មន្ត្រី​របប​ភ្នំពេញ​ប្រកាស​ចាប់​ខ្លួន​លោក សម រង្ស៊ី ពេល​​វិល​​ចូល​​ស្រុក ទោះ​​ចំ​​ថ្ងៃ​​បុណ្យ​ជាតិ

ដោយ មួង ណារ៉េត
2019.08.17
ហ៊ុន សែន ៦២២ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ។
Photo: RFA

មន្ត្រី​របប​ក្រុងភ្នំពេញ​ប្រកាស​ថា សមត្ថកិច្ច​នឹង​ចាប់ខ្លួន​លោក សម រង្ស៊ី នៅ​ក្នុង​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា បើ​ទោះ​ជា​ក្នុង​ពិធីបុណ្យ​ជាតិ​ក៏ដោយ។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​យល់ថា នេះ​ជា​សារ​នយោបាយ​គំរាម។

មន្ត្រី​ជាន់ខ្ពស់​ក្នុង​របប​ក្រុងភ្នំពេញ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក គឹម សន្ដិភាព បាន​ប្រាប់​ប្រព័ន្ធ​ឃោសនា​របប​ក្រុងភ្នំពេញ (Freshnews) អំពី​ចាប់ខ្លួន​លោក សម រង្ស៊ី បែបនេះ នៅ​ថ្ងៃ​ទី ១៧ សីហា គឺ​មួយថ្ងៃ​បន្ទាប់ពី​គណបក្ស​សង្គ្រោះជាតិ ប្រកាស​ថា លោក សម រង្ស៊ី នឹង​ធ្វើ​មាតុភូមិនិវត្តន៍ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩​នេះ។

អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​លោក គឹម សន្ដិភាព បាន​ទេ នៅ​ថ្ងៃ​ទី​១៧ សីហា ដោយសារ​មិន​ទទួល​ទូរស័ព្ទ។ តែ​លោក​បាន​ប្រាប់​ប្រព័ន្ធ​ឃោសនា​នៃ​របប​ក្រុងភ្នំពេញ​ថា ការ​ចាប់ខ្លួន លោក សម រង្ស៊ី នឹង​ធ្វើ​ឡើង​ភ្លាមៗ នៅ​ពេល​ប្រធាន​ស្ដីទី​បក្ស​ប្រឆាំង​រូប​នេះ ឈាន​ជើង​ចូល​ប្រទេស​កម្ពុជា ពោល​គឺ​ចាប់ខ្លួន បើ​ទោះ​ថ្ងៃបុណ្យ​ជាតិ​ក៏ដោយ។

គណបក្ស​សង្គ្រោះជាតិ កាលពី​ថ្ងៃ​ទី​១៦ សីហា ប្រកាស​ថា ប្រធាន​ស្ដីទី​នៃ​គណបក្ស​នេះ គឺ​លោក សម រង្ស៊ី នឹង​ធ្វើ​មាតុភូមិនិវត្តន៍​ទៅ​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា​ខាងមុខ ដែល​នឹង​ចំ​ថ្ងៃ​បុណ្យ​ខួប ៦៦​ឆ្នាំ នៃ​ទិវា​ឯករាជ្យ​ជាតិ​របស់​កម្ពុជា​។

មន្ត្រីជាន់ខ្ពស់​ទាំងឡាយ​របស់​បក្សប្រឆាំង ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស រួម​ទាំង​សមាជិកសភា​អឺរ៉ុប​មួយ​ចំនួន​ផង នឹង​អម​ដំណើរ​លោក សម រង្ស៊ី ត្រឡប់​ទៅ​កម្ពុជា​វិញ​។ គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់​ថា ដំណើរ​វិលត្រឡប់​នេះ គឺ​ដើម្បី​ទៅ​ដោះស្រាយ​ការ​ជាប់គាំង និង​បញ្ហា​ប្រឈម​ទាំងឡាយ​របស់​ជាតិ ដែល​របប​លោក ហ៊ុន សែន មិន​អាច​ដោះស្រាយ​បាន ជាពិសេស​គឺ​ជួយ​កុំ​ឱ្យ​គេ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA

ចំណែក​ស្ថាប័ន​កងកម្លាំង​នៃ​របប​ក្រុងភ្នំពេញ​វិញ ក៏​ប្រកាស​ចាប់ខ្លួន លោក សម រង្ស៊ី នៅ​ថ្ងៃ៩ វិច្ឆិកា​ដែរ​។ អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ថ្លែង​ថា លោក សម រង្ស៊ី មាន​សិទ្ធិ​សម្រេច​ចិត្ត​វិល​ត្រលប់ ឬ​អត់ ឬ​ពេលណា​ក៏បាន​។ ក៏ប៉ុន្តែ បើ​មេ​បក្ស​ប្រឆាំង​រូប​នេះ​មកដល់​ទឹកដី​កម្ពុជា​ថ្មើរ​ណា នោះ​សមត្ថកិច្ច​នឹង​ចាប់ខ្លួន​គាត់​តាម​ដីកា​របស់​តុលាការ​ភ្លាម។ ចំណែក​មេដឹកនាំ​ផុត​លេខ​នៃ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន ក៏​ធ្លាប់​ប្រកាស​ថា នឹង​ចាប់ខ្លួន លោក សម រង្ស៊ី ភ្លាមៗ​ដែរ បើ​លោក សម រង្ស៊ី ហ៊ាន​ជាន់​ទឹកដី​ទ្វីប​អាស៊ី៖ «ហើយ​ខ្ញុំ​សូម​ផ្ដាំ​ កុំ​​មក​ (ទ្វីប)​អាស៊ី​ឲ្យ​សោះ សូម​កុំ​មក​ក្បែរ​អាស៊ី។ បើ​អ្នក​ឯង​តាំង​ខ្លួន ធ្វើ​ជា​ភេរវៈ​ក ខ្ញុំ​នឹង​តាម​យក​អ្នក​ឯង​ទាល់​តែ​រួច ទាល់​តែ​បាន។ ឥឡូវ​ហ្នឹង គេ​កំពុង​ប្រកាស​ខ្លួន​ គេ​​ជា​​ភេរវៈ​ក មិន​មែន​​គ្រាន់​តែ​ជា​អង្គការ​ក្រៅ​ច្បាប់ ជា​​ភេរវៈ​ក ​តែ​ម្ដង​ ជា​អង្គការ​ភេរវៈ​កម្ម។ សុំ​អញ្ជើញ​ធ្វើ។ ខ្ញុំ​ថា មិន​ចង់​បញ្ជូន​សារ​ហ្នឹង​ចេញ​ទេ ព្រោះ​ខ្ញុំ​ចង់​ឲ្យ​វា​ស្ងប់ ​​ឲ្យ​វា​មក។ ប៉ុន្តែ​​បើ​វា​ជ្រុល​មាត់​ហើយ ថា​វា​តែ​ម្ដង​ទៅ កុំ​ឲ្យ​វា​មក​»។​​​​​​

ក៏ប៉ុន្តែ​តាំងពី​លោក ហ៊ុន សែន ប្រកាស​មក គឺ​ជាង ១​ឆ្នាំ​ហើយ ហើយ​លោក សម រង្ស៊ី ក៏​បាន​មក​ទស្សនកិច្ច និង​ជួប​ពលករ​ខ្មែរ នៅ​ទ្វីប​អាស៊ី​ច្រើន​ប្រទេស​មក​ហើយ ដូចជា ប្រទេស​ជប៉ុន ឥណ្ឌូណេស៊ី និង​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃ​ទី​១៦ សីហា​។ របប​ក្រុងភ្នំពេញ មិន​ទាន់​បាន​ចេញទៅ​ចាប់ខ្លួន លោក សម រង្ស៊ី នៅ​ប្រទេស​ទាំង​នោះ​ឡើយ​។ បច្ចុប្បន្ន លោក សម រង្ស៊ី កំពុង​ស្នាក់នៅ​ទីក្រុង​អាដេតឡេត (Adelaide) ប្រទេស​អូស្ត្រាលី ដើម្បី​កៀរគរ ពលរដ្ឋ​ខ្មែរ និង​អ្នក​ប្រជាធិបតេយ្យ​ទូទាំង​ពិភពលោក ឱ្យ​ដាក់​សម្ពាធ​របប​ក្រុងភ្នំពេញ និង​អម​ដំណើរ​លោក​វិល​ទៅ​កម្ពុជា​វិញ។អ្នក​សម្របសម្រួល​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​ថៃ លោក ម៉ោញ សារ៉ាត់ យល់​ថា នេះ​ជា​សារ​គំរាម​របស់​មន្ត្រី​របប​ក្រុង​ភ្នំពេញ។ លោក​ថា របប​ក្រុងភ្នំពេញ​អាច​ចាប់ខ្លួន​លោក សម រង្ស៊ី និង​ពលរដ្ឋ​រាប់​លាន​នាក់​គ្រប់​ពេល មិន​ចាំបាច់​តែ​ថ្ងៃ៩ វិច្ឆិកា​ទេ​។ តែ​របប​នេះ បង្កើត​បទ​ចោទ ចាប់ខ្លួន លោក សម រង្ស៊ី និង​ពលរដ្ឋ​រាប់​លាន​នាក់ មិន​សម​ទំនង​ទេ។

អ្នក​សម្របសម្រួល​បក្ស​ប្រឆាំង​នៅ​ប្រទេស​ថៃ និង​ជា​ប្រធាន​ប្រតិបត្តិ​បក្ស​សង្គ្រោះជាតិ​ខេត្ត​ឧត្តរមានជ័យ​រូប​នេះ ផ្ដាំ​ទៅ​របប​ក្រុងភ្នំពេញ​ថា សូម​ត្រៀមខ្លួន​កងកម្លាំង និង​ខ្នោះដៃ ឱ្យ​បាន​ច្រើន ចំពោះ​យុទ្ធនាការ​បង្ក្រាប​លោក សម រង្ស៊ី ព្រោះ​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់ នឹង​ងើប​ទាមទារ​យុត្តិធម៌ ជូន​ជាតិ​វិញ នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា៖ «អ្វី​ដែល​ក្រសួង​យុត្តិធម៌ បាន​ប្រកាស​ថ្ងៃ​នេះ លោក​កំពុង​តែ​វង្វេង​ថា លោក​កំពុង​​តែ​អត់​ដឹង​ខ្លួន ថា​លោក​កំពុង​តែ​អនុវត្ត​ច្បាប់​ដោយ​អយុត្តិធម៌​មក​លើ​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​។ អ៊ីចឹង​ យើង​ប្រជាពលរដ្ឋ​​រាប់​លាន​នាក់ ដែល​រង​ភាព​អយុត្តិធម៌ យើង​នឹង​ក្រោក​ឈរ​ទាំង​អស់​គ្នា ដើម្បី​ទាមទារ​ភាព​យុត្តិធម៌​ជូន​លោក​ប្រធាន និង​ជូន​ខ្លួន​យើង​ទាំង​អស់​គ្នា»។

បើ​ទោះ​ជា​មានការ​អះអាង​របស់​មន្ត្រី​នាំ​ពាក្យ​របប​ក្រុងភ្នំពេញ ជា​បន្តបន្ទាប់​តាម​បណ្ដាញ​សារព័ត៌មាន តែ​របប​នេះ មិនទាន់​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ផ្លូវការ ជុំវិញ​គម្រោង​វិល​ត្រលប់​របស់ លោក សម រង្ស៊ី នៅ​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា​ខាងមុខ​នៅឡើយ​ទេ​។ លោក សម រង្ស៊ី ឯណោះ​វិញ ប្រកាស​ថា ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង នឹង​វិល​ទៅ​កម្ពុជា​វិញ នៅ​ពេល​សហគមន៍​អន្តរជាតិ វាយ​របប​ក្រុងភ្នំពេញ​ទ្រោម ហើយ​លោក​កំពុង​ប្រើ​សង្គ្រាមចិត្តសាស្ត្រ ធ្វើ​ឱ្យ​របប​ក្រុងភ្នំពេញ​ចលាចល និង​ធ្វើ​ឱ្យ​លោក ហ៊ុន សែន មាន​បញ្ហា​ផ្លូវចិត្ត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។