លោក ហ៊ុន សែន រង​ការ​រិះគន់​ដែល​បន្ត​តែងតាំង​លោក យន្ត មីន និង​លោក ញឹម វណ្ណដា ក្នុង​​តំណែង​ខ្ពស់

ដោយ មាន ឫទ្ធិ
2019.06.27
ញឹម វណ្ណដា យន្ត មីន ​លោក ញឹម វណ្ណដា (ឆ្វេង)អនុ​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​លោក យន្ត មីន អភិបាល​ខែត្រ​ព្រះសីហនុ និងដែល​​ទើប​តែ​ត្រូវ​បាន​បញ្ចប់​តំណែង។
រូប៖ ហ្វេសប៊ុក​លោក ញឹម វណ្ណដា និង​ហ្វេសប៊ុក​រដ្ឋបាល​សាលាខេត្ត​ព្រះសីហនុ

សង្គម​ស៊ីវិល និង​អ្នកវិភាគ​រិះគន់​មេដឹកនាំ​របប​ក្រុងភ្នំពេញ​ដែល​សម្រេច​ចិត្ត​ត្រឡប់ត្រឡិន រឿង​ដក​ដំណែង​លោក យន្ត មីន និង​លោក ញឹម វណ្ណដា ពាក់ព័ន្ធ​ករណី​បាក់​អាគារ​កម្ពស់​ ៧​ជាន់ របស់​ជនជាតិ​ចិន នៅ​ក្រុងព្រះសីហនុ​ ឱ្យ​បណ្ដាល​កម្មករ​សំណង់​ជាច្រើន​នាក់​ស្លាប់ និង​របួស។ ពួកគេ យល់​ថា ប្រសិនបើ​លោក ហ៊ុន សែន សម្រេច​ដក​​តំណែង​មន្ត្រី​ជាន់ខ្ពស់​ទាំងពីរ​រូប​នេះ​ហើយ មិន​គួរ​ផ្ដល់​តំណែង​ថ្មី​ដល់​ពួកគាត់​ទៀត​នោះ​ទេ។

មន្ត្រី​សង្គម​ស៊ីវិល និង​អ្នកវិភាគ សម្ដែង​ការ​ហួសចិត្ត​ដែល​លោក ហ៊ុន សែន បាន​ប្រកាស​ក្ដែង​ថា ដក​​តំណែង​លោក យន្ត មីន ចេញពី​អភិបាលខេត្ត​ព្រះសីហនុ និង​ដក លោក ញឹម វណ្ណដា ចេញ ពី​តួនាទី​ជា​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ប៉ុន្តែ​ទីបំផុត លោក ហ៊ុន សែន នៅតែ​ជា​អោបក្រសោប​មន្ត្រី​ធំៗ​ ទាំង​ពីរ​របស់​លោក​ដដែល និង​ថែមទាំង​ប្រគល់​ឋានៈ​តួនាទី​ស្ទើរ​តែ​ខ្ពស់ៗ​ជាង​មុន​ទៅទៀត។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី បញ្ចេញមតិ​រិះគន់​ថា រដ្ឋាភិបាល មិន​គួរ​ឱប​ក្រសោប​មន្ត្រី​ដែល​មាន​កំហុស ហើយ​តែងតាំង​ពួកគាត់​ឱ្យ​ទៅ​បំពេញ​តួនាទី​កន្លែង​ផ្សេងទៀត​នោះ​ទេ​។ អ្នកស្រី បន្ថែម​ទៀត​ថា នៅ​ពេល​ដែល​រដ្ឋាភិបាល ប្រកាស​ដក ដំណែង​លោក យន្ត មីន និង​លោក ញឹម វណ្ណដា ភ្លាមៗ ដោយសារ​មាន​កំហុស​រឿង​អសមត្ថភាព គ្រប់គ្រង និង​ខ្វះ​ការទទួលខុសត្រូវ ប៉ុន្តែ​បន្តិចក្រោយមក​បែរជា​ផ្ដល់​ដំណែង​ថ្មី​ឱ្យ​លោក យន្ត មីន និង លោក ញឹម វណ្ណដា នេះ គឺ​ធ្វើ​ឱ្យ​មាន​ការរិះគន់​ពី​មជ្ឈដ្ឋាន​ទូទៅ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ដឹក នាំ​របស់​រដ្ឋាភិបាល​ដដែល៖ «គួរតែ​ឱ្យ​ពួកគាត់​សម្រាក ជួនកាល​ពួកគាត់​ក៏​នឿយណាយ​ក្នុង​ការ​បំពេញ​ការងារ​ដែរ​ហើយ​ពួកគាត់​ក៏​អាយុ​ច្រើន​ៗ​ ដែរ​។ ខ្ញុំ​សោកស្ដាយ​ដោយសារ​ថា ខ្វះ​អី​ធនធាន​មនុស្ស​។​ យើង​មាន​ធនធានមនុស្ស​ច្រើន​ណាស់​ ដែល​​ពួក​គាត់​​នៅ​​ក្មេងៗ ​ហើយ​មាន​កម្លាំង​ពលំ​ពេញ​លេញ ដែល​ពួកគាត់​ចង់​ចូលរួម​ធ្វើ​ការងារ​ក្នុង​ស្ថាប័ន​របស់​រដ្ឋាភិបាល ប៉ុន្តែ​យើង​សង្កេត​ឃើញ​​ថា អ្នក​ដែល​ជាប់​ធ្វើការ​ក្នុង​រដ្ឋាភិបាល​ភាគច្រើន​ គឺ​ច្រើនតែ​ខ្សែស្រឡាយ​ឬ​ខ្សែ​លោហិត​​សុទ្ធ​តែ​​ជាប់​​ពាក់ព័ន្ធ​​បង​ប្អូន​​ប្រទាក់​​ក្រឡា​​គ្នា​​តាំង​ពី​​ថ្នាក់​​ជាតិ​​ដល់​ថ្នាក់​មូលដ្ឋាន»

កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា លោក ហ៊ុន សែន បាន​សម្រេច​ឱ្យ​លោក យន្ត មីន លា​ឈប់​ពី​អភិបាល ខេត្ត​ព្រះសីហនុ តាម​ការ​ស្នើសុំ បន្ទាប់ពី​លោក យន្ត មីន ទទួលស្គាល់​កំហុស​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ដែល​បណ្ដាល​ឱ្យ​មាន​កម្មករ សំណង់​ ២៨នាក់​ស្លាប់ និង​ ២៦​នាក់ របួស​នៅ​ក្នុង​ហេតុការណ៍​បាក់​រលំ​សំណង់​អគារ​ចិន​មួយ​កន្លែង គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​កាលពី​ម៉ោង ៤​ទៀបភ្លឺ​ថ្ងៃ​ទី​២២ ខែ​មិថុនា​។ ទន្ទឹម​គ្នា​នេះ លោក ហ៊ុន សែន ក៏បាន​ប្រកាស​ដក​លោក ញឹម វណ្ណដា ចេញ ពី​តំណែង​ជា​ទេសរដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ដោយសារ ភូតភរ​និង​ខ្វះ​ទំនួល​ខុសត្រូវ ដោយ​មិនបាន​បញ្ជូន​និង​ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិការ​ជួយសង្គ្រោះ ជនរងគ្រោះ​ដែល​កប់​ក្រោម​គំនរ​បាក់បែក​របស់​អគារ​ដែល​ដួល​រលំ​នោះ​។

