លោក ហ៊ុន សែន អះអាងថា ក្នុងរយៈពេល៣៨ឆ្នាំនៃការកាន់កាប់អំណាចរបស់លោក ធ្វើឲ្យពលរដ្ឋគោរពស្រឡាញ់ និងគាំទ្រលោកខ្លាំង។ អ្នកវិភាគនយោបាយ និងមន្រ្តីគណបក្សប្រឆាំងមើលឃើញផ្ទុយពីនេះទៅវិញ។ ពួកគេថា លោក ហ៊ុន សែន អាចរក្សាតួនាទីនេះរហូតដល់សព្វថ្ងៃមិនមែនមកពីពលរដ្ឋខ្មែរពេញចិត្តនោះទេ គឺដោយសារតែការធ្វើរដ្ឋប្រហារ និង ការបង្ក្រាបសំឡេងប្រឆាំង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះនៅលើហ្វេសប៊ុកទាក់ទងខួបនៃការកាន់អំណាចរយៈពេល៣៨ឆ្នាំ សរសើរខ្លួនឯងថា លោកជានាយករដ្ឋមន្ត្រីដែលពលរដ្ឋគោរពស្រឡាញ់ និងគាំទ្រខ្លាំង។លោកអួតទៀតថា លោកអាចរក្សាតំណែងជានាយករដ្ឋមន្ត្រីបានយូរជាងគេនៅក្នុងពិភពលោក។ ទន្ទឹមនឹងនេះ លោក ហ៊ុន សែន អះអាងថា រយៈពេល៣៨ឆ្នាំក្រោមការដឹកនាំរបស់លោកបានកសាងអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនគ្រប់វិស័យ។
ផ្ទុយពីលើកឡើងរបស់លោក ហ៊ុន សែន នេះ អ្នកវិភាគនយោបាយ និងមន្រ្តីគណបក្សប្រឆាំងរិះគន់ថា លោក ហ៊ុន សែន អាចរក្សាតួនាទីជានាយករដ្ឋមន្ត្រីក្នុងរយៈពេលជិត៤០ឆ្នាំ ដោយសារលោកធ្វើរដ្ឋប្រហារ រំលោភរដ្ឋធម្មនុញ្ញ ជាពិសេសរបៀបដឹកនាំបែបផ្ដាច់ការតែម្តង។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្នាដៃដ៏លេចធ្លោរបស់លោក ហ៊ុន សែន គឺយុទ្ធនាការកម្ទេចបក្សប្រឆាំង និងបង្ក្រាបលើសំឡេងរិះគន់ឥតស្រាកស្រាន្តដើម្បីឱ្យលោកនៅបន្តគ្រប់គ្រងអំណាចតទៅទៀត។
លើសពីនេះលោក ហ៊ុន សែន នៅតែប៉ុនប៉ងធ្វើទុក្ខបុកម្នេញទាំងផ្នែកនយោបាយ និងហិរញ្ញវត្ថុចំពោះមេដឹកនាំគណបក្សប្រឆាំង ដូចជាលក់ផ្ទះរបស់លោក សម រង្ស៊ី និងជាទីស្នាក់ការបក្សសង្គ្រោះជាតិយកលុយចែកគ្នា ហើយចុងក្រោយនេះលោកបង្ខំឱ្យឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀនលោក គង់ គាំ ផ្ដិតមេដៃលើលិខិតប្រគល់ដី និងផ្ទះតម្លៃរាប់លានដុល្លារនៅកណ្តាលក្រុងភ្នំពេញឱ្យទៅរដ្ឋាភិបាល។ គណបក្សកាន់អំណាចក៏ ប្តឹង អនុប្រធានគណបក្សភ្លើងទៀនលោក សុន ឆ័យ ទារប្រាក់ជិតមួយលានដុល្លារផងដែរ។ លោក សុន ឆ័យ អាចនឹងត្រូវតុលាការរឹបអូសយកផ្ទះ។
ជុំវិញរឿងនេះដែរ អ្នកវិភាគនយោបាយលោក គឹម សុខ ថ្លែងថាលោក ហ៊ុន សែន គ្រប់គ្រងអំណាចក្នុងរយៈពេល ៣៨ឆ្នាំនេះបាន មិនមែនដោយសារការគាំទ្រពីពលរដ្ឋនោះទេ។ លោកថាលោក ហ៊ុន សែន កាន់អំណាចយូរទៅកាន់តែផ្តាច់ការ ។ លោកប្រដូចការដឹកនាំរបស់លោក ហ៊ុន សែន ស្រដៀងនឹងរបៀបដឹកនាំខ្មែរក្រហម ប៉ុល ពត ដោយត្រូវកម្ទេចគូប្រកួតប្រជែងទាំងផ្ទៃក្នុងបក្សប្រជាជន និងអ្នកនៅខាងក្រៅបក្សដើម្បីគ្រប់គ្រងអំណាច។
