អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្រ្ត​នយោបាយ​ថា របប​លោក ហ៊ុន សែន ចង់​គំរាម​ជា​ជាង​ការ​ចាប់​ខ្លួន​លោក សម​ រង្ស៊ី

ដោយ សុជីវី
2019-10-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ៊ុន សែន ប្រធាន​គណបក្ស​ ប្រជាជន​កម្ពុជា និង​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​ សង្គ្រោះ​ជាតិ។
លោក ហ៊ុន សែន ប្រធាន​គណបក្ស​ ប្រជាជន​កម្ពុជា និង​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​ សង្គ្រោះ​ជាតិ។
រូប៖ ហ្វេសប៊ុក លោក ហ៊ុន សែន និង RFA/Sorn Chanratha

ស្រប​ពេល​ដែល​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ សន្យា​វិល​ចូល​ស្រុក​វិញ នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​ខាង​មុខ មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន ក៏​កាន់​តែ​សង្ខើញ​វិធានការ​ទប់ទល់​នឹង​ការ​វិល​ចូល​ស្រុក​វិញ​របស់​លោក សម រង្ស៊ី ដែរ ក្នុង​នោះ​មាន​ទាំង​ការ​ស្នើសុំ​ឱ្យ​រដ្ឋ​សមាជិក​អាស៊ាន​ចូលរួម​ចាត់វិធានការ​រារាំង ដោយ​ចាប់​ខ្លួន​លោក សម រង្ស៊ី និង​មន្ត្រី​ដែល​អម​ដំណើរ​ទៅ​វិញ​នោះ​ផង និង​ចាប់ខ្លួន​ពលរដ្ឋ​ដែល​ទៅ​ទទួល​នោះ​ទៀត​ផង។ អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ​មើល​ឃើញ​ថា រដ្ឋ​សមាជិក​អាស៊ាន​មួយ​ចំនួន ​អាច​នឹង​រួម​ដៃ ជាមួយ​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ ហើយ​ក៏​មាន​ប្រទេស​មួយ​ចំនួន មាន​ទំនង​គិតគូរ​ពី​ផលប្រយោជន៍​របស់​ប្រទេស​នីមួយៗ។

សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណរ៉ា វិភាគ​ថា លោក សម រង្ស៊ី អាច​នឹង​ប្រើប្រាស់​លិខិត​ឆ្លងដែន​សញ្ជាតិ​បារាំង​របស់​លោក នៅ​ក្នុង​ពេល​ធ្វើដំណើរ​វិលត្រឡប់​ទៅ​កម្ពុជា​វិញ​ដោយ​ឆ្លង​កាត់​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​ជា​សមាជិក​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ហៅ​កាត់​ថា អាស៊ាន ​នោះ​អាច​ជួប​ប្រទះ​នឹង​រឿង២ គឺ​ទី១​អាច​នឹង​ត្រូវ​ចាប់​ខ្លួន​នៅ​តាម​ប្រទេស​មួយ​ចំនួន​មាន ប្រទេស​ឡាវ និង​វៀតណាម​ជាដើម។ ប៉ុន្តែ​ក៏​អាច​រួចផុត​ពី​ការ​ចាប់​ខ្លួន​ដែរ​នៅ​ពេល​លោក សម រង្ស៊ី វិល​ចូល​តាម​ប្រទេស​មួយ​ចំនួន​ទៀត​មាន​មាន​ថៃ ម៉ាឡេស៊ី និង​សិង្ហបុរី​ជា​ដើម៖ «គេ​អាច​ចាប់ ប្រសិន​បើ​ប្រទេស​ទាំង​នោះ បាន​ចុះ​កិច្ច​ព្រមព្រៀង ឬ​អនុស្សរណៈ​ស្ដីពី​បត្យាប័ន ករណី​លោក​ សម រង្ស៊ី ជា​ករណី​ដោយ​ឡែក ព្រោះ​គាត់​មាន​សញ្ជាតិ២ គឺ​ខ្មែរ​មួយ​បារាំង​មួយ អ៊ីចឹង​សមាជិក​អាស៊ាន​ដទៃ​ទៀត ទោះ​បី​ជា​មាន​កិច្ច​ព្រមព្រៀង​បត្យាប័ន​ជាមួយ​កម្ពុជា ក៏​ដោយ​ថៃ​អាច​ថា អត់​ចាប់​ដោយ​គេ​ខ្លាច​ប៉ះ​ពាល់​ទំនាក់ទំនង​រដ្ឋាភិបាល​ថៃ និង​រដ្ឋាភិបាល​បារាំង អ៊ីចឹង​គេ​អាច​ទុក​ធ្វើ​មិន​ដឹង​មិន​ឮ»

