ប្រជាពលរដ្ឋមួយចំនួនដែលស្រលាញ់ប្រជាធិបតេយ្យ បានរិះគន់ដល់មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ថាកំពុងទាញយកប្រជាប្រិយភាពពីយុវជន ហុង ភារិន ដែលជានិស្សិតពូកែខាងការចងចាំ ដើម្បីបម្រើមហិច្ឆតានយោបាយរបស់ខ្លួន។ ការរិះគន់នេះ ដោយសារតែលោក ហ៊ុន សែន និងភរិយា បានថតរូបរួមគ្នាជាមួយយុវជនអច្ឆរិយរួបនេះ នៅក្នុងផ្ទះរបស់លោកនៅព្រឹកថ្ងៃទី៦កញ្ញា។
ពលរដ្ឋរស់នៅខេត្តបន្ទាយមានជ័យម្នាក់ លោក ហេង ឡៃហួ ថ្លែងថា លោកមិនចាញ់បោកលោកហ៊ុន សែន នោះឡើយ ពីព្រោះទឹកឡើងជិតដល់ច្រមុះហើយ ទើបលោកហ៊ុន សែន ខំធ្វើជាចិត្តល្អមកអាណិតអាសូរដល់កូនខ្មែរបែបនេះគឺមិនត្រឹមត្រូវនោះទេ។ លោកបន្តថា បើសិនជាលោក ហ៊ុន សែន ពិតជាស្មោះត្រង់មែន ម្ល៉េះលោកមិនទុកឱ្យនិស្សិតខ្មែរដែលរៀនពូកែ និងកីឡាករខ្មែរជាច្រើននាក់ទៀត ដែលមានជីវភាពក្រលំបាកដូចសព្វថ្ងៃ ដែលលោកហ៊ុន សែនមិនបានអើពើជួយដល់ពួកគាត់នោះឡើយ៖ «រឿងកីឡាករកាយសម្បទាពិភពលោកក៏ដូចគ្នាដែរ គឺអត់មានបានទទួលការគាំទ្រពីរដ្ឋាភិបាល ដូចជាក្រសួងអប់រំឬក៏អាជ្ញាធរពាក់ព័ន្ធគឺអត់ទេ ។អីចឹងគាត់មើលឃើញតែចំណុចណាដែលថាល្អចំពោះលោកហ៊ុន សែន ដែលធ្វើឱ្យលោកមានប្រជាប្រិយភាពប៉ុណ្ណោះ » ។
រីឯយុវជននៅខេត្តកំពង់ចាមឯណោះវិញលោក ស៊ុម សីហា ប្រាប់អាស៊ីសេរីថា ទង្វើរបស់មេដឹកនាំរបបក្រុងភ្នំពេញនេះ គឺជាការបោកបញ្ឆោតដល់ពលរដ្ឋឱ្យមើលថា លោកជាមនុស្សយកចិត្តទុកដាក់មកលើយុវជន ដើម្បីបានប្រជាប្រិយភាពរបស់ខ្លួនប៉ុណ្ណោះ។លោកបញ្ជាក់ថា បើទោះបីជាលោកហ៊ុន សែន ខំប្រឹងធ្វើជាចិត្តល្អយ៉ាងនេះ ក៏មិនអាចបោកបញ្ឆោតពលរដ្ឋបានដែរ ព្រោះកន្លងមកបុរសខ្លាំងខាងរំលោភសិទ្ធិមនុស្សរូបនេះ បំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា គឺបានរំលាយគណបក្សសង្គ្រោះជាតិ រួមបង្កើតឱ្យមានការបោះឆ្នោតក្លែងក្លាយ ដើម្បីបានបន្តអំណាចរបស់ខ្លួនទៅមុខទៀត៖ «បើសិនជាគាត់បែបនេះ ត្រូវធ្វើចំពោះនិស្សិតពូកែដទៃទៀតដែរ កម្ពុជាគឺយុវជនជំនាន់ក្រោយគឺគាត់ចេះដឹងច្រើន ហើយបើសិនគាត់ឱ្យអ្នកល្បីចូលជួបក៏សុំឱ្យយុវជនផ្សេងទៀតចូលជួបដែរ សុំមានតម្លាភាព កុំឱ្យធ្វើដើម្បីតែប្រយោជន៍ខ្លួន ភ្លេចការងារជាតិ។ខ្ញុំសុំឱ្យលោកហ៊ុន សែន គិតរឿងជាតិផង សូមកុំឱ្យបន្លប់ប្រជាពលរដ្ឋដើម្បីតែអំណាចរបស់ខ្លួននោះ » ។
ប្រតិកម្មរបស់យុវជននេះ ដោយសារតែលោក ហ៊ុន សែន បានបង្ហោះសារពីការស្និទ្ធស្នាលជាមួយយុវជនខ្មែរម្នាក់ដែលមានឈ្មោះល្បីល្បាញខាងការចងចាំ។
