លោក ហ៊ុន សែន នឹង​ដឹក​នាំ​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​ឡើង​វិញ​​នៅ​ចុង​សប្ដាហ៍​នេះ ក្រោយ​លើក​ពេល​ប្រជុំ​ជា​ច្រើន​សប្ដាហ៍

0:00 / 0:00

មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន​ នឹង​ដឹក​នាំ​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​ឡើង​វិញ នៅ​ថ្ងៃ​ទី៣០ ខែ​សីហា ក្រោយ​ពី​បាន​ផ្អាក​អស់​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​រួច​មក។ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន សរសេរ​លើ​ហ្វេសប៊ុកថ្ងៃទី២៧ សីហា​ថា លោក ហ៊ុន សែន នឹង​ដឹក​នាំ​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​ពេញ​អង្គ នៅ​វិមាន​សន្តិភាព ចាប់​ពី​ម៉ោង ៨កន្លះ​ព្រឹក ថ្ងៃ​ទី​៣០ ខែ​សីហា​ខាង​មុខ។

លោក​ឲ្យ​ដឹង​ទៀត​ថា កិច្ច​ប្រជុំ​នោះ​នឹង​ពិភាក្សា និង​ឆ្លង​លើ​របៀប​វារៈ​មួយ​ចំនួន ដូច​ជា សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សំណង់ កិច្ច​ព្រមព្រៀង​រវាង​រាជ​រដ្ឋាភិបាល​កម្ពុជា និង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង ស្ដីពី​ការ​ចៀសវាង​ការ​យក​ពន្ធ​ត្រួត​គ្នា និង​ការ​បង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់​ចំណូល និង​​កិច្ច​ការ​ដទៃ​ទៀត។

គណៈរដ្ឋមន្ត្រី បាន​ផ្អាក​កិច្ច​ប្រជុំ តាំង​ពី​ចុង​ខែ​កក្កដា​មក ក្រោម​ហេតុ​ផល​ថា មន្ត្រី​ជាប់​រវល់​ចុះ​មូលដ្ឋាន និង​គ្មាន​របៀបវារៈ​ត្រូវ​ប្រជុំ​។ ប៉ុន្តែ នៅ​ថ្ងៃ​ផ្អាក​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន បង្ហោះ​ហ្វេសប៊ុក (facebook) ថា លោក​មាន​បញ្ហា​គ្រេច​ស្មា ត្រូវ​ទៅ​សម្រាក​ព្យាបាល​នៅ​ប្រទេស​សិង្ហបុរី ជិត​មួយ ១សប្ដាហ៍។ ​ពេល​នោះ ក្រុម​អ្នក​ប្រើ​ហ្វេសប៊ុក បាន​​បង្ហោះ​សារ​ព្រោងព្រាត​ថា លោក ហ៊ុន សែន ឈឺ​ធ្ងន់ តែ​លោក​បាន​បដិសេធ និង​ព្រមាន​ចាប់ខ្លួន អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ណា ដែល​ហ៊ាន​បង្ហោះ​សារ​ថា លោក​ឈឺ​ធ្ងន់​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។