ថ្លែងប្រាប់​អ្នកកាសែត​ក្នុង​ពេល​បិទ​បញ្ចប់​ការរុករក​ជនរងគ្រោះ លោក ហ៊ុន សែន អះអាង​បន្ថែម​ថា លោក​បាន​ផ្ញើ​សារ​ផង និង​ទូរស័ព្ទ​ទៅ​លោក ញឹម វណ្ណដា ផង ដើម្បី​ចង់​ដឹង​ពី​ហេតុការណ៍​អកុសល កើតឡើង​នៅ​ខេត្ត​ព្រះសីហនុ ប៉ុន្តែ​លោក ញឹម វណ្ណដា មិន​ឆ្លើយតប​នោះ​ទេ ដោយ​លោក​សង្ស័យ ថា ពេលនោះ​លោក ញឹម វណ្ណដា កំពុង​រួមដំណេក​ជាមួយ​ស្រី​នៅ​ខេត្ត​កំពត៖ «ខ្ញុំ​បាន​ប្រាប់​ទៅ​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ ប៊ិន ឈិន ឱ្យ​តាម​រក​ឯកឧត្ដម ញឹម វណ្ណដា តើ​នៅឯណា ពេលនេះ។ ព្រោះ​នេះ​ជា​បញ្ជា​ប្រតិបត្តិការ​កម្លាំង​សរុប រាប់ទាំង​កងកម្លាំងប្រដាប់អាវុធ ។ នៅ​ម៉ោង​ប្រមាណ ២ ទើប​ឯកឧត្ដម ប៊ិន ឈិន រក​ឃើញ​គាត់ ហើយ​ឱ្យ​គាត់​មក​ទីនេះ។ នៅ​ម៉ោង​ប្រមាណ ៥​ភ្លឺ នៅ​ទីក្រុង​បាងកក ខ្ញុំ​បាន​ទទួល​របាយការណ៍​ដ៏​វែង។ បាន​ខ្ញុំ​​ឆ្លើយ​​ថា មិន​បាច់​រាយការណ៍​អ៊ីចឹង​ទេ​។ ម្សិលមិញ ពេល​ខ្ញុំ​មកដល់​ទីនេះ ខ្ញុំ​បាន​សួរ​ទៅ​ឯកឧត្ដម​ថា ឯកឧត្ដម​នៅ​ទី​ណា​ឱ្យ​ពិតប្រាកដ ហើយ​គាត់​ឆ្លើយ​ថា​គាត់​នៅ​ទី​ហ្នឹង ។ អ៊ីចឹង​ខ្ញុំ​និយាយ​ការពិត មិន​ទទួលខុសត្រូវ និង​ការ​ភូត​កុហក​។ ខ្ញុំ​មិន​អាច​ទុក​ឱ្យ​មន្ត្រី​ណាមួយ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ភូត​កុហក​របៀប​នេះ​តទៅទៀត​ទេ​។ ខ្ញុំ​សូម​ថ្កោលទោស​យ៉ាង​ម៉ឺងម៉ាត់»

ប៉ុន្តែ​មិន​ដល់​មួយថ្ងៃ​ផង លោក ហ៊ុន សែន បាន​ស្នើសុំ​ព្រះមហាក្សត្រ​តែងតាំង​លោក ញឹម វណ្ណដា ជាទី​ប្រឹក្សា​រដ្ឋាភិបាល​របស់​លោក មាន​ឋានៈ​ស្មើ ទេសរដ្ឋមន្ត្រី​ដដែល​។ ចំណែក​លោក យន្ត មីន ត្រូវ​បាន​លោក ហ៊ុន សែន ស្នើសុំ​ផ្ទេរ​ភារកិច្ច​ឱ្យ​ទៅ​បម្រើ​ការងារ​នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​វិញ​។​ជាមួយ​គ្នា​នេះ ក៏​មាន​លិខិត​បែក​ធ្លាយ​មួយទៀត បង្ហាញ​ថា លោក ហ៊ុន សែន ក៏បាន​ស្នើសុំ​ឱ្យ​តែងតាំង​លោក យន្ត មីន ជា​នាយ​ឧត្ដមសេនីយ៍​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​ផង​ដែរ។

អ្នកវិភាគ​នយោបាយ​ចាស់​វស្សា លោក បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​សារ​នៅ​លើ​ហ្វេសប៊ុក ដោយ​ចោទ​ជា​សំណួរ​ថា តើ​ត្រូវ​ទេ ចំពោះ​ការតែងតាំង​ទេសរដ្ឋមន្ត្រី​មួយ​រូប​ដែល​នាយករដ្ឋមន្ត្រី ដកហូត​ពីមុខ​តំណែង​និង​ប្រកាស​លាំងៗ​ ថា "​ខ្វះ​ការទទួលខុសត្រូវ និង​ភូតភរ​"​ ឱ្យ​ធ្វើ​ជា​ទីប្រឹក្សា​រាជ​រដ្ឋាភិបាល មាន​ឋាន​:​ស្មើ​ទេសរដ្ឋមន្ត្រី​នោះ​? លោក បណ្ឌិត ឡៅ ម៉ុងហៃ បាន​ឆ្លើយ​សំណួរ​ខ្លួនឯង ថា បើ​ធ្វើ​តែ​យ៉ាង​នេះ គឺ​ខូច​ឈ្មោះ​រាជរដ្ឋាភិបាល ខូច​ឈ្មោះ​នាយករដ្ឋមន្ត្រី​ដែល​ជា​ប្រមុខ​រាជ​រដ្ឋាភិបាល​​អស់ហើយ​។ លោក​បន្ត​ថា ខូច​ឈ្មោះ គេ​លែង​គោរព គេ​លែង​ទុកចិត្ត ហើយ​គេ​លែង​ស្ដាប់។

