អ្នកនាំពាក្យរដ្ឋាភិបាលអះអាងថា លោក សម រង្ស៊ី មិនមានឥទ្ធិពលណាមួយ ក្នុងការកៀរគរឱ្យសហភាពអឺរ៉ុបឱ្យដកប្រព័ន្ធគ្រោះពន្ធចេញពីកម្ពុជាបានឡើយ ទោះបីលោក សម រង្ស៊ី បានអះអាងថា សហភាពអឺរ៉ុបនឹង អនុវត្តទៅតាមផែនការរបស់ខ្លួនលើការព្យួរ អនុប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា ទៅតាមផែនការកំណត់របស់ខ្លួនប្រសិន របបលោក ហ៊ុន សែន មិនបើកលំហសិទ្ធិពលរដ្ឋ នយោបាយឡើងវិញទេនោះ។
លោក ផៃ ស៊ីផាន អះអាងថា របបក្រុងភ្នំពេញមិនចាប់អារម្មណ៍និង លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានដឹកនាំគណៈប្រតិភូទៅចូលរួមប្រជុំជាមួយមេដឹកនាំសហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក នោះទេ។
លោក ផៃ ស៊ីផាន មានប្រសាសន៍ថា សកម្មភាពរបស់ លោក សម រង្ស៊ី គ្មានអ្វីឱ្យលោកចាប់អារម្មណ៍ឡើយ ព្រោះថា លោកជាទណ្ឌិតទៅហើយនោះ៖ «សម រង្ស៊ី អាចនិយាយនិយាយបានអ្វីស្រេចតែចិត្តបាន តែគេលែងចាប់អារម្មណ៍ មានតែអាស៊ីសេរីទេដែលចាប់អារម្មណ៍ ព្រោះសម រង្ស៊ី ជាទណ្ឌិត និងជាថ្លុកព័ត៌មានរួចទៅហើយហ្នឹង»។
លោក សម រង្ស៊ី និងគណៈប្រតិភូគណបក្សសង្គ្រោះជាតិវិញ បានជួបជុំជាមួយមេដឹកនាំសហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក ចាប់ពីថ្ងៃទី២៥ និងថ្ងៃទី២៦ មិថុនា។ លោកបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី២៧ មិថុនាថា ថ្នាក់ដឹកនាំសហភាពអឺរ៉ុប មានគោលដៅមួយយ៉ាងច្បាស់ គឺធ្វើឱ្យលទ្ធិប្រជាធិបតេយ្យរស់ឡើងវិញ នៅប្រទេសកម្ពុជា ពីព្រោះគេយល់ថា មិនអាចមានលទ្ធិប្រជាធិបតេយ្យបានទេ បើគ្មានគណបក្សប្រឆាំង។ ហើយពុំមានគណបក្សប្រឆាំងណាពិតប្រាកដនៅកម្ពុជា ក្រៅពីគណបក្សសង្គ្រោះជាតិដែរ។
លោក សម រង្ស៊ី អះអាងថា លោក ហ៊ុន សែន បានបរាជ័យ ៣ លើកហើយ ក្នុងការប៉ុនប៉ងកម្ចាត់គណបក្សសង្គ្រោះជាតិ ពីបេះដូងប្រជារាស្ត្រខ្មែរ និងក្នុងការប៉ុនប៉ងបង្កើតគណបក្សប្រឆាំងក្លែងក្លាយ។ លោកបានរៀបរាប់ថា បរាជ័យទី១ គឺអូសទាញសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ៥.០០៧ រូប មកពីគណបក្សសង្គ្រោះជាតិ ឱ្យចុះចូលគណបក្សកាន់អំណាចសព្វថ្ងៃ តែសាមីខ្លួនជាង ៩០ ភាគរយ មិនព្រមដាច់ខាត។ បរាជ័យទី២ គឺរៀបចំការបោះឆ្នោតក្លែងក្លាយ នៅឆ្នាំ ២០១៨ ដោយបង្កើតគណបក្សប្រឆាំងក្លែងក្លាយ រហូតដល់ទៅ ១៩គណបក្ស តែគណបក្សប្រឆាំងក្លែងក្លាយទាំងនោះ ត្រូវបានប្រជារាស្ត្រខ្មែរទាត់ចោលទាំងអស់ គ្មានទទួលបានអាសនៈទាល់តែសោះ នៅក្នុងរដ្ឋសភាទីងមោងសព្វថ្ងៃ។ បរាជ័យទី៣ គឺចង់អូសទាញថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ១១៨ នាក់ ឱ្យក្បត់គណបក្សខ្លួន ដោយទៅសុំច្បាប់ពី ហ៊ុន សែន ដើម្បីធ្វើនយោបាយឡើងវិញ ក្រោមបញ្ជា ហ៊ុន សែន តែក្នុងចំណោមថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ទាំង ១១៨ នាក់នោះ មានតែ ៩ នាក់ទេ ដែលចាញ់បោក ហ៊ុន សែន ឬព្រមលក់ខ្លួនឱ្យគេ។
លោក សម រង្ស៊ី បន្ថែមថា ដើម្បីជៀសវាងទណ្ឌកម្មពាណិជ្ជកម្ម ពីសហភាពអឺរ៉ុប ការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA នោះ លោក ហ៊ុន សែន ដាច់ខាតត្រូវតែដោះលែងលោក កឹម សុខា ដោយទម្លាក់ចោលការចោទប្រកាន់ទាំងអស់ មកលើប្រធានគណបក្សសង្គ្រោះជាតិ ហើយបើកផ្លូវឱ្យគណបក្សប្រឆាំង ដំណើរការឡើងវិញជាបន្ទាន់។ លោកបញ្ជាក់ថា ដំណោះស្រាយនយោបាយ គ្មានអ្វីពិបាកទេ គឺគ្រាន់តែលោក ហ៊ុន សែន គោរពតាមលក្ខខ័ណ្ឌរបស់សហភាពអឺរ៉ុប ទៅលើគោលការណ៍គោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ សិទ្ធិដីធ្លី និងដោះលែងអ្នកជាប់ឃុំដោយសារតែរឿងនយោបាយទាំងអស់នោះ គឺជាការស្រេច ហើយអ្វីៗនឹងប្រសើរឡើង ទាំងនយោបាយ សេដ្ឋកិច្ច និងសន្តិសុខសង្គមជាដើម៖ «លោក ហ៊ុន សែន ត្រូវតែធ្វើតាមអ្វីដែលប្រជាពលរដ្ឋខ្មែរចង់បាន ដោះលែងលោក កឹម សុខា ផ្ដល់គណបក្សសង្គ្រោះជាតិមកវិញ ដើម្បីជៀសវាងបញ្ហា ហើយសូមប្រជារាស្ត្រខ្មែរត្រៀមខ្លួនបាតុកម្ម ហើយហ៊ុន សែន បើសិនជាមិនព្រមដោះលែង កឹម សុខា និងគោរពប្រជាធិបតេយ្យវិញទេ គឺហ៊ុន សែន ជាអ្នកទទួលខុសត្រូវពេញទេ ចំពោះប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ»។
ចំពោះ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិវិញ បានចេញសារដ៏កម្រមួយនាឱកាសពិធីខួបកំណើតរបស់លោកគម្រប់ ៦៧ឆ្នាំ នេះថា ដ៏រាបណាព្រះអាទិត្យនៅតែរះ លោកនៅតែមានក្ដីសង្ឃឹម វិលទៅជួបជុំអ្នកគាំទ្ររបស់លោក និងបម្រើជាតិមាតុភូមិវិញ។
លោក កឹម សុខា សរសេរ ក្នុងទំព័រហ្វេសប៊ុកលោកថា វាគ្មានទេពាក្យថា “ ស្ដាយក្រោយសម្រាប់ កឹម សុខា ដែលបានបូជាជូនជាតិ ប្រជាពលរដ្ឋ ដើម្បីលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព អធិបតេយ្យភាព និងការផ្សះផ្សាជាតិ”។
លោក កឹម សុខា បានប្ដេជ្ញាចិត្តថា ទោះបីជាលោកស្ថិតនៅទីឃុំឃាំងក្នុងផ្ទះ គឺលោកជាប់ឃុំតែរូបកាយ បាត់បង់សេរីភាពក៏ពិតមែន ប៉ុន្តែស្មារតីស្នេហាជាតិរបស់លោកមិនជាប់ឃុំឃាំងឡើយ។
លោកសរសេរបន្តទៀតថា “ទឹកចិត្ត និងសេចក្ដីនឹករលឹករបស់ជនរួមជាតិ បានផ្តល់ដល់រូបខ្ញុំ នូវកម្លាំងចិត្តដែលជាថាមពល ជំរុញឱ្យរូបខ្ញុំបន្តនូវស្មារតីស្នេហាជាតិ បើទោះជារូបកាយខ្ញុំត្រូវបានបាត់បង់សេរីភាព អស់ជិត២ឆ្នាំមកហើយក្ដី។ មិនមានអ្វីឡើយដែលអាចរារាំងមនោសញ្ចេតនារបស់ខ្ញុំដែលមានចំពោះប្រជាជាតិមួយនេះ”។
លោក កឹម សុខា បន្តថា “ ទោះបីខ្ញុំមិនអាចជួបជុំប្រជាពលរដ្ឋដូចកាលពីមុន ទោះបីខ្ញុំមិនអាចស្តាប់ឮដោយផ្ទាល់នូវទុក្ខកង្វល់របស់បងប្អូន ទោះបីមានឧបសគ្គយ៉ាងណា បើដរាបណាព្រះអាទិត្យនៅតែរះ សូមប្រជាជាតិខ្មែរជឿចុះថា ខ្ញុំ កឹម សុខា នៅតែភ្ញាក់ឡើងទន្ទឹងរង់ចាំថ្ងៃដែលបានជួបជុំ និងបម្រើជាតិខ្មែរតទៅទៀត។ នៅចុងបញ្ចប់នៃសារលោក កឹម សុខា បញ្ជាក់ជាថ្មីថា “សេចក្ដីប្រាថ្នាសម្រាប់ខ្ញុំព្រះករុណា ខ្ញុំ ក្នុងឱកាសថ្ងៃខួបកំណើតនេះគឺសេចក្ដីសុខ សន្តិភាព សិទ្ធិសេរីភាព វឌ្ឍនភាព និងយុត្តិធម៌ សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ"។
សហភាពអឺរ៉ុបនឹងបិទបញ្ចប់ដំណើរការតាមដាន និងវាយតម្លៃស្ថានការណ៍កម្ពុជា នៅពាក់កណ្ដាលខែសីហាខាងមុខ។ បន្ទាប់ពីនេះ សហភាពអឺរ៉ុបនឹងចេញរបាយការណ៍ស្ដីពីរបកគំហើញ និងធ្វើសេចក្ដីសន្និដ្ឋាននៅខែវិច្ឆិកា។ ពេលនោះ សហភាពអឺរ៉ុបនឹងទុកពេល ១ខែ ឱ្យរបបលោក ហ៊ុន សែន ដើម្បីឆ្លើយតបនឹងរបាយការណ៍នេះ។ នៅខែកុម្ភៈ ឆ្នាំ២០២០ សហភាពអឺរ៉ុបនឹងសម្រេចចិត្តជាចុងក្រោយថា ត្រូវដក ឬរក្សាទុកប្រព័ន្ធអនុគ្រោះពន្ធនេះ ហើយបើអឺរ៉ុបសម្រេចដកហូតមែន នោះការយកពន្ធលើទំនិញកម្ពុជានឹងត្រូវចាប់ផ្ដើមជាផ្លូវការនៅខែសីហា ឆ្នាំ២០២០ ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
