លោក ហ៊ុន សែន ថា សម​យុទ្ធ​យោធា​ជាមួយ​វៀតណាម ​ គឺ​ដើម្បី​សង្គ្រោះ​ពលរដ្ឋ​ជួប​គ្រោះ​មហន្តរាយ

0:00 / 0:00

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​នៅ​ថ្ងៃ​ទី១៦ ធ្នូ​ថា​ ការ​ធ្វើ​សម​យុទ្ធ​យោធា​ជាមួយ​ប្រទេស​វៀតណាម​ក្នុង​ខេត្ត​ស្វាយរៀង គឺ​ដើម្បី​សង្គ្រោះ​មហន្តរាយ​ឆ្លង​ព្រំដែន។ លោក​បញ្ជាក់​ទៀត​ថា សម​យុទ្ធ​នេះ​ជា​គំនិត​ផ្ដួចផ្ដើម​របស់​លោក​ផ្ទាល់។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក​ ហ៊ុន​ សែន​ បកស្រាយ​ថា សម​យុទ្ធ​យោធា​ជាមួយ​វៀតណាម ​ដែល​គ្រោង​ប្រព្រឹត្ត​​ទៅ​នៅ​ថ្ងៃ​ទី១៨ ធ្នូ​ខាង​មុខ​នេះ​ ពុំ​មែន​ជា​ការ​ឈ្លាន​ពាន​​របស់​​វៀតណាម​ទេ ប៉ុន្តែ​ជា​គំនិត​របស់​លោក​ក្នុង​ពង្រឹង​កិច្ច​​សហប្រតិបត្តិការ​ជាមួយ​​ប្រទេស​ជិត​ខាង​ក្នុង​ការ​ទប់ស្កាត់​គ្រោះ​មហន្តរាយ​ឆ្លង​កាត់​ព្រំដែន ដូចជា ភ្លើង​ឆេះ​ព្រៃ និង​ទឹក​ជំនន់​ ជាដើម។ លោក​អះអាង​ទៀត​ថា សម​យុទ្ធ​យោធា​នេះ​ធ្វើ​ឡើង​ដោយ​​មាន​កិច្ច​ព្រមព្រៀង​ត្រឹម​ត្រូវ​ ហើយ​លោក​​ថា ប្រទេស​ដទៃ​នៅ​លើ​ពិភពលោក​ក៏​មាន​​សម​យុទ្ធ​យោធា​ស្រដៀង​គ្នា​នេះ​ដែរ៖ «គំនិត​ផ្ដួចផ្ដើម​របស់​ខ្ញុំ គឺ​ចង់​ឱ្យ​មាន​សម​យុទ្ធ​ឆ្លង​កាត់​ទល់​ដែល​នេះ យើង​ត្រូវ​មាន​អន្តរាគមន៍ ពី​ខាង​យើង​ផង ពី​ខាង​ភាគី​ប្រទេស​ជិត​ខាង​ផង ដើម្បី​ស្រោចស្រង់​សភាពការណ៍​សន្តិសុខ។ ព្រំដែន​យើង​នៅ​តែ​ជា​ព្រំដែន គ្រាន់​តែ​ជា​និច្ចកាល ប្រតិបត្តិការ​រួម​គ្នា ដើម្បី​ដោះ​ស្រាយ​បញ្ហា កុំ​ឱ្យ​មាន​ការ​ភ័ន្ត​ច្រឡំ​ថា វៀតណាម ឈ្លានពាន ឡាវ​ឈ្លានពាន​ ឬ​ក៏​ថៃ​ឈ្លានពាន។ ដំបូង​ធ្វើ​ជាមួយ​វៀតណាម ប៉ុន្មាន​ថ្ងៃ​ទៀត​ចាប់​ផ្ដើម​សកម្មភាព​នេះ »

លោក ហ៊ុន សែន ថ្លែង​បែបនេះ ដើម្បី​​ឆ្លើយ​តប​នឹង​មតិ​រិះគន់​ និង​ការ​ព្រួយ​បារម្ភ​នានា ជុំ​វិញ​ការ​អនុញ្ញាត​ឱ្យ​កងទ័ព​វៀតណាម​ឆ្លងដែន​ចូល​មក​ក្នុង​ទឹក​ដី​កម្ពុជា ត្រង់​ភូមិសាស្ត្រ​ស្រុក​​ចន្ទ្រា ខេត្ត​ស្វាយរៀង។

ទោះ​ជា​មាន​ការ​បកស្រាយ​​ពី​ប្រមុខ​រដ្ឋាភិបាល​បែប​នេះ​ក្តី ក៏​ពលរដ្ឋ​រស់នៅ​ព្រំដែន​កម្ពុជា​វៀតណាម​ ក្នុង​ស្រុក​ចន្ទ្រា​ ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ប្រាប់​អាស៊ី​សេរី​ថា​ ​ការ​ធ្វើ​សម​យុទ្ធ​យោធា​រវាង​ប្រទេស​ទាំងពីរ​នេះ​ អាជ្ញាធរ​ខ្មែរ​ មិន​បាន​ជូនដំណឹង​ប្រាប់​ពលរដ្ឋ​ឱ្យ​បាន​ទូលំទូលាយ​នោះ​ទេ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពលរដ្ឋ​មួយ​ចំនួន​ភ័យខ្លាច​​​៖ «ឆ្ងល់​បាន​ចេះ​តែ​សួរ​តៗ គ្នា​ទៅ គេ​ថា ធ្វើ​អី ? គេ​ថា សម​យុទ្ធៗ ពលរដ្ឋ​ខ្លះ​គាត់​អត់​ដឹង​ថា សម​យុទ្ធ​អី​ផង​ហ្នឹង។ ទី១ ទូរទស្សន៍ ទី២ វិទ្យុ និងទី៣រដ្ឋអំណាចហ្នឹង នៅ​ភូមិ / ឃុំ​យើង​ហ្នឹង។ យើង​ផ្សព្វផ្សាយ​អ៊ីចឹង​ទៅ ដឹង​ហើយ​អា​ហ្នឹង​បាន​ទូលំទូលាយ »

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​ សង្គម​កម្ពុជា​ លោក​ សន​ ជ័យ​ ចង់​ឃើញ​ សកម្មភាព​ទាំងអស់​នេះ​ធ្វើ​ឡើង​ដោយ​​ មានការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​ ដើម្បី​ចៀសវាង​កុំ​ឱ្យ​មានការ​យល់​ច្រឡំ​ និង​ព្រួយបារម្ភ​ពី​ហេតុ​ផល​ផ្សេងៗ។ លោក​ថា​ កង្វះ​ព័ត៌មាន​ស្ដី​ពី​បញ្ហា​នេះ​ គឺជា​ចំណុច​ ដែល​ត្រូវ​កែ​លម្អ​ឡើង​វិញ​ ដោយ​សារ​កន្លង​ទៅ​ លោក​សង្កេតឃើញ​ថា វត្តមាន​ជនជាតិ​វៀតណាម​ មក​តាំង​ទីលំនៅ​រយៈ​ពេល​ខ្លី​ក្នុង​ប្រទេស​កម្ពុជា ក្រោម​ហេតុផល​ស្វែងរក​អដ្ឋិធាតុ គ្មាន​ការ​បរិច្ឆេទ​ច្បាស់លាស់៖ «វត្តមាន​របស់​កងទ័ព​វៀតណាម​ហ្នឹង មានការ​បញ្ជាក់​ពី​ពេល​វេលា ពេល​ណាៗ ដែល​ពួក​គាត់​ឱ្យ​ច្បាស់​អា​ហ្នឹង ទើប​ជា​រឿង​មួយ​ដែរ​ល្អ ហើយ​បើ​មក​ហើយ​ទៅ​វិញ វា​គ្មាន​អី​ប៉ះពាល់​ដល់​អធិបតេយ្យ របស់​ប្រទេស​ជិត​ខាង​ទេ ប៉ុន្តែ​ដែល​គេ​បារម្ភ​វត្តមាន កងទ័ព​ទាំង​អស់​នោះ មិន​មាន​ការ​បញ្ជាក់​ជា​លាយ​លក្ខណ៍​អក្សរ​ណា​មួយ ឱ្យ​បាន​ច្បាស់លាស់ ជាពិសេស​គឺ កម្រិត​នៃ​ការ​ទទួល​បាន​ព័ត៌មាន​ហ្នឹង​វា​តិចតួច ហើយ​ក្រោយ​ពេល​ដែល​មាន​ប្រតិកម្ម​ពី​ពលរដ្ឋ​ទៅ បាន​មាន​ការ​បំភ្លឺ ហើយ​បំភ្លឺ​ផ្ទាល់​មាត់ បំភ្លឺ​យក​ទៅ​ចុះ​ផ្សាយ​តាម​សារព័ត៌មាន វា​នៅ​មិន​ទាន់​គ្រប់គ្រាន់ »

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​បន្ថែម​ថា ក្រៅ​ពី​ជាមួយ​វៀតណាម កម្ពុជា​ក៏​នឹង​រៀប​ចំ​សម​យុទ្ធ​យោធា​ទប់​ស្កាត់​គ្រោះ​មហន្តរាយ​បែប​នេះ​ជាមួយ​ប្រទេស​ថៃ និង​ឡាវ ដូច​គ្នា​ដែរ ដើម្បី​បង្កើន​ការ​ទុក​​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។