អ្នក​ឃ្លាំមើល​ថា លោក ហ៊ុន សែន កាន់អំណាច ៣៨ឆ្នាំ​កាន់​តែ​ផ្ដាច់ការ

0:00 / 0:00

លោក ហ៊ុន សែន អះអាង​ថា ក្នុង​រយៈពេល៣៨ឆ្នាំ​​នៃ​ការ​កាន់កាប់​អំណាច​របស់​លោក ធ្វើឲ្យ​ពលរដ្ឋ​គោរព​ស្រឡាញ់ និង​គាំទ្រ​លោក​ខ្លាំង។ អ្នកវិភាគ​នយោបាយ និង​មន្រ្តី​គណបក្ស​ប្រឆាំង​មើលឃើញ​ផ្ទុយ​ពី​នេះ​ទៅវិញ។ ពួកគេ​ថា លោក ហ៊ុន សែន អាច​រក្សា​តួនាទី​នេះ​រហូត​ដល់​សព្វថ្ងៃ​មិនមែន​មកពី​ពលរដ្ឋខ្មែរ​ពេញចិត្ត​នោះ​ទេ គឺ​ដោយសារ​តែ​ការ​ធ្វើ​រដ្ឋប្រហារ និង ការ​បង្ក្រាប​សំឡេង​ប្រឆាំង។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​ទាក់ទង​ខួប​នៃ​ការ​កាន់អំណាច​រយៈពេល​៣៨ឆ្នាំ សរសើរ​ខ្លួនឯង​ថា លោក​ជា​នាយករដ្ឋមន្ត្រី​ដែល​ពលរដ្ឋ​គោរព​ស្រឡាញ់ និង​គាំទ្រ​ខ្លាំង។លោក​អួត​ទៀត​ថា លោក​អាច​រក្សា​តំណែង​ជា​នាយករដ្ឋមន្ត្រី​បាន​យូរ​ជាងគេ​នៅ​ក្នុង​ពិភពលោក។ ទន្ទឹម​នឹង​នេះ លោក ហ៊ុន សែន អះអាង​ថា រយៈពេល​៣៨ឆ្នាំ​ក្រោម​ការ​ដឹកនាំ​របស់​លោក​បាន​កសាង​អភិវឌ្ឍ​ប្រទេស​ឱ្យ​មាន​ការ​រីកចម្រើន​គ្រប់​វិស័យ។

ផ្ទុយពី​លើកឡើង​របស់​លោក ហ៊ុន សែន នេះ អ្នកវិភាគ​នយោបាយ និង​មន្រ្តី​គណបក្សប្រឆាំង​រិះគន់​ថា​ លោក ហ៊ុន សែន អាច​រក្សា​តួនាទី​ជា​នាយករដ្ឋមន្ត្រី​ក្នុង​រយៈពេល​ជិត​៤០ឆ្នាំ ដោយសារ​លោក​ធ្វើ​រដ្ឋប្រហារ រំលោភ​រដ្ឋធម្មនុញ្ញ ជាពិសេស​របៀប​ដឹកនាំ​បែប​ផ្ដាច់ការ​តែម្តង។ ក្នុងរយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ស្នាដៃ​ដ៏​លេចធ្លោ​របស់​លោក ហ៊ុន សែន គឺ​យុទ្ធនាការ​កម្ទេច​បក្ស​ប្រឆាំង និង​បង្ក្រាប​លើ​សំឡេង​រិះគន់​ឥត​ស្រាកស្រាន្ត​ដើម្បី​ឱ្យ​លោក​នៅ​បន្ត​គ្រប់គ្រង​អំណាច​តទៅ​ទៀត។

លើស​ពី​នេះ​លោក ហ៊ុន សែន នៅតែ​ប៉ុនប៉ង​ធ្វើ​ទុក្ខបុកម្នេញ​ទាំង​ផ្នែក​នយោបាយ និង​ហិរញ្ញវត្ថុ​ចំពោះ​មេដឹកនាំ​គណបក្សប្រឆាំង ដូចជា​លក់ផ្ទះ​របស់​លោក សម រង្ស៊ី និង​ជា​ទីស្នាក់ការ​បក្ស​សង្គ្រោះជាតិ​យក​លុយ​ចែក​គ្នា ហើយ​ចុងក្រោយ​នេះ​លោក​បង្ខំ​ឱ្យ​ឧត្តមទីប្រឹក្សា​គណបក្ស​ភ្លើងទៀន​លោក គង់ គាំ ផ្ដិតមេដៃ​លើ​លិខិត​ប្រគល់​ដី និង​ផ្ទះ​តម្លៃ​រាប់​លាន​ដុល្លារ​នៅ​កណ្តាល​ក្រុង​ភ្នំពេញ​ឱ្យ​ទៅ​រដ្ឋាភិបាល។ គណបក្ស​កាន់អំណាច​ក៏ ប្តឹង អនុប្រធាន​គណបក្ស​ភ្លើងទៀន​លោក សុន ឆ័យ ទារប្រាក់​ជិត​មួយ​លាន​ដុល្លារ​ផង​ដែរ។ លោក សុន ឆ័យ អាច​នឹង​ត្រូវ​តុលាការ​រឹបអូស​យក​ផ្ទះ។

ជុំវិញ​រឿង​នេះ​ដែរ អ្នកវិភាគ​នយោបាយ​លោក គឹម សុខ ថ្លែង​ថា​លោក ហ៊ុន សែន គ្រប់គ្រង​អំណាច​ក្នុងរយៈពេល ៣៨ឆ្នាំ​នេះ​បាន មិនមែន​ដោយ​សារ​ការ​គាំទ្រ​ពី​ពលរដ្ឋ​នោះ​ទេ។ លោក​ថា​លោក ហ៊ុន សែន កាន់អំណាច​យូរ​ទៅ​កាន់តែ​ផ្តាច់ការ ។ លោក​ប្រដូច​​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ស្រដៀងនឹង​របៀប​ដឹកនាំ​ខ្មែរក្រហម ប៉ុល ពត ដោយ​ត្រូវ​កម្ទេច​គូប្រកួត​ប្រជែង​ទាំង​ផ្ទៃ​ក្នុង​បក្ស​ប្រជាជន និង​អ្នក​នៅ​ខាងក្រៅ​បក្ស​ដើម្បី​គ្រប់គ្រង​អំណាច។

លោក គឹម សុខ៖ ការដឹកនាំ​របស់​លោក ហ៊ុន សែន នាំ​គ្រោះ​មហន្តរាយ​ដល់​ជាតិ​ធំ​ណាស់ ពីព្រោះ​ការដឹកនាំ​របស់​គាត់​ចេញ​តែ​លទ្ធផល​នៃ​ការ​បែកបាក់​ជាតិ ហើយ​កាលណា​ជាតិ​បែកបាក់​ ជាតិ​សេដ្ឋកិច្ច​ក៏​ខ្សោយ កម្លាំង​កសាង​ជាតិ​ក៏​ខ្សោយ កម្លាំង​ការពារ​ជាតិ​ក៏​អន់ ហ្នឹងហើយ​ជា​គ្រោះ​សម្រាប់​ជាតិ​ដែល​ខ្ញុំ​តែងតែ​អំពាវនាវ​ថា មានតែ​អ្នក​ដែល​ស្រឡាញ់​ជាតិ លទ្ធិប្រជាធិបតេយ្យ​រួបរួម​គ្នា​ឡើង​ផ្លាស់ប្ដូរ​អំណាច​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​ឱ្យ​បាន​ទើប​មាន​សង្ឃឹម​សម្រាប់​ជាតិ​ខ្មែរ»។

ស្រដៀង​គ្នា​នេះ​ដែរ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​លោក អ៊ំ សំអាន ថា​ទង្វើ​ប្លន់​យក​ដី​ផ្ទះ​មេដឹកនាំ​បក្ស​ប្រឆាំង​បង្ហាញ​ឱ្យ​មហាជន​ដឹង​កាន់​តែ​ច្បាស់​ថា លោក ហ៊ុន សែន ជា​អ្នក​នយោបាយ​កំសាក​ដោយ​មិន​ហ៊ាន​ប្រកួត​ប្រជែង​យក​អំណាច​តាម​ការបោះឆ្នោត​ដោយសេរី និង​យុត្តិធម៌​នោះ​ទេ។

លោក អ៊ំ សំអាន៖ «ការ​កាន់​អំណាច​របស់​គាត់ ( លោក ហ៊ុន សែន ) មិនមែន​បាន​មក​ដោយ​សុទ្ធចិត្ត​ទេ ឬ​ការ​ឆ្លាតវៃ​ក្នុង​ភាព​ជា​អ្នក​ដឹកនាំ​ មាន​វីរភាព​ដឹកនាំ​ប្រទេស​នោះ​ទេ ឬ​ជា​មេដឹកនាំ​ឆ្នើម​ដឹកនាំ​ប្រទេស​បាន​យូរ​គួរ​ឱ្យ​សរសើរ​ទេ គឺ​ការ​ដឹកនាំ​គាត់​តាមរយៈ​កណ្តាប់​ដៃ​ដែក គឺ​រៀប​ដឹកនាំ​បែប​ផ្ដាច់ការ​ក្នុង​ការ​ដឹកនាំ​ប្រទេស​កម្ពុជា គាត់​ដឹកនាំ​ប្រទេស​ឆ្លាត​មែន​តែ​ឆ្លាត​របៀប​អាក្រក់ ឬ​ខូច ហើយ​គាត់​កាន់​អំណាច​បាន​យូរ​នេះ​មិន​ដោយសារ​ប្រជាពលរដ្ឋ​គាំទ្រ​គាត់​ទេ»។

អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចាត់ទុក​លោក ហ៊ុន សែន​ថា អាច​រក្សា​ដំណែង តាមរយៈ​ការប្រើប្រាស់​អំពើ​ហិង្សា​ក្នុង​ចេតនា​នយោបាយ​គ្រប់គ្រង​កងកម្លាំង​ប្រដាប់​អាវុធ ​កេង​បន្លំ​ការ​បោះឆ្នោត ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ។ អង្គការ​នេះ​បន្ត​ថា លោក ហ៊ុន សែន បាន​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស​ដ៏​ធ្ងន់ធ្ងរ រួមមាន​អំពើ​កាប់​សម្លាប់​ក្រៅច្បាប់ ទារុណកម្ម ការ​ចាប់​ឃុំ​ខ្លួន ត្រួតត្រា រារាំង​សេរីភាព​សមាគម ការ​ជួប​ប្រជុំ និង​ការ​បង្កើត​បណ្ដាញ​ស៊ើបការ រាយការណ៍​នៅ​ពេញ​ប្រទេស ក្នុង​គោល​បំណង​បំភិតបំភ័យ បំភ័ន្ត​សាធារណមតិ។ យុទ្ធសាស្ត្រ​ចម្បង​ជាង​គេ​របស់​លោក ហ៊ុន សែន គឺ​ការ​គំរាម​កំហែង និង​ប្រើប្រាស់​កម្លាំង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។