អាជ្ញាធរ​របប​ភ្នំពេញ​ចាប់ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ ៤​នាក់​បន្ថែម​ទៀត

ដោយ ហេង រស្មី
2019-11-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ៊ុំ ស្រ៊ា សកម្មជន​គណបក្សប្រឆាំង​ខេត្ត​កោះកុង​ ត្រូវ​ចាប់ខ្លួន​ នៅ​ថ្ងៃ​ទី៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។
លោក ហ៊ុំ ស្រ៊ា សកម្មជន​គណបក្សប្រឆាំង​ខេត្ត​កោះកុង​ ត្រូវ​ចាប់ខ្លួន​ នៅ​ថ្ងៃ​ទី៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។
Photo courtesy

អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ ​បានសម្រេច​បញ្ជូន​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ ជា​សន្តិសុខ​ការពារ​ទីស្នាក់ការ​គណបក្ស ចំនួន ១០នាក់ មក​ឃុំ​នៅ​ប៉ូលិស​ប៉ុស្តិ៍​វិញ ក្រោយ​ពី​តុលាការ​សាកសួរ​កាល​ពី​ថ្ងៃ​ទី៦ វិច្ឆិកា។

អ្នកនាំពាក្យ​សមាគម​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក សឹង សែនករុណា បញ្ជាក់​ថា​ ការ​ចាប់ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រយៈ​ចុងក្រោយ​នេះ​ហាក់​បីដូច​ជា​មាន​សកម្មភាព​កាន់​​តែ​​ខ្លាំង​​ឡើង ហើយ​រាល់​ការ​ចាប់ខ្លួន​នេះ​សមត្ថកិច្ច​មិនបាន​អនុវត្តន៍​នីតិវិធី​របស់​ខ្លួន​នោះ​ទេ​ គឺ​ហាក់​បី​ដូច​ជា​ការ​ធ្វើឡើង​តាម​ទំនើង​ចិត្ត។ លោក​បញ្ជាក់​ថា ទង្វើ​នេះ​ជា​ការ​បង្ហាញ​ដើម្បី​ឲ្យ​អ្នកគាំទ្រ​គណបក្សប្រឆាំង​ភ័យខ្លាច​៖ «ជាការ​បង្ហាញ​ថា បាន​ធ្វើ​ឲ្យ​បំបាក់​ស្មារតី​របស់​ប្រជាពលរដ្ឋ​ឬក៏​អ្នកគាំទ្រ​ឬ​សកម្មជន​ទាំងអស់​ហ្នឹង ​មានការ​ភ័យខ្លាច ​និង​មានការ​ហាក់បីដូចជា​លែង​ចង់​មានការ​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​នយោបាយ​តទៅទៀត​ រហូតដល់​អ្នក​ខ្លះ​មានការ​ភ័យខ្លាច​បាន​ចូល​សារភាព​ចុះចូល​ជាមួយ​នឹង​គណបក្ស​កាន់អំណាច​ ដើម្បី​ឲ្យ​ដូរ​មកវិញ​ទៅ​នឹង​ការ​រួចខ្លួន​កុំ ​ឲ្យ​​ចាប់​​យក​​​ទៅ​​ឃុំឃាំង​អ្វី​​ជា​ដើម»

ប្រតិកម្ម​របស់​មន្រ្តី​សិទ្ធិ​មនុស្ស​នេះ គឺ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១០នាក់ ដែល​របប​ក្រុង​ភ្នំពេញ​សម្រុក​ចូល​ចាប់​នៅ​ក្នុង​ទីស្នាក់​ការ​គណបក្ស​ កាល​ពី​ថ្ងៃ​ទី៥ វិច្ឆិកា​កន្លង​ទៅ​។ ត្រូវ​អាជ្ញាធរ​បញ្ជូន​ខ្លួន​យក​មក​ឃុំ​នៅ​អធិការដ្ឋាន​នគរ​បាល​ខណ្ឌ​មាន​ជ័យ​វិញ​ហើយ ​ក្រោយ​ពី​តុលាការ​បាន​សាក់​សួរ​ពីបទសង្ស័យថា​រៀបចំផែន​ការ​ចាំទទួល​លោក​សម រង្ស៊ី។

ស្នងការ​ប៉ូលិស​ក្រុងភ្នំពេញ​លោក ស ថេត បញ្ជាក់​ថា សកម្មជន​គណបក្ស​ប្រឆាំង​ទាំង​ ១០​នាក់​សមត្ថកិច្ច​ចោទប្រកាន់​ពី​បទ​ទទួល​ផែនការ​ពី​លោក សម រង្ស៊ី ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល៖ «រៀបចំ​ទាំងអស់​គាត់​ហ្នឹង​អោយ​អ្នកណា​ទទួលខុស​ត្រូវ បង្កើត​គណៈកម្មការ​ទទួល​ការងារ​សន្តិសុខ​ទទួល​ពី​កន្លែង​ណា​ទៅ​កន្លែង​ណា មាន​អស់ហើយ​តើស។ យើង​បញ្ជូន​ឲ្យ​តុលាការ​អស់ហើយ។ ទុក​ឲ្យ​សមត្ថកិច្ច​តុលាការ​គេ​ធ្វើការ​ស្រាវជ្រាវ​បន្ថែម​ទៀត​តែ​អត់​មាន​អាវុធ​ទេ»

ដោយឡែក អាជ្ញាធរ​របប​ក្រុងភ្នំពេញ កាល​ពី​ថ្ងៃ​ទី៦ ខែ​វិច្ឆិកា ក៏​បាន​​ចាប់ខ្លួន​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ​​ចំនួន​ ៤​នាក់​បន្ថែម​ទៀត​ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ បាត់ដំបង ខេត្ត​កោះកុង និង​សកម្មជន​ម្នាក់​ទៀត​នៅ​ក្នុង​ខេត្ត​តាកែវ ត្រូវ​បាន​តុលាករ​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​ក្បត់។ ការ​ចោទ​ប្រកាន់​នេះ បាន​ធ្វើ​ឡើង​មុន​រយៈ​ពេល ២ថ្ងៃ​នៃ​គម្រោង​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី ទៅ​កម្ពុជា​វិញ។

សកម្មជន​គណបក្ស​ស​ង្គ្រោះជាតិ​ទាំង​បួន​នាក់ ​ដែល​របប​ក្រុងភ្នំពេញ​ចាប់ខ្លួន​រួមមាន​លោក ជា ជីវ ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះជាតិ ខេត្ត​បាត់ដំបង លោក ស្រី ច័ន្ទតារា សកម្មជន​គណបក្សប្រឆាំង​នៅ​សង្កាត់​ទឹកថ្លា លោក ហេង ច័ន្ទសុទ្ធី ប្រធាន​ស្តីទី​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ និង​លោក ហ៊ុំ ស្រ៊ា សកម្មជន​គណបក្ស​នៅ​ក្នុង​ខេត្ត​កោះកុង។ ​សាលាដំបូង​ខេត្ត​តាកែវ​កាល​ពី​ថ្ងៃ​ទី៦ ខែ​វិច្ឆិកា ក៏​បាន​សម្រេច​ចោទប្រកាន់​លោក សយ សំអុន អាយុ ៤៦ឆ្នាំ ពី​បទ​រួម​គំនិត​ក្បត់ ដើម្បី​រៀបចំ​ផែនការ​ចាំ​ទទួល​លោក សម រង្ស៊ី។

លោក ហ៊ុំ ស្រ៊ុន ប្អូនប្រុស​លោក ហ៊ុំ ស្រ៊ា សកម្មជន​គណបក្សប្រឆាំង​​ខេត្ត​​កោះកុង​​ប្រាប់​​អាស៊ី​សេរី​​ថា សមត្ថកិច្ច​​បាន​​មក​ចាប់​ខ្លួន​​បងប្រុស​របស់​លោក ពេល​កំពុង​រៀបចំ​ទទួលទាន​បាយល្ងាច​ក្រោយពី​មក​ធ្វើ​ការងារ​ជា​កម្មករ​សំណង់​វិញ។ លោក​និយាយ​ថា ក្រុម​​គ្រួសារ​​បាន​​អង្វរ​​សមត្ថកិច្ច​​ឱ្យ​​បង​ប្រុស​របស់​លោក​ទទួល​ទាន​បាយ​សិន តែ​សមត្ថកិច្ច​មិន​ព្រម​ហើយ​បាន​ចាប់ខ្លួន​លោក ហ៊ុំ ស្រ៊ា ដោយ​មិនបាន​ទទួលទាន​បាយ​សូម្បី​តែមួយ​មាត់។

លោក​បញ្ជាក់​ថា ការ​ចាប់ខ្លួន​នេះ ​គឺជា​រឿង​អយុត្តិធម៌ ​ដែល​លោក​មិន​អាច​ទទួល​យក​បាន​ ដោយសារ​បងប្រុស​របស់​លោក បាន​លាឈប់​ពី​គណបក្សប្រឆាំង ហើយ​មក​ធ្វើជា​កម្មករ​សំណង់៖ «បាទ! ​ខ្ញុំ​​គិត​​ថា វា​អយុត្តិធម៌​ណាស់​បង។ បាទ​គាត់​ឈប់​ហើយ គាត់​ឈប់ យូរហើយ​តាំងពី​បក្ស​រំលា​យមក​នេះ​បើ​តាម​គាត់​ប្រាប់​មក។ គាត់​ឈប់​ហើយ​គេ​អត់​ស្ដាប់​យើង គេ​យក​រូប​តាំងពី​ចាស់ៗ​ មក​​ធ្វើ​ជា​​ភស្តុតាង»

អនុប្រធាន​គណបក្ស​ស​ង្គ្រោះជាតិ​អ្នកស្រី មូរ សុខហួរ ប្រាប់​អាស៊ីសេរី​ថា ការ​ចាប់ខ្លួន​ជា​បន្តបន្ទាប់​នេះ​កាន់តែ​ធ្វើ​អោយ​ប្រជាពលរដ្ឋ​កាន់តែ​មាន​ការ​ឈឺចាប់​មក​ចូលរួម​ជាមួយ​លោក សម រង្ស៊ី​កាន់តែ​ច្រើន៖ «នេះ​គឺជា​ការ​ប៉ះពាល់​ធ្ងន់​ណាស់​ទៅលើ​លទ្ធិប្រជាធិបតេយ្យ​ហើយ​នឹង​ច្បាស់​ជា​របាយការណ៍​របស់​សហគមន៍​អឺរ៉ុប​ដែល​នឹង​ត្រូវ​ចេញ​នៅ​ថ្ងៃ​ទី​១១ ​ខែ​វិច្ឆិកា ខាងមុខ​របាយការណ៍​ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​របាយការណ៍​នេះ​ពាក់ព័ន្ធ​ EBA​ ទៀត​នឹង​ធ្វើ​ឲ្យ​បាត់បង់​ EBA ​ជាមិនខាន​ទេ»

មក​ទល់​ថ្ងៃទី៦ វិច្ឆិកា​នេះ សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ចំនួន ៧៩​នាក់​ហើយ​ត្រូវ​បាន​របប​ក្រុងភ្នំពេញ​ចាប់ខ្លួន និង​ចំនួន ​១៩៩​នាក់​ផ្សេងទៀត ​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ពី​បទ​សង្ស័យ ថា បាន​ចូលរួម​អម​ដំណើរ​ជាមួយ​លោក សម រង្ស៊ី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល