"លោក ហ៊ុន សែន នឹង​បន្ត​បរាជ័យ​ការ​បញ្ចុះបញ្ចូល​អាមេរិក​ឱ្យ​ឈប់​ទាមទារ​កែ​លម្អ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស"

0:00 / 0:00

អ្នកវិភាគ​លើកឡើង​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​នៅតែ​បរាជ័យ​ក្នុង​រឿង​ព្យាយាម​បញ្ចុះបញ្ចូល​ឱ្យ​រដ្ឋាភិបាល និង​ក្រុម​អ្នកធ្វើ​គោលនយោបាយ​របស់​សហ​រដ្ឋ​អាមេរិក ដូរ​ចិត្ត​ឈប់​ទាមទារ​ឱ្យ​កម្ពុជា​កែ​​លម្អ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​។ ការ​លើកឡើង​នេះ កើត​មាន​ឡើង​ស្រប​ពេល​ដែល​លោក ហ៊ុន សែន កំពុង​បង្កើន​យុទ្ធនាការ​បញ្ចុះបញ្ចូល​ក្រុម​អ្នកធ្វើ​គោលនយោបាយ​អាមេរិក តាមរយៈ​ជំនួប​ទ្វេភាគី​ដោយ​ផ្ទាល់​ជាមួយ​តំណាងរាស្ត្រ​ប្រចាំ​រដ្ឋ​របស់​សហរដ្ឋអាមេរិក​មួយចំនួន។

យុទ្ធនាការ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​បញ្ចុះបញ្ចូល​ដើម្បី​ធ្វើ​យ៉ាងណា​កុំឱ្យ​រដ្ឋាភិបាល ឬ​ក្រុម​អ្នកធ្វើ​គោលនយោបាយ​របស់​អាមេរិក​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ដាក់​ទណ្ឌកម្ម​ជាក់លាក់​មក​លើ​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា ឬ​ឱ្យ​ឈប់​ទាមទារ​ឱ្យ​កម្ពុជា​ស្តារ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ហាក់​កំពុង​កម្រើក​ឡើងវិញ​ហើយ ក្នុង​ពេល​ដែល​រដ្ឋាភិបាល​របស់​លោក​បាន​ជះ​លុយ​មិន​តិច​ជាង ១​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​ដោយ​គ្មាន​កាលកំណត់​ដើម្បី​ជួល​ក្រុមហ៊ុន​បញ្ចុះបញ្ចូល​របស់​អាមេរិក​ឱ្យ​ជួយ។

ការ​កម្រើក​ឡើងវិញ​នេះ កើត​មាន​ឡើង​មិន​យូរ​ប៉ុន្មាន​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​សភា​របស់​អាមេរិក​មកពី​គណបក្ស​ទាំងពីរ​ក្នុង​ស្ថាប័ន​សភា​អាមេរិក​ដឹកនាំ​ដោយ​សមាជិក​ព្រឹទ្ធសភា​ដ៏​មាន​ឥទ្ធិពល​គឺ​លោក អេដវឺត ម៉ារឃីយ៍ (Edward Markey) ដែល​ជា​អ្នក​ផ្តួច​ផ្តើម​ធ្វើ​សេចក្តី​ស្នើ​ច្បាប់​ដាក់ទណ្ឌកម្ម​មន្ត្រីជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោយសារតែ​រឿង​រម្លាយ​ប្រជាធិបតេយ្យ រំលោភសិទ្ធិ​មនុស្ស ពុករលួយ​ធ្ងន់ធ្ងរ និង​រឿង​សង្ស័យ​ថា លួច​បើកដៃ​ឱ្យ​កងទ័ព​រំដោះប្រជាជន​ចិន​ (PLA) ប្រើប្រាស់​ផ្ដាច់មុខ​កំពង់ផែ​កងទ័ពជើងទឹក​រាម​នៅ​ខេត្ត​ព្រះសីហនុ។ ជាក់ស្តែង កាលពី​ថ្ងៃទី​២៩ ខែ​សីហា ទាំង​លោក ហ៊ុន សែន និង​ទាំង​ស្ថាប័ន​សភា​ឯក​បក្ស​របស់​លោក​ដឹកនាំ​ដោយ​អនុប្រធាន​ទី​២ នៃ​រដ្ឋសភា បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​តំណាងរាស្ត្រ​ប្រចាំ​រដ្ឋ​មួយ​ចំនួន​នៅ​សហរដ្ឋអាមេរិក​។ ក្នុង​នោះ រួមមាន អ្នកស្រី អេលីហ្សាបេត វេន ដាញ (Elizabeth Van Duyne) តំណាងរាស្ត្រ​គណបក្ស​សាធារណរដ្ឋ​មកពី​រដ្ឋ​តិចសាស់ (Texas) លោក ស្តេហ្វិន ខូហិន (Stephen Cohen) តំណាងរាស្ត្រ​គណបក្ស​ប្រជាធិបតេយ្យ​មកពី​រដ្ឋ​ថេនណឺស៊ី (Tennessee) និង​តំណាងរាស្ត្រ​ពីរ​នាក់​ទៀត​មកពី​រដ្ឋ​វើជីញៀ (Virginia) និង​រដ្ឋ​ខេនសាស់ (Kensas)។

លោក ហ៊ុន សែន សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​ថា ធ្វើឡើង​ក្នុង​គោលដៅ​ដើម្បី​ពង្រឹង​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​។ លោក ហ៊ុន សែន អះអាង​ថា តំណាងរាស្ត្រ​ប្រចាំ​តិច​សាស់ អ្នកស្រី អេលីហ្សាបេត វេនដាញ បាន​ប្រាប់​លោក​ថា ដំណើរ​ទស្សនកិច្ច​នេះ គឺ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ខ្លាំង​ឡើង​តាមរយៈ​សក្ដានុពល​ដែល​កំពុង​មាន និង​តាមរយៈ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ​។ លោក ហ៊ុន សែន បាន​ឆ្លើយតប​ថា កម្ពុជា និង​សហរដ្ឋអាមេរិក​គួរ​នាំគ្នា «​សម្លឹង​ទៅ​មុខ​» និង «​ក្តាប់​ឱកាស​» កំពុង​មាន​បច្ចុប្បន្ន​ជាពិសេស​លើ​វិស័យ​ពាណិជ្ជកម្ម វិនិយោគ និង​អប់រំ ធ្វើជា​មូលដ្ឋាន​ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ខ្លាំង​ឡើង​។ លោក ហ៊ុន សែន មិន​បាន​បញ្ជាក់​លម្អិត​ថា តើ​ភាគី​ទាំងពីរ​បាន​ពិភាក្សា​រឿង​រដ្ឋាភិបាល​របស់​លោក​បញ្ចុះបញ្ចូល​ឱ្យ​សហរដ្ឋអាមេរិក​កុំ​អនុម័ត​សេចក្តី​ស្នើច្បាប់​ដាក់ទណ្ឌកម្ម​ជាក់លាក់​មក​លើ​រដ្ឋាភិបាល​របស់​លោក និង​ស្នើ​ឱ្យ​អាមេរិក​ឈប់​ទាមទារ​ឱ្យ​កម្ពុជា​ស្តារ​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស ព្រមទាំង​ឈប់​ចោទប្រកាន់​មក​លើ​កម្ពុជា​ក្នុង​រឿង​សង្ស័យ​លួច​ចុះ​កុងត្រា​ឱ្យ​កងទ័ព​ចិន​ប្រើប្រាស់​កំពង់ផែ​កងទ័ពជើងទឹក​រាម «​ផ្ដាច់មុខ​» ដែរ​ឬ​យ៉ាងណា​នោះ​ទេ។

វិទ្យុ​អាស៊ីសេរី កំពុង​ទាក់ទង​តំណាងរាស្ត្រ​អាមេរិក​ប្រចាំ​រដ្ឋ​តិចសាស់ និង​រដ្ឋ​ថេណឺស៊ី ដែល​បាន​ជួប​លោក ហ៊ុន សែន និង​តំណាង​រដ្ឋសភា​ឯក​បក្ស​របស់​លោក ដើម្បី​សុំ​ព័ត៌មាន​លម្អិត​ជុំវិញ​ដំណើរ​ទស្សនកិច្ច​នេះ និង​ថា​តើ​ពួកគេ​មានបាន​លើកឡើង​ពី​កង្វល់​របស់​អាមេរិក​ក្នុង​រឿង​ស្តារ​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​រឿង​សង្ស័យ​វត្តមាន​កងទ័ព​ចិន​នៅ​កំពង់ផែ​រាម​នេះ​ដែរ ឬ​យ៉ាងណា​នោះ​។ ក៏ប៉ុន្តែ នៅ​ពុំ​ទាន់​មានការ​ឆ្លើយតប​ណាមួយ​នៅឡើយ​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

អ្នកវិភាគ​នយោបាយ​ឥត​សំចៃមាត់​ដែល​បច្ចុប្បន្ន​កំពុង​រស់​នៅ​ភៀសខ្លួន​នៅ​ប្រទេស​ហ្វាំងឡង់ (Finland) ពី​ការ​តាម​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​រដ្ឋាភិបាល​លោក ហ៊ុន សែន គឺ​លោក គឹម សុខ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក ហ៊ុន សែន នឹង​នៅតែ​បរាជ័យ​មិន​អាច​បញ្ចុះបញ្ចូល​ឱ្យ​រដ្ឋាភិបាល ឬ​ក្រុម​អ្នកធ្វើ​គោលនយោបាយ​របស់​អាមេរិក​ដូរ​ចិត្ត​ឈប់​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ដាក់ទណ្ឌកម្ម ឬ​កែប្រែ​គោលនយោបាយ​ឈប់​ទាមទារ​ឱ្យ​កម្ពុជា​ស្ដារ​ប្រជាធិបតេយ្យ និង​កែ​លម្អ​សិទ្ធិមនុស្ស​ដដែល បើ​ទោះ​បី​ជា​មានដំណើរ​ទស្សនកិច្ច​នេះ​ក៏ដោយ​៖ « លោក ហ៊ុន សែន ដឹង​ថា ការ​ព្យាយាម​បញ្ចុះបញ្ចូល​ក្នុង​កាលៈទេសៈ​នេះ ពិបាក​ជោគជ័យ​ខ្លាំង​ណាស់​។ ក៏ប៉ុន្តែ យ៉ាងហោចណាស់ វា​មាន​រូបភាព​ពីរ។ រូបភាព​ទីមួយ អាច​ឃើញ​ជំនួប​រវាង​រដ្ឋាភិបាល​លោក ហ៊ុន សែន ហើយនឹង​តំណាងរាស្ត្រ​របស់​សហរដ្ឋ​អាមេរិក គឺ​លោក ហ៊ុន សែន អាច​យក​ទៅ​ផ្សាយ​ដើម្បី​បន្សាប​ទឹកចិត្ត​របស់​ប្រជាពលរដ្ឋ​ខ្លះ​ដែរ ឱ្យ​ជឿជាក់​លើ​គាត់​ថា គាត់​នៅ​មាន​ទំនាក់ទំនង​ល្អជា​មួយ​អាមេរិក។ ចំណុច​ទី​ពីរ គឺ​កាលណា​មាន​ជំនួប​ជាមួយ​តំណាងរាស្ត្រ​អាមេរិក​អ៊ីចឹង ចង់​ឬក៏​មិន​ចង់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ក៏​ត្រូវ​ស្តាប់​យោបល់​ពី​តំណាងរាស្ត្រ​មួយចំនួន​ដែរ ដើម្បី​ធ្វើការ​វាយតម្លៃ​ជា​បន្តបន្ទាប់​។ ដូច្នេះ ក៏​អាច​ធ្វើ​ឱ្យ​ស្ថានភាព​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន ធូរ​បន្តិចបន្តួច​ដែរ​។ ក៏ប៉ុន្តែ ឱ្យ​ដល់​កម្រិត​សហរដ្ឋអាមេរិក​គេ​ដក​គោលការណ៍​របស់​គេ ដែល​ត្រូវ​ទាមទារ​ឱ្យ​លោក ហ៊ុន សែន ស្តារ​ប្រជាធិបតេយ្យ គឺ​គេ​អត់​ដក​ទេ»។

កាលពី​ថ្ងៃទី​១៦ ខែ​សីហា សមាជិក​ព្រឹទ្ធសភា​អាមេរិក និង​ជា​ប្រធាន​អនុ​គណៈកម្មាធិការ​កិច្ចការ​ទំនាក់ទំនង​បរទេស​ប្រចាំ​តំបន់​អាស៊ី​-​បូព៌ា ប៉ាស៊ីហ្វិក និង​សន្តិសុខ​អ៊ីនធឺណិត​អន្តរជាតិ នៃ​ព្រឹទ្ធសភា​អាមេរិក លោក អេដវឺត ម៉ារឃីយ៍ (Edward Markey) បាន​ដឹកនាំ​គណៈប្រតិភូ​ព្រឹទ្ធសភា និង​រដ្ឋសភា​អាមេរិក​ទាំងពីរ​គណបក្ស​សរុប ៥​នាក់ ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក ក្នុង​នោះ​រួមមាន​កោះ​តៃវ៉ាន់ (Taiwan) កូរ៉េខាងត្បូង កម្ពុជា និង​ប្រទេស​ហ្វីលីពីន (The Philippines)​។ ក្នុង​ដំណើរ​ទស្សនកិច្ច​ពីរ​ថ្ងៃ​របស់​ពួក​លោក​មកកាន់​កម្ពុជា គណៈប្រតិភូ​ទាំងនេះ​បាន​ជួប​ជាមួយ​មេដឹកនាំ​បក្ស​ប្រឆាំង​លោក កឹម សុខា ក្រុម​មេដឹកនាំ​សង្គម​ស៊ីវិល​វ័យក្មេង​នៅ​កម្ពុជា​មួយចំនួន និង​តំណាង​ស្ថាប័ន​រដ្ឋសភា និង​រដ្ឋាភិបាល​កម្ពុជា។ ក៏ប៉ុន្តែ ពួក​លោក​មិនបាន​ជួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឡើយ​។ សមាជិក​ព្រឹទ្ធសភា​លោក អេដវឺត ម៉ារឃីយ៍ និង​ក្រុម​សមាជិក​រដ្ឋសភា​អាមេរិក​បួន​រូប​ទៀត បាន​ទទូច​ឱ្យ​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោះលែង​អ្នក​ទោស​នយោបាយ​នៅ​កម្ពុជា​ទាំងអស់ ក្នុង​នោះ​ក៏​រួមមាន​ទាំង​សកម្មជន​សិទ្ធិមនុស្ស និង​ជា​មេធាវី​សញ្ជាតិ​ខ្មែរ​-​អាមេរិកាំង គឺ​កញ្ញា សេង ធារី ផង​ដែរ ដោយ​ធានា​ថា អ្នក​ទោស​នយោបាយ​ទាំងនោះ​អាច​ចូលរួម​ដោយ​សេរី​នៅក្នុង​ការបោះឆ្នោត​នៅ​កម្ពុជា​នា​ពេល​ខាងមុខនេះ​។ ក្រុម​សមាជិក​ព្រឹទ្ធសភា និង​រដ្ឋសភា​អាមេរិក ក៏បាន​លើកឡើង​ពី​កង្វល់​នានា​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ដែល​សង្ស័យ​ថា កម្ពុជា​លួច​អនុញ្ញាត​ឱ្យ​កងទ័ព​រំដោះប្រជាជន​ចិន​ប្រើប្រាស់​កំពង់ផែ​កងទ័ពជើងទឹក​រាម​ផ្ដាច់មុខ។ ដំណើរ​ទស្សនកិច្ច​កើតឡើង​ស្រប​ពេល​ដែល​គណៈកម្មាធិការ​ទំនាក់ទំនង​កិច្ចការបរទេស​នៃ​ព្រឹទ្ធសភា​អាមេរិក​បាន​សម្រេច​បញ្ជូន​សេចក្តី​ស្នើ​ច្បាប់​ដាក់​ទណ្ឌកម្ម​ជាក់លាក់​លើ​មន្ត្រី​កម្ពុជា ឬ​ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​កម្ពុជា ឆ្នាំ​២០២២ (S.3052) ទៅ​ព្រឹទ្ធសភា​ពេញអង្គ​របស់​អាមេរិក​អនុម័ត កាលពី​ថ្ងៃទី​១៩ ខែ​កក្កដា។

បើទោះបី​ជារឿយៗ​លោក ហ៊ុន សែន តែង​ប្រើ​វោហារសាស្ត្រ​ឌឺដង មិន​ខ្លាច ឬ​ពន្យុះ​ឱ្យ​សហរដ្ឋអាមេរិក​ប្រញាប់​ធ្វើ​ច្បាប់​ដាក់​ទណ្ឌកម្ម​មក​លើ​រដ្ឋាភិបាល​លោក​យ៉ាង​ណា​ក្តី ក៏​នៅ​ពីក្រោយ​ឆាក​ឯក​ណោះ​វិញ មន្ត្រី​របស់​លោក ជាពិសេស​មន្ត្រី​ឯកអគ្គរាជទូត​របស់​លោក​ប្រចាំ​សហរដ្ឋអាមេរិក បាន​ខ្វាត់ខ្វែង​ចាត់ចែង​ជួល​ក្រុមហ៊ុន​អាមេរិកាំង​ឱ្យ​ជួយ​បញ្ចុះបញ្ចូល​មន្ត្រី​រដ្ឋាភិបាល​សហព័ន្ធ​អាមេរិក និង​ក្រុម​អ្នកធ្វើ​គោលនយោបាយ​អាមេរិកាំង​កុំឱ្យ​ធ្វើ​ច្បាប់​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​របស់​លោក។

ជាក់ស្តែង ក្នុង​ឆ្នាំ​២០២២​នេះ រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ជួល​ក្រុមហ៊ុន​មេធាវី​អាមេរិកាំង​ឈ្មោះថា ក្រុមហ៊ុន អាឃីន ហ្គាំ (AKIN GUMP STRAUSS HAUER & FELD LLP)ដែល​ជា​ក្រុមហ៊ុន​អាមេរិកាំង​ល្បីឈ្មោះ​មួយ ឱ្យ​ជួយ​ធ្វើ​យុទ្ធនាការ​បញ្ចុះបញ្ចូល​ក្រុម​អ្នកធ្វើ​គោលនយោបាយ​អាមេរិក ក្នុង​រយៈពេល​ពេញ​មួយឆ្នាំ​២០២២​នេះ​។ កិច្ចព្រមព្រៀង​រវាង​ភាគី​ទាំងពីរ​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​ត្រូវ​បង់ថ្លៃ​ចំនួន ៦​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែ គិត​ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២២ រហូតដល់​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២៣ ស្មើនឹង​ទឹកប្រាក់​សរុប ៧​សែន ២​ម៉ឺន​ដុល្លារ (៧២០.០០០) ជា​ថ្នូរ​នឹង​ការ​ផ្តល់​សេវាកម្ម​ប្រឹក្សា​ក្នុង​អ្វីមួយ​ដែល​ភាគី​ទាំងពីរ​អះអាង​ថា ដើម្បី «​កសាង​នូវ​ការ​យល់​ដឹង​អំពី​គ្នា​កាន់តែ​ប្រសើរ​ឡើង និង​គូសបញ្ជាក់​ពី​វិស័យ​ដែល​ជា​ចំណាប់អារម្មណ៍​រួម​ដើម្បី​កសាង​ទំនាក់ទំនង​ថ្មី​» ដែល​នឹង​ជួយ​ធ្វើ​ឱ្យ​ជឿនលឿន​ទៅមុខ​នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក។

បន្ថែម​ពី​លើ​នេះ កាលពី​ខែ​កញ្ញា ឆ្នាំ​២០២១ អតីត​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក​លោក ជុំ សុន្ទរី បាន​ចុះហត្ថលេខា​ជួល​ក្រុមហ៊ុន​អាមេរិក​មួយ​ឈ្មោះ ខ័រវីស (Qorvis LLC) ក្នុង​តម្លៃ​ជិត ៧​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែ ដោយ​គ្មាន​កាល​កំណត់ ឱ្យ​ជួយ​ផ្តល់​សេវាកម្ម​ទំនាក់​ទំនងជា​យុទ្ធសាស្ត្រ និង​ទំនាក់ទំនង​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​អាមេរិក ក្នុង​គោលដៅ​លើកកម្ពស់​ការ​យល់​ដឹង​ជា​សាធារណៈ ការ​ធ្វើ​ដំណើរ និង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា។

ការ​ជួល​ក្រុមហ៊ុន​អាមេរិកាំង​ទាំង​នេះ មិនមែន​ជា​រឿងរ៉ាវ​ថ្មីថ្មោង​សម្រាប់​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ។ កាល​ពី​ឆ្នាំ​២០១៨ ក្រោយ​បាន​រៀបចំ​ព្រឹត្តិការណ៍​បោះឆ្នោត​ដែល​រង​នូវ​ការ​រិះគន់​ថា ជា​ការ​បោះឆ្នោត «​ក្លែងក្លាយ​» រួច​មក និង​ក្រោយ​បាន​ជម្នះ​ប្រសូត​រដ្ឋាភិបាល​អាណត្តិ​ទី​៦ ខ្វះ​ភាព​ស្រប​ច្បាប់​រួចមក រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ចំណាយ​លុយ​មិន​តិច​ជាង ១​លាន ២​សែន​ដុល្លារ​ក្នុង​មួយឆ្នាំៗ ជួល​ក្រុមហ៊ុន​អាមេរិក​ឱ្យ​ជួយ​បញ្ចុះបញ្ចូល​រដ្ឋាភិបាល និង​សភា​អាមេរិក កុំឱ្យ​ធ្វើ​ច្បាប់​ដាក់​ទណ្ឌកម្ម​មក​លើ​រដ្ឋាភិបាល​របស់​លោក។ ក្រុមហ៊ុន​អាមេរិកាំង​ដែល​ត្រូវ​រដ្ឋាភិបាល​លោក ហ៊ុន សែន ជួល​កាល​ពី​ពេលនោះ រួមមាន​ក្រុមហ៊ុន ប៉ាករីម ប្រ៊ីជីស (PacRim Bridges) និង​ក្រុមហ៊ុនប្រោនស្តាញ ហៃយ៉ាត់ ហ្វាប៊័រ ស្រិក (Brownstein Hyatt Farber Schreck) ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។