ចំណែក​សមាជិក​ក្រុម​អ្នកវិភាគ​វ័យក្មេង លោក បុង ដែត លើកឡើង​ថា លោក ហ៊ុន សែន មិន​ហ៊ាន ដក​មន្ត្រី​ជាន់ខ្ពស់​ទាំង​ពីរ​នេះ​ចោល​រហូត​នោះ​ទេ ព្រោះ​របប​លោក ហ៊ុន សែន បាន​ប្រកាន់យក​វប្បធម៌ ''​ឯង​ជួយ​អញ អញ​ជួយ​ឯង​''។ ចំពោះ​ការ​ប្រកាស​បញ្ឈប់​មុខ​ដំណែង​លោក យន្ត មីន និង លោក ញឹម វណ្ណដា នេះ​គឺ​គ្រាន់តែ​ជា​ល្បិច​បោកប្រាស់​របស់​លោក ហ៊ុន សែន ដើម្បី​រម្ងាប់​អារម្មណ៍​ប្រជាជន​ដែល​កំពុង​ខឹង​សម្បារ​រឿង​បាក់​រលំ​អាគារ​បណ្ដាល​ឱ្យ​ស្លាប់​កម្ម​ករ​សំណង់​ខ្មែរ​ជាច្រើន​នាក់៖ «មន្ត្រីរាជការ​ទាំងអស់​នេះ អាច​នឹង​ធ្លាក់​ប្រជាប្រិយភាព ជាពិសេស​គណបក្ស​ប្រជាជន​កម្ពុជា​តែម្ដង ​គឺ​​ធ្លាក់​​ប្រជាប្រិយភាព​​យ៉ាង​​គំហុក​​តែ​ម្ដង​ដោយសារតែ ការ​រឿង​ដក​និង​រឿង​ផ្ទេរ​នេះ​ហើយ​ប្រើ​ពាក្យ​ប្រជាភិថុត​ថែមទៀត ដើម្បី​បោកប្រាស់​សាធារណជន និង​ប្រជាពលរដ្ឋ​ខ្លួនឯង»

ចំណែក​នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម លោក សន ជ័យ លើកឡើង​ថា ទោះបីជា លោក យន្ត មីន និង​លោក ញឹម វណ្ណដា ត្រូវ​បាន​ផ្ទេរ​ទៅកាន់​តួនាទី​ថ្មី​ក៏ដោយ ប៉ុន្តែ​លោក​មើល​ឃើញ​ថា បុគ្គល​ទាំងពីរ​នេះ បាន​ថមថយ​ឥទ្ធិពល​ និង​​អំណាច​ខ្លាំង។ លោក​យល់​ថា ការ​ដក​មន្ត្រី​គ្រាក់ៗ ​ទាំងពីរ​នាក់​នេះ ក៏​នៅតែ​ជា​គំរូ​ល្អ​មួយ​ដែរ៖ «ដំណែង​ទាំងអស់​នេះ​យើង​ដឹង​ហើយ​ជាពិសេស​ដំណែង​ចុង ក្រោយ​របស់​លោក ញឹម វណ្ណដា នេះ​គឺជា​ដំណែង​មួយ​ដែល​គ្មាន​ការ​សម្រេច​ចិត្ត​​អី​​ទេ។ តំណែង​ធំ​ប៉ុន្តែ​អត់​មាន​កូន​ចៅ​អី​ដូច​ពីមុន​ទេ។ រីឯ​ដំណែង​លោក យន្ត មីន វិញ គឺ​ពីមុន​គាត់​មានអំណាច​គ្រប់គ្រង​ខេត្ត​ទាំងមូល​ហើយ​មាន​ឥទ្ធិពល​ច្រើន ប៉ុន្តែ​នៅ​ពេល​ដក​មក​ធ្វើជា​មន្ត្រី​នៅ​ក្រសួងមហាផ្ទៃ គឺ​យើង​មិន​ដឹង​ថា ជា​ការ​ទទួល​ខុស​ត្រូវ​កម្រិត​ណា​ទេ ប៉ុន្តែ​នេះ​គឺជា​របៀប​មួយ​ដែល​យើង​មើល​ឃើញ​ថា ជា​ការ​កាត់បន្ថយ​នូវ​ការទទួលខុសត្រូវ។

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អតីត​អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន បានទេ ដោយ ទូរស័ព្ទ​របស់​លោក​មិន​អាច​ទាក់ទង​បាន​។ រីឯ​លោក ញឹម វណ្ណដា បាន​ប្រាប់​អាស៊ីសេរី​ថា លោក​កំពុង​ជាប់រវល់ និង​មិន​ចង់​ឆ្លើយតប​រឿង​លោក ហ៊ុន សែន ចោទប្រកាន់​និង​ដក​ដំណែង​លោក​នោះ ទេ ហើយ​លោក​ក៏បាន​ទទួលស្គាល់​កំហុស​ថា លោក​ពិត​ខ្វះ​ការទទួលខុសត្រូវ​មែន៖ «រឿង​នេះ​វា​ជា​ការ​ខ្វះ​ការទទួលខុសត្រូវ​ហើយ ប៉ុន្តែ​អានេះ ខ្ញុំ​មិន​ឆ្លើយ​ទេ ព្រោះថា ខ្ញុំ​ទទួលខុស​ហើយ​តើ»

នេះ​គឺ​មិនមែន​ជា​លើកទីមួយ​ទេ ដែល​លោក ហ៊ុន សែន សម្រេច​ត្រឡប់ត្រឡិន​ក្នុង​រយៈពេល​មួយ ថ្ងៃ​ ៣ ទៅ ​៤​ដងនោះ។

ការសម្រេចចិត្ត​ត្រឡប់ត្រឡិន​របស់​លោក ហ៊ុន សែន នេះ បាន​បណ្ដាល​ឱ្យ​មានការ​រិះគន់​យ៉ាង ច្រើន​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដែរ។ អ្នក​ប្រើ​ហ្វេសប៊ុក​ខ្លះ​សរសេរ​ថា នយោបាយ​អោប ក្រសោប​របស់​លោក ហ៊ុន សែន នេះ នឹង​ធ្វើ​ឱ្យ​បក្ស​កាន់​អំណាច​រឹងមាំ​រយៈពេល​ខ្លី ប៉ុន្តែ​វា​នឹង សម្លាប់​បក្ស​កាន់អំណាច​ឱ្យ​ដល់​ឫសគល់ ហើយ​ទីបំផុត​វា​ធ្វើ​ឱ្យ​ពលរដ្ឋ​បន្ត​រងគ្រោះ​និង​ជាតិ​រលាយ ថែម​ទៀត​ផង។

សង្គម​ស៊ីវិល និង​អ្នកវិភាគ​យល់​ថា របប​ក្រុង​ភ្នំពេញ មិន​គួរ​ផ្ដល់​ដំណែង​ថ្មី​ដល់​មន្ត្រី​ជាន់ខ្ពស់​ចាស់ វស្សា​ទាំងពីរ​នាក់​នេះ​ទៀត​ទេ ដើម្បី​កុំ​ឱ្យ​ខាតបង់​ថវិកាជាតិ ប៉ះពាល់​មុខមាត់​រដ្ឋាភិបាល​។ ទន្ទឹមគ្នា​នេះ ពួកគេ ក៏​ស្នើ​សុំ​ឱ្យ​ក្រសួង​មាន​សមត្ថកិច្ច និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត លើ​មន្ត្រី​ទាំងពីរ​នេះ​ផង​ដែរ ព្រោះ​ករណី​បណ្ដោយ​ឱ្យ​ជនជាតិ​ចិន​សាងសង់​សំណង់​កម្ពស់​ ៧​ជាន់​​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត រហូត​បណ្ដាល​ឱ្យ​ដួល​រលំ​សម្លាប់​កម្មករ​ខ្មែរ​ទាំង ២៨​នាក់ និង​របួស​ ២៦នាក់​នេះ​ គឺ​ជា​សោកនាដកម្ម​ធ្ងន់ធ្ងរ​បំផុត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។