លោក ហ៊ុន សែន ចំអក​ទៅ​អ្នកវិភាគ​ថា រដ្ឋាភិបាល​នឹង​បញ្ចេញ​ថវិកា​ដោះស្រាយ​ផល​ប៉ះ​ពាល់​ពី​វិបត្តិ​ជំងឺ​កូវីដ-១៩ ពេល​វេលា​មក​ដល់

ដោយ សុជីវី
2020-06-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ៊ុន សែន នៅ​ក្នុង​ពិធីថ្លែង​ការណ៍​ពិសេស​ដល់​សារ​ព័ត៌មាន និង​ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និង​ផ្ដល់​យោបល់ នៅ​ថ្ងៃ​ទី២៤ ខែ​កុម្ភៈ ឆ្នាំ២០២០។
លោក ហ៊ុន សែន នៅ​ក្នុង​ពិធីថ្លែង​ការណ៍​ពិសេស​ដល់​សារ​ព័ត៌មាន និង​ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និង​ផ្ដល់​យោបល់ នៅ​ថ្ងៃ​ទី២៤ ខែ​កុម្ភៈ ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ចំអក​ទៅ​អ្នកវិភាគ​ថា រដ្ឋាភិបាល​នឹង​បញ្ចេញ​ថវិកា ដើម្បី​ដោះស្រាយបញ្ហា​ផល​ប៉ះ​ពាល់​ពី​វិបត្តិ​ជំងឺ​កូវីដ-១៩ នៅ​ពេល​ដែល​ពេល​វេលា​មក​ដល់ និង​ថា​ថវិកា​សន្សំ ដែល​រដ្ឋាភិបាល​មាន​ប្រមាណ ៣​ពាន់​ដូល្លារ​មិន​ទាន់​ស្រក​ស្រុត​នៅ​ឡើយ។

អ្នក​សិក្សា​ការអភិវឌ្ឍន៍​ថា ដល់​ពេល​ដែល​រដ្ឋាភិបាល​ត្រូវ​បញ្ចេញ​ថវិកា ដែល​បាន​ត្រៀម ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា ដែល​ពលរដ្ឋ​កំពុង​ជួប​ប្រទះ​ហើយ ជាពិសេស​បញ្ហា​ស្នើ​សុំ​ផ្អាក​ការ​សង​បំណុល​ត្រឡប់​ទៅ​អោយ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ ​ទាំង​ដើម​ទាំង​ការ​រយៈពេល​ពី​៣​ទៅ​៦​ខែ​សិន ព្រោះ​ពួកគេ​កំពុង​បាត់បង់​ចំណូល​ដោយសារ​តែ​វិបត្តិ​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩។

លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ទី១ ខែ​មិថុនា​លើក​ឡើង​ថា​រដ្ឋាភិបាល​បាន​ត្រៀមថវិកា​រួចរាល់ ដែល​អាច​បញ្ចេញ​ថវិការ​នោះ​ទៅតាម​ពេល ដែល​មក​ដល់ ដែល​មិន​ចាំបាច់​អ្នកវិភាគ​ណា​មក​​រិះគន់​លោក​ឡើយ។ លោក អះអាង​ថា​ទុន​សន្សំ ដែល​កម្ពុជា​មាន​គឺ​ប្រមាណ​៣​ពាន់​លាន​ដូល្លារ មិនទាន់​ស្រកស្រុត​នៅ​ឡើយ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក្តី ​លោក ហ៊ុន សែន គ្រាន់​តែ​អះអាង ​ថា​រដ្ឋាភិបាល​នឹង​ផ្តល់​ជំនួយ​ទៅ​តាម​ដំណាក់​កាល ដែល​មិន​ខុសគ្នា​ទេពី​អ្វី​ដែល​មាន​ប្រកាស​ប្រាប់​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាល​ពី​ថ្ងៃ​ទី២៦ ខែ​ឧសភា៖ «ខ្ញុំ​ឃើញ​អ្នកវិភាគ​ខ្លះ​ថា ប្រាក់​ល្មម​បញ្ចេញ​ហើយ បើ​វា​មិន​ទាន់​ដល់​ខែ អា​ណា​ចេញ? អី​ក៏​វា​ភ្លឺ​ម៉្លេះ? ថ្នាក់​ដល់​បណ្ឌិត? រួចហើយ​មក​ធ្វើ​ឡប់ៗ? ទោះ​បី​កម្មករ​ធ្វើ​ការ​ក៏​គេ​ធ្វើ​ពី​ថ្ងៃ​ទី១ រហូត​ដល់​ថ្ងៃ​ ៣០បាន​គេ​បើក​លុយ​ដែរ។ ឯង​គ្រាន់តែ ចេញ​ប្រកាស​ភ្លាម​ថា លុយ​ល្មម​ចេញ​ហើយ។ តើ​ចេញ​ហ្នុង​ហ្អែង​ប្រុង​យក​លុយ​ទៅ​ណា?

រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​២៦ ឧសភា​បាន​​ចេញ​វិធានការ​ជុំ​ទី៤​ជួយ​ដល់​វិស័យ​ឯកជន និង​កម្មករ និយោជិត​រង​ផល​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ពី​វិបត្តិ​ជំងឺ​កូវីដ-១៩។ វិធានការ​ទាំង​នោះ​រួម​មាន៖ ពន្យារ​ការ​លើក​លែង​ពន្ធ​ចំពោះ​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ​ក្រុមហ៊ុន​ភ្នាក់ងារ​ទេសចរណ៍ និង​ក្រុមហ៊ុន​អាកាសចរណ៍ កាត់បន្ថយ​ការប្រាក់ និង​សម្រួល​ដល់​ការ​ខ្ចី​ប្រាក់​របស់​សហគ្រាស​ធុន​តូច និង​មធ្យម ដើម្បី​អាច​ទទួល​បាន​ផលប្រយោជន៍​ពី​ថវិកា​ ៥០​លាន​ដុល្លារ​របស់​រដ្ឋាភិបាល​តាមរយៈ​ធនាគារ​អភិវឌ្ឍ​ជនបទ និង​កសិកម្ម និង​១០០លាន​ដុល្លារ​ទៀត​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ។ ជាមួយ​គ្នា​នេះ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹង​សហការ​ជាមួយ​ធនាគារ​ជាតិ ដើម្បី​បន្ធូរបន្ថយ និង​កែសម្រួល​អាត្រា​ពន្ធ​នៅ​ក្នុង​ប្រព័ន្ធ​ធនាគារ។ ក្នុង​ផ្នែក​នេះ​ក្រសួង​នឹង​​បង្កើត​ឱ្យ​មាន​មូលនិធិ​ឥណទាន (Credit Guarantee Fund)ដោយ​ប្រើ​ថវិកា ២០០​លាន​ដុល្លារ និង​មាន​ថវិកា​ត្រៀម​បន្ថែម​ចំនួន​ ៣០០​លាន​ដុល្លារ​សម្រាប់​ជំរុញ​កំណើន​តាម​វិស័យ​សំខាន់ៗ​មួយ​ចំនួន។ រដ្ឋាភិបាល​​ធានា​អះអាង​ទៀត​ថា ​នឹង​ផ្ដល់​ជំនួយ​សង្គម​ដល់​គ្រួសារ​ក្រីក្រ និង​ក្រុម​ពលរដ្ឋ​ងាយ​រងគ្រោះ​នៅ​ក្នុង​ខែ​មិថុនា​ខាង​មុខ​នេះ។​

