លោក ហ៊ុន សែន តែងតាំងលោក ហៃ វណ្ណា និងសកម្មជន ១៨នាក់ទៀតជាទីប្រឹក្សា និងជំនួយការ
2024.12.10
មេបក្សកាន់អំណាច លោក ហ៊ុន សែន តែងតាំងសកម្មជនបក្សប្រឆាំងចំនួន ១៩នាក់ដែលបានចុះចូលជាមួយលោកឱ្យធ្វើជាទីប្រឹក្សា និងជំនួយការរបស់លោកក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា។ អ្នកទាំងនោះក៏មាន លោក ហៃ វណ្ណា និងលោកមេធាវី សំ សុគង់ ផងដែរ។ សេចក្តីសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ចុះកាលពីថ្ងៃទី៦ ខែធ្នូ តែទើបផ្សព្វផ្សាយនៅថ្ងៃទី០៩ ខែធ្នូ លើកឡើងថា ការតែងតាំងអ្នកទាំងនោះដោយយោងតាមសំណូមពរនៃការងារនាដំណាក់កាលបច្ចុប្បន្ន។
ទាក់ទងរឿងនេះ វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការពន្យល់បន្ថែម ពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន និងលោក ហៃ វណ្ណា លោកមេធាវី សំ សុគង់ រួមទាំងអ្នកចុះចូលផ្សេងទៀត ដែលទទួលបានតួនាទីទីប្រឹក្សា និងជំនួយការរបស់មេបក្សកាន់អំណាច លោក ហ៊ុន សែន នៅពេលនេះទេ នៅថ្ងៃទី៩ ខែធ្នូ។ ទោះយ៉ាងណា អ្នកឃ្លាំមើលរិះគន់ថា ការតែងតាំងអ្នកទាំងនោះ គឺដើម្បីបំបិទសំឡេងប្រឆាំងលោក ហ៊ុន សែន ហើយលោក ហ៊ុន សែន យកអ្នកទាំងនោះមកប្រើ គ្រាន់តែជាលលកធ្នាក់ ដើម្បីដើរអូសទាញសកម្មជនបក្សប្រឆាំងផ្សេងទៀតឱ្យមកចុះចូលជាមួយគណបក្សកាន់អំណាចដើម្បីទទួលលុយ ឬតួនាទី ប៉ុណ្ណោះ។ គិតមកទល់ពេលនេះ នៅមិនទាន់មានសេចក្តីរាយការណ៍ណាមួយថា ក្រុមអ្នកចុះចូលដែលត្រូវលោក ហ៊ុន សែន យកទៅធ្វើជាលលកធ្នាក់ទាំងនេះ ទទួលបានតំណែងផ្លូវការជាមន្ត្រីក្នុងជួររដ្ឋាភិបាលនាយករដ្ឋមន្ត្រីកូន គឺលោក ហ៊ុន ម៉ាណែត នៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។