លោក ហ៊ុន សែន ស្វាគមន៍កិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក ដើម្បីស្ដារទំនាក់ទំនងប្រទេសទាំងពីរ

មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ឆ្លើយតបទៅនឹងលិខិតរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ថា លោករីករាយនឹងឱ្យក្រុមការងារកម្ពុជា និងសហរដ្ឋអាមេរិក ធ្វើការជាមួយគ្នា ដើម្បីស្ដារទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញ។
កាលពីដើមខែវិច្ឆិកានេះ លោក ដូណាល់ ត្រាំ បានទាមទារឱ្យលោក ហ៊ុន សែន ដឹកនាំប្រទេសតាមគន្លងប្រជាធិបតេយ្យវិញ ដើម្បីអនាគតនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលស្គាល់ថា មួយផ្នែកនៃវិបុលភាពរបស់កម្ពុជាសព្វថ្ងៃ គឺបាន មកពីវិភាគទានរបស់ពលរដ្ឋ និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយចាប់ផ្ដើមពីការប្រែក្លាយកម្ពុជាទៅជាប្រទេសប្រជាធិបតេយ្យ ការកសាងជាតិ អភិបាលកិច្ចសង្គម និងការទទួលបានចំណែកទីផ្សារដ៏ទូលំទូលាយរបស់សហរដ្ឋអាមេរិក។
លោក ហ៊ុន សែន លើកឡើងក្នុងលិខិតមួយច្បាប់ចុះថ្ងៃទី២៦ វិច្ឆិកាថា លោកទទួលបានការធានាដ៏ជាក់លាក់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ក្នុងការស្វែងរកការចូលរួមដ៏ពិតប្រាកដដើម្បីអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីភាពបុគ្គល និងនីតិរដ្ឋ ជាជាងការផ្លាស់ប្តូររបប។ លោកថ្លែងអំណរគុណដល់ប្រធានាធិបតីអាមេរិកចំពោះការយោគយល់ និងអត់ធ្មត់ចំពោះបញ្ហាទាំងអស់ ព្រោះលោកថា កម្ពុជាមានលទ្ធិប្រជាធិបតេយ្យដ៏ក្មេងខ្ចី។ ជាមួយគ្នានេះ លោក ហ៊ុន សែន អះអាងថា លោកស្វាគមន៍ឱ្យក្រុមការងារផ្នែកកិច្ចការបរទេសកម្ពុជា ធ្វើការជាមួយក្រុមការងារផ្នែកកិច្ចការបរទេសរបស់សហរដ្ឋអាមេរិក ដើម្បីស្តារទំនុកចិត្ត និងភាពជឿជាក់ ព្រមទាំងកសាងឡើងវិញនូវចំណងមិត្តភាពរវាងប្រទេសទាំងពីរ។
ទោះជាយ៉ាងណា លិខិតដែលលោក ហ៊ុន សែន ផ្ញើជូនប្រមុខរដ្ឋាភិបាលសហរដ្ឋអាមេរិកនេះ មិនមានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់លោកក្នុងការវិលមកដឹកនាំប្រទេសតាមគន្លងប្រជាធិបតេយ្យ ដូចអ្វីដែលលោក ដូណាល់ ត្រាំ បានស្នើនៅក្នុងលិខិតចុះថ្ងៃទី១ វិច្ឆិកានោះឡើយ។
