លោក ហ៊ុន សែន បន្ត​គំរាម​ចាប់​លោក សម រង្ស៊ី ដាក់​គុក​ នៅ​ពេល​វិល​ចូល​ស្រុក​ថ្ងៃ​ទី៩ វិច្ឆិកា

ដោយ សេក បណ្ឌិត
2019-08-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ៊ុន សែន ប្រធាន​គណបក្ស​ ប្រជាជន​កម្ពុជា និង​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​ សង្គ្រោះ​ជាតិ។
លោក ហ៊ុន សែន ប្រធាន​គណបក្ស​ ប្រជាជន​កម្ពុជា និង​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​ សង្គ្រោះ​ជាតិ។
រូប៖ ហ្វេសប៊ុក លោក ហ៊ុន សែន និង RFA/Sorn Chanratha

មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​ លោក​ ហ៊ុន សែន​ បន្ត​ចេញ​សារ​គំរាម​​ ចាប់​ប្រធាន​ស្ដី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក សម រង្ស៊ី ដាក់​គុក​ជាថ្មី​ទៀត​ ប្រសិន​បើ​លោក​ត្រឡប់​មក​ដល់​កម្ពុជា។ ទោះ​ជា​យ៉ាង​ណា​​ មន្ត្រី​គណបក្ស​ប្រឆាំង​ និង​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ឯណោះ​វិញ​ លើក​ឡើង​ថា សារ​គំរាម​នេះ​ ជា​ការ​ភ័យខ្លាច​កាន់​តែ​ខ្លាំង​របស់​លោក​ ហ៊ុន​ សែន រហូត​​ធ្វើ​ឱ្យ​​លោក​ដេក​មិន​លក់​បក់​មិន​ល្ហើយ​ ដោយសារ​ខ្លាច​លោក​ សម រង្ស៊ី វិល​ចូល​ស្រុក​ប៉ះពាល់​ដល់​របប​ដឹក​នាំ​របស់​ខ្លួន។

មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​ លោក​ ហ៊ុន​ សែន​ និពន្ធ​បទ​បទ​ចំរៀង​បែប​គំរាម​កំហែង និង​ចំអក​ឡកឡឺយ​ដាក់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក សម រង្ស៊ី។ ចំរៀង​នេះ​ លោក​ ហ៊ុន សែន​ ដាក់​ចំណង​ជើង​ ទទារ​យំ​ឆ្លង​ឆ្នាំ​២០១៩ ហើយ​លោក​បាន​​បង្ហោះ​នៅ​ក្នុង​ហ្វេស​ប៊ុក​របស់​ខ្លួន នៅ​ថ្ងៃ​ទី២៥​ សីហា។ បុរស​ខ្លាំង​ខាង​គំរាម​កំហែង​រូប​នេះ​ អះអាង​ថា​ លោក​តែង​បទ​ចម្រៀង​ថ្មី​ មួយ​បទ​នេះ​ ដើម្បី​អោយ​ស្រប​ជាមួយ​សភាព​ការ​ណ៍ថ្មី។ បទ​ថ្មី​នេះ​បង្កប់​ដោយ​ការ​បំភិតបំភ័យ​​តាំង​ពី​ដើម​រហូត​ដល់​ចប់ ជា​ពិសេស​រឿង​ការ​ចាប់​ខ្លួន​លោក សម រង្ស៊ី ​​ហើយ​បទ​នេះ លោក​ ហ៊ុន សែន បញ្ជាក់​ថា ​ក្រុម​អ្នក​ចម្រៀង​គ្រួសារ​ ដែល​គាំទ្រ​លោក​ នឹង​យក​ទៅ​ប្រគំ​ជាមួយ​ភ្លេង​ដើម្បី​ច្រៀង​កម្សាន្ត។

