លោក ហ៊ុន ម៉ាណែត បដិសេធ​ទស្សនៈ​លើក​ឡើង​ថា អ្នក​មាន​ខ្សែ​ទើប​អាច​ធ្វើ​ធំ​បាន

0:00 / 0:00

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចាត់ទុក​ទស្សនៈ​លើកឡើង​ថា នៅ​កម្ពុជា​អ្នក​មាន​សែស្រឡាយ​ទើប​បាន​ធ្វើ​ធំ គឺ​ជារឿង​មិនពិត និង​ជា​ការ​យល់​ឃើញ​មិន​ត្រឹមត្រូវ។ ប៉ុន្តែ​អ្នកឃ្លាំមើល​ថា​សារ​របស់​លោក ហ៊ុន ម៉ាណែត ជា​ទ្រឹស្តី​ប្រជាភិថុតិ​ខុស​ពី​ការពិត ពីព្រោះ​កូនចៅ​គ្រួសារ​ត្រកូលហ៊ុន រួមទាំង​រូបលោក​ផង​បានឡើង​កាន់អំណាច​គ្រប់គ្រង​ស្ថាប័នជាតិ​មក​ដល់​ពេល​នេះ គឺ​ឡើង​តាមរយៈ​សែស្រឡាយ និង​បក្ខពួកនិយម​នេះ​ឯង។

លោក​នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ហាក់​មិន​ពេញចិត្ត​ចំពោះ​ផ្នត់គំនិត​របស់​ប្រជាពលរដ្ឋ​ដែល​លើកឡើង​ថា អ្នក​មិនមាន​សែស្រឡាយ​ជា​មន្ត្រីធំ​មិន​អាច​មានឱកាស​ក្នុង​ការ​ទទួល​បាន​តំណែង​ធំ​នៅក្នុង​ស្ថាប័នរដ្ឋ​នោះ។

ថ្លែង​ក្នុង​ពិធី​សំណេះសំណាល និង​ផ្តល់រង្វាន់​ដល់​សិស្សនិទ្ទេសអេ (A) សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅ​ថ្ងៃ​ទី២៣ ខែ​ធ្នូ លោក ហ៊ុន ម៉ាណែត លើកឡើង​ថា អ្នក​ដែល​ទទួល​ជោគជ័យ​កើតចេញ​ពី​ការ​តស៊ូ ការខិតខំប្រឹងប្រែង ហើយ​លោក​ចាត់ទុក​ទស្សនៈ​ប្រជាពលរដ្ឋ​ដែល​និយាយ​ថា​អ្នក​មានខ្សែ​បាន​ធ្វើ​ជា​មន្រ្តីធំ​កន្លងមក​នោះ ជា​គំនិត​ទុទ្ទិដ្ឋិនិយម ឬ​ការ​យល់​ឃើញ​មិន​ត្រឹមត្រូវ។

លោក ហ៊ុន ម៉ាណែត៖«ពិតណាស់ ខ្ញុំ​ឃើញ​នៅលើ​ហ្វេសប៊ុកបងប្អូន​ខ្លះ​ហាក់​មាន​ទុទ្ទិដ្ឋិនិយម​ថា ខំប្រឹង​រៀន​ធ្វើ​អី​ទល់​តែ​មាន​ខ្សែ​បាន​អាច​រីក​ទៅ​កើតគឺ​អត់​ទេ ជីវិត​របស់​ប្រជាពលរដ្ឋ​យើង​រាប់​លាន​នាក់គ្មាន​​អ្នកណាទល់តែ​មាន​ខ្សែ​រាប់លាន​ខ្សែទម្លាក់​ឱ្យ​ទេ ហើយ​ជឿទៅ សូម្បី​តែ​កូន​បង្កើត​ស្អី​ក៏ដោយ ​បើ​គ្មាន​សមត្ថភាព​ក៏​ឪពុកម្តាយ…សូម្បី​​ថៅកែ​​នៅក្នុង​​ក្រុមហ៊ុន​មួយ​ក៏ដោយ បើ​ឱ្យ​កូនហ្នឹង​ទៅ​បំផ្លាញ​ក្រុមហ៊ុន​ដែល​គាត់​ខំប្រឹង​កសាង គឺ​គាត់​មិន​ឱ្យ​ទេ គាត់​ទុក​ចែក​ឱ្យ​កូន​ហ្នឹង​​យក​លុយ​ទុកចាយ​ទៅ»។