លោក ហ៊ុន សែន​ អះអាង​ថា​វិធានការ​ទាំង​ឡាយ​របស់​រដ្ឋបាល​នេះ​គឺ​បង្កប់​នូវ​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​រួចស្រេច​ទៅ​ហើយ​បើ​ទោះ​បី​ជា​រដ្ឋាភិបាល​មិន​បាន​បង្ហាញ​ជា​សាច់​ប្រាក់​សុទ្ធ​ក៏​ដោយ។ លោក​ថា រដ្ឋាភិបាល​លោក មិន​ទុក​អោយ​ពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​អត់បាយ​ ដោយ​មិន​បាន​ដឹង និង​ដោះស្រាយ​នោះ​ទេ។ លើស​ពី​នេះ​លោក​ថា ​វិធានការ​ទាំង​នេះ​នឹង​ជួយ​អោយ​វិស័យ​ធនាគារ​មាន​ដំណើរ​ការ មិន​ដួល​រលំ។

តែ​ទោះ​ជា​យ៉ាង​ណា​អ្នក​ជំនាញ​ផ្នែក​កសិកម្ម​ធ្វើការ​ជិតស្និទ្ធ​ក្នុង​ការ​ផ្ដល់​កម្ចី​ទៅ​អោយ​កសិករ លោក បណ្ឌិត យ៉ង សាំងកុមារ មាន​ប្រសាសន៍​ថា លោក​គាំទ្រ​ចំពោះ​ចំណាត់​កា​របស់​រដ្ឋាភិបាល​នា​ពេល​កន្លង​ទៅ ដែល​ជួយ​សម្រួល​ទៅ​ដល់​វិស័យ​មួយ​ចំនួន​កំពុង​រង​ផល​ប៉ះ​ពាល់​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ-១៩ ប៉ុន្តែ លោក​ថា រដ្ឋាភិបាល​ចាំ​បាច់​ត្រូវ​បញ្ចេញ​ថវិកា​ពិត ដែល​មិនមែន​គ្រាន់តែ​ជា​តួលេខ ដើម្បី​ជួយ​ស្ថាប័ន​ផ្ដល់​កម្ចី​អាច​ពន្យារ​ការ​សង​ប្រាក់​របស់​ពលរដ្ឋ៖ «អ៊ីចឹង​មាន​តែ​រដ្ឋាភិបាល​ហ្នឹង​ទម្លាក់​លុយ ទុន​បម្រុង ដែល​មាន​នៅ​ធនាគារ​ជាតិ​អី​ហ្នឹង។ ទម្លាក់​លុយ​ហ្នឹង​មិនមែន​អោយ​ទេ​គឺ​ឱ្យ​គាត់​ខ្ចី មួយ​ខែ​ពី ២រយ​ទៅ ៣០០លាន​ដុល្លារ​ទៅ។ ក្នុង​រយៈ​ពេល​៣ខែ​អាច ៦០០ ទៅ ៩០០លាន​ដុល្លារ​ទៅ។ បើ​បន្ត​ដល់ ៦ខែ​វា​អាច​ចូល​ដល់ ​១ពាន់​លាន​ដុល្លារ ដើម្បី​អោយ​ធនាគារ​មាន​សាច់​លុយ​នៅ​នឹង​ដៃ​ច្រើន​​អ៊ីចឹង​គាត់​មិន​ចាំបាច់​ប្រមូល​នូវ​ប្រាក់​ដើម ប្រមូល​ការ​សង​រំលស់​ពី​អតិថិជន​ទេ ពិសេស​អ្នក​ដែល​មាន​ការ​លំបាក ដូច្នេះ​វា​នាំ​ឱ្យ​ចំណេញ​ទាំង​អស់​គ្នា ប្រជាពលរដ្ឋ​ដែល​មាន​ការ​លំបាក​ហ្នុង​ក៏​គាត់​មិន​លំបាក​ក្នុង​ការ​សង​ក្នុង​រយៈពេល​១ ហើយ​ធនាគារ​ក៏​មាន​លុយ សម្រាប់​ធ្វើ​ការ​ទៅ​មុខ ហើយ​រដ្ឋាភិបាល​ក៏​អាច​នឹង​ជួយ​ការពារ​មិន​ឱ្យ​មាន​វិបត្តិ​ទៅ​ថ្ងៃ​មុខ ដូច​ខ្ញុំ​បាន​លើក​ឡើង​ថា មាន​វិបត្តិ​សង្គម និង​វិបត្តិ​ទាក់ទង​នឹង​វិស័យ​ធនាគារ​ហ្នឹង។»

