លោក ហ៊ុន សែន បញ្ជា​ឱ្យ​ដោះលែង និង​បញ្ឈប់​ការ​ចាប់ចង​ធ្វើ​ទុក្ខបុកម្នេញ​​អ្នក​ទោស​នយោបាយ

0:00 / 0:00

លោក ហ៊ុន សែន មេដឹកនាំ​របប​ក្រុង​ភ្នំពេញ បាន​បញ្ជា​ឲ្យ​ដោះលែង និង​​បញ្ឈប់​ការ​​ចាប់​ចង ឬ​ធ្វើ​ទុក្ខ​បុក​ម្នេញ ដល់​​អ្នក​ទោស​នយោបាយ ដែល​ត្រូវ​រង​ការ​បង្ក្រាប​ក្នុង​កំឡុង​ពេល​យុទ្ធនាការ​ ធ្វើ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី ​កន្លង​មក។ អ្នក​នាំ​ពាក្យ​របប​ក្រុង​ភ្នំពេញ​ថា នេះ​ជា​សន្ដានចិត្ត​របស់​លោក ហ៊ុន សែន។ តែ​​អ្នក​វិភាគ​នយោបាយ​ថា នេះ​ជា​​វិធានការ​ឆ្លើយ​តប​ទៅ​នឹង​សម្ពាធ​អន្តរជាតិ។

មេដឹកនាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន បញ្ជា​អាជ្ញាធរ​​ពាក់ព័ន្ធ​មាន​សមត្ថកិច្ច​ទាំង​អស់ រួម​ទាំង​តំណាង​អយ្យការ​ ត្រូវ​ធ្វើ​​កិច្ចការ ដោះលែង​សកម្មជន​បក្ស​ប្រឆាំង​​​ទាំង​អស់​ឲ្យ​លឿន តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ លោក​ណែនាំ​ឲ្យ​គ្រួសារ​របស់​សកម្មជន​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​នោះ ធ្វើ​លិខិត​តាម​រយៈ​មេធាវី ឬ​មេធាវី​ខ្លួន​ឯង អាច​ធ្វើ​លិខិត​ស្នើសុំ​ឲ្យ​អ្នក​ដែល​កំពុង​ជាប់​ពន្ធនាគារ​ទាំង​នោះ បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។ ប៉ុន្តែ​ត្រូវ​បង្ហាញ​មុខ ពេល​ឡើង​តុលាការ​ និង​ត្រូវ​ទទួល​ការ​កាត់​ក្ដីរបស់​តុលាការ​នៅ​ពេល​ខាង​មុខ។

លោក ហ៊ុន សែន ក៏​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ដក​ហូត​ដីកា​ចោទ​ប្រកាន់​ និង​ចាប់​ខ្លួន សកម្មជន​បក្ស​ប្រឆាំង​ទាំង​នៅ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​ត្រឡប់​មក​វិញ​ទាំង​អស់។ ប៉ុន្តែ​លោក ហ៊ុន សែន ​មិន​​លើក​លែង​ទោស​ឲ្យ​មេដឹកនាំ​គណបក្ស​ប្រឆាំង គឺ​លោក សម រង្ស៊ី ឡើយ។

លោក ហ៊ុន សែន ក៏​​អំពាវនាវ​ឲ្យ​សកម្មជន​បក្ស​ប្រឆាំង​​ ដែល​កំពុង​រត់​គេច​ខ្លួន​ទាំង​អស់ ត្រឡប់​វិល​ចូល​ផ្ទះ​សម្បែង​ ជួបជុំ​គ្រួសារ​ឡើងវិញ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច គឺ​​​ទាំង​អ្នក​រត់​គេច​​ខ្លួន​ពី​ភូមិ ទៅ​តាម​បណ្ដា​ខេត្ត​ និង​​អ្នក​រត់​គេច​ចេញ​ទៅ​ក្រៅ​ប្រទេស​ ដែល​មិន​ទាន់​បាន​​ទៅ​ដល់​ប្រទេស​ទី៣ ឲ្យ​ត្រឡប់​​ចូល​​ផ្ទះ​វិញ ដោយ​លោក​ធានា​ថា នឹង​បញ្ឈប់​ការ​ធ្វើ​ទុក​បុក​ម្នេញ​ត​ទៅ​ទៀត៖ «»

លោក​ ហ៊ុន សែន ថ្លែង​បែប​នេះ នៅ​ព្រឹក​ថ្ងៃ​ទី១៤ វិច្ឆិកា ក្នុង​ឱកាស​ដែល​លោក​ទៅ​សម្ពោធ​រោងចក្រ​ស៊ីម៉ងត៍​មួយ នៅ​ខេត្ត​កំពត។ លោក​អះអាង​ថា ការ​ដោះលែង និង​បញ្ឈប់​ការ​ចាប់ចង​នេះ ដោយ​សារ​លោក​ពិភាក្សា​ជាមួយ លោក ស ខេង យល់​ថា អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ទាំង​នោះ ជា​អ្នក​ចាញ់​បោក ​ក្រុម​មេដឹកនាំ​​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រុញ​ច្រាន​ឲ្យ​ពលរដ្ឋ​​រង​ទុក្ខ​ទោស​ជំនួស​ខ្លួន និង​យល់​ថា ផែន​ការ​ធ្វើ​រដ្ឋ​ប្រហារ​នៅ​ថ្ងៃ​ទី៩ វិច្ឆិកា​ទទួល​បរាជ័យ។​

ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ អ្នក​វិភាគ​នយោបាយ បណ្ឌិត ឡៅ​ ម៉ុង​ហៃ យល់​ថា នេះ​គឺជា​សំនួន​វោហារ​សព្ទ​នយោបាយ។ តែ​ការ​ពិត​នៅ​ពី​ក្រោយ​រឿង​នេះ គឺ​រដ្ឋាភិបាល​​ប្រើ​វិធានការ​​ជា​វិជ្ជមាន​ ដើម្បី​ឆ្លើយ​តប​នឹង​​សម្ពាធ​របស់​សហគមន៍​អន្តរជាតិ។ ចំពោះ​ប្រសិទ្ធិភាព ថា​តើ​សហគមន៍​អន្តរ​ជាតិ នឹង​នៅ​តែ​បន្ត​សម្ពាធ ឬ​អត់​នោះ លោក​ថា វា​អាស្រ័យ​លើ​ជំហរ និង​កម្រិត​ទាមទារ​របស់​សហគមន៍​អន្តរជាតិ​នោះ។

បណ្ឌិត ឡៅ ម៉ុង​ហៃ យល់​ឃើញ​ថា ជម្លោះ​រវាង​គណបក្ស​ប្រឆាំង​ជាមួយ​រដ្ឋាភិបាល នៅ​តែ​បន្ត​ ខណៈ​គណបក្ស​ប្រឆាំង កំពុង​មាន​ប្រៀប​ជាង​រដ្ឋាភិបាល ​លើ​ឆាក​អន្តរជាតិ។ លោក​បន្ត​ថា សកម្មភាព​របស់​​រដ្ឋាភិបាល​ប្រទេស​ម៉ាឡេស៊ី​ ដែល​មិន​ចាប់​ខ្លួន មិន​​ហាម​ឃាត់​ ក្រុម​មេដឹកនាំ​បក្ស​ប្រឆាំង ហើយ​ផ្ទុយ​ទៅ​វិញ ​បាន​ស្វាគមន៍ និង​អញ្ជើញ​លោក សម រង្ស៊ី ថែម​ទៀត​នោះ ជា​ការ​ផ្គើន នឹង​រដ្ឋាភិបាល​កម្ពុជា៖ «»

ចំណែក​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​វិញ លោក ផៃ ស៊ីផាន ប្រាប់​ថា ការ​ប្រកាស​ឲ្យ​ដោះលែង និង​អំពាវនាវ​ឲ្យ​សកម្មជន​បក្ស​ប្រឆាំង​​វិល​ចូល​ស្រុក​​ជួបជុំ​ក្រុម​គ្រួសារ​​ មិន​ពាក់ព័ន្ធ​នឹង​វិធានការ​សម្ពាធ​អន្តរជាតិ ឬ EBA ឡើយ៖ «»

មិន​យូរ​ប៉ុន្មាន ក្រោយ​ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន​ សែន នៅ​ព្រឹក​ថ្ងៃ​ទី១៤ វិច្ឆកា​ដដែល មេធាវី​ការពារ​ក្ដី​ឲ្យ​សកម្មជន​បក្ស​ប្រឆាំង លោក​មេធាវី​ ជួង ជូងី ប្រាប់​អាស៊ី​សេរី​ថា លោក​កំពុង​មមាញឹក​ធ្វើ​លិខិតស្នាម​​ជាមួយ​ក្រុម​គ្រួសារ​របស់​សកម្មជន​បក្ស​ប្រឆាំង​ទាំង​នោះ។ លោក​​មេធាវី​ថ្លែង​ថា លោក​ពិបាក​ពន្យល់​ករណី​ ឬ​លិខិតស្នាម​នេះ​ណាស់ ដោយសារ នេះ​ជា​ករណី​នយោបាយ។ តែ​គិត​ត្រឹម​ម៉ោង​ជាង​ ៣រសៀល ថ្ងៃ​ទី​១៤ វិច្ឆិកា កូន​ក្ដី​​របស់​លោក​មេធាវី​ ជួង ជូងី ចំនួន​ ៣​នាក់​ហើយ ត្រូវ​បាន​ដោះលែង គឺ​នៅ​ខេត្ត​កំពត ២នាក់ មាន​លោក នុត​ ពេជ្រ និង​អ្នក​ស្រី ប៉ែន មុំ និង​ម្នាក់​ទៀត នៅ​ខេត្ត​ក្រចេះ អ្នកស្រី ទ្រី ស៊ាងអ៊ី។ លោក​ថា កូន​ក្ដី មួយ​ចំនួន​ទៀត នៅ​ខេត្ត​កណ្ដាល និង​ខេត្ត​ឧត្តរ​មាន​ជ័យ តុលាការ​កំពុង​ធ្វើការ​ដោះលែង​៖ «»

តាម​គណបក្ស​សង្គ្រោះ​ជាតិ យ៉ាង​ហោច​ណាស់ មាន​សកម្មជន​ និង​អ្នក​គាំទ្រ​គណ​បក្ស​ប្រឆាំង​ជាង​៨០​នាក់ ត្រូវ​បាន​របប​ក្រុង​ភ្នំពេញ ចាប់​ខ្លួន ក្នុង​ករណី​នយោបាយ​ ក្នុង​រយៈ​ពេល​ជាង ១១ខែ ក្នុង​ឆ្នាំ២០១៩ នេះ។ ​ចំណែក​សកម្មជន​ចំនួន ១៩៩​នាក់​ផ្សេង​ទៀត មាន​ដីកា​ចាប់​ខ្លួន និង​កោះហៅ​ របស់​តុលាការ និង​ប៉ូលិស​ប៉ុស្តិ៍៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។