទេ
2023.04.03

កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ប្រកាសថា កម្ពុជាប្រកាន់ជំហរនយោបាយអព្យាក្រឹត្យ និងមិនលម្អៀងទៅរកប្រទេសចិនកុម្មុយនិស្តឡើយ។ ទោះបីជាយ៉ាងណា អ្នកឃ្លាំមើលនៅតែរិះគន់ថា កម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន សែន រងការរិះគន់ និងខាតបង់ប្រយោជន៍សេដ្ឋកិច្ចពីបណ្ដាប្រទេសលោកសេរីដោយសារតែកម្ពុជាអនុវត្តគោលនយោបាយលម្អៀងទៅរកចិនតែម្ខាង។
បេក្ខភាពនាយករដ្ឋមន្ត្រីតពូជរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ប្រកាសថា គោលនយោបាយកម្ពុជានាពេលបច្ចុប្បន្នមិនបានលម្អៀងទៅប្រទេសចិនកុម្មុយនិស្តនោះទេ។ លោកអះអាងទៀតថា កម្ពុជាតែងប្រកាន់ជំហរអព្យាក្រឹត្យហើយនាថ្ងៃអនាគតកម្ពុជានឹងបង្កើនទំនាក់ទំនងជាមួយបណ្ដាប្រទេសទាំងអស់ក្នុងពិភពលោក។ លោកថ្លែងបែបនេះក្នុងឃ្លីបវីដេអូដែលត្រូវបានផ្សព្វផ្សាយក្នុងគេហទំព័រហ្វេកប៊ុក (Facebook) របស់លោកនៅថ្ងៃទី៣ ខែមេសា។
លោក ហ៊ុន ម៉ាណែត៖«គោលនយោបាយកម្ពុជាអត់នៅកៀកចិនទេរាល់ថ្ងៃនេះ អត់មាននៅកៀកពីណាទាំងអស់ គឺនៅអព្យាក្រឹត្យនៅកណ្ដាល ប៉ុន្តែលើកទឹកចិត្ត និងប្ដេជ្ញាចិត្ត ដើម្បីបង្កើតភាពជិតស្និទ្ធជាមួយគ្រប់ប្រទេស អាហ្នឹងបានត្រូវ។ ចិនក៏ជិត អាមេរិកក៏ជិត ជប៉ុនក៏ជិត ស្អីក៏ជិតដែរ ដែលយើងចង់បាន»។
ថ្វីត្បិតតែលោក ហ៊ុន ម៉ាណែត ប្រឹងប្រែងប្រកាសថា កម្ពុជាតែងរក្សាជំហរអព្យាក្រឹត្យក្ដី ក៏សហគមន៍ជាតិ និងអន្តរជាតិមើលឃើញថា កម្ពុជាក្រោមការដឹកនាំដោយឪពុករបស់លោកបានដឹកនាំប្រទេសកាន់តែឃ្លាតឆ្ងាយពីគន្លងប្រជាធិបតេយ្យ និងរណបចិន ដើម្បីយកចិនធ្វើជាខ្នងបង្អែក។ លើសពីនេះ អ្វីដែលពិភពលោកដឹងនោះរដ្ឋាភិបាលលោក ហ៊ុន សែន បានបង្កើនចំណងមិត្តភាពដែកថែមជាមួយប្រទេសចិនកាន់ស៊ីជម្រៅស្ទើរគ្រប់វិស័យ ជាពិសេសក្នុងក្របខ័ណ្ឌវិស័យយោធារហូតរងការចោទប្រកាន់ពីសហរដ្ឋអាមេរិកថា រដ្ឋាភិបាលឯកបក្សបានផ្ដល់ទីតាំងមួយផ្នែកនៅកំពង់ផែសមុទ្ររាម ដើម្បីឱ្យចិនសាងសង់មូលដ្ឋានទ័ព។ លើសពីនេះ ភាគីកម្ពុជា និងចិន ក៏ចាប់ផ្ដើមធ្វើសមយុទ្ធយោធានាគមាសឆ្នាំ២០២៣ ឡើងវិញ ខណៈភាគីកម្ពុជាបានលុបចោលការធ្វើសមយុទ្ធយោធាឯកតោភាគីរួមមាន «ឆ្មាំអង្គរ» ជាមួយសហរដ្ឋអាមេរិក និង «ដនគោព្រៃ» ជាមួយអូស្ត្រាលី កាលពីឆ្នាំ២០១៧។
អ្នកឃ្លាំមើលស្ថានការណ៍នយោបាយកម្ពុជា វាយតម្លៃថា ការថ្លែងរបស់លោក ហ៊ុន ម៉ាណែត គឺជាសារនយោបាយបែបប្រជាភិថុតិបោកប្រាស់ប្រជាពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិតែប៉ុណ្ណោះ។
អគ្គលេខាធិការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក គៀន ពន្លក លើកឡើងថា ការប្រកាសរបស់លោក ហ៊ុន ម៉ាណែត ពុំបានឆ្លុះបញ្ចាំងពីការពិតជាក់ស្ដែងថា កម្ពុជាបានរក្សាជំហរនយោបាយការបរទេសអព្យាក្រឹត្យនោះទេ។ លោកបន្ថែមថា បើលោក ហ៊ុន ម៉ាណែត ពិតជាមានឆន្ទៈបង្ហាញប្រាប់អន្តរជាតិថា កម្ពុជាមានជំហរនយោបាយអព្យាក្រឹត្យពិតមែននោះ រដ្ឋាភិបាលឯកបក្សគួរធានាអំពីតម្លាភាពនៃមូលដ្ឋានទ័ពចិន និងស្ដារទំនាក់ទំនងល្អជាមួយអាមេរិកឡើងវិញតាមរយៈបញ្ឃប់ការធ្វើទុក្ខបុកម្នេញលើអ្នកមាននិន្នាការនយោបាយប្រឆាំង រួមទាំងបើកលំហនយោបាយឱ្យមានភាពល្អប្រសើរឡើងវិញ។