លោក គឹម សុខ៖ ការដឹកនាំរបស់លោក ហ៊ុន សែន នាំគ្រោះមហន្តរាយដល់ជាតិធំណាស់ ពីព្រោះការដឹកនាំរបស់គាត់ចេញតែលទ្ធផលនៃការបែកបាក់ជាតិ ហើយកាលណាជាតិបែកបាក់ ជាតិសេដ្ឋកិច្ចក៏ខ្សោយ កម្លាំងកសាងជាតិក៏ខ្សោយ កម្លាំងការពារជាតិក៏អន់ ហ្នឹងហើយជាគ្រោះសម្រាប់ជាតិដែលខ្ញុំតែងតែអំពាវនាវថា មានតែអ្នកដែលស្រឡាញ់ជាតិ លទ្ធិប្រជាធិបតេយ្យរួបរួមគ្នាឡើងផ្លាស់ប្ដូរអំណាចក្រុមគ្រួសារត្រកូលហ៊ុនឱ្យបានទើបមានសង្ឃឹមសម្រាប់ជាតិខ្មែរ»។
ស្រដៀងគ្នានេះដែរ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិលោក អ៊ំ សំអាន ថាទង្វើប្លន់យកដីផ្ទះមេដឹកនាំបក្សប្រឆាំងបង្ហាញឱ្យមហាជនដឹងកាន់តែច្បាស់ថា លោក ហ៊ុន សែន ជាអ្នកនយោបាយកំសាកដោយមិនហ៊ានប្រកួតប្រជែងយកអំណាចតាមការបោះឆ្នោតដោយសេរី និងយុត្តិធម៌នោះទេ។
លោក អ៊ំ សំអាន៖ «ការកាន់អំណាចរបស់គាត់ ( លោក ហ៊ុន សែន ) មិនមែនបានមកដោយសុទ្ធចិត្តទេ ឬការឆ្លាតវៃក្នុងភាពជាអ្នកដឹកនាំ មានវីរភាពដឹកនាំប្រទេសនោះទេ ឬជាមេដឹកនាំឆ្នើមដឹកនាំប្រទេសបានយូរគួរឱ្យសរសើរទេ គឺការដឹកនាំគាត់តាមរយៈកណ្តាប់ដៃដែក គឺរៀបដឹកនាំបែបផ្ដាច់ការក្នុងការដឹកនាំប្រទេសកម្ពុជា គាត់ដឹកនាំប្រទេសឆ្លាតមែនតែឆ្លាតរបៀបអាក្រក់ ឬខូច ហើយគាត់កាន់អំណាចបានយូរនេះមិនដោយសារប្រជាពលរដ្ឋគាំទ្រគាត់ទេ»។
អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចាត់ទុកលោក ហ៊ុន សែនថា អាចរក្សាដំណែង តាមរយៈការប្រើប្រាស់អំពើហិង្សាក្នុងចេតនានយោបាយគ្រប់គ្រងកងកម្លាំងប្រដាប់អាវុធ កេងបន្លំការបោះឆ្នោត ប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ។ អង្គការនេះបន្តថា លោក ហ៊ុន សែន បានពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ រួមមានអំពើកាប់សម្លាប់ក្រៅច្បាប់ ទារុណកម្ម ការចាប់ឃុំខ្លួន ត្រួតត្រា រារាំងសេរីភាពសមាគម ការជួបប្រជុំ និងការបង្កើតបណ្ដាញស៊ើបការ រាយការណ៍នៅពេញប្រទេស ក្នុងគោលបំណងបំភិតបំភ័យ បំភ័ន្តសាធារណមតិ។ យុទ្ធសាស្ត្រចម្បងជាងគេរបស់លោក ហ៊ុន សែន គឺការគំរាមកំហែង និងប្រើប្រាស់កម្លាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