លើស​ពី​នេះ​លោក ថា​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​តែង​ឈរ​លើ​គោលការណ៍​មិន​ជ្រៀតជ្រែក​ក៏​អាច​ជា​ហេតុផល​ដែល​បណ្ដា​ប្រទេស​មួយ​ចំនួន​មិន​ចាប់ខ្លួន​លោក សម រង្ស៊ី ដែរ។ បើ​តាម​លោក ឯម សុវណ្ណារ៉ា មាន​ប្រទេស​មួយ​ចំនួន​មាន​កិច្ច​ព្រមព្រៀង​ជា​មួយ​កម្ពុជា ស្ដីពី បត្យាប័ន ឬ​កិច្ច​ព្រមព្រៀង​ផ្ទេរ​អ្នក​ជាប់​ទោស​ក្នុង​នោះ​ក៏​មាន​ប្រទេស​ថៃ​មួយ​ដែរ។

លោក ឯម សុវណ្ណារ៉ា មើល​ឃើញ​ទៀត​ថា ករណី​បង្កើន​ការ​គំរាមកំហែង​ចំពោះ​សកម្មជន​គណបក្ស​ប្រឆាំង​នៅ​តាម​មូលដ្ឋាន ដោយ​ការ​ចាប់​ខ្លួន ការ​កោះហៅ និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្សេង​ទៀត​គឺ​ដោយសារ តែ​លោក ហ៊ុន សែន បំភ័យ​ពលរដ្ឋ​មិន​ឱ្យ​ចូលរួម​គាំទ្រ​ជាមួយ​លោក សម​ រង្ស៊ី ដើម្បី​កាត់បន្ថយ​ការ​ប្រឈម​នឹង​ការ​ងើប​ឡើង​តវ៉ា​របស់​ពលរដ្ឋ៖ «អ្វី​ដែល​គណបក្ស​កាន់​អំណាច​បារម្ភ​ជាង​គេ​នោះ គឺ​កម្លាំង​ប្រជាពលរដ្ឋ ដែល​ងើប​ឡើង ដែល​តវ៉ា ដែល​គាំទ្រ​លោក សម រង្ស៊ី ហ្នឹង បើ​កម្លាំង​ចលនា​ហ្នឹង​កើន​ឡើង មាន​ការចូលរួម​ច្រើន​អាជ្ញាធរ​មាន​សមត្ថកិច្ច ក៏​នៅ​តែ​អាច​ចាប់​លោក​ សម រង្ស៊ី បាន​​ប៉ុន្តែ​វា​ជា​ចរន្ត​មួយ ដែល​ធ្វើ​អោយ​មាន​ការ​ប្រឈម​ដែល​មិនមែន​ចំពោះតែ​លោក សម រង្ស៊ី ​ម្នាក់​ទេ គឺ​ប្រឈម​នឹង​ប្រជាពលរដ្ឋ​ដទៃ​ទៀត​ច្រើន។ ប្រសិន​បើ​រង់ចាំ​ដល់​មាន​ការ​ចាប់​ខ្លួន​លោក​ សម​ រង្ស៊ី​ ពេល​ហ្នុង​មែន វា​ក៏​អាច​ផ្ដួចផ្ដើម​ទៅ​ដល់​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​សមត្ថកិច្ច និង​ពលរដ្ឋ ដែល​គ្មាន​អាវុធ វា​នឹង​នាំ​ឱ្យ​គណបក្ស​កាន់​អំណាច​ខាត​សំឡេង​ក្នុង​នយោបាយ​ច្រើន​ណាស់»

លោក សុវណ្ណរ៉ា មើល​ឃើញ​ទៀត​ថា របប​ក្រុង​ភ្នំពេញ​ក៏​ចង់​សម្លាប់​ជីវិត​នយោបាយ​របស់ លោក សម រង្ស៊ី តាមរយៈ​ការ​ទុក​អោយ​លោក សម រង្ស៊ី ឋិត​នៅ​កាន់​តែ​ឆ្ងាយ​ពី​ឆាក​នយោបាយ​កម្ពុជា។

