លោក សម រង្ស៊ី ហៅការបបួលភ្នាល់របស់លោក ហ៊ុន សែន រឿងចាប់ខ្លួនលោកថា ជាចរិតក្រឡេចក្រឡុចរបស់លោក ហ៊ុន សែន ដែលមិនហ៊ានចុះចេញពីតំណែងពេលលោកជាន់ដីស្រុកខ្មែរនៅថ្ងៃទី៩ វិច្ឆិកាខាងមុខ។ ប្រតិកម្មរបស់លោក សម រង្ស៊ី នេះ ក្រោយពេលមេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បបួលលោក សម រង្ស៊ី ភ្នាល់គ្នាថា ពេលលោក សម រង្ស៊ី ចូលស្រុកវិញ ក្នុងរយៈ២៤ម៉ោង បើលោកចាប់ខ្លួនលោក សម រង្ស៊ី មិនបាន លោកយល់ព្រមចុះចេញតំណែង។ចំណែកអ្នកវិភាគបញ្ហានយោបាយយល់ថា លោក ហ៊ុន សែន ដែលចូលរួមក្នុងល្បែងភ្នាល់នេះចង់បង្ហាញរូបភាពក្លាហាន បិទបាំងភាពកំសាករបស់លោក។
អ្នកវិភាគបញ្ហានយោបាយលោក គឹម សុខ ដែលហ៊ានរិះគន់លោក ហ៊ុន សែន ឥតសំចៃមាត់ និង បច្ចុប្បន្នកំពុងរស់នៅនិទ្ទេសខ្លួន យល់ថា ការបបួលភ្នាល់របស់លោក ហ៊ុន សែន នៅពេលនេះបង្ហាញថា នាយករដ្ឋមន្ត្រីរបបឯកបក្សរូបនេះជាមនុស្សកំសាកមិនហ៊ានទទួលការភ្នាល់របស់លោក សម រង្ស៊ី៖ «លោក ហ៊ុន សែន កំពុងចាត់ទុកតួនាទីនាយករដ្ឋមន្ត្រីជាតំណែងដែលខ្លួនភ្នាល់បានជាកម្មសិទ្ធិផ្ទាល់មិនគោរពសូម្បីតែគណៈរដ្ឋមន្ត្រីរបស់ខ្លួនផង កុំថាឡើយទៅគោរពប្រជារាស្ត្រ។ ចំណុចទី២ ខ្ញុំមើលឃើញថា របៀបឆ្លើយភ្នាល់របស់លោក ហ៊ុន សែន ដូចជាចូលអន្ទាក់នយោបាយរបស់លោក សម រង្ស៊ី ទៅវិញព្រោះមើលទៅលោក ហ៊ុន សែន មើលទៅមិនហ៊ានភ្នាល់ទេ នេះបានន័យថា លោក ហ៊ុន សែន បង្វែរក៏មានន័យថា លោក ហ៊ុន សែន កំសាកអត់ហ៊ានភ្នាល់ដែរ»។
លោក សម រង្ស៊ី និងលោក ហ៊ុន សែន កំពុងលេងល្បែងភ្នាល់ជាថ្មីម្ដងទៀត ស្ដីពីការវិលចូលស្រុករបស់លោក សម រង្ស៊ី ថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខ។ ត្បិតអ្នកទាំងពីររូបយល់ព្រមភ្នាល់គ្នា ប៉ុន្តែជ្រើសរើសយកជ្រុងនៃការភ្នាល់ផ្សេងពីគ្នា ឬមិនស៊ីសង្វាក់គ្នានៅឡើយ។
ដំបូងឡើយ លោក សម រង្ស៊ី សរសេរលើខ្ទង់ខមមិន (Comment) ឬបញ្ចេញមតិលើហ្វេសហ៊ុករបស់លោក ដោយបបួលលោក ហ៊ុន សែន ភ្នាល់គ្នាថា ៖ បើលោក ហ៊ុន សែន មិនជឿថា លោកនឹងវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ នៅថ្ងៃ៩ វិច្ឆិកា ទេ តើលោក ហ៊ុន សែន យល់ព្រមចុះចេញពីតំណែងភ្លាមមួយរំពេចទេ នៅពេលលោកជាន់លើទឹកដីប្រទេសកម្ពុជា? លោក សម រង្ស៊ី ក៏ស្នើឱ្យប្រទេសចិនធ្វើជាសាក្សី ក្នុងការភ្នាល់គ្នានេះ។
