លោក ហ៊ុន សែន ថា ចង់​បង្កើន​ទំនាក់ទំនង​នយោបាយ និង​វិនិយោគ​ជាមួយ​តួកគី​ដោយ​ស្ថានភាព​នយោបាយ​ស្រដៀង​គ្នា

មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន បញ្ជាក់​ថា របប​លោក​ចង់​បង្កើន​ទំនាក់ទំនង​នយោបាយ និង​វិនិយោគិន ជាមួយ​រដ្ឋាភិបាល​ប្រទេស​តួកគី (Tukey) ដោយសារតែ​ប្រទេស​ទាំងពីរ​មាន​ស្ថានភាព​នយោបាយ​ស្រដៀង​គ្នា។ អ្នកវិភាគ​នយោបាយ យល់​ថា លោក ហ៊ុន សែន មិន​អាច​បញ្ចុះបញ្ចូល​នយោបាយ និង​ទាក់ទាញ​អ្នក​វិនិយោគ​ពី​ប្រទេស​តួកគី បាន​ច្រើន​ទេ បើ​ទោះ​ជា​សម្លឹង​ឃើញ​ហេតុផល​នយោបាយ​របស់​រដ្ឋាភិបាល​តួកគី កំពុង​មាន​ភាព​ប្រទូស្តប្រទាំង​ជាមួយ​សហរដ្ឋអាមេរិក​ក៏ដោយ។

អ្នកវិភាគ​នយោបាយ និង​អ្នកឃ្លាំមើល​កម្ពុជា ថា គម្រោង​លោក ហ៊ុន សែន អាច​កំពុង​ស្ថិត​ក្នុង​ការ​ពិចារណា​របស់​រដ្ឋាភិបាល​តួកគីនៅ​ឡើយ។ អ្នកវិភាគ​នយោបាយ លោក ហង្ស វិទូ យល់ថា ទំនាក់ទំនង​របស់​របប​ក្រុងភ្នំពេញ ជាមួយ​រដ្ឋាភិបាល​ប្រទេស​តួកគី ជា​ទំនាក់ទំនង​ធម្មតា ហើយ​រដ្ឋាភិបាល​ប្រទេស​តួកគី នឹង​មិន​អាច​បង្កើត​ទំនាក់ទំនង​ការទូត​ខ្លាំង ឬ​បង្កើន​ការ​វិនិយោគ ជាមួយ​កម្ពុជា ព្រោះតែ​ហេតុផល ចរន្ត​ការ​ធ្វើ​នយោបាយ​ប្រហាក់ប្រហែល​គ្នា​បែន​នេះ​នោះ​ទេ៖ «ស្ថានភាព​នៅ​ពេល​នេះ គឺ តួកគី។ នៅ​សល់​តែ​ប៉ុន្មាន​ប្រទេស​ទេ ដែល​មាន​ផលប្រយោជន៍​ជាមួយ​កម្ពុជា តែ​ក៏​មិន​ឈ្លោះ​គ្នា​ជាមួយ​កម្ពុជា​ដែរ។ អ៊ីចឹង​ខ្ញុំ​ជឿជាក់​ថា ប្រទេស​ដែល​នៅ​សេសសល់​ទាំងនេះ គឺជា​គោលដៅ​របស់​កម្ពុជា ដែល​នឹង​ធ្វើ​ការ​ចរចា ដើម្បី​ឲ្យ​បាន​ផលប្រយោជន៍​ទាំង​នយោបាយ សេដ្ឋកិច្ច ការទូត​អ៊ីចឹង​ទៅ​ណា។ ប៉ុន្ដែ​ជា​សរុប ខ្ញុំ​យល់​ឃើញ​ថា បាន​ផល​តិចតួច​ណាស់ បើសិនជា​រំពឹង​១០០ % ខ្ញុំ​ថា អាច​បាន​ប្រហែលជា​១០ ឬក៏​២០ % អី​ច្រើន​បំផុត»។

បន្ទាប់ពី​ទីក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្សិក លោក ហ៊ុន សែន កំពុង​ដឹកនាំ​មន្ត្រី​របប​ក្រុងភ្នំពេញ ទស្សនកិច្ច នៅ​ប្រទេស​តួកគី រយៈពេល​២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២២ តុលា។ ដំណើរ​ទស្សនកិច្ច នៅ​ទីក្រុង​អ៊ីស្ដង់បូល (Istanbul) នៃ​សាធារណរដ្ឋ​តួកគី (Tukey) លោក ហ៊ុន សែន បាន​ជួប​ទ្វេភាគី ជាមួយ​ប្រធានាធិបតី តួកគី លោក រ៉េជីប ថាយយ៉ីប អែដូហ្គាន (Recep Tayyip Erdogan) និង​ប្រធានរដ្ឋសភា លោក ប៊ីណាលី យីឌឺរីម (Binary Yidirim)។

ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាគម​និស្សិត​ខ្មែរ​កំពុង​សិក្សា​នៅ​ប្រទេស​តួកគី នៅ​ថ្ងៃ​ទី​២១ តុលា លោក ហ៊ុន សែន បញ្ជាក់​ថា បំណង​របប​ក្រុងភ្នំពេញ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​តួកគី ដើម្បី​រឹតចំណង​ការ​នយោបាយ​ទូត និង​ទាក់ទាញ​អ្នក​វិនិយោគ​តួកគី ទៅកាន់​កម្ពុជា ដោយសារ​ស្ថានភាព​នយោបាយ​នៅ​ប្រទេស​តួកគី និង​នៅ​កម្ពុជា ស្រដៀង​គ្នា គឺ​នៅ​ប្រទេស​តួកគី មាន​រដ្ឋប្រហារ​យោធា មិន​បាន​សម្រេច​មួយ កាល​ពី​ឆ្នាំ​២០១៦ ឯ​នៅ​កម្ពុជា របប​លោក ហ៊ុន សែន បាន​ចោទ​ប្រកាន់​គណបក្សប្រឆាំង ថា​មាន​គម្រោង​ធ្វើ​បដិវត្តន៍​ពណ៌​ដែរ៖ «គោលដៅ​ធំ​បំផុត គឺ​ការ​លើក​កម្ពស់​កម្រិត​ទំនាក់ទំនង​លើ​គ្រប់​វិស័យ។ ជាពិសេស ជំនឿ​ទុកចិត្ត​ផ្នែក​ខាង​នយោបាយ​នៃ​ប្រទេស​ទាំងពីរ ដែល​មាន​ជាមួយគ្នា។ ចំណុច​នេះ គឺជា​ទំនាក់ទំនង​ដែល​ល្អ រវាង​យើង​ជាមួយ​នឹង​តួកគី ហើយ​សភាពការណ៍​យើង នឹង​សភាពការណ៍​តួកគី​នេះ​ទៀតសោត គឺ​ប្រហាក់ប្រហែល​គ្នាៗ។ អ្នក​ទាំងអស់​គ្នា​បាន​ដឹង​ហើយ ហើយ​ប្រហែលជា​អ្នកខ្លះ មក​ក្រោយ​ប្រហែល​មិនបាន​ជួប​ប្រទះ។ ប៉ុន្តែ នៅចាំ​ទេ នៅ​ឆ្នាំ​២០១៦ ពេលនោះ មាន​រដ្ឋប្រហារ​មួយ​មិន​សម្រេច​នៅ​ទីនេះ​ ... មក​ដល់​ពេល​នេះ ការ​បោស​សំអាត​របស់​រដ្ឋាភិបាល​ទៅលើ​ក្រុម​ប៉ុនប៉ង​ចូលរួម​រដ្ឋប្រហារ​មិនបាន​សម្រេច​មិនទាន់​បញ្ចប់​ទេ។ សម្រាប់​កម្ពុជា ក៏​មាន​រឿង​អកុសល​កើតឡើង​តាមរយៈ​ក្រុម​បដិវត្ត​ពណ៌​ដែល​រាជរដ្ឋាភិបាល​កម្ពុជា តម្រូវ​ត្រូវ​ធ្វើ​សកម្មភាព​ចាំបាច់»។

នៅមុន​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​តួកគី កាលពី​ថ្ងៃ​ទី​២ តុលា រដ្ឋាភិបាល​តួកគី បាន​ស្នើ​ជាថ្មី​ឲ្យ​របប​ក្រុងភ្នំពេញ​ធ្វើ​បត្យាប័ន ក្រុម​សមាជិក​ចលនា​សង្គម​អ៊ីស្លាមសេរី (FETO) ៣​នាក់ ដែល​រដ្ឋាភិបាល​តួកគី​ចោទ​ថា ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​រដ្ឋប្រហារ កាលពី​ខែ​កក្កដា ឆ្នាំ​២០១៦។ រដ្ឋាភិបាល​តួកគី ក៏​ស្នើ​ឲ្យ​របប​ក្រុងភ្នំពេញ បិទ​សាលា​អន្តរជាតិ​ហ្សាមាន់ (Zaman) នៅ​ក្រុងភ្នំពេញ​ដែរ ដោយសារ តួកគី ចោទ​ថា សាលា​មួយ​នេះ ជា​ភាគហ៊ុន​របស់​មេដឹកនាំ​ចលនា​សង្គម​អ៊ីស្លាម លោក មហាម៉ាត់ ហ្វេធូឡា ហ្គូ​ឡិន (Muhammed Fethullah Gülen ) ដែល​មាន​វ័យ​៧៧​ឆ្នាំ កំពុង​រស់នៅ​សហរដ្ឋអាមេរិក។

នៅ​ថ្ងៃ​ទី​១៩ តុលា នៅ​ទីក្រុង​ប្រ៊ុចសែល លោក ហ៊ុន សែន ប្រកាស​ថា នៅ​អាណត្តិ​ក្រោយ លោក មានបំណង​សុំ​ធ្វើជា​ប្រធាន​ចលនា​ក្រុម​ប្រទេស​មិន​ចូល​បក្ស​សម្ព័ន្ធ។

កាលពី​ថ្ងៃ​ទី​១៧ តុលា របប​ក្រុងភ្នំពេញ ប្រកាស​ថា នៅ​ឆ្នាំ​២០១៩ កម្ពុជា​នឹង​បើក​ស្ថាន​ឯកអគ្គរាជទូត​ប្រចាំ​នៅ​ទីក្រុង​អង់ការ៉ា (Ankara) ប្រទេស​តួកគី ហើយ​ប្រទេស​ទាំងពីរ នឹង​ប្ដេជ្ញា​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​ដល់​ចំនួន ៥០០​លាន​ដុល្លារ​អាមេរិក នៅ​ក្នុង​ឆ្នាំ​ខាងមុខ។ លោក ហ៊ុន សែន អះអាង​ថា បច្ចុប្បន្ន​ទំហំ​ពាណិជ្ជកម្ម ចំនួន​ភ្ញៀវ​ទេសចរ និង​ការ​វិនិយោគ របស់​ប្រទេស​ទាំងពីរ គឺ កម្ពុជា តួកគី មាន​ចំនួន​តិចតួច​នៅឡើយ។ ប្រទេស​កម្ពុជា និង​សាធារណរដ្ឋ​តួកគី បាន​ចាប់ផ្ដើម​ទំនាក់ទំនង​ការទូត​ជាមួយគ្នា កាល ពី​ខែ​មិថុនា ឆ្នាំ​១៩៩៤។ នៅ​ឆ្នាំ​២០១៣ សាធារណរដ្ឋ​តួកគី បាន​បើក​ស្ថាន​ឯកអគ្គរដ្ឋទូត​នៅ​រាជធានី​ភ្នំពេញ។ ចំណែក​កម្ពុជា មាន​ស្ថាន​ឯក​អគ្គ​កុងស៊ុល ចំនួន​ពីរ នៅ​សាធារណរដ្ឋ​តួកគី។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន យល់ថា បើទោះជា​មានការ​អះអាង​ថា ស្ថានភាព​នយោបាយ​កម្ពុ​ជា និង​តួកគីស្រដៀង​គ្នា ក៏​មិន​អាច​ទាក់ទាញ​វិនិយោគិន​តួកគី​បាន​ច្រើន​ដែរ ហើយ​រដ្ឋាភិបាល​ប្រទេស​តួកគី អាច​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ពិចារណា​នៅ​ឡើយ ក្នុង​ការ​បង្កើន​ទំនាក់ទំនង​នយោបាយ​ជិត​ស្និត​ជាមួយ​របប​ក្រុងភ្នំពេញ ព្រោះ​បច្ចុប្បន្ន របប​ក្រុងភ្នំពេញ កំពុង​រង​ការ​ថ្កោលទោស​ពី​សហគមន៍​អន្តរជាតិ៖ «ខ្ញុំ​មើល​ឃើញ​ថា តួកគី ក៏​គេ​គិត​ពី​ចរន្ត​ពិភពលោក​ដែរ។ ទោះបី​មានការ​អញ្ជើញ​នាយករដ្ឋមន្ត្រី​ឲ្យ​ទៅ​ទស្សនកិច្ច​នៅ​តួកគី​ក៏ដោយ។ ក៏ប៉ុន្ដែ​គេ​ក៏​មើល​ចរន្ត​អន្តរជាតិ​ផង​ដែរ។ ប្រសិនបើ​កម្ពុជា​យើង​នៅតែ​ទទួល​ការ​ថ្កោលទោស​បន្ត​បន្ទាប់ពី​បណ្ដា​ប្រទេស​លោក ខាងលិច។ ដូច្នេះ​យើង​គិត​ថា ការ​បង្កើន​ទំនាក់ទំនង​ហ្នឹង វា​មានការ​លំបាក សម្រាប់​កម្ពុជា ឬមួយ​ការ​វិនិយោគទុន​តួកគី ឲ្យ​មក​វិនិយោគ​នៅ​កម្ពុជា ទោះបី​លោកនាយក​រដ្ឋមន្ត្រី​អះអាង​ថា ស្ថានភាព​តួកគី​ប្រហាក់ប្រហែល​នឹង​កម្ពុជា​យើង​ក៏ដោយ»។

លោក ហ៊ុន សែន នឹង​ចាក​ចេញពី​ប្រទេស​តួកគី នៅ​ថ្ងៃ​ទី​២២ តុលា ហើយ​បន្ត​ដំណើរ​ទៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ដើម្បី​ចូលរួម​សន្និបាត​អង្គការសហប្រជាជាតិ​ស្ដីពី​ពាណិជ្ជកម្ម និង​ការ​អភិវឌ្ឍ ចាប់​ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៤ តុលា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។