ទោះបីជា​លោក ហ៊ុន ម៉ាណែត បដិសេធ​ចំពោះ​ទស្សនៈ​យល់ឃើញ​របស់​ពលរដ្ឋ​បែបនេះ​ក្តី ក៏ប៉ុន្តែ​ស្ទើរ​គ្រប់​ស្ថាប័នជាតិ​កំពុងតែ​ចាក់ស្រេះ​ដោយ​បញ្ហា​គ្រួសារ ឬ​បក្ខពួកនិយម តាមរយៈ​មេដឹកនាំ​គណបក្សប្រជាជនកម្ពុជា រៀបចំ​ផ្ទេរ​អំណាច​ឱ្យ​កូនចៅ និង​សាច់ញាតិ ទៅ​ដឹកនាំ​ចាប់ពី​ក្នុង​ជួរ​រដ្ឋាភិបាល​រហូត​ដល់​ថ្នាក់ក្រោមជាតិ​ជំនួស​ពួកគេ ដោយ​គ្មាន​អតីតភាព​ការងារ ឬ​គ្មានឆ្លង​កាត់​ការ​ប្រកួតប្រជែង​ត្រឹមត្រូវ​ឡើយ។

ជាក់ស្តែង លោក ហ៊ុន ម៉ាណែត ដែល​កំពុង​ចែករំលែក​ទ្រឹស្តី​ដល់សិស្សានុសិស្សា​នៅពេលនេះ ត្រូវ​បាន​គេ​ដឹង​ថា​លោក​បាន​ឡើង​កាន់តំណែង​ជា​នាយករដ្ឋមន្រ្តី​ដូច​សព្វថ្ងៃ ដោយសារតែ​ឪពុក​របស់​លោក​លើក​បន្តុប ស្របពេល​ឪពុក​របស់លោក គឺ​លោក ហ៊ុន សែន ធ្វើ​ជា​ប្រធាន​ព្រឹទ្ធសភា ប្អូនប្រុស​ពៅលោក ហ៊ុន ម៉ានី ជា​ឧបនាយករដ្ឋមន្ត្រី បងថ្លៃ​ជីដូនមួយ​លោក នេត សាវឿន ជា​ឧបនាយករដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​សន្តិសុខ និង​ប្អូនប្រុស​កណ្តាល​របស់​លោក គឺលោក ហ៊ុន ម៉ានិត ជា​មេបញ្ជាការ​រង​កងទ័ព​ជើងគោក​ជាដើម។ នេះ​គេ​មិន​ទាន់​រាប់បញ្ជូល​សាច់ញាតិ នៅ​ក្នុង​ត្រកូលហ៊ុន​រាប់សិប​នាក់​ផ្សេងទៀត ត្រូវបាន​តែងតាំង​តួនាទីគ្រាក់ៗ​ក្នុង​ជួរ​រដ្ឋាភិបាល មន្រ្តី​រាជការស៊ីវិល និង​ជួរ​កងទ័ព​ផង​នោះទេ។

