លោក ហ៊ុន សែន ស្នើមេដឹកនាំចិនឱ្យផ្ដល់ជំនួយ និងប្រាក់កម្ចីបន្ថែម ក្នុងគ្រាដែលកម្ពុជាអាចប្រឈមនឹងទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់សហភាពអឺរ៉ុប
ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានស្នើដល់ប្រធានាធិបតីចិន (China) លោក ស៊ី ជីនពីង (Xi Jinping) ឱ្យជួយគាំទ្រផ្នែកសេដ្ឋកិច្ច ជាពិសេស ផ្ដល់ជំនួយ និងប្រាក់កម្ចីបន្ថែមដល់រដ្ឋាភិបាលកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត។ ការស្នើរបស់លោក ហ៊ុន សែន ធ្វើឡើងស្របពេល ដែលកម្ពុជាកំពុងប្រឈមទទួលរងទណ្ឌកម្មសេដ្ឋកិច្ចតាមរយៈការកាត់ផ្ដាច់ទាំងស្រុងនៃប្រព័ន្ធអនុគ្រោះពន្ធ អ៊ី.ប៊ី.អេ (EBA) ពីសំណាក់សហភាពអឺរ៉ុប (EU) ដែលកម្ពុជានៅសល់ ៨០ភាគរយដោយសារតែការដឹកនាំមិនត្រឹមត្រូវ និងរំលោភសិទ្ធិមនុស្សជាប្រព័ន្ធដោយរដ្ឋាភិបាលនៃក្រុមគ្រួសារ «ត្រកូលហ៊ុន»។
នៅមុនពេលដឹកនាំកូនចៅ និងមន្ត្រីកំពូលគ្រាក់ៗ ត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសចិនចំនួន ៣ថ្ងៃ លោក ហ៊ុន សែន បានបញ្ជាក់ជំហរនៅក្នុងជំនួបរវាងមេដឹកនាំកំពូលចិនថា កម្ពុជាពិតជាមិនអាចខ្វះចិនបានទេ សម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
លោក ហ៊ុន សែន បញ្ជាក់តាមរយៈទំព័រហ្វេសប៊ុក (Facebook) របស់លោកនៅថ្ងៃទី៤ ខែធ្នូថា ក្នុងជំនួបជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង កាលពីល្ងាចថ្ងៃទី៣ ខែធ្នូ លោកបានស្នើភាគីចិនឱ្យបន្តផ្ដល់ជំនួយឥតសំណង ប្រាក់កម្ចីបន្ថែម និងជំរុញការវិនិយោគ ដើម្បីទ្រទ្រង់សេដ្ឋកិច្ចសង្គមក្រោមការដឹកនាំដោយកូនប្រុសរបស់លោកគឺ លោក ហ៊ុន ម៉ាណែត។ ក្រៅពីនេះ លោក ហ៊ុន សែន ចាត់ទុកប្រទេសចិនថា ជាមិត្តដ៏គួរឱ្យទុកចិត្តសម្រាប់កម្ពុជា និងបានពឹងពាក់ចិនបន្តលើកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការឆបោក បទល្មើសល្បែងអនឡាញ និងការបន្តពង្រឹងទំនាក់ទំនងរវាងបក្សកុម្មុយនិស្តចិន និងបក្សប្រជាជនកម្ពុជា។
លោក ហ៊ុន សែន សរសេរអះអាងថា ជាការឆ្លើយតបមេដឹកនាំចិនលោក ស៊ី ជីនពីង ចាត់ទុកលោក ហ៊ុន សែន គឺជាអ្នកនយោបាយជើងចាស់កម្រ ដែលបានធ្វើឱ្យទំនាក់ទំនងកម្ពុជា និងចិនបច្ចុប្បន្នមានភាពរឹងមាំ និងមានកិច្ចសហប្រតិបត្តិការកាន់ស៊ីជម្រៅ។ លោកសរសេរបន្តថា មេដឹកនាំកំពូលចិនបញ្ជាក់ជំហរប្រាប់លោក ហ៊ុន សែនថា ទោះបីជាស្ថានភាពពិភពលោកកាន់តែប្រែប្រួល និងស្មុគស្មាញទំនាក់ទំនងរវាងកម្ពុជា និងចិននៅតែមានទំនុកចិត្តលើគ្នា ហើយចិនក៏ប្ដេជ្ញាបន្តជួយ និងគាំទ្រកម្ពុជាតាមរយៈការកសាងជោគវាសនារួមក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ»។
ក្នុងជំនួបរវាងលោក ហ៊ុន សែន និងលោក ស៊ី ជីនពីង ភាគីចិនមិនបង្ហាញជំហរក្នុងការផ្ដល់នូវមូលនិធិឱ្យកម្ពុជា សម្រាប់គម្រោងព្រែកជីកហ្វូណននោះទេ ខណៈដែលគម្រោងនេះបានរងនូវការរិះគន់ថា ជាប់គាំងដោយសារតែចិនមិនទម្លាក់លុយឱ្យរដ្ឋាភិបាលកម្ពុជា។ ទោះជាយ៉ាងណាក្ដី តាមរយៈការប្រកាសនៅលើទំព័រហ្វេសប៊ុកដដែល លោក ហ៊ុន សែន បានរៀបរាប់អំពីសារៈសំខាន់នៃការសាងសង់ព្រែកជីកហ្វូណនប្រាប់ភាគីចិនថា អនុញ្ញាតឱ្យកម្ពុជា មានឯករាជ្យភាពខាងវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងផ្ដល់ផលប្រយោជន៍សេដ្ឋកិច្ចដ៏ច្រើនសម្រាប់កម្ពុជា។
ប្រភពដដែលឱ្យដឹងទៀតថា ភាគីកម្ពុជា និងចិន ក៏បានឯកភាពគ្នាក្នុងការដឹកនាំប្រទេសដោយជំរុញលើការបន្ស៊ីគ្នារវាងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់ចិន ជាមួយនិងយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត។
លោក ហ៊ុន សែន បានដឹកនាំកូនៗ និងមន្ត្រីកំពូលៗ មកដល់កម្ពុជាវិញ នៅរសៀលថ្ងៃទី៤ ខែធ្នូ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចជាមិត្តភាព និងផ្លូវការលើកទី១ ក្នុងនាមលោកជាប្រធានព្រឹទ្ធសភា។ ៣ថ្ងៃនៃដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅប្រទេសចិននេះ ភាគីកម្ពុជា និងចិន បានផ្ដោតសំខាន់ខ្លាំងលើការពង្រឹងទំនាក់ទំនងទ្វេភាគី និងបញ្ជាក់ជំហរគាំទ្រគ្នាទៅវិញទៅមក និងការប្ដេជ្ញារក្សាជំហររួមគ្នាក្នុងការបន្តជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការសំខាន់ៗ ដើម្បីកសាងជោគវាសនារួមគ្នា។
ក្នុងដំណើរទស្សនកិច្ចទៅប្រទេសចិនលើកនេះ លោក ហ៊ុន សែន ក៏ហាក់មានមោទនភាពខ្លាំងដែលបានសណ្ដោងកូនប្រុសពីរនាក់គឺ លោក ហ៊ុន ម៉ានិត និងលោក ហ៊ុន ម៉ានី រួមទាំងសែស្រឡាយនៃអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិគឺលោក ទៀ បាញ់ និងលោក ទៀ សីហា ទៅចាប់ដៃមេដឹកនាំកុម្មុយនិស្តចិន។ ផ្ទុយទៅវិញអ្នកឃ្លាំមើល និងមន្ត្រីបក្សប្រឆាំងរិះគន់ថា គឺជារឿងអាម៉ាស់ទៅវិញទេដែលលោក ហ៊ុន សែន នាំកូនចៅ និងបក្ខពួកបែបគ្រួសារនិយមទៅសុំជំនួយ និងប្រាក់កម្ចីពីមេដឹកនាំចិន ក្នុងគ្រាដែលរដ្ឋាភិបាលកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត អសមត្ថភាពដឹកនាំប្រទេសរហូតប្រឈមរងទណ្ឌកម្មផ្នែកសេដ្ឋកិច្ចពីសំណាក់សហភាពអឺរ៉ុបដែលអាចដកប្រព័ន្ធអនុគ្រោះពន្ធ ដែលកម្ពុជានៅសល់ ៨០ភាគរយ។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិ លោក ឯម សុវណ្ណារ៉ា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៤ ខែធ្នូ ថា កិច្ចសហប្រតិបត្តិការត្បូងពេជ្រ គឺមានសារៈសំខាន់សម្រាប់រដ្ឋាភិបាលកម្ពុជាក្នុងការទទួលបានជំនួយ និងកម្ចីបន្ថែមពីចិន នៅពេលកម្ពុជាកំពុងប្រឈមរងទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់សហភាពអឺរ៉ុប។ ទោះជាយ៉ាងនេះក្ដី លោកព្រមានថា ប្រសិនបើកម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ (EBA) ទាំងស្រុងស្ថានភាពសេដ្ឋកិច្ចកម្ពុជាកាន់តែដុនដាប ហើយប្រទេសចិន ក៏មិនអាចជំនួសទីផ្សារក្នុងការនាំចូលទំនិញរបស់កម្ពុជានោះដែរ ដោយសារតែទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងចិនមានអតុល្យភាពខ្លាំង។ លើសពីនេះ លោកថា កម្ពុជាក៏អាចនឹងប៉ះពាល់មុខមាត់លើឆាកអន្តរជាតិ ដែលធ្វើឱ្យអ្នកជំនួញអន្តរជាតិកាន់តែបាត់បង់ទំនុកចិត្តក្នុងការមកបោះទុនរកស៊ីនៅកម្ពុជា។
លោក ឯម សុវណ្ណារ៉ា៖ «ឥឡូវយើងបាត់ប្រព័ន្ធអនុគ្រោះពន្ធ ២០ភាគរយ បើយើងបាត់តទៅទៀត អាហ្នឹងការនាំចេញ [ផលិតផល] កម្ពុជាកាន់តែរឹតធ្លាក់ចុះទៅ ហើយសក្ដានុពលនៃការទាក់ទាញអ្នកវិនិយោគិនបរទេសមកកម្ពុជាក៏មានការថយចុះដែរ វាជាឧបសគ្គមួយធំដែរ។ ខ្ញុំចង់លើកក្នុងនាមជាពលរដ្ឋខ្មែរថា រដ្ឋាភិបាល គួរតែពិចារណាបានន័យថា បើមិនអនុវត្តប្រជាធិបតេយ្យ សិទ្ធិមនុស្សស្តង់ដារនៅកម្ពុជាទេ យើងអត់អាចសុំ (EBA) ពីសហគមន៍អឺរ៉ុបបានទេ ព្រោះអ្វីដែលបានចុះកិច្ចព្រមព្រៀងដោយអឺរ៉ុបហ្នឹងយើងគួរតែឆ្លើយតបក្នុងចំណុចវិជ្ជមាន គួរតែរក្សាអត្ថប្រយោជន៍ឱ្យបានសម្រាប់ពលរដ្ឋទាំងអស់គ្នា»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យព្រឹទ្ធសភាលោក ម៉ម ប៊ុននាង និងអ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សុន្ទរី ដើម្បីបកស្រាយជុំវិញរឿងនេះបានទេនៅថ្ងៃទី៤ ខែធ្នូ។
ក្រុមអ្នកតាមដានបញ្ហានយោបាយ និងអ្នកនយោបាយប្រឆាំងព្រមានថា ចិនមានបំណងយកទីតាំងកម្ពុជា ដើម្បីបម្រើមហិច្ឆតាភូមិសាស្ត្រនយោបាយឱ្យចិនទើបចិនបន្តផ្ដល់ជំនួយឥតលក្ខខណ្ឌដល់រដ្ឋាភិបាលគ្រួសារត្រកូល ហ៊ុន។ លើសពីនេះ ពួកគាត់ថា កម្ពុជាទាំងមូលនឹងផុងខ្លួនចូលក្នុងអន្ទាក់បំណុលចិនវ័ណ្ឌក នៅពេលដែលរដ្ឋាភិបាលបន្តផ្ដេកផ្ដួល និងខ្ចីបុលពីចិនកាន់តែច្រើន យកមកប្រើប្រាស់ដោយគ្មានតម្លាភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។