លោក ហ៊ុន សែន ព្រមានប្រើហិង្សាលើអ្នកប្រើតេឡេក្រាមទាមទារឲ្យរដ្ឋាភិបាលដកខ្លួនពីគម្រោងCLV
2024.08.13
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ព្រមានប្រើអំពើហិង្សាលើក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមតេឡេក្រាម ដែលទាមទារឲ្យរដ្ឋាភិបាលដកខ្លួនចេញពីគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ជាមួយវៀតណាម (CLV)។ អ្នកឃ្លាំមើលសិទ្ធិមនុស្ស ថា ការប្រើប្រាស់ពាក្យសម្ដីរបស់លោក ហ៊ុន សែន នេះ គឺជាការគំរាមកំហែងពលរដ្ឋ ហើយទង្វើនេះ មិនអាចបញ្ឈប់ការទាមទាររបស់ពលរដ្ឋបានឡើយ ។
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន នៅថ្ងៃទី១៣ ខែសីហា បានប្រើប្រាស់គណនីតេឡេក្រាម (Telegram) មានឈ្មោះថា ចៅសែន ចូលទៅគំរាមនៅក្នុងគ្រុបតេឡេក្រាមឈ្មោះ «រួបរួមដើម្បីជាតិ» ដែលជជែកគ្នាអំពីការទាមទារឲ្យរដ្ឋាភិបាលដកខ្លួនចេញពីគម្រោងតំបន់ត្រីកោណ អភិវឌ្ឍន៍ CLV។
លោក ហ៊ុន សែន៖ «ដល់ដំណាក់កាលរៃលុយហើយហី ចេញតែពីភូមិអញវៃហែងរយះក្បាល អញគ្រាន់តែប្រាប់ហែង។ អញប្រាប់ពួកហែងឲ្យច្បាស់ ពួកហែងមានគ្នាប៉ុន្មាននាក់ចេញក្បាលឲ្យអស់មក ទូទាត់បញ្ជីម្ដងឲ្យវាអស់តែម្ដង កុំចាំយូរពេកចេញឲ្យអស់មក»។
លោក ហ៊ុន សែន បានចោទគ្រុបតេឡេក្រាម ដែលមានឈ្មោះ «រួបរួមដើម្បីជាតិ »នេះ មានគម្រោងតវ៉ាដើម្បីផ្តួលរំលំរដ្ឋាភិបាល ។ ប៉ុន្តែភាគច្រើនអ្នកនៅក្នុងគ្រុបតេឡេក្រាមនេះ ពុំមានអត្តសញ្ញាណច្បាស់លាស់នោះទេ។
អ្នកឃ្លាំមើលបញ្ហាសិទ្ធិមនុស្ស និងសង្គម លោក ស៊ឹង សែនករុណា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី ១៣ ខែកក្កដាថា សម្ដីលោក ហ៊ុន សែន នេះ ជាការប្រើប្រាស់សម្ដីគំរាមកំហែងពលរដ្ឋ ដែលទាមទារឲ្យរដ្ឋាភិបាលដកខ្លួនចេញពីគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV ។ ទោះយ៉ាងណា អ្នកឃ្លាំមើលរូបនេះ លើកឡើងថា ពលរដ្ឋគួរតែពិចារណាប្រុងប្រយ័ត្ន ចំពោះការចូលទៅក្នុងក្រុមបណ្ដាញសង្គមណាមួយដែរ ព្រោះអាចជាអន្ទាក់របស់រដ្ឋាភិបាលរបស់គ្រួសារត្រកូល«ហ៊ុន» ដែលចង់ក្រសោបអ្នកហ៊ានតវ៉ាពិតប្រាកដ។
លោក ស៊ឹង សែនករុណា៖ «សារសំឡេង លោក ហ៊ុន សែន ដែលជាប្រធានព្រឹទ្ធសភានេះ ខ្ញុំយល់ថា វាជាអំពើមួយដែលថ្នាក់ដឹកនាំលើពិភពលោក ដែលយើងកម្រមានណាស់ ដែលយើងមិនដែលឃើញទាល់តែសោះ គឺមានតែមេដឹកនាំខ្មែរនេះហើយ ដែលតែងតែលើកឡើងអំពីសារគំរាមកំហែងប្រើហិង្សាជាហូរហែ បន្តបន្ទាប់មក នេះដោយសារតែលោក មានអំណាចជាងគេនៅក្នុងប្រទេសកម្ពុជាហ្នឹងឯង ។ បើយើងនិយាយពីច្បាប់ ការប្រើប្រាស់សារគំរាមកំហែង ការប្រើប្រាស់សារហិង្សាវាយដំអ្នកណាទាំងអស់នេះ គឺត្រូវមានការចាត់វិធានការតាមផ្លូវច្បាប់ ប៉ុន្តែយើងដឹងហើយ មានអ្នកណាហើយចាត់វិធានការទៅលើគាត់ បើអំណាចទាំងអស់នៅលើដៃគាត់ទៅហើយ»។
នេះមិនមែនជាលើកទី១ ឡើយ ដែលបុរសខ្លាំង លោក ហ៊ុន សែន ប្រើភាសាគំរាមកំហែងលើពលរដ្ឋ ដែលទាមទារឲ្យរដ្ឋាភិបាលដឹកនាំដោយកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត ដកខ្លួនចេញពីគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV។ ទោះយ៉ាងណា រលកតវ៉ារបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងប្រទេស និងក្រៅប្រទេស នៅតែពុះកញ្ជ្រោលដដែល ដោយទាមទារឲ្យរដ្ឋាភិបាល ដកខេត្តខ្មែរទាំង៤ ចេញពីគម្រោងCLV ដើម្បីកុំឲ្យបាត់បង់ទឹកដីខ្មែរទៅវៀតណាមដូចប្រវត្តិសាស្ត្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។