ក្រៅពី​ក្រុមគ្រួសារ​ត្រកូលហ៊ុន​នោះ ខ្សែ​ខាង​លោក ស ខេង លោក ទៀ បាញ់ លោក សាយ ឈុំ និង​អ្នកស្រី ម៉ែន សំអន បូក​រួមទាំង​មន្រ្តី​នៅតាម​ក្រសួងស្ថាប័ន​មួយចំនួន​ទៀត ពួកគេ​ក៏​ឡើង​កាន់តំណែង​នៅក្នុង​ស្ថាប័នជាតិ​តាមរយៈ​ខ្សែ​បក្ខពួក ពោល​គឺ​កូនចៅ​មន្រ្តី​ទាំងនោះ​កាន់តំណែង​គ្រាក់ៗ​ដែល​ឪពុក​លើក​បន្តុប​ឱ្យ​ស្រាប់។

ជុំវិញ​រឿង​នេះ ប្រធាន​គណៈកម្មការនាយក​នៃ​ចលនាប្រជាធិបតេយ្យ​រួបរួមជាតិ​ប្រចាំប្រទេស​កូរ៉េខាងត្បូង​លោក ម៉ាត់ វណ្ណី លើកឡើង​ថា កូនអ្នកធំ​ស្នង​តំណែង​ជំនួស​ឪពុកម្តាយ ឬ​បងប្អូន នៅក្នុង​ក្រសួងស្ថាប័ន​គឺ​ជា​រឿងពិត ដែល​កើតមាន​នៅក្នុង​សង្គម​បច្ចុប្បន្ន។ លោក​បន្ថែម​ថា​កម្ពុជា​ក្រោម​ការដឹកនាំ​ដោយ​គ្រួសារ​ត្រកូលហ៊ុន​បាន​ធ្វើឱ្យ​យុវជនខ្មែរ​ដែល​មាន​សក្តានុពល​បាត់បង់​ឱកាស​ក្នុង​ការចូលរួម​អភិវឌ្ឍ​ជាតិ ដោយ​ជំរុញ​ឱ្យ​យុវជន​ត្រូវ​បោះបង់​ការសិក្សា ហើយ​ចំណាកស្រុក​ធ្វើ​ការ​នៅក្រៅ​ប្រទេស។

លោក ម៉ាត់ វណ្ណី៖«ជា​នយោបាយ​ប្រជាភិថុតិ គឺ​លោក ហ៊ុន ម៉ាណែត ចេះតែ​និយាយ​ទៅ តែ​ទង្វើ​ជាក់ស្តែង​គាត់​មិន​បាន​អនុវត្ត​ឯណា គាត់​មិន​ផ្តល់​តម្លៃ​ស្មើ​គ្នា​ចំពោះ​មនុស្ស​នៅក្នុង​សង្គម​ឯណា គាត់​ឱ្យ​តម្លៃ​តែ​ក្រុមគ្រួសារ បក្ខពួក​ដែល​ស្មោះស្ម័គ្រ​ជាមួយ​ត្រកូល​គាត់​ហ្នឹង អាហ្នឹង​គឺ​ជា​មហន្តរាយ​ធំ​ណាស់​ សម្រាប់​ប្រទេសជាតិ​ជាមួយ កាលណា​យុវជន​បោះបង់​ការសិក្សា​ច្រើន អស់សង្ឃឹម​ច្រើន​ដូច​ទុកជោគវាសនា​ប្រទេសជាតិ​ហ្នឹង ទៅ​ឱ្យ​មនុស្ស​មួយ​ក្តាប់​តូច ហើយ​ការទុក​ឱ្យ​មនុស្ស​មួយ​ក្តាប់​តូច​គ្រាប់គ្រង​ហើយ លទ្ធផល​គឺ​ខ្ទេចខ្ទាំ​ដូច​បច្ចុប្បន្ន​​យើង​បាន​ឃើញ​អ៊ីចឹង»។

