មេដឹកនាំរបបក្រុងភ្នំពេញ គ្រោងបន្ថយចំនួននាយឧត្តមសេនីយ៍ផ្កាយ៤ ក្នុងជួរកងទ័ព ឱ្យនៅសល់ត្រឹម២ នាក់ ប៉ុណ្ណោះ ដោយម្នាក់គឺជារដ្ឋមន្ត្រីការពារជាតិ និងម្នាក់ទៀតជាអគ្គមេបញ្ជាការកងទ័ព។ អ្នកវិភាគយល់ថា នេះជាយុទ្ធសាស្ត្ររបស់លោក ហ៊ុន សែន ក្នុងរៀបចំឱ្យកូនប្រុសច្បងរបស់លោក បានឡើងទៅកាន់តួនាទីជាអគ្គមេបញ្ជាការកងទ័ពតែប៉ុណ្ណោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា ការផ្លាស់ប្តូរនេះ នឹងកើតមានទាំងនៅក្នុងជួរកងទ័ពប្រយុទ្ធ និងទ័ពបម្រើ។ ក្នុងជួរទ័ពប្រយុទ្ធលោកថា មានមនុស្សតែម្នាក់គត់ ដែលត្រូវពាក់ផ្កាយ៤ គឺអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ចំណែកនាយសេនាធិការចម្រុះ អគ្គមេបញ្ជាការរង និងមេបញ្ជាការកងទ័ពជើងគោក ជើងទឹក និងជើងអាកាសវិញ នឹងត្រូវពាក់ត្រឹមផ្កាយ៣ ខណៈដែលមេបញ្ជាការតាមភូមិភាគនីមួយៗ នឹងត្រូវផ្តល់ឱ្យត្រឹមផ្កាយ២ ប៉ុណ្ណោះ។ ដោយឡែកក្នុងជួរទ័ពបម្រើវិញ លោកអះអាងថា រដ្ឋមន្ត្រីក្រសួងការពារជាតិនៅតែពាក់ផ្កាយ៤ដដែល ខណៈរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការត្រូវទម្លាក់មកត្រឹមផ្កាយ៣ ដូចអគ្គនាយកដែរ ហើយអគ្គនាយករងនឹងផ្តល់ឱ្យត្រឹមតែផ្កាយ២ ប៉ុណ្ណោះ។ ជាងនេះទៅទៀត លោក ហ៊ុន សែន ក៏អះអាងបន្ថែមថា នឹងកែរចនាសម្ព័ន្ធនៃឋានៈមន្ត្រីជាន់ខ្ពស់ទាំងនេះ នៅក្នុងក្រសួងមហាផ្ទៃផងដែរ។
នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុក និងខ្សែអាត់សំឡេងរបស់លោក ហ៊ុន សែន ដែលត្រូវបានផ្សព្វផ្សាយ នៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២៧ មេសា។ លោក ហ៊ុន សែន ថ្លែងក្នុងខ្សែអាត់សំឡេងនោះថា នេះជាកំណែទម្រង់ក្នុងជួរកងទ័ព ដើម្បីទប់ស្កាត់កុំឱ្យមានការអតិផរណាឋានន្តរសក្ដិមន្ត្រីយោធា៖ « ខ្ញុំគាំទ្រអំពីកុំឱ្យ ( ហ៊ុនម៉ាណែត ) ឡើងផ្កាយ៤ ឱ្យសោះ គឺឡើងត្រឹមតែផ្កាយ៣ បានហើយ ហើយថ្ងៃក្រោយអាចថា អនាគតទុកតែផ្កាយ៤ ពីរទេ គឺទុកផ្កាយ៤ ជារដ្ឋមន្ត្រីការពារជាតិមួយ និងអគ្គបញ្ជាការកងទ័ពមួយបានហើយ។ ហើយក្រៅពីនោះ គឺពាក់ផ្កាយ៣ ទាំងអស់ »។
ទោះជាយ៉ាងណា នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ រូបនេះ មិនបានបញ្ជាក់ឱ្យច្បាស់ទេថា តើការកែទម្រង់នេះនឹងត្រូវធ្វើនៅពេលណាឱ្យប្រាកដនោះឡើយ។
អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ ថ្លែងថា ក្រសួងការពារជាតិ មិនទាន់រៀបចំកិច្ចពិភាក្សាអំពីបញ្ហានេះនៅឡើយទេ ក៏ប៉ុន្តែក្រសួង នឹងពិចារណាគ្រប់ទិដ្ឋភាពទាំងអស់ជុំវិញរឿងនេះ ហើយការសម្រេចយ៉ាងណានោះ គឺអាស្រ័យទៅលើនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ៖ « ការកែទម្រង់កងយោធពលខេមរភូមិន្ទហ្នឹង ទិសដៅទៅមុខ គឺអ៊ីចឹង ប៉ុន្តែការជាក់ស្ដែង យើងត្រូវការពិភាក្សាគ្នាដើម្បីធ្វើតាមនីតិវិធី ឬក៏បែបបទថែមទៀត។ រឿងនេះអត់មានបញ្ហាអ្វីទេ។ កងទ័ពគឺគោរពតាមការចាត់តាំង ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលទាំងអស់ »។
អ្នកវិភាគនយោបាយលោក គឹម សុខ យល់ថា នេះជាឆាកល្ខោនរបស់លោក ហ៊ុន សែន ជាជាងការធ្វើកំណែទម្រង់វិស័យកងទ័ព។ លោកពន្យល់ថា រដ្ឋមន្ត្រីក្រសួងការពារជាតិ ថ្វីបើពាក់ផ្កាយ៤ មែន តែគ្មានអំណាចបញ្ជា ដូច្នេះអំណាចពិតប្រាកដ គឺស្ថិតនៅលើអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ។ ក៏ប៉ុន្តែលោកថា អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នាពេលបច្ចុប្បន្ន គឺលោក វង្ស ពិសេន ជាមនុស្សដែលមិនសូវមានឥទ្ធិពលក្នុងជួរកងទ័ពឡើយ ដូច្នេះនៅពេលខាងមុខ អគ្គមេបញ្ជាការកងទ័ពរូបនេះ នឹងត្រូវបានផ្លាស់ចេញពីតំណែង ហើយជំនួសមកវិញដោយលោក ហ៊ុន ម៉ាណែត៖ « ទម្លាក់ឋានន្តរសក្ដិនៃមនុស្សទាំងអស់ក្នុងជួរកងទ័ពហ្នឹង ឱ្យស្មើលោក ហ៊ុន ម៉ាណែត។ នៅពេលដែលត្រូវលើកលោក ហ៊ុន ម៉ាណែត គឺគេសម្លឹងថា អ្នកទាំងអស់ហ្នឹងផ្កាយ៣ ស្មើលោក ហ៊ុន ម៉ាណែត ដែរ ដូច្នេះលើកទៅគឺក្នុងលក្ខខណ្ឌសម។ ចំណុចទីពីរ គឺលើកមនុស្សទាំងឡាយណាដែលអត់មានឥទ្ធិពល ដូចជាលោក ទៀ បាញ់ លោក វង្ស ពិសេន អត់មានឥទ្ធិពលកម្លាំងក្នុងការបញ្ជា ដែលធ្វើឱ្យប៉ះពាល់ដល់ក្រុមលោក ហ៊ុន សែន នៅពេលគេលើកលោក ហ៊ុន ម៉ាណែត »។
កូនប្រុសច្បងរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត បច្ចុប្បន្នជាឧត្តមសេនីយ៍ផ្កាយ៣ កាន់តួនាទីជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដែលជាស្ថាប័នទ័ពមានអំណាចជាងគេនៅកម្ពុជា។
ទោះជាយ៉ាងណា លោក គឹម សុខ មើលឃើញថា យុទ្ធសាស្ត្រនេះ ហាក់មានភាពប្រថុយប្រថានខ្លាំង ហើយអាចបង្កើតសត្រូវផ្ទៃក្នុងជួរកងទ័ព សម្រាប់លោក ហ៊ុន ម៉ាណែត ព្រោះលោកជឿជាក់ថា មេទ័ពគ្រាក់ៗមួយចំនួន នឹងមិនសប្បាយចិត្តនោះឡើយ ប្រសិនបើរឿងនេះកើតឡើងមែននោះ៖ « ការធ្វើឱ្យមាននូវអំពើអយុត្តិធម៌ចំពោះផ្ទៃក្នុងខ្លួនឯងទាំងកម្រោល ហើយជាក់ស្ដែងរបៀបនេះ គឺជាការបង្កើតសត្រូវមួយយ៉ាងធំនៅក្នុងផ្ទៃក្នុង។ បើទោះលោក ហ៊ុន សែន មានជីវិតនៅរស់ គាត់អាចទប់បានក៏ដោយ ខ្ញុំគិតថា លោក ហ៊ុន ម៉ាណែត នៅពេលអត់ពីឪពុកទៅគឺទប់មិនបានទេ ព្រោះកម្លាំងដែលរងអយុត្តិធម៌ពីផ្ទៃក្នុងហ្នឹង វាធំពេក។ វាច្រើនពេក ហើយសុទ្ធតែជាមនុស្សដែលមានឥទ្ធិពលក្នុងជួរកងទ័ព »។
អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន បានបញ្ចេញយោបល់ថា កំណែទម្រង់នេះគួរតែធ្វើចំពោះមន្ត្រីយោធាណាដែលមានវ័យក្មេង ហើយឡើងតាមរយៈសែស្រឡាយបក្ខពួក ក៏ប៉ុន្តែមេទ័ពរូបណាដែលមានអតីតភាពយូរ និងមានគុណបំណាច់ជូនជាតិ មិនគួរមានការទម្លាក់សក្ដិរបស់ពួកគេឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