ត្រង់​ចំណុច​នេះ​អ្នកសិក្សា​ការអភិវឌ្ឍន៍ លោក បណ្ឌិត មាស នី វិញ​អោយ​ដឹង​ថា រដ្ឋាភិបាល​គួរ​តែ​ប្រញាប់​បញ្ចេញ​ថវិកា ដើម្បី​ជួយ​ដល់​ពលរដ្ឋ ដែល​មិនគួរ​អូស​បន្លាយ​តទៅទៀត​ទេ ព្រោះ​វា​នឹង​មាន​ផល​ប៉ះ​ពាល់​ដល់​វិស័យ​សេដ្ឋកិច្ច​ជាតិ​ធ្ងន់ធ្ងរ៖ «បើ​សិន​ជា​មិន​មាន​អី​ជួយ​ឱ្យ​បាន​ពិត​ប្រាក​ដទេ អាច​ឱ្យ​សកម្មភាព​ហ្នឹង​វា​អូស​បន្លាយ​យូរ​ទៅៗ វា​នឹង​អាច​ធ្វើ​ឱ្យ​អ្នក​ខ្លះ​ក៏​គ្នា​មិនទាំង​មាន​លទ្ធភាព​សង​ការ​ប្រាក់​ផង​អ៊ីចឹង​ទៅ​ធ្វើ​ឱ្យ​ស្ថាប័ន​ប្រាក់​កម្ចី​ហ្នឹង​ជួប​វិបត្តិ​ខ្លួន​ឯង​ផ្ទាល់​តែ​ម្ដង និង​ធ្វើ​អោយ​ស្ថាប័ន​គាត់​ដួល​រលំ អ៊ីចឹង​​វា​អាច​នឹង​ត្រី​រ៉ស់​ក៏​រួច ត្រី​ក្រាញ់​ក៏​រួច»

បើទោះជាយ៉ាងណា ​ចំពោះ​ពលរដ្ឋ ដែល​ជំពាក់​បំណុល ហើយ​ដែល​កំពុង​បាត់បង់ចំណូល​នៅ​តែ​ទទូច​សុំអោយ​រដ្ឋាភិបាល​សម្រួល​អោយ​ពួកគេ​បាន​ពន្យារ ឬ​ផ្អាក​ការសងត្រឡប់ រយៈពេល​ពី​៣​ទៅ​៦ ខែ​ទម្រាំ​ពួកគេ​អាច​មាន​លទ្ធភាព​រកប្រាប់​ចំណូល​ឡើងវិញ។

អ្នកនាំពាក្យ​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញាវត្ថុ លោក កាំង តុងងី មាន​ប្រសាសន៍​ថា ស្ថាប័ន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ក៏​មាន​ការ​លំបាក​ដែរ​ដោយសារតែ​ចំណូល​ក៏​ត្រូវ​កាត់​បន្ថយ​ដែរ ហើយ​ស្ថាប័ន​មួយ​ចំនួន​ក៏​មិន​ទាន់​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​វិធានការ​របស់​រដ្ឋាភិបាល​ដែល​អាច​អោយ​ពួកគេ​មាន​ទុន​បន្ថែម​​ដែរ៖ «បញ្ហា​ផ្លូវច្បាប់​គឺ​យើង​បាន​ទទួល​ការ​គាំទ្រ​ពេញលេញ​ហើយ ដោយ​ឡែក​ក៏​មាន​ការ​គាំទ្រ​ខ្លះ​ទៅ​លើ​គោល​នយោបាយបន្ថែម​ពី​ធនាគារ​ជាតិ​ហ្នឹង​ជួយ​ទៅ​លើ​ធនាគារ ហើយ​នឹង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដែល​ទទួល​ប្រាក់​បញ្ញើ​ ដែល​គោលការណ៍​នេះ​ខ្ញុំ​អាច​និយាយ​ឱ្យ​ខ្លី​បាន​ថា វា​ជួយ​ឱ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​ចំនួន​គាត់​មាន​ឱកាស​សន្សំ​ដើម​ទុន​ទុក ដើម្បី​ប្រើប្រាស់​ក្នុង​ពេល​អាច​ថា ពិបាក​អ៊ីចឹង​គាត់​មាន​ដើម​ទុន​គ្រប់​គ្រាន់​ក្នុង​ការប្រើប្រាស់​ក៏​ដូច​ជា ការ​ផ្ដល់​កម្ចី​ដល់​អតិថិជន។ ក៏ប៉ុន្តែ​យើង​ឃើញ​ថា ​កន្លង​មក​សម្បទាន​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​ហ្នឹង វា​ជួយ​បាន​តែ​វិស័យ​ធនាគារ ​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​ចំនួន​តូច​ទេ»