«ករណី​ដែល​គណបក្ស​កាន់អំណាច​គេ​អាច​សម្លុត គេ​អាច​បំភ័យ​បាន​ល្អ​ជាង​ការ​ប្រឈម ដូច​ករណី​មាន​ឥស្សរជន​នយោបាយ ពី​សហគមន៍​អឺរ៉ុប​អម​ដំណើរ​លោក សម រង្ស៊ី នេះ​ជា​ករណី​មួយ ដែល​គេ​មិន​ចង់​ប្រឈម​បញ្ហា ដែល​ប៉ះពាល់​ទេ។​ ប្រសិន​បើ​ពលរដ្ឋ​មិន​ចូលរួម​ច្រើន បាន​ន័យ​ថា ​លោក សម រង្ស៊ី​ កាន់តែ​ឃ្លាត​ឆ្ងាយ​ពី​នយោបាយ​កាន់​តែ​ឃ្លាតឆ្ងាយ​ពី​ប្រជាពលរដ្ឋ​ហើយ​គណបក្ស​កាន់​អំណាច​អាច​បន្សាប​ឥទ្ធិពល​លោក សម រង្ស៊ី ករណី​ហ្នឹង។

លោក ហ៊ុន សែន កាល​ពី​ព្រឹក​ថ្ងៃ​ទី២ ខែ តុលា បាន​បញ្ជាក់​ជាថ្មី​ថា បាន​បញ្ជូន​ដីកា​តាម​ចាប់​ខ្លួន​លោក សម សង្ស៊ី និង​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​កាន់​បណ្ដា​រដ្ឋ​សមាជិក​អាស៊ាន​រួចរាល់​ហើយ។ ស្របគ្នា​នេះ​លោក ហ៊ុន សែន ក៏​បាន​ព្រមាន​ដល់​អ្នក​ចូលរួម​គាំទ្រ ប្រធាន​ស្ដីទី​គណបក្ស​សង្រ្គោះ​ជាតិ​នោះ​ថា​ចូលរួម​គំនិត​ក្បត់ជាតិ។

«ហើយ​អ្នក​នៅ​ក្នុង​ស្រុក​កុំ​ព្រហើន​ណាស់​ កុំ​ព្រហើន ដើរ​ដល់​ដំណាក់​កាល​ចូល​ដល់​រដ្ឋប្រហារ​ដែល​មាន​ការ​គ្រោង​ទុក​ហើយ ការ​រៀបចំ​កម្លាំង បើ​អ្នក​មិន​ខ្លាច​អ្នក​ចូលរួម​អ្នក​នឹង​មាន​ទោស។ តែ​បើ​អ្នក​បាន​ជា​ជ្រុល​ចូលរួម​អ្នក​សារភាព​ឱ្យ​ត្រង់​អ្នក​រួច​ទោស។»

អាស៊ី​សេរី​កំពុង​រង់ចាំ​ចម្លើយ​ពី​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០​ប្រទេស ដើម្បី​ទទួល​បាន​ព័ត៌មាន​ថា​តើ​ប្រទេស​ណាខ្លះ​បាន​ទទួល​ដីកា​ពី​របប​ក្រុងភ្នំពេញ​ហើយ​ប្រទេស​ណា​មិន​ទាន់​ទទួល? និង​ថា តើ​គេ​អាច​ចាត់​វិធានការ​តាម​ការ​ស្នើសុំ​នោះ​ដែរ​ឬទេ?

ចំពោះ លោក ឯម សុវណ្ណរ៉ា នៅ​តែ​មើល​ឃើញ​ថា របប​ក្រុង​ភ្នំពេញ​កំពុង​បង្ហាញ​ចេតនា​គំរាម​ថា ចាប់​ខ្លួន​ច្រើនជាង​ចេតនា​ចង់​ចាប់​ខ្លួន​ពិត​ប្រាកដ ដ្បិត​របប​នេះ អាច​ចាប់​លោក សម រង្ស៊ី ពេល​ណា​ក៏​បាន​នៅ​ពេល​បើក​អោយ​ចូល​ទៅ​ក្នុង​ទឹក​ដី​កម្ពុជា ដោយ​មិន​ចាំបាច់​បង្វែរ​ការ​ចាប់​ខ្លួន​នេះឱ្យ​ការទទួលខុសត្រូវ ឬ​ស​ទៅ​ជា​វិធានការ​របស់​រដ្ឋ​ជា​សមាជិក​អាស៊ាន​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល