លោក ហ៊ុន សែន ថា​លោកនឹង​​​កាន់​​អំណាច​​រហូត​​ធុញទ្រាន់​ទើប​ផ្ទេរ​ទៅ​អ្នក​​ផ្សេង​

0:00 / 0:00

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន អះអាងថា លោក​នឹង​មិន​ផ្ទេរអំណាច​ឱ្យ​អ្នក​ណា​ឡើយ មិន​ថាកូន​ប្រុស​របស់លោក ឬមន្ត្រីរូបណានោះទេ។ លោក​បញ្ជាក់ថា លោក​នឹង​កាន់​អំណាច​ដល់​ពេល​លោក​ធុញទ្រាន់ ទើប​ផ្ទេរអំណាច​នោះ​ទៅឱ្យ​អ្នក​ផ្សេង។ លោក​ថ្លែងទៀតថា លោកនៅ​តែជា​​បេក្ខ​ជន​នាយក​រដ្ឋ​មន្ត្រីនៅ​ក្នុង​ការ​បោះឆ្នោត​​ ឆ្នាំ២០២៣ ខាងមុខ៖ « ខ្ញុំ​នៅ​តែ​បន្ត​នៅ​ហ្នឹង ងាយ​ងាប់​ទៅណា ឥឡូវ​បាន​វ៉ាក់​សាំង​ចូល​ខ្លួន​ទៀត អត់​ងាយ​ងាប់​សោះ។ ឥឡូវឈប់​ប្រកាសពី​រឿង ១០ឆ្នាំ ២០ឆ្នាំ ធ្វើ​ហ្អែង​ទាល់តែ​ឈប់​ចង់​ធ្វើ កុំ​ឱ្យ​វា​ពិបាក​ពេក។ បន្តិច​ផ្ទេរ​តំណែង​ឱ្យ ហ៊ុន ម៉ាណែត បន្តិច​ផ្ទេរ​អំណាច​ឱ្យ​ទៅអ្នក​​នេះ ឱ្យ​ទៅ​អ្នក​នោះ។ ឥឡូវមិន​បាច់​ផ្ទេរ​តែម្តង នៅ​អ៊ីចឹង​តែម្តងទៅ »

លោក ហ៊ុន សែន ថ្លែង​បែបនេះ ជាការ​ឆ្លើយតប​ទៅនឹង​មតិរិះគន់​ទាំងឡាយ​ដែល​ថា លោក​កំពុង​រៀប​ចំគម្រោង​ផ្ទេរអំណាច​ទៅ​ឱ្យ​កូន​ប្រុស​ច្បង​ គឺលោក ហ៊ុន ម៉ាណែត។

ទោះជាយ៉ាងណា អ្នក​តាម​ដាន​ស្ថានការណ៍​រិះគន់ថា ការ​ដឹកនាំ​ប្រទេស​តែម្នាក់ឯងដោយ​គ្មាន​ពេល​កំណត់​ គឺ​ជាគ្រោះថ្នាក់សម្រាប់ជាតិ និង​ឆ្លុះ​បញ្ចាំងពីរឿង​អសមត្ថភាព​របស់​អ្នក​ដឹកនាំ​ទៅវិញទេ។

អ្នកសិក្សា​​ផ្នែក​ច្បាប់លោក វ៉ន ចាន់ឡូត ថ្លែងថា មាន​តែ​ប្រទេស​ផ្តាច់ការ​ទេ ទើប​អ្នកដឹកនាំអាច​កាន់​អំណាច​បាន​យូរ​តាម​ចិត្ត​ចង់។ លោក​បន្តថា អ្នក​ដឹកនាំ​ជំនាន់​មុន គួរ​តែ​កសាងធនធាន​មនុស្សដែល​មាន​សមត្ថភាពដើម្បី​​ដឹកនាំ​ជាតិបន្ត មិនមែន​គិត​ថា មាន​តែ​ខ្លួន​ទើប​អាច​ដឹកនាំ​ជាតិ​បែបនេះទេ៖ « កាន់​អំណាច​ជា​នាយក​រដ្ឋ​មន្ត្រី ៣០ឆ្នាំ ទៅ ៤០ឆ្នាំ​ ហើយ ប៉ុន្តែ​មិន​អាច​រក​អ្នក​ណា​ជា​បេក្ខជន​ជំនួស​ខ្លួន​បាននៅ​ក្នុង​ការ​បោះឆ្នោត ដើម្បីឱ្យ​ប្រជាពលរដ្ឋមាន​ការ​ទុក​ចិត្ត​ហ្នឹង។ អ៊ីចឹង​​កង្វះ​ប្រសិទ្ធភាពដឹកនាំ​​ហ្នឹង​ហើយ ដែល​ធ្វើ​ឱ្យ​អ្នក​ដឹកនាំ​មិន​ទុក​ចិត្ត​ទៅដល់​អ្នក​ផ្សេង ឬ​ក៏​មនុស្ស​នៅក្នុង​គណបក្ស ដែល​អាច​ជំនួស​ខ្លួន​ជា​បេក្ខភាព​នៃ​នាយ​ករដ្ឋ​មន្ត្រីបាន ទើប​ធ្វើ​ឱ្យ​អ្នក​ដឹកនាំ​នោះ ក្រាញ​អំណាច​រហូត​ទាល់តែ​អស់​ជីវិតអ៊ីចឹង​ទៅ »

លោក ហ៊ុន សែន ត្រូវ​បានកង​ទ័ពវៀតណាម​លើក​បន្តុប​ឱ្យ​ធ្វើ​ជា​នាយករដ្ឋមន្ត្រីកាល​ពី​ឆ្នាំ​១៩៨៥ ហើយ​បាន​បន្ត​ស្ថិត​ក្នុង​តួនាទី​នេះ​រហូត​ដល់​បច្ចុប្បន្ន​។ ទោះជាយ៉ាងណា លោក​អាច​រក្សា​តួនាទី​ជានាយករដ្ឋ​មន្ត្រី​ក្នុង​រយៈពេល​ជាង ៣៥ឆ្នាំ មកនេះ មិន​មែន​ដោយ​សារ​ពលរដ្ឋ​គាំទ្រ​​ទាំងស្រុង​នោះទេ ប៉ុន្តែ​គឺដោយសារ​ការ​ធ្វើ​រដ្ឋ​ប្រហារ ការ​បង្ក្រាប​សំឡេង​ប្រឆាំង និង​របៀប​ដឹកនាំបែប​ផ្តាច់​ការរបស់​លោក។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) រក​ឃើញថា ក្នុង​រយៈពេល​ជាង ៣ទសវត្សរ៍ ​នៃការ​គ្រប់​គ្រង​របស់​លោក ហ៊ុន សែន ករណីរំលោភសិទ្ធិមនុស្ស​ធ្ងន់ធ្ងរបាន​កើត​មាន​ឡើង​ឥតស្រាកស្រាន្ត។ ករណី​ទាំងនោះ មាន​ដូច​ជា ការ​សម្លាប់មនុស្ស​ក្រៅច្បាប់ អំពើទារុណកម្ម ការ​ចាប់​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត ការរារាំង​សេរីភាព​ជួប​ជុំ និង​ការ​ប្រមូល​ផ្តុំ ព្រម​ទាំងការ​បង្កើត​បណ្តាញ​ស៊ើបការណ៍​ និង​រាយការណ៍​ពេញប្រទេស​ ដើម្បី​បំភិត​បំភ័យ និង​បំភ័ន្តសាធារណមតិ។

ទោះជាយ៉ាងណា អ្នក​វិភាគនិងអ្នក​នយោបាយ​បក្ស​ប្រឆាំងជឿជាក់ថា ពលរដ្ឋ​ខ្មែរអាច​​នឹង​អនុគ្រោះ​ដល់​ទង្វើ​អាក្រក់​របស់​លោក ហ៊ុន សែន កាល​ពី​មុន ប្រសិន​បើ​លោកព្រម​​ងាក​មកស្តារលទ្ធិ​ប្រជាធិបតេយ្យ រៀបចំការ​បោះឆ្នោត​ដោយ​ត្រឹម​ត្រូវ និង​បោះបង់​ចោល​គំនិត​ផ្ទេរអំណាច​តវង្សត្រកូល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។