លោក ហ៊ុន សែន សរសេរនៅក្នុងហ្វេសប៊ុករបស់ខ្លួនថា លោក និងភរិយាបានជួបយុវជនហុង ភារិន កាលពីព្រឹកថ្ងៃទី៦កញ្ញា។លោក ហុង ភារិន គឺជានិស្សិតខ្មែរអាហារូបករណ៍ រៀននៅប្រទេសថៃ ដែលមានសមត្ថភាព ផ្នែកចងចាំតួលេខបានយ៉ាងល្អ។ យុវជនរូបនេះល្បីល្បាញ បន្ទាប់ពីឡើងបង្ហាញសមត្ថភាពក្នុងកម្មវិធីទូរទស្សន៍មួយនៅប្រទេសថៃឈ្មោះ ស៊ុបភើមួយរយ "Super 100" ដែលបានចងចាំ លេខចំនួន៣០ខ្ទង់ ចាំសន្លឹកបៀរទាំង៥២សន្លឹក និងចងចាំប្រតិទិនរយៈពេល៧០០ឆ្នាំ ដោយអាចទាយត្រូវទាំងអស់ក្នុងរយៈពេល៣០វិនាទី កាលពីខែសីហាកន្លងទៅ។លោកហ៊ុន សែន ថា គោលបំណង នៃការជួបនៅពេលនេះ គឺចង់ស្វែងយល់នូវបំណងនិងគោលដៅដែលហុង ភារិន ចង់ទៅ ដើម្បីងាយស្រួលដល់ការជួយរបស់ខ្លួនឱ្យស្របនឹងបំណងដែលយុវជន ហុងភារិន ចង់បាន។ លោក ហ៊ុន សែន ក៏បានជួយដល់ យុវជនហុង ភារុន ឱ្យទៅសិក្សានៅថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បន្តទៀត។
មិនមែនតែប្រជាពលរដ្ឋប៉ុណ្ណោះទេ ដែលលើកឡើងថា លោក ហ៊ុន សែន កំពុងយកយុវជនដែលមានឈ្មោះល្បីមកបោកបញ្ឆោតពួកគាត់ ដើម្បីបម្រើដល់មហិច្ឆតានយោបាយរបស់ខ្លួននោះ អ្នកតាមដានបញ្ហាសង្គមក៏យល់ឃើញស្រដៀងនឹងប្រជាពលរដ្ឋនេះដែរ។
អ្នកវិភាគនយោបាយ លោក គឹម សុខ មានប្រសាសន៍ថា លោក ហ៊ុន សែន ចាប់អារម្មណ៍នឹងយុវជន ហុង ភារិន នេះ ជាការបន្លំភ្នែកប្រជាពលរដ្ឋ ដើម្បីពួកគាត់ឱ្យមើលទៅលោកថាជាមនុស្សល្អ ដែលខំយកចិត្តទុកដាក់លើធនធានធនធានមនុស្ស។ លោកបន្តថា ការទាញប្រជាប្រិយពីយុវជននេះ ដោយសារលោកហ៊ុន សែន ភ័យខ្លាចលោកសម រង្ស៊ី វិលចូលស្រុកវិញ ធ្វើឱ្យប៉ះពាល់ដល់អំណាចរបស់ខ្លួន ទើបលោកបោកបញ្ឆោតពលរដ្ឋឱ្យងាកទៅគាំទ្រគណបក្សប្រជាជន ដើម្បីលោកក្ដោបក្ដាប់អំណាចទៅមុខទៀត៖ «រៀបរបស់គាត់គឺគ្មានអ្វីក្រៅពីការអែបអបជនល្បីល្បាញដើម្បីឱ្យខ្លួនមានប្រជាប្រិយនោះទេ ដែលលោកដឹងច្បាស់ថាខ្លួនបាត់បង់ការគាំទ្រពីប្រជាពលរដ្ឋនោះ » ។
លោក កឹម សុខ បន្តថា មេដឹកនាំ ត្រូវប្រកាន់យកគោលការណ៍៣សំខាន់ទី១ មានផែនការណ៍ច្បាស់លាស់ ក្នុងការលើកតម្កើងអ្នកមានសមត្ថភាព គ្រប់វិស័យដើម្បីឱ្យពួកគេមានឱកាសជួយជាតិបាន។ ទី២ ផ្ដល់ឱកាសដល់ពួកគេដោយការស្មោះត្រង់ គឺមិនប្រកាន់បក្សពួក ដោយមិនដាក់តែសាច់ញាតិរបស់ខ្លួននិងបក្សពួករបស់ខ្លួន ដូចសព្វថ្ងៃ ព្រោះមានយុវជនជាច្រើនដែលមានសញ្ញាប័ត្រនិងមានសមត្ថភាព ដែលអាចជួយធ្វើឱ្យប្រទេសមានការរីកចំរើនទៅបាន។ ទី៣ មេដឹកនាំត្រូវមានការអនុគ្រោះដល់ប្រជាពលរដ្ឋគ្រប់រឿង មិនថារឿងនយោបាយនិងបញ្ហាផ្សេងៗ ទៀតនោះទេ ដើម្បីធ្វើឱ្យកម្ពុជាមានសេចក្ដីសុខទាំងអស់គ្នាជាមិនខាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។