ប៉ុន្តែ លោក ហ៊ុន សែន បានបង្វែរកាវិលចូលស្រុករបស់ លោក សម រង្ស៊ី ទៅជាការចាប់ខ្លួនលោក សម រង្ស៊ី វិញ។ ថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីព្រឹកថ្ងៃទី៣០ ខែសីហា លោក ហ៊ុន សែន បបួលលោក សម រង្ស៊ី ភ្នាល់គ្នាថា ពេលលោក សម រង្ស៊ី ចូលស្រុកវិញ ក្នុងរយៈ២៤ម៉ោងបើលោកចាប់ខ្លួនលោក សម រង្ស៊ី មិនបានទេ លោកយល់ព្រមចុះចេញតំណែង៖ «លក្ខខណ្ឌនៃការភ្នាល់ បើថាវា ( លោក សម រង្ស៊ី ) មកហើយយើងចាប់មិនបានក្នុង២៤ម៉ោង គឺខ្ញុំសុខចិត្តចុះចេញពីតំណែង បើចាប់បានហើយគឺមានបានសេចក្ដីថា អ្នកឯងបញ្ចប់ជីវិតនយោបាយ ហើយអង្គការចាត់តាំងនយោបាយរបស់អ្នកឯងប៉ុន្មានគឺត្រូវរំលាយចោលទាំងអស់»។
នៅថ្ងៃដដែលនេះ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានសរសេរលើហ្វេសប៊ុករបស់លោកឆ្លើយតបទៅលោក ហ៊ុន សែន វិញថា មនុស្សលោក ហ៊ុន សែន ពូកែតែដើរសម្លុតគេឯង ហើយប្រើប្រាស់កម្លាំងអាវុធ ក្នុងការតទល់ គូបដិបក្ខនយោបាយរបស់ខ្លួន។
លោក សម រង្ស៊ី ទាមទារដាក់សំណើរទៅលោក ហ៊ុន សែន វិញថា នៅថ្ងៃ៩ វិច្ឆិកាខាងមុខនេះ បើចំនួនប្រជាពលរដ្ឋ ដែលទៅស្វាគមន៍លោកដោយពលរដ្ឋទាំងនោះមិនមានការរារាំង ឬបំភិតបំភ័យ មានចំនួនតិចជាងមួយលាននាក់ លោកនឹងយល់ព្រមឱ្យកម្លាំងលោក ហ៊ុន សែន ចាប់រូបលោក ហើយលោក ក៏យល់ព្រមបញ្ចប់ជីវិតនយោបាយ។
ប៉ុន្តែ លោក សម រង្ស៊ី ថា បើចំនួនពលរដ្ឋមានច្រើនជាងមួយលាននាក់ តើលោក ហ៊ុន សែន យល់ព្រមចុះចេញពីតំណែងភ្លាមមួយរំពេចឬទេ?
ការភ្នាល់ម្តងនេះលោក សម រង្ស៊ី ស្នើទៅអង្គការសហប្រជាជាតិ និងសារព័ត៌មានអន្តរជាតិ ធ្វើជាសាក្សី នៃការភ្នាល់។
ចំណែក ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ លោក ម៉ន ផល្លា យល់ថា ដំណឹងការវិលចូលស្រុករបស់លោក សម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បានធ្វើឱ្យលោក ហ៊ុន សែន កើតជំងឺភ័យស្លន់ស្លោ។ លោក ម៉ន ផល្លា បន្តថា ក្នុងនាមលោកជាអ្នកការពារសុវត្ថិភាពជូនលោក សម រង្ស៊ី លោក នឹងប្ដេជ្ញាចិត្តការពារមិនឱ្យសមត្ថកិច្ចចាប់ខ្លួនលោក សម រង្ស៊ី បាននោះទេ។ លោកថា ពលរដ្ឋដែលទៅទទួលលោក សម រង្ស៊ី ម្នាក់ស្មើនឹងកម្លាំងសន្តិសុខម្នាក់ ដូច្នេះបើពលរដ្ឋរាប់សែននាក់ចេញទៅទទួលលោក សម រង្ស៊ី នោះសមត្ថកិច្ចមិនអាចចាប់ខ្លួនលោក សម រង្ស៊ី បានទេ៖ «ខណៈនេះលោក ហ៊ុន សែន កំពុងមានជំងឺផ្លូវអារម្មណ៍ធ្ងន់ធ្ងរដោយសារគាត់មានអារម្មណ៍រវើរវាយភ័យព្រួយទាក់ទងទៅនឹងដំណើរមាតុភូមិនិវត្តន៍របស់លោកប្រធានស្តីទី សម រង្ស៊ី គាត់អត់មានជម្រើសអ្វីប្រើ អ៊ីចឹងគាត់មានតែទស្សនៈមួយគំរាមកំហែងបំភិតបំភ័យ ចាប់ដាក់គុក»។
លោក សម រង្ស៊ី អះអាងថា ការវិលចូលស្រុករបស់លោក ថ្ងៃទី៩ វិច្ឆិកា ខាងមុខ គឺមិនឱ្យសមត្ថកិច្ចនៃរបបក្រុងភ្នំពេញ ចាប់ខ្លួន ឬបាញ់សម្លាប់លោកបាននោះទេ។ រីឯ សមាជិកសភា នៃសហភាពអឺរ៉ុបមួយចំនួនអះអាង នឹងធ្វើជាសាក្សី និងអមដំណើរលោក សម រង្ស៊ី វិលចូលស្រុកវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។