លោក ហ៊ុន សែន យក​ថ្ងៃ ៧មករា បន្ត​ជំរុញ​កូន​ឱ្យ​ធ្វើ​ច្បាប់​ដាក់​អ្នក​រិះគន់​ជា «ក្រុម​ភេរវករ»

ដោយ សុ ជីវី
2025.01.07
លោក ហ៊ុន សែន យក​ថ្ងៃ ៧មករា បន្ត​ជំរុញ​កូន​ឱ្យ​ធ្វើ​ច្បាប់​ដាក់​អ្នក​រិះគន់​ជា «ក្រុម​ភេរវករ» លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធសភា ថ្លែង​នៅ​ក្នុង​វេទិកា​អង្គ​មីទ្ទីង​អបអរ​ខួប​លើក​ទី៤៦ឆ្នាំ នៃ​ទិវា​ជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩-ឆ្នាំ២០២៥។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន យកថ្ងៃ ៧ មករា បន្ត​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កូន​របស់​លោក​គឺ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្វើ​ច្បាប់​ដាក់​ក្រុម​អ្នក​រិះគន់​ជា«ក្រុម​ភេរវករ»។ មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​ឃ្លាំ​មើល ចាត់​ទុក​សារ​នយោបាយ​របស់​លោក ហ៊ុន សែន នេះ​ថា ឆ្លុះបញ្ចាំង​ពី​កម្អែល​កម្មាភិបាល​ខ្មែរ​ក្រហម និង​ធ្វើ​ឱ្យ​ជាតិ​បែកបាក់​កាន់​តែ​ធ្ងន់ធ្ងរ។

លោក ហ៊ុន សែន ដែល​តាំង​ខ្លួនឯង​ថា​ ជា​ «បិតា​សន្តិភាព» បាន​បន្ត​ប្រកាស​តាម​កម្ចាត់​ក្រុម​អ្នក​រិះគន់ និង​អ្នក​មាន​មតិ​ផ្ទុយ​ពី​រដ្ឋាភិបាល​ជា​សត្រូវ នៅ​ក្នុង​ថ្ងៃ ៧ មករា ដែល​រដ្ឋាភិបាល​ត្រកូល ហ៊ុន ចាត់​ទុក​ជា​ថ្ងៃកំណើតទី២​របស់​ពលរដ្ឋ​ខ្មែរ។

អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​រូប​នេះ ថ្លែង​នៅ​ក្នុង​វេទិកា​អង្គ​មីទ្ទីង​អបអរ​ខួប​លើក​ទី៤៦ឆ្នាំ នៃ​ទិវា​ជ័យជម្នះ ៧មករា​ថា ​ក្រុម​អ្នក​ប្រឆាំង​កំពុង​គំរាមកំហែង​ដល់​សន្តិភាព​នៅ​កម្ពុជា។ លោក​ចោទ​ដោយ​គ្មាន​ភស្តុតាង​ថា ពួកគេ​មួយ​ចំនួន​នៅតែ​ព្យាយាម​សាបព្រោះ​ឥត​ឈប់ឈរ​នូវ​ «នយោបាយ​សតិ​អារម្មណ៍​ជ្រុលនិយម»​ មក​លើ​សង្គមជាតិ សំដៅ​អុជអាល ញុះញង់ បំផុស​ប្រជាពលរដ្ឋ កង​កម្លាំង​ប្រដាប់​អាវុធ និង​មន្ត្រី​រាជការ ឱ្យ​ប្រឆាំង​នឹង​រដ្ឋាភិបាល។

លោក ហ៊ុន សែន៖ «ក្នុង​ស្មារតី​នេះ ខ្ញុំ​យល់​ថា វា​ដល់​ពេល​ហើយ​ត្រូវ​កសាង​ច្បាប់​ដែល​នឹង​កំណត់​ចំពោះ​ជន​ណា ឬ​ក្រុម​ណា​ដែល​មាន​គម្រោង​ការ ឬ​អំពើ​គប់គិត​បង្កើត​ចលនា​ប្រឆាំង​ជ្រុល​និយម បង្ក​ភាព​វឹកវរ អសន្តិសុខ​ក្នុង​សង្គម បង្ក​ឱ្យ​មាន​ជម្លោះ​ជាមួយ​អ្នកដទៃ និង​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប់​ច្បាប់ គឺជា​ភេរវករ​ដែល​ត្រូវ​តែ​នាំ​ខ្លួន​មក​វិនិច្ឆ័យ​ទោស​ដើម្បី​ការពារ​សន្តិភាព»

