លោក ហ៊ុន សែន ទៅ​​ចូលរួម​​កិច្ច​​ប្រជុំ​​កំពូល​​អាស៊ាន​​លើក​​ទី​៣៥ នៅ​​ប្រទេស​​ថៃ​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ

មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន បាន​ធ្វើដំណើរ​ទៅ​ដល់​ទីក្រុង​បាងកក ប្រទេស​ថៃ​ហើយ នៅ​ថ្ងៃ​ទី២ ខែ​វិច្ឆិកា​នេះ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៥ និង​កិច្ច​ប្រជុំ​កំពូល​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ដែល​នឹង​ជជែក​ជុំវិញ​ប្រធាន​បទ «ជំរុញ​ភាព​ជា​ដៃគូ​សម្រាប់​ចីរភាព»។

លោក ហ៊ុន សែន ឲ្យ​ដឹង​តាម​រយៈ​ហ្វេសហ៊ុក​របស់​លោក​ថា កិច្ច​ប្រជុំ​ដែល​ចាប់​ពី​ថ្ងៃ​ទី២ ដល់​ថ្ងៃ​ទី៥ ខែ​វិច្ឆិកា​នេះ ជា​ឱកាស​របស់​កម្ពុជា​ក្នុង​ការ​ចូលរួម​ពិភាក្សា​ដោះស្រាយ​បញ្ហា ដែល​ជា​កង្វល់​រួម​របស់​អាស៊ាន និង​ពិភពលោក។ ​លោក ហ៊ុន សែន នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​ថ្នាក់​ដឹក​នាំ​ប្រទេស ដែល​ជា​សមាជិក​អាស៊ាន និង​ប្រទេស​ដៃគូ​សន្ទនា​អាស៊ាន​មួយ​ចំនួន​ទៀត​ផង​ដែរ។

មុនកិច្ច​ប្រជុំ​កំពូល​អាស៊ាន​នេះ សមាជិក​សភា​អាស៊ាន ស្នើ​ឲ្យ​ប្រទេស​ថៃ ហ៊ាន​ប្រឆាំង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ ក្រុម​សមាជិក​សភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស APHR កាល​ពី​ថ្ងៃ​ទី១ ខែ​វិច្ឆិកា លើកឡើង​ពី​ក្តី​ព្រួយ​បារម្ភ​របស់​ខ្លួន​ថា មេ​ដឹក​នាំ​អាស៊ាន នឹង​ខកខាន​មិន​បាន​ពិភាក្សា ពី​បញ្ហា​ងើប​ឡើង​នៃ​របប​ផ្តាច់ការ និង​ការ​ខ្វះ​ការ​ប្តេជ្ញា​ចិត្ត ក្នុង​កិច្ច​ការពារ​សិទ្ធិ​មនុស្ស​ក្នុង​តំបន់​អាស៊ាន​ទាំង​មូល រួម​ទាំង​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ផង។

សមាជិក​សភា​អាស៊ាន​ទាំង​នេះ លើក​យក​បញ្ហា​នៃ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​សំឡេង​ប្រឆាំង ក្រោយ​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ចាប់​សកម្មជន​បក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ​ជា​បន្ត​បន្ទាប់ និង​ការ​បង្ខំ​ឲ្យ​ចូល​សារភាព ដោយសារ​តែ​ពួក​គេ​សម្តែង​មតិ​ដោយ​អហិង្សា​ជា​ដើម។ សមាជិក​សភា​អាស៊ាន​ទាំង​នេះ ព្រមាន​ថា បើ​មេ​ដឹក​នាំ​ប្រទេស​អាស៊ាន បរាជ័យ​ក្នុង​ការ​គោរព​គោលការណ៍​ប្រជាធិបតេយ្យ និង​ខកខាន​មិន​បាន​ចាប់​ប្រទេស​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ឲ្យ​ទទួល​ខុស​ត្រូវ​ ចំពោះ​អំពើ​របស់​ខ្លួន​នោះ​ទេ ជំនួប​កំពូល​ប្រទេស​អាស៊ាន នឹង​ជួប​បញ្ហា​ប្រេះឆា នៅ​ថ្ងៃ​ណា​មួយ​ជាក់​ជា​មិន​ខាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។