លោក ដូណាល់ ត្រាំ បានទាមទារឱ្យលោក ហ៊ុន សែន ដឹកនាំប្រទេសតាមគន្លងប្រជាធិបតេយ្យវិញ ដើម្បីអនាគតនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ លោកស្នើឱ្យលោក ហ៊ុន សែន វាយតម្លៃឡើងវិញអំពីការសម្រេចមួយចំនួន ដែលសហរដ្ឋអាមេរិកជឿជាក់ថា ជាការដាក់អធិបតេយ្យ ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែងរបស់កម្ពុជា ក្នុងស្ថានភាពហានិភ័យខ្ពស់។ លោកបន្ថែមថា ប្រសិនបើលោក ហ៊ុន សែន កែប្រែស្ថានភាពទាំងឡាយឱ្យល្អឡើងវិញ សហរដ្ឋអាមេរិកនឹងឱ្យក្រុមការងារផ្នែកគោលនយោបាយការបរទេសបើកកិច្ចប្រជុំពិភាក្សាអំពីរឿងនេះ។ លោកសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកបន្តបង្ហាញនូវជំនឿយ៉ាងមុតមាំថា ការប្ដេជ្ញាចិត្តចំពោះលទ្ធិប្រជាធិបតេយ្យ សេរីភាពបុគ្គល និងនីតិរដ្ឋ ជាមាគ៌ាល្អបំផុតឆ្ពោះទៅកាន់សន្តិភាព ស្ថិរភាព និងវិបុលភាពសម្រាប់ប្រជាជាតិទាំងអស់។
អ្នកនាំពាក្យរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន មិនបកស្រាយបន្ថែមលើខ្លឹមសារលិខិតនេះទេ ព្រោះលោកថា ជាលិខិតរបស់នាយករដ្ឋមន្ត្រី៖ «សំបុត្ររបស់សម្ដេចអត់មានលើស អត់មានខ្វះទេ ប៉ុនណា គឺប៉ុណ្ណឹង។ អាហ្នឹងគឺជាជំហររបស់នាយករដ្ឋមន្ត្រីកម្ពុជា ពីព្រោះភាគីកម្ពុជា និងសហរដ្ឋអាមេរិកហ្នឹង ជាភាគីដៃគូទេតើ មិនមែនជាភាគីឈ្លើយសឹក ឬចាញ់សង្គ្រាមជាមួយសហរដ្ឋអាមេរិកឯណា។”
ទំនាក់ទំនងរវាងកម្ពុជាជាមួយនឹងសហរដ្ឋអាមេរិក មានភាពល្អក់កករខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីរបបក្រុងភ្នំពេញបង្ហាញជំហរលម្អៀងខ្លាំងទៅរកប្រទេសចិន។ ម្យ៉ាងវិញទៀត អាមេរិកដែលឱ្យតម្លៃខ្លាំងលើលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ស្រងាកចិត្តជាខ្លាំង នៅពេលរបបលោក ហ៊ុន សែន រំលាយបក្សប្រឆាំងនៅមុនការបោះឆ្នោត និងច្បាមយកអំណាចរដ្ឋទាំងអស់មកកាន់កាប់តែម្នាក់ឯង។ កាន់តែធ្ងន់ធ្ងរជាងនេះទៀតនោះ គឺរបបលោក ហ៊ុន សែន បានចោទប្រកាន់ចំៗ ថា សហរដ្ឋអាមេរិកគឺជាអ្នកគាំទ្រចលនាផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ឬដែលរបបនេះហៅថា ជាផែនការបដិវត្តន៍ពណ៌។
ឆ្លើយតបចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងទង្វើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរបែបនេះ សហរដ្ឋអាមេរិកបានកាត់ផ្តាច់ជំនួយសំខាន់ៗ ដែលរួមមានជំនួយតាមរយៈកម្មវិធីរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់កិច្ចការអភិវឌ្ឍអន្តរជាតិ (USAID) និងកម្មវិធីជំនួយផ្នែកយោធា ដែលធ្លាប់ផ្ដល់ឱ្យរបបលោក ហ៊ុន សែន ក្នុងការជួយកសាងសមត្ថភាពអាជ្ញាធរមូលដ្ឋាន និងកងយោធពលខេមរភូមិន្ទ ព្រមទាំងអគ្គនាយកដ្ឋានពន្ធដារ។ រដ្ឋាភិបាលអាមេរិកបញ្ជាក់ថា ជំនួយទាំងនេះមានតម្លៃជាទឹកប្រាក់ជាង ៨លានដុល្លារអាមេរិក ហើយការសម្រេចចិត្តនេះ គឺដោយសារពិនិត្យឃើញថា ស្ថាប័នទាំងអស់នោះ សុទ្ធសឹងតែមានជាប់ពាក់ព័ន្ធទៅនឹងការបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