លើស​ពី​នេះ​ទៀត មេដឹកនាំ​ក្រាញ​អំណាច​រូប​នេះ បាន​រំលឹក​​ថា លោក​បាន​ «លះបង់»​ អំណាច​ដើម្បី​ការពារ​អ្វី​មួយ​ដែល​លោក​អះអាង​ថា​ ជា «សន្តិភាព» ខណៈ​លោក​ចាត់​ទុកពលរដ្ឋ​ខ្មែរ​ ដែល​មិន​គាំទ្រ​ថ្ងៃ ៧ មករា គឺជា​សត្រូវ។ លោក ហ៊ុន សែន ក៏​ថែម​ទាំង​ជំរុញ​ឱ្យ​សមត្ថកិច្ច​យក​ចិត្ត​ទុក​ដាក់​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ក្នុង​សម័យ​ខ្មែរ​ក្រហម​ទៀត​ផង។

ផ្ទុយ​ពី​នេះ អតីត​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ំ សំអាន ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅថ្ងៃទី ៧ ខែមករា ថា ការ​ជំរុញ​របស់​លោក ហ៊ុន សែន ដើម្បី​ឱ្យ​រដ្ឋាភិបាល​កូន​បង្កើត​ច្បាប់​ដាក់​ក្រុម​អ្នក​រិះគន់​ជា ក្រុម​ភេរវករ គឺជា​នយោបាយ​ប្រជាភិថុតិ បំភ័ន្ត​ភ្នែក​ពលរដ្ឋ ពីព្រោះ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន តែងតែ​ចាត់​ទុក​ពលរដ្ឋ​ដែល​ទាមទារ​ឱ្យ​មាន​ឯកភាព​ជាតិ និង​ថែរក្សា​​បូរណភាព​ទឹកដី​ជា​សត្រូវ។

លោក អ៊ំ សំអាន៖ «លោក សោ ភិម ដែល​ជា​ប្រធាន​ភូមិភាគ​បូព៌ា​ហ្នឹង លោក សោ ភឹម ដឹង​ខ្លួន​ឯង​ថា ប៉ុល ពត រក​ឃើញ​ថា ខ្លួន​ឯង​ក្បត់ ក៏​ធ្វើ​អត្តឃាត​ទៅ។ ពេល​ហ្នឹង​លោក ហ៊ុន សែន លោក ជា ស៊ីម លោក ហេង សំរឹន ភ័យ​ខ្លួន ពីព្រោះ​នៅ​ក្រោម​បង្គាប់​របស់​លោក សោ ភឹម ក៏​រត់​យក​ប្រាស​អាយុ​ទៅ​ប្រទេស​វៀតណាម។ ទៅ ប្រទេស​វៀតណាម​ចាប់​ដាក់​គុក ២២ថ្ងៃ ពេល​ហ្នឹង​មេ​ដឹកនាំ​វៀតណាម​ដោះលែង​អ្នក​ទាំង​នោះ​វិញ ដើម្បី​បង្កើត​ថ្ងៃ ២ធ្នូ ដើម្បី​ហែហម​មក​រំដោះ​ជាតិ តាម​មិន​មែន​ទេ»

ស្រដៀង​គ្នា​នេះ​ដែរ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្សី បាន​បង្ហោះ​សារ​នៅ​គណនី​ហ្វេសប៊ុក (Facebook) របស់​លោក​ នៅ​ថ្ងៃ​ទី៧ ខែមករា ដោយ​ចាត់​ទុក​ថ្ងៃ៧ មករា គឺជា​ថ្ងៃ​ដែល​ខ្មែរ​បាត់បង់​អធិបតេយ្យ បាត់បង់​ទឹកដី និង​ត្រូវ​បាន​របប​ក្រុង​ភ្នំពេញ​យក​មក​ធ្វើ​ជា​ជំនួញ​នយោបាយ ដើម្បី​កេង​ចំណេញ​នយោបាយ។

ជុំវិញ​រឿង​នេះ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី (KDO) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា ការ​ប្រកាស​របស់​លោក ហ៊ុន សែន ម្ដង​ហើយ​ម្ដង​ទៀត​ពី​ការ​បង្កើត​ច្បាប់​ដាក់​ក្រុម​អ្នក​ប្រឆាំង​ជា​ក្រុម​ភេវរករ​នេះ ឆ្លុះបញ្ចាំង​ពី​ការ​ដឹកនាំ​បែប​ផ្ដាច់ការ និង​បក្ខពួក​និយម​របស់​គ្រួសារ​ត្រកូល«ហ៊ុន»។ លោក​បន្ត​ថា ការ​យក​ពលរដ្ឋ​មក​បាំង​មុខ​ធ្វើ​ជា​ខែល​ការពារ​សន្តិភាព ហើយ​ចាត់​ទុក​អ្នក​រិះគន់​ជា​សត្រូវ គឺជា​គំនិត​មេដឹកនាំ​ដែល​ចង់​រក្សា​អំណាច និង​ខ្លាច​បាត់បង់​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ។