«ហើយលើសពីនេះទៅទៀត ការធ្វើសមយុទ្ធយោធារដ្ឋមន្ត្រីក្រសួងការពារជាតិឯកឧត្ដម ទៀ បាញ់ គឺបានប្រកាសថា កម្ពុជា និងចិន គឺជាមិត្តដែកថែប ហើយនឹងសហការគ្នាគ្រប់ជ្រុងជ្រោយ។ អ៊ីចឹងទោះបីជាឯកឧត្ដម ហ៊ុន ម៉ាណែត លើកឡើងអំពីអព្យាក្រឹត្យភាពលើឆាកអន្តរជាតិ ក៏ប៉ុន្តែ ប្រទេសលោកសេរី ក៏ដូចជាសហរដ្ឋអាមេរិក សហភាពអឺរ៉ុប នៅមិនទាន់មានជំនឿជឿជាក់ថា កម្ពុជាពិតជាអព្យាក្រឹត្យទេ»។
លោក ហ៊ុន សែន និងមន្ត្រីក្នុងជួររដ្ឋាភិបាល តែងតែគាំទ្រគោលនយោបាយចិន និងលើកសរសើរចិនគ្រប់កាលៈទេសៈ ដ្បិតរដ្ឋាភិបាលលោកតែងតែទទួលបានការជួយគាំទ្រផ្នែកនយោបាយការទូតលើឆាកអន្តរជាតិ ព្រមទទួលបានជំនួយ និងកម្ចីពីប្រទេសចិន។ គិតត្រឹមដំណាច់ត្រីមាសទីពីរឆ្នាំ២០២២ កម្ពុជាជំពាក់បំណុល «មិត្តដែកថែប» ចិន គឺជាង ៤ពាន់លានដុល្លារ (៤.០៤៣,៥៧ លានដុល្លារ)។
អ្នកវិភាគនយោយបាយ លោក គឹម សុខ មានប្រសាសន៍ថា ការថ្លែងរបស់លោក ហ៊ុន ម៉ាណែត ថាកម្ពុជាមាននយោបាយអព្យាក្រឹត្យគឺជាសារនយោបាយដោះស្រាយបញ្ហាមួយគ្រាតាមរយៈការប្រកាសជាសាធារណៈដូចជាឪពុករបស់លោក ដែលត្រង់ចំណុចនេះលោកប្រៀបប្រដូចថា ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់។ លោកមើលឃើញថា របត់នយោបាយកម្ពុជានាពេលបច្ចុប្បន្នពិបាកក្នុងការរក្សាជំហរនយោបាយអព្យាក្រឹត្យរបស់ខ្លួន ប្រសិនបើគ្មានការផ្លាស់ប្តូររបបដឹកនាំ ដ្បិតរដ្ឋាភិបាលបច្ចុប្បន្នបានលម្អៀងទៅរកចិន និងលើកសរសើរនយោបាយប្រជាភិថុតិចិនឥតងាករេ។
លោក គឹម សុខ៖ «សារនយោបាយរបស់លោក ហ៊ុន ម៉ាណែត គឺជាគំរូនយោបាយប៉ាហ៊ីតែប៉ុណ្ណោះ ប៉ាហ៊ីដែលដោះស្រាយបញ្ហាមួយគ្រាៗ ប៉ាហ៊ីរបស់លោក ហ៊ុន ម៉ាណែត គ្រាន់តែនយោបាយលក់រូបភាពពាណិជ្ជកម្មប្រជាភិថុតិនយោបាយរបស់ពួកគាត់ ដែលមិនអព្យាក្រឹត្យ ហើយចេះតែថ្លែងបោកប្រាស់ប្រជាពលរដ្ឋ និងសហគមន៍អន្តរជាតិ ថាអព្យាក្រឹត្យ។ មិនអព្យាក្រឹត្យនៅត្រង់ថា មួយថ្ងៃៗ ទាំងលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ប្រកាសគាំទ្រចិន ដោយឥតលក្ខខណ្ឌទាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម ការទទួលជំនួយពីចិនដោយឥតលក្ខខណ្ឌ»។
អ្នកឃ្លាំមើល លើកឡើងថា បើកម្ពុជានៅតែគ្មានការឆ្លើយតបជាវិជ្ជមានពាក់ព័ន្ធការស្ដារប្រជាធិបតេយ្យ ហើយបែរមកបង្កើនទំនាក់ទំនងកាន់តែស្អិតល្មួតជាមួយចិន កម្ពុជាមិនត្រឹមតែមិនអាចរក្សាជំហរអព្យាក្រឹតភាពនោះទេ ប៉ុន្តែនឹងរងការរិះគន់កាន់តែខ្លាំងថា កម្ពុជាក្រោមការដឹកនាំដោយលោក ហ៊ុន សែន ដឹកនាំប្រទេសតាមលំនាំបែបកុម្មុយនិស្ត និងកាន់តែផ្ដាច់ការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។