បន្ថែមពីលើនេះ សមាជិកសភាអាមេរិកជាច្រើនរូបកំពុងរៀបចំច្បាប់ដាក់ទណ្ឌកម្មផ្នែកការទូត និងសេដ្ឋកិច្ច បន្ថែមទៀតលើរបបក្រុងភ្នំពេញ ដែលរួមមានការបង្កកទ្រព្យសម្បត្តិលោក ហ៊ុន សែន និងក្រុមគ្រួសារ ព្រមទាំងមន្ត្រីគ្រាក់ៗ ផ្សេងទៀតនៃរបបនេះ ហើយនិងការពិនិត្យមើលឡើងវិញនូវប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ដែលធ្លាប់ផ្ដល់ឱ្យកម្ពុជាផងដែរ។
អនុប្រធានបណ្តាញយុវជនកម្ពុជា (CYN) និងជាអ្នកសិក្សាផ្នែកសិទ្ធិមនុស្សអន្តរជាតិ លោក ស ម៉ូរី ថ្លែងថា ការឆ្លើយតបរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅលោក ដូណាល់ ត្រាំ នេះ មានលក្ខណៈវិជ្ជមានច្រើន ក៏ប៉ុន្តែលោកថា ការអនុវត្តជាក់ស្ដែងយ៉ាងណានោះ ជារឿងមួយផ្សេងទៀត។ លោកជឿជាក់ថា ទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិក អាចល្អប្រសើរឡើងវិញបាន លុះត្រាតែរដ្ឋាភិបាលកម្ពុជាស្តារឡើងវិញនូវស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដូចដែលមានបញ្ជាក់ក្នុងលិខិតរបស់សេតវិមាន៖ «ការផ្ដល់នីតិសម្បទាផ្នែកនយោបាយដល់គណបក្សប្រឆាំង ហើយនិងបញ្ឈប់ការរឹតត្បិតសេរីភាពផ្នែកនយោបាយរបស់គណបក្សប្រឆាំង គឺផ្នែកមួយដែលធ្វើឱ្យស្ថានភាពប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាហ្នឹងចាប់ផ្តើមរស់រវើកឡើងវិញ។ ប្រសិនបើមិនមានកំណែទម្រង់ស៊ីជម្រៅជុំវិញបញ្ហានេះ ខ្ញុំគិតថា វាលំបាកណាស់ក្នុងការស្តារទំនាក់ទំនងឱ្យមានភាពប្រសើរឡើងរវាងរដ្ឋាភិបាលកម្ពុជា ហើយនិងសហរដ្ឋអាមេរិក»។
ក្រុមសមាជិកសភាសហរដ្ឋអាមេរិកធ្លាប់បានវាយតម្លៃថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ របបលោក ហ៊ុន សែន បានបង្កើនការប្រើប្រាស់ប្រព័ន្ធយុត្តិធម៌ដោយបំពាន។ ក្នុងនោះមានជាអាទិ៍ ការដាក់ទោសទណ្ឌអ្នកនយោបាយបក្សប្រឆាំង និងសកម្មជនសិទ្ធិមនុស្ស ការចាប់ខ្លួនមេបក្សប្រឆាំងដោយចោទប្រកាន់ទាំងស្រពេចស្រពិលពីបទក្បត់ជាតិ ការរំលាយគណបក្សសង្គ្រោះជាតិ និងការហាមឃាត់មន្ត្រីបក្សប្រឆាំងចំនួន ១១៨នាក់ មិនឱ្យធ្វើសកម្មភាពនយោបាយ រយៈ ពេល ៥ឆ្នាំជាដើម។ ក្រុមតំណាងរាស្ត្រសហរដ្ឋអាមេរិកចាត់ទុកការវាយបង្ក្រាបទាំងឡាយនេះថា ជាការកាត់ផ្តាច់ដំណើរការនៃប្រព័ន្ធដឹកនាំតាមបែបប្រជាធិបតេយ្យ ហើយជំនួសមកវិញនូវការបុកគ្រឹះសាងសង់ប្រព័ន្ធដឹកនាំតាមបែបផ្តាច់ការឱ្យលោក ហ៊ុន សែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។