លោក យ៉ង សាំង​កុមារ​បន្ត​ថា ខាង​ធនាគារ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​អាច​ជួប​ការ​លំបាក​ដោយ​គ្មាន​ទុន​បញ្ចេញ​មក​ដោះស្រាយបញ្ហា​នេះ​ទេ។ លោក​ថា​ចាំបាច់​ណាស់​ដែល​ត្រូវ​រដ្ឋាភិបាល​ដោះស្រាយ​បន្ទាន់៖ «តាម​ការ​ស្ទង់​មតិ​របស់​យើង​ហ្នឹង​ជា​រឿង​សំខាន់​ទី១​ ការ​ពន្យារ ឬ​ការ​ផ្អាក​បង់​រំលស់​រយៈ​ពេល ​៣ទៅ ​៦ខែ ប៉ុន្តែ​ខាង​ធនាគារ​ធ្វើ​អត់​កើត​ទេ ​ព្រោះ​វា​ប៉ះ​ពាល់​ដល់​មុខ​របរ​របស់​ពួកគាត់។ គាត់​ជា​វិស័យ​ឯកជន​កាល​ណា​គាត់​អត់​ប្រមូល​លុយ​ប្រមូល​អី​វិញ​ដំណើរ​របស់​គាត់​អត់​ទៅ​មុខ​រួច​ទេ»

ធនាគារ​ពិភពលោក​ព្យាករណ៍​ថា ចំនួន​ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ ក្នុង​ឆ្នាំ២០២០​នេះ អាច​នឹង​កើន​ឡើង​ចំនួន ១១ភាគ​រយ​បន្ថែម​ទៀត លើ​ចំនួន​ពលរដ្ឋ​ក្រីក្រ ដែល​មាន​ស្រាប់​កាល​ពី​មុន​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ-១៩។ ធនាគារ រក​ឃើញ​ថា ពលរដ្ឋ​កាន់​តែ​ច្រើន ជំពាក់​បំណុល​ធនាគារ សម្រាប់​យក​មក​ប្រើប្រាស់ ឲ្យ​វិស័យ​សំណង់ អចលនទ្រព្យ និង​ការ​ទិញ​លក់​លំនៅឋាន​តាម​រយៈ​ការ​បង់​រំលស់ ដែល​សរុប​មាន​តម្លៃ​ជិត ៨ពាន់​លាន ឬ ៨ប៊ីលាន​ដុល្លារ អាច​នឹង​គ្មាន​លទ្ធភាព​សង។ នេះ​គេ​នៅ​មិន​ទាន់​រាប់​ចូល​បំណុល​មីក្រូហិរញ្ញវត្ថុ​តម្លៃ​ជាង ១០ពាន់​លាន ឬ១០ ប៊ីលាន​ដុល្លារ ជំពាក់​ដោយ​ពលរដ្ឋ​ក្រីក្រ​សរុប​ប្រមាណ​ជាង ២,៦លាន​គ្រួសារ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល