លោក ហ៊ុន សែន ជំរុញ​អាស៊ាន​ឱ្យ​រួម​គ្នា​ប្រយុទ្ធ​នឹង​ជំងឺកូវីដ-១៩

ដោយ វ៉ែន សុមេធ
2020-04-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោកនាយក​រដ្ឋ​មន្ត្រី លោក ហ៊ុន សែន ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ពិសេស​តាម​ប្រព័ន្ធ​វីដេអូ​ខន់ហ្វើរែន (Video Conference) ស្ដី​អំពី​ជំងឺ​កូវីដ-១៩ នៅ​ថ្ងៃ​ទី១៤ ខែ​មេសា ឆ្នាំ២០២០។
លោកនាយក​រដ្ឋ​មន្ត្រី លោក ហ៊ុន សែន ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ពិសេស​តាម​ប្រព័ន្ធ​វីដេអូ​ខន់ហ្វើរែន (Video Conference) ស្ដី​អំពី​ជំងឺ​កូវីដ-១៩ នៅ​ថ្ងៃ​ទី១៤ ខែ​មេសា ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

លោកនាយក​រដ្ឋ​មន្ត្រី លោក ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន​​ដទៃ​ទៀត​ បាន​បើក​កិច្ច​ប្រជុំ​ពិសេស​មួយ​តាម​ប្រព័ន្ធ​វីដេអូ​ខន់ហ្វើរែន (Video Conference) ស្ដី​អំពី​ជំងឺ​កូវីដ-១៩ នៅ​ថ្ងៃ​ទី១៤ មេសា​នេះ។ កិច្ច​ប្រជុំ​កំពូល​ពិសេស​នេះ ធ្វើ​ឡើង​ស្រប​ពេល​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ-១៩ កំពុង​បង្ក​ផល​ប៉ះ​ពាល់​កាន់​តែ​ខ្លាំង​ដល់​ការ​អភិវឌ្ឍ​អាស៊ាន​ជា​រួម មាន​ជាអាទិ៍​ប្រព័ន្ធ​សុខាភិបាល វិស័យ​ទេសចរណ៍ ពាណិជ្ជកម្ម ហិរញ្ញវត្ថុ ឧស្សាហកម្ម និង​​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ​អាស៊ាន។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ស្នើ​ឱ្យ​ប្រទេស​សមាជិក​អាស៊ាន​ធ្វើការ​រួម​គ្នា ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ-១៩ ដែល​កំពុង​រាតត្បាត​នៅ​ក្នុង​តំបន់ និង​នៅ​លើ​ពិភពលោក។ លោក​បាន​ផ្ដល់​នូវ​ទស្សនៈ​មួយ​ចំនួន​ដល់​ប្រមុខ​ដឹកនាំ​នៃ​បណ្ដា​ប្រទេស​អាស៊ាន​ ក្នុង​​នោះ​រួម​មាន ការ​ចែក​រំលែក​ព័ត៌មាន ចំណេះដឹង បទពិសោធន៍ និង​បច្ចេកទេស​វេជ្ជសាស្ត្រ​ដល់​គ្នា​ទៅវិញ​ទៅមក​ ដើម្បី​បង្ការ និង​ព្យាបាល​ជំងឺ​ថ្មី​នេះ។ លោក​ស្នើ​ឱ្យ​សមាជិក​អាស៊ាន​លើក​កម្ពស់​ការ​សម្រប​សម្រួល​​និង​កិច្ច​សន្ទនា​ជិត​ស្និទ្ធ នៅ​ពេល​ដាក់​ចេញ​នូវ​វិធាន​ការ​ផ្សេងៗ ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច និងសង្គម​នៅ​ក្នុង​តំបន់។

ជាមួយ​គ្នា​នេះ លោក ហ៊ុន សែន បាន​ស្នើ​កុំ​ឱ្យ​មាន​ការ​រើសអើង​ពូជសាសន៍ និង​ការ​ប្រកាន់​ជំហរ​ស្ដី​បន្ទោស ដែល​លោក​ហៅ​ថា ជា​ល្បែង​ទម្លាក់​កំហុស​ដ៏​អាក្រក់​នាំ​ទៅ​ដល់​ការ​បែកបាក់​សាមគ្គីភាព​នៅ​ក្នុង​តំបន់។ លោក​ក៏​ស្នើ​ដល់​មេ​ដឹក​នាំ​អាស៊ាន​ទាំង​អស់​ឱ្យ​ពង្រឹង​ស្មារតី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ជាពិសេស​ករណី​ប្រជាជន​អាស៊ាន​ដែល​ជាប់​គាំង​ដំណើរ ឬ​រង​គ្រោះ​ដោយ​ជំងឺ​កូវីដ-១៩។ ក្រៅ​ពី​នេះ លោក​ស្នើ​ឱ្យ​អាស៊ាន​ត្រូវ​គិត​គូរ​ជា​យុទ្ធសាស្ត្រ​អំពី​ការ​ស្ដារ និង​ជំរុញ​ការ​ងើប​ឡើង​វិញ​នៃ​កំណើន​សេដ្ឋកិច្ច​ ក្រោយ​ពី​វិបត្តិ​ជំងឺ​កូវីដ-១៩ ត្រូវ​បាន​បញ្ចប់៖ «នា​ពេល​កន្លងមក វិធានការ​នានា ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ-១៩ សម្រាប់​ប្រទេស​ទាំង​អស់​ភាគ​ច្រើន គឺ​ផ្ដោត​ទៅលើ​ការ​អនុវត្ត​នៅ​ផ្ទៃក្នុង​ប្រទេស។ ក្នុង​បរិការណ៍​សកលភាវូបនីយកម្ម និង​សមាហរណកម្ម​តំបន់ ខ្ញុំ​យល់ថា ការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ-១៩ នេះ គឺ​មិន​អាច​ដោះស្រាយ​ត្រឹម​កម្រិត​ប្រទេស​នីមួយៗ​បាន​ឡើយ ព្រោះ​ភាព​ជោគជ័យ​នៃ​ការ​ប្រយុទ្ធ​នឹង​ជំងឺ​នេះ ទាម​ទារ​ឱ្យ​មាន​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ឱ្យ​កាន់​តែ​ស៊ីជម្រៅ និង​ទូលំទូលាយ។ និយាយ​ជា​រួម​ អាស៊ាន​ត្រូវ​តែ​រួម​ដៃ​គ្នា និង​ប្រែក្លាយ​ការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ-១៩ ទៅ​ជា​សមរភូមិ​រួម»

លោក ហ៊ុន សែន បាន​ប្រើ​ពេល ១១នាទី ដើម្បី​ឈ្ងោក​អាន​សុន្ទរកថា​កម្រាស់ ៣ទំព័រ ដោយ​មិន​បាន​ងើប​មុខ​មើល​កាមេរ៉ា​ និង​មេ​ដឹក​នាំ​អាស៊ាន​ដទៃ​ទៀត​ឡើយ។

ក្រៅ​ពី​បញ្ចេញ​ទស្សនៈ​អំពី​ការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ-១៩​ ហើយ លោក​ក៏​បាន​ឆ្លៀត​សរសើរ​ថា រដ្ឋាភិបាល​របស់​លោក​គោរព​ស្មារតី​មនុស្ស​ធម៌ និង​សាមគ្គីភាព​អន្តរជាតិ​ ដោយ​អនុញ្ញាត​ឱ្យ​នាវា​ទេសចរណ៍​ខ្នាត​ធំ​វេស្ទើដាម (Westerdam) ចូល​ចត ​ព្រម​ទាំង​ជួយ​ព្យាបាល​ជន​បរទេស​ចម្រុះ​ជាតិ​សាសន៍​នៅ​កម្ពុជា ​ដែល​កើត​ជំងឺ​កូវីដ-១៩ ដោយ​មិន​គិត​ថ្លៃ​ផង​ដែរ។

ទោះជា​លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ផ្ដល់​ទស្សនៈ​ច្រើន​ដល់​មេ​ដឹក​នាំ​អាស៊ាន​បែប​នេះ​ក្តី ក៏​ចំណុច​មួយ​ចំនួន លោក​ខ្លួន​ឯង ​ធ្វើ​មិន​ទាន់​បាន​នៅ​ឡើយ​ទេ ហើយ​លោក​រង​ការ​រិះគន់​ខ្លាំង​ពី​សាធារណជន​ថែម​ទៀត។ ករណី​ទាំងនោះ មាន​ជាអាទិ៍ ការ​បរិហារ​​អាជ្ញាធរ​ម៉ាឡេស៊ី​ជា​សាធារណៈ​នៅ​ពេល​ប្រទេស​នេះ​រក​ឃើញ​ស្ត្រី​អាមេរិកកាំង​មួយ​រូប​ដែល​ជា​អ្នក​ដំណើរ​លើ​នាវា​វេស្ទើដាម (Westerdam) មាន​ផ្ទុក​​ជំងឺ​កូវីដ-១៩។ ពេល​នោះ លោក ហ៊ុន សែន បាន​បញ្ចេញ​​ឥរិយាបថ​ខឹង​សម្បារ​ចំពោះ​​មន្ត្រី​ជាន់ខ្ពស់​ម៉ាឡេស៊ី រហូត​ដល់​បញ្ជា​ឱ្យ​រដ្ឋ​មន្ត្រី​ការបរទេស លោក ប្រាក់ សុខុន កោះហៅ​មន្ត្រី​ទូត​ម៉ាឡេស៊ី​​ប្រចាំ​នៅ​កម្ពុជា​មក​ឆ្លើយ​បំភ្លឺ​ករណី​នេះ​ទៀត​ផង។ ក្រៅ​ពី​នេះ មជ្ឈដ្ឋាន​​មួយ​​ចំនួន​​បាន​រិះគន់ រដ្ឋាភិបាល​លោក ហ៊ុន សែន ​ថា ហាក់​ព្យាយាម​បិទ​បាំង​ព័ត៌មាន​អំពី​ករណី​អ្នក​កើត​​ជំងឺ​កូវីដ-១៩។ ចំណែក​​យន្តការ​តាម​ដាន​សុខភាព​នៅ​ច្រក​ចេញ​ចូល​វិញ មាន​លក្ខណៈ​អន់​ខ្សោយ ដោយ​រក​មិន​ឃើញ​អ្នក​សង្ស័យ​កើត​ជំងឺ​កូវីដ-១៩​ ស្រប​ពេល​ប្រទេស​ដទៃ​រក​ឃើញ​អ្នក​ដំណើរ​ខ្លះ​ កើត​ជំងឺ​នេះ​ពេល​ទៅ​ដល់​ប្រទេស​គេ។ ម្យ៉ាងវិញ​ទៀត រដ្ឋាភិបាល​​លោក ហ៊ុន សែន មិន​បាន​ហាម​ឃាត់​អ្នក​ដំណើរ​ពី​ប្រទេស​ចិន​ដែល​ជា​ប្រភព​ផ្ទុះ​ជំងឺ​នេះ​នោះ​ទេ ជាហេតុ​ធ្វើ​ឱ្យ​ប្រទេស​មួយ​​ចំនួន​ក្នុង​តំបន់​ រឹត​បន្តឹង​លើ​ការ​ធ្វើ​​ដំណើរ​ពី​កម្ពុជា។ សំខាន់​​ជាង​នេះ​ទៅ​ទៀត គឺ​លោក ហ៊ុន សែន ខ្លួន​លោក​ផ្ទាល់ មិន​ព្រម​ទទួល​យក​ពលរដ្ឋ​ខ្មែរ​ចំនួន ១៥០នាក់ ដែល​កំពុង​ជាប់​ផុង​នៅ​ប្រទេស​ម៉ាឡេស៊ី​នោះ ត្រឡប់​មក​កម្ពុជា​វិញ​ឡើយ ទោះ​ជា​ពួក​គាត់​បាន​ដង្ហោយ​សុំ​ជំនួយ និង​អង្វរករ​លោក​យ៉ាង​ណា​ក៏ដោយ។

នាយក​រង​ទទួល​បន្ទុក​កិច្ច​ការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃស៍វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) សង្កេត​ឃើញ​ថា អំឡុង​ខែ​កុម្ភៈ និង​ខែ​មីនា ពេល​ដែល​វិបត្តិ​ជំងឺ​កូវីដ-១៩ កំពុង​​តែ​ចាប់​ផ្តើម លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន រវល់​តែ​ពី​រឿង​ធ្វើ​នយោបាយ​ជាមួយ​ប្រទេស​ចិន។ មន្ត្រី​សិទ្ធិ​មនុស្ស​អន្តរជាតិ​រូប​នេះ​បន្ថែម​ថា​ ទាល់តែ​កម្ពុជា​ប្រឈមមុខ​នឹង​ការ​ឆ្លង​រាល​ដាល​ខ្លាំង​ដូច​ពេល​នេះ ទើប​លោក ហ៊ុន សែន ខំប្រឹង​ដុត​ដៃ​ដុត​ជើង​ដោះស្រាយ​រឿង​នេះ ហើយ​ជាមួយ​គ្នា​នេះ គាត់​បែរ​ទៅ​ជា​គិត​ឃើញ​រឿង​ធ្វើ​ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន ដើម្បី​ពង្រឹង​អំណាច​ផ្ដាច់​ការ​គ្មាន​ដែន​កំណត់​របស់​គាត់​ទៅវិញ។

ចំណែក អង្គការ​លើក​លែង​ទោស​អន្តរជាតិ (Amnesty International) ពិនិត្យ​ឃើញ​ថា មេដឹកនាំ​អាស៊ាន​មួយ​ចំនួន​បាន​ឆ្លៀត​យក​វិបត្តិ​ជំងឺ​កូវីដ-១៩ នេះ ជា​លេស​ពង្រឹង​អំណាច​របស់​ខ្លួន។ អ្នក​ទាំង​នោះ រួម​មាន ប្រធានាធិបតី​ហ្វីលីពីន លោក ឌូទែតេ (Duterte) នាយក​រដ្ឋ​មន្ត្រី​ថៃ លោក ប្រាយុទ្ធ ចាន់​អូឆា (Prayut Chan-o-cha) និង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។ ​អង្គការ​ដដែល​នេះ​រក​ឃើញ​ថា ជំនួស​ឱ្យ​​ការ​គិត​​គូរ​ជួយ​ដល់​ក្រុម​វេជ្ជបណ្ឌិត និង​មន្ត្រី​សុខាភិបាល ​មេដឹកនាំ​ទាំងនេះ​បាន​ពង្រីក​ និង​រំលោភ​អំណាច​កាន់​តែ​ខ្លាំង​ តាម​រយៈ​ការ​ចាប់​ឃុំ​ខ្លួន​អ្នក​សារព័ត៌មាន អ្នក​នយោបាយ​បក្ស​ប្រឆាំង អ្នក​រិះគន់ និង​អ្នក​បញ្ចេញ​ព័ត៌មាន​សម្ងាត់​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល