លោក ហ៊ុន សែន ថារបបលោកមានលទ្ធភាពបង់ពន្ធ បើសហភាពអឺរ៉ុបកាត់ផ្ដាច់ EBA
2019.03.30
មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន អះអាងជាថ្មីទៀត នៅថ្ងៃទី២៩ មីនា នេះថា លោកមិនខ្វល់នឹងការផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបនោះឡើយ។ អ្នកវិភាគថា លោក ហ៊ុន សែន មិនខ្វល់ដោយសារខ្លួនលោកផ្ទាល់មិនប៉ះពាល់ដោយសារបញ្ហានេះ ប៉ុន្តែពលរដ្ឋរាប់លាននាក់នៅទូទាំងប្រទេសនឹងមានបញ្ហា បើអត់មានប្រព័ន្ធអនុគ្រោះពន្ធ EBA។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងប្រាប់ក្រុមនាយទុនថា វិធានការទាំងឡាយដែលរបបរបស់លោកបានដាក់ចេញ ដូចជា កាត់បន្ថយថ្លៃដឹកជញ្ជូន និងការចំណាយក្រៅផ្លូវការផ្សេងទៀត នឹងអាចទប់នឹងស្ថានភាពដែលកម្ពុជាត្រូវបង់ពន្ធនៅទីផ្សារអឺរ៉ុបបាន ដូច្នេះលោកថា គ្មានអ្វីត្រូវបារម្ភរឿង EBA នោះឡើយ។
ថ្លែងក្នុងវេទិការាជរដ្ឋាភិបាល និងវិស័យឯកជនរយៈពេលជាង៣ ម៉ោង ដោយគ្មានឈប់សម្រាក លោក ហ៊ុន សែន បានឆ្លៀតវាយប្រហារសហភាពអឺរ៉ុបថា លក្ខខណ្ឌរបស់អឺរ៉ុបនោះ គឺជាការបង្គាប់បញ្ជា និងជាការខោកក្បាលរបបរបស់លោក ដែលលោកមិនអាចទទួលយកបានឡើយ។ លោកថ្លែងទៀតថា ជនណាក៏ដោយដែលសុខចិត្តធ្វើតាមសហភាពអឺរ៉ុបជាថ្នូរនឹងការទទួលបានប្រព័ន្ធអនុគ្រោះពន្ធនោះ មិនសក្ដិសមធ្វើជាមេដឹកនាំកម្ពុជាឡើយ៖ «យើងចំណេញប្រមាណ៤០០ លាន(ដុល្លារ) កាត់បន្ថយស្អីៗទាំងអស់នេះ បណ្ដាក្រុមហ៊ុននានាកាត់បន្ថយ អ៊ីចឹងបើ EU ឱ្យយើងបង់ពន្ធបានដែរ កុំខ្វល់ពេក។ កុំឱ្យគេមកចង្អុលក្បាលយើងថា ហ្អែង! ត្រូវធ្វើនេះ បើហ្អែង មិនធ្វើតាមអញ អញត្រូវតែកាត់ពីឯង។ កុំឱ្យគេធ្វើអ៊ីចឹងទៀត។ បើគេឱ្យ ក៏ឱ្យទៅ គេមិនឱ្យទេ យើងបង់ពន្ធឱ្យគេទៅ។ យើងបង់ពន្ធឱ្យគេ គេបង់ពន្ធឱ្យយើង វាសមរម្យណាស់ក្នុងការរកស៊ី»។
មេដឹកនាំក្រាញអំណាចរូបនេះ អះអាងថា ជំហរដាច់ខាតរបស់លោកនេះ គឺជាការយកគំរូតាមអតីតព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ ដែលមិនអនុញ្ញាតឱ្យបរទេស ជាន់ឈ្លីឯករាជ្យ និងអធិបតេយ្យជាតិនោះឡើយ។
ទោះជាយ៉ាងណា អ្នកឃ្លាំមើលបញ្ហាសង្គមច្រានចោលការលើកឡើងរបស់លោក ហ៊ុន សែន បែបនេះ។
ប្រធានក្រុមអ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ យល់ឃើញថា ប្រមុខរដ្ឋាភិបាលកម្ពុជា មិនសូវឱ្យតម្លៃដល់បញ្ហា EBA ព្រោះលោកមិនមែនជាអ្នករងគ្រោះដោយផ្ទាល់ពីការកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធនេះ ក៏ប៉ុន្តែ សម្រាប់ពលរដ្ឋខ្មែរភាគច្រើននៅទូទាំងប្រទេស ពួកគាត់នៅត្រូវការកម្មវិធីអនុគ្រោះពន្ធនេះបន្តទៅទៀត។ កញ្ញាយល់ថា ការយករឿងប្រព័ន្ធអនុគ្រោះពន្ធទៅភ្ជាប់នឹងរឿងអធិបតេយ្យភាពជាតិ គឺជារឿងមិនសមហេតុផលទាល់តែសោះ។ កញ្ញាសង្ឃឹមថា ថ្នាក់ដឹកនាំរបស់កម្ពុជានឹងដោះស្រាយបញ្ហា EBA នេះ ដោយឈរលើផលប្រយោជន៍ជាតិជាធំ មិនមែនគិតពីរឿងអំណាចរបស់ខ្លួនជាធំនោះឡើយ៖ «ចំពោះសហភាពអឺរ៉ុបដែលស្នើឱ្យយើងឈានទៅរកការវិលត្រឡប់ទៅស្ថានភាពដើមលើការគោរពសិទ្ធិមនុស្សជាដើមហ្នឹង ខ្ញុំគិតថា វាជារឿងមួយត្រឹមត្រូវ ដែលមិនពាក់ព័ន្ធនឹងការរំលោភអធិបតេយ្យជាតិរបស់កម្ពុជាទេ។ នេះគឺជាអ្វីដែលកម្ពុជាបានសន្យា»។
សហភាពអឺរ៉ុបបានប្រកាសពីដំណើរការពិចារណាព្យួរប្រព័ន្ធអនុគ្រោះ EBA ពីកម្ពុជា កាលពីថ្ងៃទី ១១ កុម្ភៈកន្លងទៅ។ ដំណើរការនេះ មានរយៈពេលសរុបទាំងអស់ ១៨ខែ គិតចាប់ពីថ្ងៃទី១២ កុម្ភៈតទៅ ហើយចែកចេញជាបីដំណាក់កាល។ សហភាពអឺរ៉ុបបានទុកពេលឱ្យរបបក្រុងភ្នំពេញចំនួន៦ខែ គឺពីខែ កុម្ភៈ ដល់ខែ កក្កដា ដើម្បីស្ដារស្ថានការណ៍នយោបាយ និងសិទ្ធិមនុស្ស បើពុំដូច្នេះទេ ក្នុងរយៈពេល៦ខែ បន្ទាប់ទៀត គឺពីខែ សីហា ឆ្នាំនេះ ដល់ខែ មករា ឆ្នាំ ២០២០ សហភាពអឺរ៉ុបនឹងចាប់ផ្តើមដំណាក់កាលធ្វើការសម្រេចចិត្ត ថាតើត្រូវរក្សា ឬព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។ បើនៅខែ មករា ឆ្នាំ២០២០នោះ សហភាពអឺរ៉ុប សម្រេចព្យួរការអនុគ្រោះពន្ធនេះមែន នោះសហភាពអឺរ៉ុប នឹងទុកពេលឱ្យកម្ពុជា៦ខែទៀត ដើម្បីត្រៀមខ្លួន មុននឹងការព្យួរប្រព័ន្ធអនុគ្រោះពន្ធនោះ ចូលជាធរមាន ក្នុងអំឡុងពាក់កណ្ដាលឆ្នាំ២០២០។
កាលពីសប្ដាហ៍មុន គណៈប្រតិភូសហភាពអឺរ៉ុប បានមកជួបជាមួយថ្នាក់ដឹកនាំរបបក្រុងភ្នំពេញ ដើម្បីជជែកគ្នាអំពីបញ្ហា EBA នេះ។ ពួកគេបានជួបត្រឹមថ្នាក់ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ក៏ប៉ុន្តែមិនបានជួបលោក ហ៊ុន សែន នោះឡើយ ដោយលោក អះអាងថា លោកមិនអនុញ្ញាតឱ្យជួប ក្រោមហេតុផលថា មន្ត្រីអឺរ៉ុបទាំងនោះ មានឋានៈទាបជាងលោកឆ្ងាយពេក ដែលមិនសមនឹងជួបលោកទេ។
ទោះជាយ៉ាងណា សហភាពអឺរ៉ុបធ្លាប់បានប្រកាសរួចហើយថា មានតែការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានប៉ុណ្ណោះ ទើបជាលក្ខខណ្ឌចាំបាច់នៃនយោបាយពាណិជ្ជកម្ម និងជាមូលដ្ឋានច្បាប់ឈានទៅទទួលបានការអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្ម។ លក្ខខណ្ឌដែលសហភាពអឺរ៉ុបតម្រូវឱ្យរបបលោក ហ៊ុន សែន អនុវត្តតាម ប្រសិនបើរបបនេះនៅចង់បានការអនុគ្រោះពន្ធនាំចេញទំនិញទៅទីផ្សារអឺរ៉ុបបន្តទៅទៀត គឺការស្ដារឡើងវិញនូវការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដែលរបបនេះបានវាយកម្ទេចចោលកាលពីពេលកន្លងទៅ៕