មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បានផ្លាស់ប្ដូរសារនយោបាយរបស់ខ្លួនអំពីបញ្ហាគ្រួសារ និងបក្ខពួកនិយមក្នុងស្ថាប័នរដ្ឋ ដែលលោកធ្លាប់ចង់លុបបំបាត់នោះ ទៅជារឿងធម្មតាទៅវិញ។ លោកថ្លែងប្រាប់សិស្សនិទ្ទេស A ចំនួន ៤០៨ នាក់ នៅព្រឹកថ្ងៃទី៨ វិច្ឆិកា ថា លោកមិនមែនសុទ្ធតែយកសាច់ញាតិមកធ្វើជាមន្ត្រីនោះទេ ហើយកូនៗរបស់លោកដែលបានកាន់ការធំនោះ គឺដោយសារពួកគេមានសញ្ញាប័ត្រខ្ពស់។ អ្នកនយោបាយបក្សប្រឆាំង និងអ្នកតាមដានសង្គម មើលឃើញថា ប្រព័ន្ធដឹកនាំរបស់កម្ពុជាកំពុងចាក់ស្រេះទៅដោយបញ្ហាគ្រួសារ និងបក្ខពួកនិយម ដែលទាមទារឱ្យមានការកែទម្រង់ឱ្យបានត្រឹមត្រូវ។
មេដឹកនាំរបបឯកបក្ស លោក ហ៊ុន សែន ច្រានចោលការរិះគន់ដែលថា ការតែងតាំងកូនៗរបស់លោកឱ្យទទួលបានតួនាទីគ្រាក់ៗនោះ ជាការពង្រឹងអំណាច។ លោកថ្លែងការពារកូនៗរបស់លោក និងកូនមន្រ្តីដទៃទៀតថា ពួកគេជាពលរដ្ឋខ្មែរ និងជាមនុស្សមានសមត្ថភាព ទើបពួកគេអាចទទួលបានតំណែងជាមន្ត្រីសំខាន់ៗក្នុងរបបរបស់លោកបាន។ លោកបន្តថា សាច់ញាតិរបស់លោកមួយចំនួនមិនមានតួនាទី ឬតំណែងធំអ្វីនោះឡើយ ហើយក្មួយៗរបស់លោកវិញ ក៏មិនសូវធ្វើការធំនោះដែរ។ លោកថែមទាំងបានចោទគណបក្សប្រឆាំងវិញថា មានសមាជិកខ្លះរបស់គណបក្សនេះ តែងយកឯកសារមកស្នើសុំតំណែងពីលោកថែមទៀតផង «និយាយពីរឿងតែងតាំង ! កូនខ្ញុំសុទ្ធតែថ្នាក់បណ្ឌិត អនុបណ្ឌិត តើយកវាមកបោះចោល ឬអ្វី ? តើឱ្យការងារគេធ្វើបានទេ ? កូនរបស់មន្ត្រីរាជការនានា គេក៏បានទទួលការបណ្ដុះបណ្ដាល អ៊ីចឹងយកទៅណា ? ខ្ញុំសូមជម្រាប បក្សប្រឆាំងខ្លះដែលមកលួចចុះចូលជាមួយខ្ញុំ មកពេលណាក៏ដោយតែងតែកាន់មកនូវសំណុំរឿងអន្តរាគមន៍ សុំឱ្យអ្នកនេះឡើងទៅនេះ អ្នកនេះចូលទៅនោះ។ ខ្ញុំមិនចាំបាច់និយាយចំឈ្មោះទេ ពីព្រោះគេចូលដោយលួចលាក់»។
ការថ្លែងរបស់លោក ហ៊ុន សែន នៅពេលនេះ មានភាពផ្ទុយគ្នាទាំងស្រុងទៅនឹងប្រសាសន៍របស់លោកនៅមុនការបោះឆ្នោតបែបបង្គ្រប់កិច្ច ដែលនៅពេលនោះលោកបានប្រកាសថា លោកនឹងពិនិត្យមើលឡើងវិញអំពីដំណើរការតែងតាំងមន្ត្រីនៅតាមក្រសួង មន្ទីរ និងស្ថាប័នរដ្ឋ ដើម្បីឱ្យដឹងថា តើការតែងតាំងទាំងនោះធ្វើឡើងស្របតាមច្បាប់ ឬមួយក៏បែបណា។ នៅពេលនោះ លោកថែមទាំងដាស់តឿនមន្ត្រីរបស់លោក កុំឱ្យតែងតាំងមន្ត្រីតាមរបៀបគ្រួសារ ឬបក្ខពួកនិយមទៀតផង ព្រោះអាចធ្វើឱ្យមន្ត្រីថ្នាក់ក្រោមមិនសប្បាយចិត្ត៖ «ការតែងតាំងរបៀបគ្រួសារនិយម បក្ខពួកនិយមណាមួយ វាមិនត្រូវទទួលបាននូវការស្វាគមន៍ពីសំណាក់មន្ត្រីនៅក្រោមឱវាទរបស់យើងនោះទេ។ ចំណុចនេះក៏រំឭកដាស់តឿនចំពោះថ្នាក់ដឹកនាំតាមស្ថាប័ន និងថ្នាក់ខេត្តរាជធានី ដែលត្រូវតែងតាំងយ៉ាងណាឱ្យស្រប ហើយយកល្អគឺការបើកឱ្យមានការប្រឡងប្រជែងដោយស្មើភាព គឺជាការល្អបំផុតហើយ»។
ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ លោក ហ៊ីង សុខសាន្ត ថ្លែងថា សមាជិកគណបក្សសង្គ្រោះជាតិពិតប្រាកដ គ្មាននរណាម្នាក់ទៅស្នើសុំតំណែងពីលោក ហ៊ុន សែន ឡើយ គឺមានតែអ្នកខ្លះដែលបានចាកចេញពីគណបក្សប៉ុណ្ណោះ ទើបអាចធ្វើរឿងនេះ។ លោកថា ឧទាហរណ៍ដែលបង្ហាញឱ្យឃើញច្បាស់នោះ គឺក្រោយពេលដែលលោក ហ៊ុន សែន រំលាយគណបក្សសង្គ្រោះជាតិ លោកបានលួងលោមផង និងគំរាមផងឱ្យសកម្មជន និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាថ្នូរទៅនឹងការរក្សាតំណែងរបស់ខ្លួនឱ្យនៅដដែល។ ក៏ប៉ុន្តែមិនមានសកម្មជន និងមន្ត្រីគណបក្សសង្គ្រោះជាតិនៅមូលដ្ឋានច្រើនឡើយ ដែលបានទៅចុះចូលជាមួយបក្សកាន់អំណាចនោះ។ លោកយល់ថា វោហារសាស្ត្ររបស់មេដឹកនាំរបបក្រុងភ្នំពេញនេះ គ្រាន់តែជាការលាងខ្លួនឯង និងបិទបាំងចំណុចខ្សោយរបស់ខ្លួនប៉ុណ្ណោះ ព្រោះក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងទៅនេះ លោកមិនអាចជួយឱ្យពលរដ្ឋខ្មែរមានជីវភាពធូរធារ និងនាំមកនូវការអភិវឌ្ឍពិតប្រាកដសម្រាប់ជាតិនោះឡើយ៖ «បើគាត់ចង់ដឹងថា តើការជ្រើសរើសមន្ត្រីនៅតាមស្ថាប័នរដ្ឋនានាកន្លងមក តើមានតម្លាភាព ឬក៏ផ្ដល់ភាពយុត្តិធម៌ មានការប្រកួតប្រជែងស្មើភាពដោយពឹងផ្អែកទៅលើសមត្ថភាពដែរឬទេនោះ យើងធ្វើការស្ទង់មតិមួយទៅនៅតាម ( ស្ថាប័ន ) មន្ត្រីរាជការទាំងអស់ហ្នឹងទៅ។ នោះយើងនឹងអាចដឹងការពិតហើយ ថាតើវាមានពុករលួយ វាមានបក្ខពួកនិយម គ្រួសារនិយមរបៀបម៉េច។ ដូច្នេះហើយអ្វីដែលគាត់ថ្លែងនេះ គ្រាន់តែដើម្បីបិទបាំងនូវទង្វើបក្ខពួកនិយម គ្រួសារនិយមទាំងសាច់ញាតិគាត់ និងសាច់ញាតិរបស់មន្ត្រីគ្រាក់ៗរបស់គាត់ » ។
កូនៗរបស់លោក ហ៊ុន សែន ទាំងកូនបង្កើត និងកូនប្រសា បានឡើងតំណែងយ៉ាងលឿនរហ័ស សឹងមិនគួរឱ្យជឿក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ពួកគេទទួលបានតួនាទីគ្រាក់ៗ ទាំងក្នុងជួរកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល រហូតដល់សមាជិកសភា។ កូនប្រុសច្បងរបស់លោក គឺ លោក ហ៊ុន ម៉ាណែត បច្ចុប្បន្នជាមេបញ្ជាការកងទ័ពជើងគោក និងក្ដោបក្ដាប់អង្គភាពយោធាសំខាន់ៗចំនួន ៥ ផ្សេងទៀត ដែលធ្លាប់ស្ថិតក្រោមអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ។ កូនប្រុសទីពីររបស់លោក គឺលោក ហ៊ុន ម៉ានិត ពាក់ផ្កាយ ៣ កាន់តំណែងជាអគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចក្រសួងការពារជាតិ ខណៈកូនប្រុសពៅរបស់លោក គឺលោក ហ៊ុន ម៉ានី វិញ គឺជាតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ ជាប្រធានគណៈកម្មការទី៧ នៃសភាឯកបក្ស និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ កូនប្រសារបស់លោក គឺលោក ឌី វិជ្ជា ដែលត្រូវជាស្វាមីអ្នកស្រី ហ៊ុន ម៉ាណា គឺជាអគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខ ខណៈកូនប្រសារបស់លោកម្នាក់ទៀត គឺលោក សុខ ពុទ្ធិវុធ ត្រូវជាស្វាមីអ្នកស្រី ហ៊ុន ម៉ាលីស គឺជាអនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាប្រធានក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជា និងជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។
ចំណែកក្រសួងស្ថាប័នខ្លះវិញ ត្រូវបានសាធារណជនហៅថា ជាក្រសួង ឬស្ថាប័នគ្រួសារនិយម មានជាអាទិ៍ ក្រសួងរ៉ែ និងថាមពល អង្គភាពប្រឆាំងអំពើពុករលួយ និងធនាគារជាតិនៃកម្ពុជាជាដើម ដោយសារមានឪពុកជារដ្ឋមន្ត្រី ឬជាប្រធានស្ថាប័ន ខណៈកូនៗរបស់ពួកគេគឺជារដ្ឋលេខាធិការ ជាជំនួយការ ឬស្ថិតក្នុងតួនាទីសម្រេចចិត្តក្នុងស្ថាប័ននោះ។ លោក ស៊ុយ សែម ជារដ្ឋមន្ត្រី រីឯកូនប្រុសរបស់លោក គឺលោក ស៊ុយ ឌីម៉ង់ គឺជារដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល។ លោក ឱម យ៉ិនទៀង ជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ខណៈកូនប្រុសរបស់លោកពីរនាក់ ឈ្មោះ យ៉ិនទៀង ពុទ្ធិរិទ្ធ និង យ៉ិនទៀង ពុទ្ធិរ៉ា ជាជំនួយការនៃអង្គភាពមួយនេះ ដែលមានឋានៈស្មើរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ។ លោក ជា ចាន់តូ ជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា មានកូនស្រីម្នាក់ឈ្មោះ ជា សិរី គឺជាអគ្គនាយកបច្ចេកទេសនៃស្ថាប័ននេះ។ ក្រសួងពាណិជ្ជកម្ម កាលពីជំនាន់លោក ចម ប្រសិទ្ធិ ក៏ជាប់ឈ្មោះជាក្រសួងគ្រួសារនិយមដែរ ដោយលោកជារដ្ឋមន្ត្រី ហើយកូនស្រីរបស់លោកឈ្មោះ ចម និម្មល គឺជារដ្ឋលេខាធិការ។ ចំណែកក្រសួងការបរទេស ជំនាន់លោក ហោ ណាំហុង វិញ ក៏ជាប់ឈ្មោះដូចគ្នានេះដែរ ព្រោះលោក ហោ ណាំហុង ជារដ្ឋមន្ត្រី ហើយកូនរបស់លោកឈ្មោះ ហោ ណាំបូរ៉ា ជាឯកអគ្គរាជទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស ហើយកូនៗរបស់លោកផ្សេងទៀតក៏ជាមន្ត្រីនៅក្រសួងការបរទេសដែរ។
និន្នាការបែបនេះក៏បានកើតឡើងក្នុងស្ថាប័ននីតិបញ្ញត្តិផងដែរ ដោយថ្នាក់ដឹកនាំនៃរដ្ឋសភាឯកបក្សភាគច្រើន មានកូនចៅ ឬសាច់សារលោហិតរបស់ពួកគេបម្រើការជាមន្ត្រីនៅក្នុងនោះដែរ។ អ្នកទាំងនោះមានជាអាទិ៍ អនុប្រធានទី១ រដ្ឋសភា លោក ងួន ញ៉ិល មានកូនប្រុសម្នាក់ឈ្មោះ ងួន រាសី គឺជានាយកខុទ្ទកាល័យរបស់លោកផ្ទាល់។ អគ្គលេខាធិការរងរដ្ឋសភា លោក មិត្ត ការ៉េន មានសាច់ញាតិជាច្រើនរាប់ទាំងប្រពន្ធ កូន និងកូនប្រសារបស់លោកផងសុទ្ធសឹងតែធ្វើការក្នុងរដ្ឋសភាដែរ។
ករណីទាំងនេះ មិនបានរាប់បញ្ចូលពីរឿងឪពុកជាមន្ត្រីថ្នាក់កំពូល ហើយកូនៗរបស់ពួកគេ ជាមន្ត្រីនៅស្ថាប័នដោយឡែកពីគ្នាផង។ ភាគច្រើននៃមន្ត្រីគ្រាក់ៗរបស់លោក ហ៊ុន សែន សុទ្ធតែមានកូន ឬសាច់សាលោហិត ធ្វើការជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ឬជាអភិបាលរងខេត្តជាដើម ដែលមិនអាចរៀបរាប់ឈ្មោះអស់ ហើយពួកគេក៏បានព្យាយាមបិទបាំងសាវតាររបស់ខ្លួនដែរ ដើម្បីបញ្ចៀសការរិះគន់ពីសាធារណជន។
លោក ហ៊ីង សុខសាន្ត ថ្លែងថា ប្រព័ន្ធរដ្ឋបាលបែបគ្រួសារ និងបក្ខពួកនិយមបែបនេះ ធ្វើឱ្យអភិបាលកិច្ចចុះទន់ខ្សោយ និងមិនអាចបម្រើផលប្រយោជន៍ជាតិបានពិតប្រាកដនោះឡើយ ហើយផលវិបាកធំជាងគេនោះ គឺនាំឱ្យមានការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធនៅក្នុងស្ថាប័ននោះតែម្ដង៖ «សង្គមរបស់យើងនឹងជួបហានិភ័យខ្ពស់ណាស់ នៅពេលដែលប្រព័ន្ធរដ្ឋបាលរបស់ជាតិ ជាការផ្សារភ្ជាប់រវាងសាច់ញាតិមួយក្រុម ឬរបស់បក្ខពួកមួយ។ ដូច្នេះធ្វើឱ្យដំណើរការនៃអភិបាលកិច្ចអត់មានប្រសិទ្ធភាព ដោយសារប្រព្រឹត្តនូវបក្សពួកនិយម និងពុករលួយ។ ទីពីរធ្វើឱ្យយន្តការនៃការសម្រេចចិត្ត អត់មានភាពល្អប្រសើរទេ បានន័យថា អ្នកណាមេគេ ធ្វើអ្វីចេះតែត្រូវរហូត ដោយសារតែជាសាច់ញាតិរបស់ខ្លួន។ មិនមានការរិះគន់ មិនមានការស្ថាបនាកែលម្អ ដូច្នេះធ្វើឱ្យប្រព័ន្ធដឹកនាំរដ្ឋបាលទាំងមួលហ្នឹង ជួបហានិភ័យ និងមានភាពកម្សោយនៅក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងផលប្រយោជន៍ប្រទេសជាតិ»។
ប្រធានអង្គការសម្ពន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ថ្លែងថា ការតែងតាំងកូនចៅ ឬសាច់សារលោហិតរបស់មន្ត្រីគ្រាក់ៗនៃរបបលោក ហ៊ុន សែន ឱ្យកាន់ការងារធំៗនេះ ជារឿងពិបាកនឹងចៀសរួច ព្រោះដោយសារកូនចៅរបស់ពួកគេមានឱកាសរៀនបានខ្ពស់ មានសមត្ថភាព និងជំនាញច្បាស់លាស់ បើប្រៀបធៀបនឹងកូនចៅរបស់ប្រជាពលរដ្ឋសាមញ្ញ។ ក៏ប៉ុន្តែលោកថា មិនមែនផ្អែកលើហេតុផលនេះ ត្រូវតែឱ្យកូនចៅ ឬសាច់សារលោកហិតរបស់មន្ត្រីធំៗទាំងនោះ កាន់តំណែងសំខាន់ៗក្នុងស្ថាប័នតែមួយ ឬស្ថាប័នទីទៃពីគ្នា ដោយមិនបានឆ្លងកាត់យន្តការនៃការប្រកួតប្រជែងសមត្ថភាពបែបនេះឡើយ។ លោកជឿជាក់ថា ក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងទៅនេះ ក៏មានកូនចៅរបស់ប្រជាពលរដ្ឋសាមញ្ញជាច្រើននាក់ដែរ ដែលទទួលបានការអប់រំខ្ពស់ មានចំណេះដឹង ជំនាញ និងសមត្ថភាពពេញលេញ អាចកាន់ការងារសំខាន់ៗរបស់ជាតិបាន ក៏ប៉ុន្តែពួកគេបានបាត់បង់ឱកាសដោយសារតែប្រព័ន្ធដឹកនាំបែបគ្រួសារ ឬបក្ខពួកនិយមបែបនេះ៖«ទោះបីជាពួកគេត្រូវបានតែងតាំងនៅក្នុងតំណែងណាមួយក៏ដោយ ក៏ត្រូវរកមធ្យោបាយដើម្បីធានាថាតំណែង ឬក៏ការសម្រេចចិត្តរបស់ពួកគេហ្នឹង មានតុល្យភាពជាមួយនឹងមន្ត្រីកម្រិតសម្រេចចិត្តផ្សេងៗទៀតដែរ។ ទីពីរយើងលើកទឹកចិត្តឱ្យមានការបញ្ចប់ ឬក៏កាត់បន្ថយឱ្យបាននូវកម្រិតនៃទំនាស់ផលប្រយោជន៍ដែលខ្ពស់ គឺរឿងឪពុកកូន ឬម្ដាយកូននៅក្នុងស្ថាប័នតែមួយ ហើយនៅក្នុងតំណែងខ្ពស់ៗ។ វាដល់ពេលវេលាមួយដែលកម្ពុជាគួរតែគិតគូរពិចារណាឱ្យបានស៊ីជម្រៅ បើចង់ឱ្យបានភាពជាគំរូ និងការផ្ដល់ឱកាសសម្រាប់អ្នកជំនាន់ក្រោយ»។
អ្នកឃ្លាំមើលសង្គមរូបនេះ នៅតែជំរុញឱ្យមានការបង្កើតច្បាប់ស្តីពីទំនាស់ផលប្រយោជន៍ ដែលចែងឱ្យច្បាស់លាស់អំពីបញ្ហាគ្រួសារ ឬសាច់ញាតិនិយមនៅក្នុងស្ថាប័នជាតិ ហើយច្បាប់នេះត្រូវចាប់អនុវត្តពីមន្ត្រីថ្នាក់កំពូលមុនគេ ដើម្បីផ្តល់ភាពជាគំរូដល់មន្ត្រីថ្នាក់ក្រោម។ លោកបន្ថែមថា ការធ្វើរបៀបនេះក៏អាចជួយឱ្យកូនចៅមន្ត្រីកំពូលៗទាំងនោះ អាចបញ្ចេញសមត្ថភាពរបស់ខ្លួនក្នុងការបម្រើប្រយោជន៍សាធារណៈបានដែរ ដោយអាចបញ្ចៀសបាននូវការរិះគន់ ដែលថាពួកគេទទួលបានឋានៈបុណ្យសក្តិ ដោយសារតែឥទ្ធិពលរបស់ឪពុក៕