ចំណែក​អ្នក​ជំនាញ​ច្បាប់ និង​អភិបាលកិច្ច​បែប​ប្រជាធិបតេយ្យ លោក វ៉ន ចាន់ឡូត មើលឃើញ​ថា​តួនាទី ឬ​តំណែង​នៅក្នុង​ស្ថាប័នជាតិ​បាន​ក្លាយ​ជា​កម្មសិទ្ធិ​ផ្តាច់មុខ​របស់​អ្នកនយោបាយ​បក្ស​កាន់​អំណាច​សម្រាប់​ផ្ទេរ​ឱ្យ​កូនចៅ សាច់ញាតិ​ឱ្យ​ចូល​ទៅ​គ្រប់គ្រង​តាម​វង្សត្រកូល។ លោក​បន្ត​ថា ការតែងតាំង​ចាក់ស្រេះ​ដោយសារ​សែស្រឡាយ​បក្ខពួកនិយម គឺ​ជា​បញ្ហាធំ​ធ្វើឱ្យ​សង្គម​មាន​វិសមភាព ឬ​ភាព​មិន​ស្មើគ្នា។

លោក វ៉ន ចាន់ឡូត៖«កម្ពុជា​កំពុង​មាន​គម្លាត​វិសមភាព​សង្គម​ធំ​មែនទែន ទីមួយ​នៅ​ក្នុង​ស្រទាប់​អ្នកនយោបាយ ឬ​ឥស្សរជន​នយោបាយ​នៅកម្ពុជា​ សុទ្ធសឹង​តែ​ជា​កូនចៅ​សែស្រឡាយ​នៃ​គណបក្សប្រជាជនកម្ពុជា ដូច​យើង​ឃើញ​ជាក់ស្តែង​នៅពេល​ដែល​ឪពុក​ជា​នាយករដ្ឋមន្រ្តី កូន​ក៏​មក​កាន់​តួនាទី​ជា​នាយករដ្ឋមន្រ្តី នៅពេល​ឪពុក​ជា​រដ្ឋមន្រ្តី​តាម​ក្រសួង​នានា កូន​ក៏​មក​កាន់​ជា​រដ្ឋមន្រ្តី​ជំនួស​ឪពុក​របស់ខ្លួន»។

ការ​ដឹកនាំ​ប្រទេស​តាម​បែប​សែស្រឡាយ គ្រួសារ​និយម​នឹង​ធ្វើឱ្យ​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដើរ​ថយក្រោយ មាន​ទំនាស់​ផលប្រយោជន៍ និង​អំពើ​ពុករលួយ​នៅក្នុង​ស្ថាប័នរដ្ឋ។

អ្នកឃ្លាំមើល និង​យុវជន​ស្វាគមន៍​ការលើកទឹកចិត្ត​ឱ្យ​យុវជន​ដែល​គ្មាន​ខ្សែ​រយៈ​មាន​ឱកាស​ក្លាយជា​អ្នកធំ​នៅ​ក្នុង​ស្ថាប័ន​ជាតិ ប៉ុន្តែ​ពួកគាត់​មិន​គាំទ្រ​ឡើយចំពោះ​ការផ្ទេរ​តំណែង​ឱ្យ​កូនចៅ និង​បក្ខពួកនិយម​ដែល​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត កំពុង​ធ្វើ​ដូច​សព្វថ្ងៃ​នេះ។ ពួកគាត់​អំពាវនាវ​ដល់​រដ្ឋាភិបាល​​ឱ្យ​បញ្ឈប់នយោបាយ​បក្ខពួកនិយម ហើយ​ងាកមក​បើក ឱកាស​ឱ្យ​ពលរដ្ឋខ្មែរ ជាពិសេស​យុវជន​មាន​ឱកាស​ចូល​កាន់តំណែង​ធំៗ​ក្នុង​ស្ថាប័នជាតិ​ស្របតាម​បំណង ការប្រកួតប្រជែង​ត្រឹមត្រូវ ដើម្បី​​បញ្ចេញ​សមត្ថភាព​ក្នុង​ការចូលរួម​អភិវឌ្ឍ​សង្គម​ទាំងអស់​គ្នា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។