ផ្ទុយ​ពី​សារ​គំរាម​​នេះ​ លោក​ សម រង្ស៊ី មាន​ប្រសាសន៍​ពី​ទីក្រុង ព្រីសបាន (Brisbane) ប្រទេស​អូស្ត្រាលី កាល​ពី​ថ្ងៃ​ទី២៤ សីហា ដោយ​អំពាវនាវ​​ឲ្យ​កងកម្លាំង​ប្រដាប់​អាវុធ​ស្នេហាជាតិ បែរ​ចុង​កាណុង​សំដៅ​ទៅ ហ៊ុន សែន វិញ បើ​លោក ហ៊ុន សែន​ បញ្ជា​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​បាញ់​ប្រហារ​មក​លើ​ប្រជាពលរដ្ឋ​ស្លូត​ត្រង់​ ដែល​គ្រោង​ទៅ​ទទួល​លោក នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​ខាងមុខនេះ។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​នៅ​ប្រទេស​ថៃ​ និង​ពលករ​ខ្មែរ​​ធ្វើ​ការ​នៅ​​ថៃ​មួយ​ចំនួន​ លើក​ឡើង​ថា ការ​និពន្ធ​បទ​ចំរៀង​នេះ គឺ​ជា​ការ​បញ្ជាក់​កាន់​តែ​ច្បាស់​ថា លោក ហ៊ុន សែន កំពុង​តែ​ភ័យ​ដេក​មិន​លក់​បក់​មិន​ល្ហើយ នៅ​ពេល​​ដំណឹង​ជាក់លាក់​​របស់​លោក សម រង្ស៊ី ​ត្រឡប់​ទៅ​កម្ពុជា​វិញ។

មន្ត្រី​សម្របសម្រួល​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​ថៃ លោក ម៉ោញ សារ៉ាត់ ប្រាប់​អាស៊ី​សេរី​នៅ​រសៀល​ថ្ងៃ​ទី​២៥​សីហា​ថា មន្ត្រី​គណបក្ស​លោក​នៅ​ក្រៅ​ប្រទេស​បាន​ប្រជុំ​ដាក់​ផែនការ​ច្បាស់​លាស់​រួច​ហើយ​ ដើម្បី​អម​ដំណើរ​លោក​ សម រង្ស៊ី​ វិល​ទៅ​កម្ពុជា​​ ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​ឱ្យបាន​ប្រសើរឡើង​វិញ។ មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​បន្ថែម​ថា ​ប្រសិន​បើ​លោក​ ហ៊ុន សែន​ ចង់​ចាប់​លោក​ សម សង្ស៊ី ចូល​គុក​ សូមឱ្យ​របប​សព្វថ្ងៃត្រៀម​ខ្នោះ​ឱ្យ​បាន​ច្រើន​​ ដើម្បី​ដាក់​ប្រជាពលរដ្ឋ​របស់​ខ្លួន​​ ព្រោះ​អ្នក​អម​ដំណើរ​លោក​ សម រង្ស៊ី រាប់​សែន​នាក់​ ត្រៀម​លះបង់​គ្រប់​បែប​យ៉ាង​ ដើម្បី​ប្ដូរ​យក​ប្រជាធិបតេយ្យ​ និង​ សេរីភាព​​ជា​មួយ​ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​វិញ៖ «គាត់​តែង​តែ​និយាយ​ថា​ឈប់​និយាយ​ឆ្លើយ​ឆ្លង​ ឥលូវ​នេះ​គាត់​ចេញ​មក​ឆ្លើយ​ឆ្លង​ឈប់​ព្រួយបារម្ភ​ ឥឡូវ​នេះ​គាត់​បង្ហាញ​ការ​ព្រួយបារម្ភ​។សូម្បី​តែ​អ្នក​បម្រុង​ការពារ​គាត់​ ដែល​ស្រែក​ថា​ការពារ​គាត់​មក​ដល់​ម៉ោង​នេះ​ ប្រហែល​ជា​មនុស្ស​ច្រើន​ណាស់​ ដែល​គេ​មិន​សុខ​ចិត្ត​ស្លាប់​ជា​មួយ​លោក​ ហ៊ុន សែន​ ទេ។ គេ​អាច​រក​ពេល​ទៅ​កំដរ​ក្រុម​គ្រួសារ​គេ។ អីចឹង​យើង​អាណិត​គាត់​ដែរ​ ដែល​ខំ​ចេញ​មក​គំរាម​យើង​ តែ​ពួក​យើង​មិន​ខ្លាច​ទេ ហើយ​ពួក​យើង​នឹង​វិល​តាម​ការ​សន្យា​អត់​មាន​ការ​ប្រែប្រួល​ទេ»

ពលករខ្មែរ​ម្នាក់​ដែល​កំពុង​​ធ្វើ​ការ​នៅ​ទីក្រុង​បាងកក​ លោក ជីម ផាត ថ្លែង​ថា​ បទ​ចំរៀង​របស់​លោក ហ៊ុន សែន នេះមិន​បាន​ផល​ដល់​របប​ក្រុង​ភ្នំពេញនោះ​ទេ ល្គឹកណា​របប​នេះ​មិន​ប្រញាប់​ដោះ​ស្រាយ​បញ្ហា​នយោបាយ​ឱ្យ​បាន​ល្អ​ឡើង​វិញ​នោះ។ ពលករ​រូប​នេះ បន្ថែម​ទៀត​ថា ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​រាប់​ម៉ឺន​នាក់ ​ត្រៀម​លុយ​​កាក់​វិល​ត្រឡប់​ទៅ​កម្ពុជា​ជា​មួយ​លោក សម រង្ស៊ី ដើម្បី​ស្ដារមុខ​មាត់​របស់​ប្រទេស​ឱ្យ​ល្អ​ឡើង​វិញ​នៅ​លើ​ឆាក​អន្តរជាតិ៖ «ខ្ញុំ​មើល​ឃើញ​នេះ​គឺ​គណបក្ស​ប្រជាជន​ព្យាយាម​ទប់​ស្កាត់​គ្រប់​ស្ថានភាព​ និង​គ្រប់​ស្ថានការណ៍​ទាំង​អស់​ គាត់​ខ្លាច​ពលរដ្ឋ​ច្រើន​ទៅ​ទទួល​លោក សម រង្ស៊ី​ ។យើង​ដឹង​ថា​កាល​បី​ឆ្នាំ​២០១៣​កន្លង​មក​មាន​ព្រឹត្តិការណ៍​ទទួល​ស្វាគមន៍​លោក​ សម រង្ស៊ី​ យ៉ាង​ចាស់​ដៃ​ ហើយ​ខ្ញុំ​ជឿជាក់​ថា​នៅ​ថ្ងៃ​ទី​៩​វិច្ឆិកា​ ប្រជាពលរដ្ឋ​ទាំង​ក្នុង​និង​ក្រៅ​ស្រុក​នាំ​គ្នា​ទទួល​លោក​ សម រង្ស៊ី យ៉ាង​ច្រើន​កុះករ​ ហើយ​ពេល​នោះ​គណបក្ស​ប្រជាជន​មិន​អាច​ទប់​នឹង​កម្លាំង​ពលរដ្ឋ​បាន​ទេ»

ថ្មីៗ នេះ​រដ្ឋមន្ត្រី​ជួរ​មុខ​របប​ក្រុង​ភ្នំពេញ​ចំនួន ២រូប រួម​មាន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង និង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ទៀ បាញ់ បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ កុំ​ឱ្យ​ចាញ់​បោក​ក្រុម​បក្ស​ប្រឆាំង​ចូលរួម​ផ្ដួល​រំលំ​របប​ខ្លួន។

អ្នក​សម្រប​សម្រួល និង​អង្កេត​នៃ​​អង្គការ ខុមហ្វ្រែល (comfrel) លោក កន សាវាង្ស  លើក​ឡើង​ថា ការ​ទៅ​ទទួល​ជា​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ក្នុង​ការ​ស្រលាញ់​បុគ្គល​ណា​ម្នាក់​ ដោយ​មិន​ខុស​ច្បាប់​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​លោក​ បន្ត​ថា​ ការ​វិល​ចូល​ស្រុក ឬ​មិន​ចូល​ស្រុក​មិន​មែន​ជា​​ដំណោះ​ស្រាយ​នយោបាយ​នោះ​ឡើយ ប្រសិន​បើ​មេ​ដឹក​នាំ​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​មិន​ឆាប់​​ចរចា​ត្រូវ​រ៉ូវ​គ្នា ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល