មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន បានចាកចេញពីប្រទេសកម្ពុជានៅថ្ងៃទី១៣ ខែតុលានេះ ដើម្បីបំពេញទស្សនកិច្ចនៅប្រទេសអឺរ៉ុបខាងកើតមួយចំនួន ខណៈសហភាពអឺរ៉ុបកំពុងបន្តនីតិវិធីព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA។ អ្នកវិភាគថា លោក ហ៊ុន សែន កំពុងស្វះស្វែងរកប្រទេសនៅអឺរ៉ុបទាំងនេះធ្វើពាណិជ្ជកម្មទ្វេភាគី ដើម្បីបន្ថយឥទ្ធិពលអាក្រក់ ប្រសិនសហភាពអឺរ៉ុបព្យួរ EBA ពីកម្ពុជា៖ «»
អ្នកវិភាគបញ្ហានយោបាយលោក គឹម សុខ សង្កេតឃើញលោក ហ៊ុន សែន កំពុងបញ្ចុះបញ្ចូល និងបង្កើតទំនាក់ទំនងជាមួយប្រទេសនៅអឺរ៉ុបខាងកើត ដើម្បីឲ្យជួយបន្ធូរបន្ថយការយកពន្ធពីកម្ពុជា ប្រសិនបើសហភាពអឺរ៉ុបសម្រេចផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធEBAពីកម្ពុជា។ លោកយល់ថា លោក ហ៊ុន សែន ប្រហែលជាមិនពឹងប្រទេសទាំងនោះឲ្យជួយការពារប្រព័ន្ធអនុគ្រោះកម្ពុជានោះទេ ព្រោះលោក ហ៊ុន សែន ពេលនេះមិនចង់ដោះលែងលោក កឹម សុខា ឬបើកដំណើរឲ្យគណបក្សសង្គ្រោះជាតិអាចដំណើរការឡើងវិញឡើយ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់អំណាចរបស់លោក៖ «»
អ្នកវិភាគនយោបាយដែលហ៊ានរិះគន់របបក្រុងភ្នំពេញឥតសំចៃមាត់រូបនេះ បន្តថា ការប្រឹងប្រែងរបស់លោក ហ៊ុន សែន បែបនេះ គឺដើម្បីតែរក្សាអំណាចរបស់ខ្លួន និងបក្ខពួក ព្រមទាំងផលប្រយោជន៍របស់ក្រុមគ្រួសារគាត់ប៉ុណ្ណោះ។ អ្នកវិភាគរូបនេះយល់ថា លោក ហ៊ុន សែន មិនមែនជាមេដឹកនាំស្រឡាញ់ជាតិនោះទេ៖ «»
លោក គឹម សុខ បញ្ចេញប្រតិកម្មបែបនេះ បន្ទាប់ពីលោកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេសឆែក ហុងគ្រី និងប៊ុលហ្គារី ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី១១ តុលា ឲ្យដឹងថា លោក ហ៊ុន សែន នឹងជួបវិភាគជាមួយប្រធានាធិបតី និងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងនោះ ដើម្បីជជែកផ្លាស់ប្ដូរទស្សនៈលើបញ្ហាតំបន់ អន្តរជាតិ និងការវិនិយោគ។
អាស៊ីសេរីបានព្យាយាមសុំការបកស្រាយអំពីដំណើរទស្សនកិច្ចនេះពីអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ប៉ុន្តែមិនទទួលបានការឆ្លើយតបទេ ដោយទូរស័ព្ទចូលជាច្រើនដងគ្មានអ្នកទទួលនៅថ្ងៃទី១៣ តុលា។
ទោះជាយ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ និយាយថា តាំងពីដើមមក រដ្ឋាភិបាលកម្ពុជាតែងស្វះស្វែងធ្វើពាណិជ្ជកម្មជាមួយបណ្ដាប្រទេសនានា មិនមែនទើបតែពេលនេះនោះទេ។ លោកថា លោកមិនសូវដឹងច្បាស់ទេជុំវិញបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ ប៉ុន្តែលោកថា ទស្សនកិច្ចរបស់លោក ហ៊ុន សែន នៅពេលនេះ មានគោលបំណងរឹតចំណងទ្វេភាគីរវាងកម្ពុជា និងប្រទេសទាំងនោះ៖ «»
មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ធ្លាប់បានបំពេញទស្សនកិច្ចនៅប្រទេសហុងគ្រីម្តងរួចមកហើយកាលពីអំឡុងខែមិថុនា កន្លងទៅ ដោយគ្រានោះលោកបានលើកបញ្ហា EBA ទៅជជែកជាមួយនាយករដ្ឋមន្ត្រីហុងគ្រី លោក លោក វិចទ័រ អរប៊ែន (Viktor Orbán)។ ក្រោយជំនួបនោះ លោកបានប្រកាសតែម្នាក់ឯងថា រដ្ឋាភិបាលហុងគ្រីនឹងជួយដល់របបរបស់លោកក្នុងការតស៊ូមតិជុំវិញបញ្ហា EBA ក៏ប៉ុន្តែសេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាលហុងគ្រីមិនបានបញ្ជាក់ថា ប្រទេសអឺរ៉ុបខាងកើតមួយនេះនឹងជួយដល់របបក្រុងភ្នំពេញរឿង EBA នេះឡើយ។
បច្ចុប្បន្នគណៈកម្មការសហភាពអឺរ៉ុបកំពុងបន្តសរសេររបាយការណ៍អំពីការរកឃើញ និងការវាយតម្លៃរបស់ខ្លួនទៅលើស្ថានភាពសិទ្ធិមនុស្ស សិទ្ធិនយោបាយ និងសិទ្ធិការងារនៅកម្ពុជា ដែលខ្លួនត្រៀមនឹងចេញផ្សាយនៅខែវិច្ឆិកាខាងមុខនេះ មុននឹងឈានទៅសម្រេចថា តើត្រូវដក ឬមិនដកហូតទាំងស្រុង ឬដោយផ្នែកណាមួយនៃប្រព័ន្ធអនុគ្រោះពន្ធនេះយ៉ាងយូរបំផុតនៅត្រឹមពាក់កណ្ដាលខែកុម្ភៈឆ្នាំ២០២០ ខាងមុខ។ ប្រសិនបើសហភាពសម្រេចថា ត្រូវដកហូតប្រព័ន្ធអនុគ្រោះពន្ធនេះមែននោះ ការយកពន្ធពីសហភាពអឺរ៉ុបមកលើទំនិញកម្ពុជានឹងត្រូវធ្វើឡើងជាផ្លូវការ ចាប់ពីខែសីហា ឆ្នាំ២០២០ តទៅ។
ទោះជាលោក ហ៊ុន សែន អះអាងថា លោកមិនខ្លាចការកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA ក៏ដោយ ក៏លោកបានបញ្ជូនអ្នកជំនាញផ្នែកសេដ្ឋកិច្ច ការទូត និងអ្នកនយោបាយជាន់ខ្ពស់មួយចំនួន ទៅបញ្ចុះបញ្ចូលប្រទេសជាសមាជិកសហភាពអឺរ៉ុបជាបន្តបន្ទាប់ ដើម្បីកុំឲ្យផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធនេះ។ ចំណែក មេដឹកនាំលំដាប់ទី២ នៃរបបក្រុងភ្នំពេញ លោក ស ខេង វិញ បានអះអាងកាលពីពេលថ្មីៗ នេះថា កម្ពុជានៅតែព្យាយាមបើកកិច្ចចរចាដើម្បីរក្សាការអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប និង GSP ពីសហរដ្ឋអាមេរិក ហើយថាកម្ពុជានៅតែមានជំហរបន្តទំនាក់ទំនងការទូតល្អជាមួយនឹងអឺរ៉ុប និងអាមេរិកដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
