មេដឹកនាំរដ្ឋាភិបាលឯកបក្ស លោក ហ៊ុន សែន បន្តឌឺដងដាក់សហភាពអឺរ៉ុបរឿងដកប្រព័ន្ធអនុគ្រោះពន្ធ EBA អំឡុងពេលលោកជួបជាមួយអ្នកគាំទ្រនៅប្រទេសស្វីស (Switzerland) កាលពីយប់ថ្ងៃទី ២១ ឧសភា។
លោក ហ៊ុន សែន ថ្លែងថា ទោះបីជាសហភាពអឺរ៉ុបបានដកប្រព័ន្ធអនុគ្រោះពន្ធមួយផ្នែកពីកម្ពុជាក្ដី ក៏ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបនៅតែមានកំណើន។ លោកថា ផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩ ទើបជារឿងធំ មិនមែនរឿងបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA នោះទេ៖ «អារឿង EBA វាអត់មានខ្យល់ខ្មោចស្អីទេ រឿងកូវីដ ទើបវាបញ្ហា។ ឥលូវនេះ [ ការនាំចេញទៅអឺរ៉ុប ] មានកំណើនរហូត។ រឿង EBA ចង់ដក ២០ % ចង់ដក ៣០ % អាហ្នឹងរឿងគេដកតើ ស្រេចគេដកតើ ឯយើងនាំចេញ ចេះតែនាំចេញមក»។
សហភាពអឺរ៉ុបបានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន ២០% ពីកម្ពុជាជាផ្លូវការ កាលពីខែសីហា ឆ្នាំ២០២០ ក្រោយពីរដ្ឋាភិបាលលោក ហ៊ុន សែន បានបរាជ័យក្នុងការស្ដារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ។ ថ្មីៗនេះទៀតសោត សមាជិកសភាអឺរ៉ុបដ៏ច្រើនលើសលប់បានបោះឆ្នោតអនុម័តញត្តិរួមមួយស្ដីពីដំណោះស្រាយបញ្ហាលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។ ខ្លឹមសារញត្តិនោះ មានដូចជាការថ្កោលទោសលោក ហ៊ុន សែន ការទាមទារឱ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការយាយីគ្រប់រូបភាពលើការអនុវត្តសិទ្ធិសេរីភាពរបស់ពលរដ្ឋ ការដោះលែងអ្នកជាប់ឃុំនយោបាយ និងទម្លាក់ចោលបទចោទប្រកាន់មិនត្រឹមត្រូវលើថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងការស៊ើបអង្កេតដោយឯករាជ្យលើករណីឃាតកម្មលើអ្នកបញ្ចេញមតិរិះគន់រដ្ឋាភិបាលជាដើម។ ជាពិសេសសភាអឺរ៉ុបបានជំរុញឱ្យស្ថាប័នអឺរ៉ុបអនុម័តវិធានការនានាប្រឆាំងនឹងក្រុមមេដឹកនាំកម្ពុជា ក្នុងនោះរួមទាំង ការព្យួរទាំងស្រុងនូវប្រព័ន្ធអនុគ្រោះពន្ធ EBA ផងដែរ ប្រសិនបើមានការរំលាយបក្សប្រឆាំង ឬក៏រកឃើញថា ការបោះឆ្នោតខាងមុខនេះមានភាពអយុត្តិធម៌។
ទាក់ទងនឹងដំណើររបស់លោក ហ៊ុន សែន វិញ លោកទៅប្រទេសស្វីសលើកនេះ ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ឧសភា។
ស្របពេលលោកកំពុងជួបសំណេះសំណាលជាមួយអ្នកគាំទ្រនៅទីក្រុង ស៊ូរិច (Zürich) ប្រទេសស្វីស ពលរដ្ឋខ្មែរមួយចំនួនបានជួបជុំគ្នាសម្ដែងមតិ ដើម្បីទាមទារឱ្យលោក ហ៊ុន សែន ដឹកនាំប្រទេសឱ្យបានត្រឹមត្រូវ។
អ្នកចូលរួមសម្ដែងមតិមួយរូប គឺលោក សេង ស័ក្ក ឱ្យដឹងថា ទោះបីអ្នកចូលរួមមានចំនួនតិចតួចក្ដី ក៏សកម្មភាពនេះឆ្លុះបញ្ចាំងពីឆន្ទៈពលរដ្ឋខ្មែរនៅប្រទេសស្វីស ដែលចង់ឱ្យលោក ហ៊ុន សែន ផ្ដល់សិទ្ធិសេរីភាពពេញលេញដល់ប្រជាពលរដ្ឋគ្រប់រូប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។