លោក ស៊ឹង សែនករុណា៖ «វា​បង្ហាញ​ប្រទេស​កម្ពុជា​របស់​យើង ដែល​មិន​មាន​សិទ្ធិ​សេរីភាព​ដល់​អ្នក​នយោបាយ​ក្នុង​ការ​តស៊ូ​មតិ ក្នុង​ការ​ទាមទារ​នូវ​ប្រជាធិបតេយ្យ​ចំពោះ​ប្រយោជន៍​ប្រទេស​ជាតិ​នោះ​ទេ។ ខ្ញុំ​គិត​ថា ការ​ដឹកនាំ​របស់​គាត់​កាន់​តែ​បង្ហាញ​ពី​ភាព​ផ្ដាច់ការ​ទៅៗ»

ពលរដ្ឋ មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​សិក្សា​ប្រវត្តិសាស្ត្រ​មួយ​ចំនួន​លើក​ឡើង​ថា ថ្ងៃ​ទី៧ មករា ឆ្នាំ១៩៧៩ មិនមែន​ជា​ថ្ងៃ ដែល​វៀតណាម​ជួយ​រំដោះ​កម្ពុជា​ដូច​ការ​អះអាង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ។ ក៏ប៉ុន្តែ ថ្ងៃ ៧មករា គឺ​ជា​ថ្ងៃ​ដែល​ប្រទេស​វៀតណាម​បាន​ឈ្លានពាន​កម្ពុជា ក្នុង​គោល​បំណង​លេប​ត្របាក់​យក​ទឹកដី​កម្ពុជា និង​ជា​ថ្ងៃ ដែល​ក្រុម​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​សព្វ​ថ្ងៃ​បាន​ធ្វើ​ធំ​ដោយសារ​ការ​លើក​បន្តុប​ពី​វៀតណាម។

នេះ​ជា​លើក​ទី៣​ហើយ​ដែល​លោក ហ៊ុន សែន ជំរុញ​ឱ្យ​រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​កូន​ប្រុស​របស់​លោក បង្កើត​ច្បាប់​ដាក់​ក្រុម​អ្នក​រិះគន់​ជា«ក្រុម​ភេវរកវ» បន្ទាប់​ពី​មាន​ពលរដ្ឋ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ផ្ទុះ​ការ​តវ៉ា និង​រិះគន់​រឿង​លោក​សហការ​ជាមួយ​វៀតណាម​ បង្កើត​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV) ដែល​ពួកគេ​បារម្ភ​ថា អាច​នាំ​ឱ្យ​កម្ពុជា​បាត់បង់​ទឹកដី​ទៅ​ឱ្យ​វៀតណាម។ ក្រោយ​មក​ទៀត លោក ហ៊ុន សែន បាន​ជំរុញ​ផែន​ការ​ចង់​ធ្វើ​ច្បាប់​នេះ​ម្ដង​ទៀត បន្ទាប់​ពី​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ប្រកាស​បង្កើត​ចលនា​ជាតិ​តស៊ូ ដើម្បី​ការពារ​ទឹកដី​កម្ពុជា និង​ទាមទារ​សេរីភាព យុត្តិធម៌ សម្រាប់​ពលរដ្ឋ​ខ្មែរ ជាពិសេស​គឺ ការ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ប្ដឹង​ប្រទេស​ថៃ​ទៅ​តុលាការ​អន្តរជាតិ ដើម្បី​ទាមទារ​អធិបតេយ្យ​របស់​កម្ពុជា​លើ​កោះ​គជ់។

អ្នកឃ្លាំមើល និង​មន្ត្រី​បក្ស​ប្រឆាំង​យល់​ឃើញ​ថា យុទ្ធសាស្ត្រ​របស់​លោក ហ៊ុន សែន ដែល​ចង់​បង្កើត​ច្បាប់ ដើម្បី​ដាក់​ក្រុម​អ្នក​រិះគន់​ជា «ក្រុមភេរវករ» នេះ មិន​ខុស​គ្នា​នឹង​ករណី ដែល​លោក ហ៊ុន សែន កែ​ប្រែ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ឆ្នាំ២០១៧ និង​ធានា​ជ័យជម្នះ​ទុកជា​មុន​ជា​ស្វ័យ​ប្រវត្តិ​របស់​បក្ស​កាន់​អំណាច​នោះ​ទេ។ ពួក​គេ​ចោទ​ថា ក្រុម​លោក ហ៊ុន សែន ទៅ​វិញ​ទេ គឺ​​ជា​ក្រុម​ភេរវករ ព្រោះ​បាន​ប្រើប្រាស់​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ និង​តុលាការ​ធ្វើ​ជា​អាវុធ ដើម្បី​កម្ចាត់​ក្រុម​អ្នក​រិះគន់។ ពួក​គាត់​ជំរុញ​ឱ្យ​លោក ហ៊ុន សែន បញ្ឈប់​ការ​យក​ពលរដ្ឋ​ខ្មែរ​គ្នា​ឯង​ជា​សត្រូវ ហើយ​ងាក​មក​បង្រួបបង្រួម​ជាតិ និង​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ៕


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។