សហជីព​ថា ការ​សន្យា​ជួយ​កម្មករ​របស់​លោក ហ៊ុន សែន ជា​ការ​និយាយ​ដដែលៗ​ដើម្បី​ចំណេញ​នយោបាយ

ដោយ វ៉ែន សុមេធ
2018-11-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​ រ៉ុង ឈុន​ ប្រធាន​សហភាពសហជីពកម្ពុជា
លោក​ រ៉ុង ឈុន​ ប្រធាន​សហភាពសហជីពកម្ពុជា
រូប៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ

មេដឹកនាំ​របប​ក្រុងភ្នំពេញ​លើក​ឡើង​ថា របប​នេះ​នឹង​បន្ត​ផ្ដោត​ការ​យកចិត្តទុកដាក់​លើ​បញ្ហា​កម្មករ​ជា​សំខាន់​ដូច​ការសន្យា​មុន​ព្រឹត្តិការណ៍​ថ្ងៃ​ទី​២៩ កក្កដា ដែល​សហគមន៍​អន្តរជាតិ​ចាត់ទុកថា ជា​ការ​បោះឆ្នោត​ក្លែងក្លាយ។ សហជីព​យល់​ថា ប្រសិនបើ​លោក ហ៊ុន សែន ចង់​ជួយ​កម្មករ​ពិត​នោះ គួរតែ​ស្តាប់​និង​ដោះស្រាយ​សំណូមពរ​កម្មករ ហើយ​ដោះស្រាយ រឿង​ប្រព័ន្ធ​អនុគ្រោះ​ព័ន្ធ​ដែល​សហគមន៍​អឺរ៉ុប​គ្រោង​កាត់ផ្ដាច់​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខនេះ។

មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន នៅ​ថ្ងៃ​ពុធ​ទី​២៨ ខែ​វិច្ឆិកា នៅតែ អួតអាង​ពី​ស្នាដៃ​កសាង​សន្តិភាព និង​សមិទ្ធផល​របស់​ខ្លួន​ជាង​៣០​ឆ្នាំ។ ទោះ​យ៉ាងណា លោក ហ៊ុន សែន បញ្ជាក់​ថា ការដំឡើង​ប្រាក់​ឈ្នួល​កម្មករ​ចំនួន ១៨២​ដុល្លារ​នេះ មិនមែន​ជា​ការ​ទាមទារ​របស់​បក្ស​ប្រឆាំង​ឡើយ ដូច្នោះ​កម្មករ​ត្រូវ​ដឹងគុណ និង​បន្ត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា«ឥឡូវនេះ​ដល់​អស់​ពួក​ទមិឡ​អត់​សាសនា​នេះ​ទៅ អ៊ីចឹង​បោះឆ្នោត​រួចហើយ​កម្មករ​ឡើង​ប្រាក់ខែ​វា​មានរឿង​អី ហើយ​អានេះ​កាន់តែ​ទៀត ពី​ដើម​គេ​ថា កម្មករ​ឡើង​ប្រាក់ខែ​ដោយសារ​គេ​ទាមទារ ឥឡូវ​អស់​អា​ពួក​នេះ​ទៅ ប្រាក់ខែ​នៅតែ​ឡើង»

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន លើកឡើង​ថា​ការ​អះអាង​របស់ លោក ហ៊ុន សែន មិន សូវ​ផ្តោត​លើ​បញ្ហា​កម្មករ​នោះ​ទេ ច្រើនតែ​យក​វេទិកា​នោះ និយាយ​រឿង​ផ្សេងៗ​ដូចជា រឿង​នយោបាយ រឿង​ផ្ទាល់ខ្លួន និង​និយាយ​វាយប្រហារ​គណបក្សប្រឆាំង​ជាដើម។ លោក​បន្ត​ថា ប្រសិនបើ​លោក ហ៊ុន សែន យកចិត្តទុកដាក់​លើ​បញ្ហា​កម្មករ​មែន​នោះ គួរតែ​អង្គុយ​ស្ដាប់​កម្មករ និយាយ​អំពី​កង្វល់​និង​សំណូមពរ​របស់​ពួកគេ ល្អជា​ជាង​អោយ​កម្មករ អង្គុយ​ស្តាប់​លោក ហ៊ុន សែន និយាយ​តែ​រឿង​ដដែល​គ្រប់​វេទិកា។

លោក រ៉ុង ឈុន មើលឃើញ​ថា បញ្ហា​ដែល​កម្មករ​កំពុង​ជួបប្រទះ​នោះ គឺ​បញ្ហា​សេរីភាព​កម្មករ និង​សហជីព​មានការ​រឹត​បន្តឹង បញ្ហា​ថ្លៃ​ឈ្នួល​បន្ទប់ ឬ​ផ្ទះ​ជួល​ឡើងថ្លៃ​តាម​ប្រាក់ខែ និង​បញ្ហា​ព្រួយបារម្ភ​អំពី​ការបាត់បង់​ការងារ រឿង​ប្រព័ន្ធ​អនុគ្រោះ​ព័ន្ធ (EBA ) របស់​សហគមន៍​អឺរ៉ុប​ជាដើម«ត្រូវ​ផ្តោត​លើ​បញ្ហា​សំខាន់​ដូច​ជាទី​១ លក្ខខណ្ឌ​ការងារ​ល្អ ទី​២ ដំឡើង​ប្រាក់​ឈ្នួល​អោយ​បាន​សមរម្យ ហើយ​ថ្លៃ​បន្ទប់​ថ្លៃ​ផ្ទះ​ជួល កុំ​អោយ​ដំឡើង​ទៅតាម​ការដំឡើង​ប្រាក់​ឈ្នួល។ មួយទៀត​សេរីភាព​ក្នុង​ការ​ចូលរួម​បង្កើត​សហជីព​នៅ​តាម​បណ្ដា​រោងចក្រ​។ ចំពោះ​ការ​រក្សា​ការងារ​ជូន​កម្មករ​វា​ជា​រឿង​សំខាន់​ដែល​ទាក់ទង​ទៅ នឹង EBA បើ​សិន​សហភាព​អឺរ៉ុប ត្រូវ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ចេញពី​កម្ពុជា វា​ធ្វើ​អោយ​បាត់បង់​ការងារ​របស់​បងប្អូន​កម្មករ ដូច្នេះ​នេះ​ជា​បញ្ហា​ដែល​រដ្ឋាភិបាល ត្រូវ​ដោះស្រាយ​នៅ​ចំពោះ​មុខ ភ្លាមៗ​បាទ»

ទន្ទឹម​គ្នា​នេះ កម្មករ​រោងចក្រ និង​សហជីព​ឯករាជ្យ​ដទៃ​ទៀត ក៏​មើល​ឃើញ​ថា រហូតមកដល់​ពេលនេះ ស្ថានភាព​កម្មករ​ក្នុង​វិស័យ​កាត់ដេរ ក៏​មិន​សូវ​មាន​ការ​កែប្រែ​អោយ​ល្អ​ប្រសើរ​ឡើង​ជាង​មុន​ប៉ុន្មាន​នោះ​ទេ បើទោះពីជា​មេដឹកនាំ​របប​ក្រុងភ្នំពេញ ខិតខំ​ព្យាយាម​ធ្វើ​យុទ្ធនាការ​ចុះ​ជួប​កម្មករ ជាច្រើន​កន្លែង​ទាំង​នៅ​ភ្នំពេញ និង​នៅ​តាម​ខេត្ត​តាំង​ពីមុន​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ក្តី។ បន្ថែម​លើ​នេះ កម្មករ​ក៏​កំពុង​បារម្ភ​អំពី​ការបាត់បង់​ការងារ​ធ្វើ​ដែរ ប្រសិនបើ​សហគមន៍​អឺរ៉ុប​កាត់ផ្ដាច់​ប្រពន្ធ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ដោយសារតែ​របប​លោក​ហ៊ុន សែន រៀបចំ​ការបោះឆ្នោត​ក្លែងក្លាយ ចាប់ខ្លួន​មេ​បក្ស​ប្រឆាំង បំផ្លាញ​ប្រជាធិបតេយ្យ រំលោភ​សិទ្ធិ​មនុស្ស​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល